ភ្នំពេញ៖ ក្នុង​ពិធី​អបអរសាទរ​​​នៅ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា​កាលពី​ថ្ងៃទី​២៦ ខែកញ្ញា ក្រសួង​អប់រំ យុវជន និង​កីឡា និង​អង្គការ ​យូណេស្កូ បាន​រួមគ្នា​ប្រារឰ​ទិវា​គ្រូបង្រៀន​ពិភពលោក​ឆ្នាំ​២០២៤​។​

ព្រឹត្តិការណ៍​នេះ​មាន​អ្នកចូលរួម​ជាង ២ពាន់​នាក់ បាន​ផ្តោត​ការយកចិត្តទុកដាក់​លើ​តួនាទី​សំខាន់​របស់​គ្រូបង្រៀន​ក្នុងការ​កសាង​វឌ្ឍនភាព​ផ្នែក​អប់រំ និង​សេដ្ឋកិច្ចសង្គម​របស់​ក​ម្ពុ​ជា​។​

​ក្រោម​ប្រធានបទ​ជាតិ «ការអភិវឌ្ឍន៍​គ្រូបង្រៀន ដើម្បី​បង្កើន​ធនធានមនុស្ស​ឆ្ពោះទៅរក​ចក្ខុវិស័យ​កម្ពុ​ជា​ឆ្នាំ ២០៥០» ទិវា​គ្រូបង្រៀន​បាន​គូសបញ្ជាក់​ពី​សារៈសំខាន់​នៃ​ការអភិវឌ្ឍន៍​គ្រូបង្រៀន ​ជា​ចំណុច​ស្នូល​នៃ​មហិច្ឆតា​របស់​ប្រទេស​ក្នុងការ​ក្លាយជា​ប្រទេស​ដែលមាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់​នៅ​ឆ្នាំ ២០៣០ និង​ឈានទៅដល់​ឋានៈ​មាន​ប្រាក់ចំណូល​ខ្ពស់​នៅ​ឆ្នាំ​ ២០៥០​។​

​ស្របតាម​ប្រធានបទ​ជាស​កល «​កា​​រ​ផ្ដល់​តម្លៃលើ​សំឡេង​​​គ្រូបង្រៀន​៖ ឆ្ពោះទៅរក​ការ​ផ្ដល់​កិច្ចសន្យា​ការងារ​ល្អ​ប្រសើរ​នៅក្នុង​វិស័យ​​អប់រំ​» ទិវា​នេះ​បាន​សង្កត់ធ្ងន់​លើ​សារៈសំខាន់​នៃ​ការរួមបញ្ចូល​គ្រូបង្រៀន​ក្នុងការ​សម្រេចចិត្ត​គោលនយោបាយ ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម​សំខាន់ៗ​នៅក្នុង​ប្រព័ន្ធ​អប់រំ​របស់​កម្ពុជា រួមទាំង​កង្វះ​គ្រូបង្រៀន និង​ការទាមទារ​ការវិវត្ត​លើ​ការអប់រំ​។​

ថ្លែង​ក្នុង​ពិធី​នេះ លោក ហង់ ជួនណា​រ៉ុ​ន ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា បានលើកឡើង​ពី​តួនាទី​សំខាន់​របស់​គ្រូបង្រៀន​ក្នុងការ​អភិវឌ្ឍន៍​ប្រទេសជាតិ​។​

លោកបាន​ថ្លែងថា​៖ «​គ្រូ​គឺជា​ភ្នាក់ងារ​សំខាន់​ក្នុងការ​កែលម្អ​លទ្ធផល​សិក្សា​របស់​សិស្ស​។ ការលើកកម្ពស់​គុណភាព និង​ឧត្តមភាព​របស់​គ្រូបង្រៀន គឺជា​កត្តា​សំខាន់​។ ដូចនេះ ក្រសួង​អប់រំ​នឹង​បន្តធ្វើ​កំណែទម្រង់​គ្រឹះស្ថាន​អប់រំ​គ្រូបង្រៀន ឱ្យ​ក្លាយជា​មជ្ឈមណ្ឌល​ឧត្តមភាព​ក្នុងការ​ផ្តល់នូវ​គុណភាព និង​សេវាកម្ម​មុន​សេវា និង​វគ្គ​បណ្ដុះបណ្ដាល​ដ៏​ល្អឥតខ្ចោះ​ដល់​គ្រូបង្រៀន​គ្រប់​កម្រិត​អប់រំ ដើម្បី​ឆ្លើយតប​ទៅនឹង​តម្រូវ​ការដែល​កំពុង​រីក​ចម្រើន​»​។​

