ទំនាក់​ទំនង​រវាង​កម្ពុជា​និង​ចិន​កម្រិត​សភា ត្រូវ​បាន​ពង្រឹង​មួយ​កម្រិត​ទៀត​តាម​រយៈ​ការ​ចុះ​ហត្ថលេខា​លើ​ឯកសារ​ពង្រឹង​ទំនាក់​ទំនង​ចំនួន​ពីរ​ដោយ​ដោយ​ថ្នាក់​ដឹកនាំ​សភា​នៃ​ប្រទេស​ ដែល​ត្រូវ​បាន​ចាត់​ទុក​ថា​ជា «សមិទ្ធិផល​ជា​ប្រវត្តិសាស្ត្រ»។

ឯកសារ​ទាំងពីរ​រួម​មាន​កិច្ច​ព្រម​ព្រៀង​ស្តីពី​កិច្ច​សហប្រតិបត្តិការ​រវាង​រដ្ឋសភា​ប្រទេស​ទំាង​ពីរ​ ដែល​ត្រូវ​បាន​ចុះ​ហត្ថលេខា​ដោយ​ លោកស្រី ឃួន សុដារី ប្រធាន​រដ្ឋសភា​កម្ពុជា និង​លោក ចាវ ឡឺជី ប្រធាន​គណៈ​កម្មាធិការ​អចិន្រ្តៃយ៍​នៃ​សភា​តំណាង​ប្រជាជន​ចិន និង​និង​អនុស្សរណៈ​នៃ​ការ​យោគ​យល់​គ្នា​ ចុះ​ហត្ថលេខា​ដោយ​​លោក ឡេង ប៉េងឡុង អគ្គលេខាធិការ​រដ្ឋសភា​កម្ពុជា និង​លោក​ លីវ ឈី អគ្គ​លេខាធិការ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​នៃ​សភា​តំណាង​ប្រជាជន​ទូទាំង​ប្រទេស។

ពិធី​ចុះ​ហត្ថលេខា​នេះ​ធ្វើ​ឡើង​ក្នុង​អំឡុង​ទស្សនកិច្ច​របស់​លោកស្រី ឃួន សុដារី ទៅ​ប្រទេស​ចិន​រយៈ​ពេល ៥​ថ្ងៃ​ ដែល​បាន​បញ្ចប់​កាល​ពី​ថ្ងៃទី២៦ ខែ​កញ្ញា ដោយ​លោក​ស្រី​បាន​ជួប​ជាមួយ​ថ្នាក់​ដឹកនាំ​សភា​ចិន​មួយ​ចំនួន​រួម​ទាំង​វិស័យ​ឯកជន​ផងដែរ។ នេះ​បើ​តាម​រដ្ឋសភា​កម្ពុជា។​

សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​រដ្ឋសភា​បញ្ជាក់​ថា៖ «ឯកសារ​ទំាងពីរ​ដែល​បាន​ចុះ​ហត្ថលេខា​នេះ ជា​សមិទ្ធផល​ប្រវត្តិសាស្រ្ត​ថ្មី​មួយ​ទៀត​នៃ​ទំនាក់​ទំនង​សភា​ប្រទេស​ទំាង​ពីរ ដែល​ជា​មូលដ្ឋាន​គ្រឹះ ក្នុង​ការ​ពង្រឹង ពង្រីក​បន្ថែម​ទៀត​នូវ​កិច្ច​សហប្រតិបត្តិការ​ទ្វេ​ភាគី​ឱ្យ​កាន់​តែ​ទូលំ​ទូលាយ ​ស៊ីជម្រៅ និង​សម្រេច​បាន​លទ្ធផល​ជាក់​ស្តែង»។

