ភ្នំពេញៈ រដ្ឋមន្រ្តី​ក្រសួង​បរិស្ថាន ​លោកអ៊ាង ​សុផល្លែត​បាន​ផ្តល់​ឧបករណ៍​ដ្រូន (Drone) ​ដល់​គ្រប់​មន្ទីរ​បរិស្ថាន​រាជ​ធានី​ខេត្ត​ ២៥ហើយ​ រហូត​មក​ដល់​ពេល​បច្ចុប្បន្ន​នេះ ​ដើម្បីឱ្យ​ក្រុម​ឧទ្យានុរក្ស​បរិស្ថាន យក​ទៅ​ប្រើប្រាស់​ជាជំនួយ​ដល់​ការ​ងារ​ចុះល្បា​តការពារព្រៃ​ឈើ ជាង៧លាន​ហិកតា។ 

អនុ​រដ្ឋលេខាធិការ និង ​ជាអ្នក​នាំពាក្យ​ក្រសួង​បរិស្ថាន ​លោកខ្វៃ ​អាទិត្យា​បាន​ប្រាប់​ភ្នំពេញប៉ុស្តិ៍ ​នាថ្ងៃ​សុក្រ​ទី​២៧ ​ខែ​កញ្ញានេះ​ថា ការ​ផ្តល់​ឧបករណ៍​ដ្រូន​នេះ ​គឺ​ជា​ជំហាន​ទី១ ​ដែល​ក្នុង​មួយ​មន្ទីរ​បរិស្ថាន​ទទួល​បាន​មួយ​គ្រឿង​ ហើយ​នៅ​ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ​នេះ នឹង​មាន​ការ​ផ្តល់​ជូន​ជា​ជំហាន​បន្ត​បន្ទាប់​ទៀត។

លោក​បញ្ជាក់​ថា៖«រហូត​មក​ដល់​ពេល​នេះ ​២៥​រាជ​ធានី​ខេត្ត ​ទាំង​ភ្នំពេញ​ផង​ដែរ​ បាន​ទទួល​ដ្រូន​ម្នាក់១​គ្រឿង​ជា​ទូទៅ។ នៅក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ខាង​មុខ​នេះ ​យើង​នឹង​ផ្តល់​ដ្រូនដល់​មន្ទីរ​បរិស្ថាន​នីមួយៗ ​យ៉ាង​តិច​ឱ្យបាន​៣​គ្រឿង​ដែរ»។

លោក​ថ្លែងថា៖«ការ​ល្បាត​ជាមួយ​ដ្រូន​នេះផ្តល់សារៈសំខាន់​ខ្លាំង​ណាស់​ គឺវា​ជួយ​ឱ្យ​ការ​ល្បាត​នេះកាន់​តែ​មាន​ប្រសិទ្ធភាព ​ហើយមាន​វិសាល​ភាព​ធំ​ជាង​មុន​ទៅ​លើ​ផ្ទៃ​ដី។ កាល​ណា​ចុះ​ល្បាត​ដោយ​ផ្ទាល់ ​គឺ​យើងមិន​អាច​មើល​ឃើញ​ពី​កា​រប្រព្រឹត្តបទ​ល្មើស​នៅទីឆ្ងាយ​បាន​នោះទេ»។

លោក​បន្ថែម​ថា ហេតុនេះ ​ក្រុម​ល្បាត​ត្រូវ​ការ​ដ្រូន​នេះ ដើម្បី​ឈ្លប ​និង​ពិនិត្យ​មើល​ដោយផ្ទាល់ ​ហើយ​ក្នុង​ករណី​ឃើញ​មាន​បទល្មើស​នៅតំបន់​ណាមួយ​កើត​ឡើង នោះ​ពួកគេ​នឹង​ធ្វើការ​អន្តរាគមន៍​ទាន់ពេល​វេលា។ 

លោក​បាន​ឱ្យ​ដឹង​ផង​ដែរ​ថា ដើម្បី​ពង្រឹង​ការ​ការពារធន​ធាន​ធម្មជាតិ ​ក្រៅពី​ការ​ផ្តល់​ដ្រូន​នេះ ​ក្រសួងបរិស្ថាន​បាន​អនុវត្ត​ច្បាប់១០០ភាគរយ ​ផ្តល់ផែន​ទីពី​តំបន់​ការពារ​ដល់​អាជ្ញាធរ​ថ្នាក់​ក្រោម​ជាតិ ​ហើយ​កម្លាំងកងយោធពលខេមរភូមិន្ទ​ អាវុធហត្ថ ​និង​នគរបាលជាតិ ក៏បាន​កំពុង​តែ​ចូល​រួម​ក្នុងកា​រចុះ​ល្បាត និង​បង្រ្កាប​បទ​ល្មើស​ផង​ដែរ។