វិធីសាស្ត្រ​របស់​ក្រសួង​ស្របតាម​របៀបវារៈ​នៃ​ការអភិវឌ្ឍន៍​ដ៏​ទូលំទូលាយ​របស់​កម្ពុជា ដែល​រួមបញ្ចូល​នៅក្នុង​យុទ្ធសាស្ត្រ​មន្ទីរ​បញ្ច​កោណ ដំណាក់កាល​ទី​១ ដែល​ផ្តល់​អាទិភាព​ដល់​ការអភិវឌ្ឍន៍​ធនធានមនុស្ស​។​

យុទ្ធសាស្ត្រ​ដែល​គាំទ្រ​ដោយ​កំណែទម្រង់​ក្នុង​វិស័យ​អប់រំ​គ្រូបង្រៀន គឺជា​កត្តា​ជំរុញ​ដ៏​សំខាន់​ក្នុងការ​ប្រែក្លាយ​កម្ពុជា​ទៅជា​សង្គម​ផ្អែកលើ​ចំណេះដឹង ដោយ​ធានាថា ​គ្រូបង្រៀន​ត្រូវបាន​បំពាក់បំប៉ន​ជំនាញ​ដែល​ត្រូវការ​សម្រាប់​កម្លាំង​ពលកម្ម​នាពេល​អនាគត​។​

ក្នុង​សុន្ទរកថា លោក ជួន​ណា​រ៉ុ​ន បាន​គូសបញ្ជាក់​បន្ថែមថា៖ «​ការអភិវឌ្ឍន៍​គ្រូបង្រៀន​ទាមទារ​ឱ្យមាន​គោលនយោបាយ​អប់រំ​គ្រូបង្រៀន​ដ៏​ទូលំទូលាយ ដែល​ឆ្លើយតប​ទៅនឹង​តម្រូវការ​ជាតិ​ដែល​ផ្លាស់ប្តូរ​ឥតឈប់ឈរ​ក្នុង​វិស័យ​អប់រំ ការអភិវឌ្ឍន៍​សេដ្ឋកិច្ចសង្គម និង​ការលើកកម្ពស់​ឋានៈ​គ្រូបង្រៀន​នៅក្នុង​សង្គម»​។​

យោងតាម​សេចក្តីថ្លែងការណ៍​រួម​រវាងក្រសួង​អប់រំ​ និង អង្គការ​យូណេស្កូ បាន​ឱ្យ​​ដឹងថា ​​ការ​ប្រារឰ​ទិវា​គ្រូ​បង្រៀន​​ឆ្នាំ ២០២៤ ក៏​ជា​ឱកាស​មួយ​ដើម្បី​ដាក់ចេញ​របាយការណ៍​ដ៏​ទូលំទូលាយ​មួយ ដែល​ចងក្រង​ឯកសារ​កំណែទម្រង់​អប់រំ​គ្រូបង្រៀន​នៅ​កម្ពុជា ពី​ឆ្នាំ ២០១៤ ដល់​ឆ្នាំ ២០២៤​។​

សិស្សានុសិស្ស​នៅ​សាលា​បឋម​សិក្សា​កំពង់ពពិល ស្រុក​ពារាំង ខេត្ដ​ព្រៃវែង​​។ សាលាបឋមសិក្សា​កំពង់ពពិល​

របាយការណ៍​នេះ​ត្រូវបាន​បង្កើតឡើង​ដោយមាន​ការរួមចំណែក​ពី​អង្គការ​យូណេស្កូ និង​ដៃគូ​អភិវឌ្ឍន៍​ផ្សេងទៀត បង្ហាញ​ពី​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​ប្រទេស​ក្នុងការ​ពង្រឹង​ការបណ្តុះបណ្តាល​គ្រូបង្រៀន កែលម្អ​គុណភាព​នៃ​ការអប់រំ និង​លើក​កំពស់​ឋានៈ​គ្រូបង្រៀន​។​