រដ្ឋសភា​កម្ពុជា ​ក៏​បាន​លើកឡើង​ដែរ​ថា លោកស្រី​ ឃួន សុដារី និង​ថ្នាក់​ដឹកនាំ​សភា​ប្រជាជន​ចិន​ បាន​សន្យា​រួម​គ្នា​ថា នឹង​ជំរុញ​បន្ថែម​ទៀត​នូវ​ការ​បន្ស៊ី​នៅ​ក្នុង​កិច្ច​សហ​ប្រតិបត្តិការ​ត្បូង​ពេជ្រ​រវាង​គំនិត​ផ្តួម​ផ្តើម​នានា​របស់​ភាគី​ចិន ដូចជា​គម្រោង​ខ្សែ​ក្រវាត់​និង​ផ្លូវ ជាមួយ​យុទ្ធសាស្រ្ត​បញ្ចកោណ​ដំណាក់​កាលទី១ ​របស់កម្ពុជា។​ ដើម្បី​បម្រើ​ផលប្រយោជន៍​នៃ​ប្រទេស​ទំាង​ពីរក្នុង​ការ​កសាង​សហគមន៍​ជោគ​​វាសនា​រួម​កម្ពុជា-ចិន​ ប្រកប​ដោយ​គុណភាព​ខ្ពស់ កម្រិត​ខ្ពស់ និង​ស្តង់ដារ​ខ្ពស់។

លោក​ យង់ ពៅ អគ្គលេខាធិការ​នៃ​រាជបណ្ឌិត្យ​សភា​កម្ពុជា បាន​ថ្លែង​ថា ទំនាក់​ទំនង​កម្រិត​សភា​នៃ​ប្រទេស​ទាំង​ពីរ​គឺ​ស្ថិត​នៅ​ក្រោម​កិច្ច​សហប្រតិបត្តិការ​ត្បូងពេជ្រ​ និង​មិត្តភាព​ដែក​ថែប រវាង​ប្រទេស​ទាំង​ពីរ ដើម្បី​ឲ្យ​ទំនាក់​ទំនង​នៃ​ប្រទេស​ទាំង​ពីរ​រឹង​មាំ​លើ​គ្រប់​ទិដ្ឋភាព ស្រប​ពេល​​ឆ្នាំ២០២៤​នេះ​គឺ​ជា​ឆ្នាំ​នៃ​ទំនាក់​ទំនង​រវាង​ប្រជាជាន​និង​ប្រជាជន​នៃ​ប្រទេស​ទាំង​ពីរ។

លោក​ថ្លែង​ថា មិត្តភាព​ដែកថែប​គឺ​ត្រូវ​រឹង​មាំ​លើ​គ្រប់​ទិដ្ឋភាព​និង​គ្រប់​វិស័យ និង​អំណាច​ទាំង​បី គឺ​នីតិប្បញ្ញតិ នីតិប្រតិបត្តិ វិស័យ​យុត្តិធម៌ វិស័យ​ការពារ​ជាតិ អប់រំ បច្ចេកវិទ្យា ជា​ដើម។ កិច្ច​សហប្រតិបត្តិការ​នេះ​នឹង​ជួយ​ធ្វើ​ឲ្យ​កម្ពុជា​កាន់​តែ​រឹង​មាំ ដោយហេតុ​ថា ចិន​ជា​ប្រទេស​មហា​អំណាច​មិន​អាច​រឹងមាំ​តែ​ម្នាក់​ឯង ដរាបណា​ដៃគូ​របស់​ខ្លួន​ក្នុង​តំបន់​នៅ​ទន់​ខ្សោយ។

លោក​ថ្លែង​ថា៖ «ចិន​អាច​រឹង​មាំ​នៅ​ក្នុង​តំនប់​តាម​រយៈ​កម្ពុជា រីឯ​កម្ពុជា​ទទួល​បាន​ប្រយោជន៍​ពី​កិច្ច​សហប្រតិបត្តិការ​ជាមួយ​ចិន​លើ​គ្រប់​វិស័យ ធ្វើ​ឲ្យ​កម្ពុជា​រីកចម្រើន និង​រឹង​មាំ​ខ្លួន​ឯង​ដែរ»៕