លោក​ភួង លីណា ​ប្រធាន​មន្ទីរប​រិស្ថានខេត្ត​ឧត្តរ​មានជ័យ​បាន​ឱ្យ​ដឹង​ថា នេះ​ជា​លើកទី១​ហើយ ​ដែល​មន្ទីរ​ទទួល​បាន​ដ្រូន​ពី​ក្រសួងបរិស្ថាន​។ ក្រោយ​ពី​ការ​ទទួល​បាន​នេះ ​មន្រ្តីបរិស្ថាន​ចំនួន១៧​នាក់​នឹង​ត្រូវ​បង្រៀន​ពី​របៀប​នៃ​ការ​ប្រើ​ប្រាស់​ឧបករណ៍​នេះ។

លោក​ថ្លែង​ថា៖«ការ​ល្បាត​ដោយ​ប្រើ​ដ្រូន​នេះ ​គឺ​ជា​ការ​ល្បាត​ដោយ​ប្រើបច្ចេក​វិទ្យា ​អញ្ជឹង​វា​ជួយ​បាន​ច្រើន។ មន្រ្តី​យើង​មិន​អាច​ដើរឱ្យគ្រប់​កន្លែង​បាន​ទេក្នុង​ព្រៃ ជាពិសេស​គឺរដូវវស្សា​ អញ្ជឹង​ការ​ផ្តល់​ដ្រូន​របស់​ថ្នាក់​ដឹក​នាំនេះ​ គឺ​ផ្តល់​ភាពងាយ​ស្រួលយ៉ាង​ច្រើនដល់មន្រ្តី​ឧទ្យានុរក្ស​ក្នុង​ការ​តាម​ដាន​បទ​ល្មើស​ក្នុង​តំបន់​ការ​ពារ»។

លោកបាន​ឱ្យដឹងថា នា​ពេល​បច្ចុប្បន្ន​នេះ ​មន្រ្តីទាំង​១៧រូប​ ត្រូវ​ការពារព្រៃ​ឈើ​រហូតដល់​ទៅ​ជាង​២០​ម៉ឺន​ហិកតា។ ហេតុនេះ​ បើមាន​ឧបករណ៍​ដ្រូន​កាន់​តែ​ច្រើន វា​ក៏​កាន់​តែងាយ​ស្រួល​ក្នុង​ការការ​ពារ ក៏ដូច​ជា បង្កើន​ប្រសិទ្ធ​ភាព​ការ​ងារ​ផង​ដែរ។

រដ្ឋលេខាធិការ​ក្រសួង​បរិស្ថាន ​លោកជួប​ ប៉ារីស៍​បាន​លើក​ឡើង​ក្នុង​ពិធី​ប្រគល់​ដ្រូន៤​គ្រឿង ​និង​សម្ភារ​ល្បាត​ផ្សេងទៀត​ដល់​មន្រ្តីឧទ្យានុ​រក្សខេត្ត​មណ្ឌល​គិរី​កាល​ពី​ចុង​សប្តាហ៍​មុន​ថា ​ក្រសួង​មាន​មន្រ្តីឧទ្យានុ​រក្ស​១ ​២០០​នាក់​ប៉ុន្តែ ​ពួកគាត់​ត្រូវការ​ពារ​ព្រៃឈើ​រហូត​ដល់​ទៅ​៧លាន​ហិក​តា នៅទូ​ទាំង​ប្រទេស ដែល​ម្នាក់​ត្រូវ​ការ​ពារ​រហូត​ដល់​ទៅជាង​៥ពាន់​ហិក​តាឯ​នោះ។

លោកមាន​ប្រសាសន៍​ថា៖«តាម​ស្តង់​ដារ​អន្តរ​ជាតិ ​យ៉ាង​ច្រើន​ គឺម្នាក់​ការ​ពារ​ពី​៥០០​ទៅ១ពាន់​ហិកតា​យ៉ាង​ច្រើន​ តែ​យើង​ម្នាក់ត្រូវមើល​ព្រៃ​ជិត៦​ពាន់​ហិកតា។ យើង​នៅខ្វះ ​តែយើង​នៅ​តែដោះ​ស្រាយ​បាន​ ដោយ​សារ​តែយើង​មាន​សហគមន៍ចូល​រួម»។​ 

លោកបន្ថែមថា ​ការចូល​រួមល្បាតរបស់​សហគមន៍​គឺជាការ​ធ្វើអំពើល្អទៅ​លើសហគមន៍​ពួកគាត់ ​និង​អំពើ​ល្អ​ទៅលើ​ធនធាន​ធម្មជាតិ ​ហើយជា​លទ្ធផល ពួកគាត់​ក៏៏ទទួល​បាន​ការ​តប​ស្នង​មក​វិញ​យ៉ាង​សមរម្យ​ផង​ដែរ​តាម​រយៈ​អេកូទេសចរណ៍ ​គម្រោងរេ​ដបូក ​និង​គម្រោងផ្សេងៗ​ជា​ដើម៕