​ក្នុង​ទស្សវត្សរ៍​ចុងក្រោយ​នេះ ក្រសួង​អប់រំ យុវជន និង​កីឡា ​បាន​ប្តេជ្ញាចិត្ត​ក្នុងការ​វិនិយោគ​សំខាន់ៗ​ក្នុងការ​អភិវឌ្ឍន៍​វិជ្ជាជីវៈ​គ្រូបង្រៀន ដោយ​ផ្តោតលើ​ការបណ្តុះបណ្តាល​គ្រូ​មុនចេញ​បង្រៀន​ និង​អំឡុង​ពេល​បង្រៀន​​។​

​កំណែទម្រង់​ទាំងនេះ​បានធ្វើឱ្យ​កម្លាំង​ពលកម្ម​គ្រូបង្រៀន​មាន​គុណភាព​កាន់តែ​ខ្ពស់ ​ជា​គន្លឹះ​ក្នុងការ​សម្រេចបាន​នូវ​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព (SDGs) ក្នុង​វិស័យ​អប់រំ ជាពិសេស SDG ៤ លើ​ការអប់រំ​ប្រកបដោយ​គុណភាព​។​

​អង្គការ​យូណេស្កូ គឺជា​ដៃគូ​ដ៏​សំខាន់​ក្នុង​កំណែទម្រង់​វិស័យ​អប់រំ​នៅ​កម្ពុជា​។​ ​ចាប់តាំងពី​ឆ្នាំ ២០១៨ មក ក្រសួង​អប់រំ​ និង អង្គការ​យូណេស្កូ បាន​រួមគ្នា​អនុវត្ត​កម្មវិធី​ពង្រឹង​គ្រូបង្រៀន​នៅ​កម្ពុជា (STEPCam) ​ជា​កម្មវិធី​អប់រំ​គ្រូបង្រៀន​ដ៏​ធំ​បំផុត​មួយ​នៅក្នុង​ប្រទេស ជាមួយនឹង​ការវិនិយោគ​សរុប​ចំនួន ២៧,០២ លាន​ដុល្លារ​។​

​កម្មវិធី​នេះ​បានផ្តល់​អត្ថប្រយោជន៍​ដល់​សិស្ស​ជាង ២៣​ម៉ឺននាក់ និង​បុគ្គលិក​អប់រំ ១៣​ម៉ឺន​នាក់ ដែល​ឆ្លុះបញ្ចាំង​ពី​ផលប៉ះពាល់​យ៉ាង​ទូលំទូលាយ​របស់​វា​មកលើ​ប្រព័ន្ធ​អប់រំ​របស់​កម្ពុជា​។​

លោក សាដា អ៊ូម៉ា​ អាឡាម​ តំណាង​អង្គការ​យូណេស្កូ​ប្រចាំ​កម្ពុជា បានបញ្ជាក់​ជាថ្មី​ពី​ការប្តេជ្ញាចិត្ត​របស់​អង្គការ​ក្នុងការ​គាំទ្រ​អ្នក​អប់រំ​កម្ពុជា​។​

លោក អ៊ូម៉ា​អាឡាម​ បាន​ថ្លែងថា៖ «​សូមឱ្យ​យើង​ធានាថា គ្រូបង្រៀន​ត្រូវបាន​គាំទ្រ ផ្តល់​អំណាច​ដល់​យុវជន​កម្ពុជា​ជំនាន់​ក្រោយ ឱ្យដឹងពី​សក្តានុពលរ​បស់​ពួកគេ​ទាំងស្រុង​»​។

លោក​បន្ដថា​៖ «ដោយ​ផ្តល់ឱ្យ​អ្នក​អប់រំ​នូវ​ឱកាស​អភិវឌ្ឍន៍​វិជ្ជាជីវៈ វិធីសាស្ត្រ​បង្រៀន និង​ឧបករណ៍​ប្រកបដោយ​ភាព​ច្នៃប្រឌិត សមត្ថភាព​ឌីជីថល និង​ឋានៈ​វិជ្ជាជីវៈ​ខ្ពស់ យើង​អាច​ជំរុញឱ្យមាន​យុគសម័យ​ថ្មី​នៃ​ការរៀនសូត្រ»​។​

នៅពេលដែល​ប្រទេស​កម្ពុជា​កំពុង​ស្វែងរក​ផ្លូវ​ឆ្ពោះទៅរក​ការសម្រេចបាន​នូវ​គោលដៅ​ចក្ខុវិស័យ​ឆ្នាំ ២០៥០​ នោះ ការផ្លាស់ប្តូរ​ឌីជីថល​ក្នុង​វិស័យ​អប់រំ​កាន់​តែមាន​សារៈសំខាន់​។​

ដំណាក់កាល​ទី ២ នៃ​កម្មវិធី STEPCam ដែល​បានចាប់ផ្តើម​នៅ​ឆ្នាំ ២០២៤ ផ្តល់​អាទិភាព​ដល់​សមត្ថភាព​ឌីជីថល និង​វិធីសាស្ត្រ​បង្រៀន​ប្រកបដោយ​ភាព​ច្នៃប្រឌិត ស្របតាម​ផែនការ​វិស័យ​អប់រំ ២០២៤-២០២៨​ នាពេលខាងមុខ​។​

តាមរយៈ​ការបន្ត​វិនិយោគ​លើ​ការអភិវឌ្ឍន៍​វិជ្ជាជីវៈ​របស់​គ្រូបង្រៀន និង​ជំរុញ​បរិយាកាស​ដែល​គាំទ្រ​ដល់​ការច្នៃប្រឌិត​ផ្នែក​អប់រំ ប្រទេស​កម្ពុជា​កំពុង​ដាក់ខ្លួន​ដើម្បី​ឆ្លើយតប​នឹង​បញ្ហា​ប្រឈម​នៃ​សតវត្ស​ទី ២១។​

យោងតាម​សេចក្តីថ្លែងការណ៍​រួម​បានឱ្យដឹងថា៖ «​ជាមួយនឹង​ការខិតខំ​ប្រឹងប្រែង​រួមគ្នា​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា អង្គការ​យូណេស្កូ និង​អ្នកពាក់ព័ន្ធ​ដទៃទៀត គ្រូបង្រៀន​ត្រូវបាន​កំណត់ថា​នឹង​នៅតែ​ជា​កម្លាំង​ជំរុញ​នៅ​ពីក្រោយ​ការរីកចម្រើន​​សេដ្ឋកិច្ចសង្គម​រយៈពេល​វែង​របស់​ប្រទេស​កម្ពុជា»​។​

ផែនទី​បង្ហាញផ្លូវ​រប​ស់​កម្ពុជា ដើម្បី​ក្លាយជា​ប្រទេស​ដែលមាន​ប្រាក់ចំណូល​ខ្ពស់ ឈរលើ​មូលដ្ឋាន​នៃ​កម្លាំង​បង្រៀន​ប្រកបដោយ​គុណភាព​ខ្ពស់​។​

ដូចដែល​បាន​គូសបញ្ជាក់​ដោយ​ភាគី​ពាក់ព័ន្ធ​ទាំង​ជាតិ និង​អន្តរជាតិ​ក្នុង​ពិធី​អបអរសាទរ​ទិវា​គ្រូបង្រៀន​ពិភពលោក អនាគត​របស់​ប្រទេស​នេះ​អាស្រ័យ​លើ​សមត្ថភាព​របស់ខ្លួន​ក្នុង​ការផ្តល់អំណាច​ដល់​គ្រូបង្រៀន​របស់ខ្លួន​។

លោក អ៊ូម៉ាអាឡាម​ បានបញ្ចប់ ដោយ​សង្ខេប​ពី​សុទិដ្ឋិនិយម​ជា​សមូហភាព​ដែល​បាន​ចែករំលែក​ដោយ​អ្នកចូលរួម​ទាំងអស់​ថា​៖ «​ជាមួយគ្នា​យើង​នឹង​បណ្ដុះបណ្ដាល​ជំនាន់​មួយ​ដែល​បំពាក់​ដោយ​ជំនាញ​និង​ការច្នៃប្រឌិត​ដើម្បី​រៀបចំ​អនាគត​របស់​ប្រទេស​កម្ពុជា​»​។​

​ទិវា​គ្រូបង្រៀន​ពិភពលោក​ត្រូវបាន​ប្រារឰ​ជា​រៀងរាល់ឆ្នាំ​នៅ​ថ្ងៃទី ៥ ខែតុលា ដោយ​ទទួលស្គាល់​ការរួមចំណែក​ដ៏​មានតម្លៃ​របស់​អ្នក​អប់រំ​នៅ​ទូទាំង​ពិភពលោក និង​ការតស៊ូ​មតិ​សម្រាប់​ការគាំទ្រ​កាន់តែខ្លាំង​ដើម្បី​បង្កើន​វិជ្ជាជីវៈ​គ្រូបង្រៀន៕​​