អូស្ត្រាលី​ចង់​ឃើញ​តំបន់​ឥណ្ឌូ​ប៉ាស៊ីហ្វិក​ មាន​តុល្យភាព ហើយ​ប្រទេស​នីមួយៗ​អាច​សម្រេច​ជោគ​វាសនា​របស់​របស់​ខ្លួន​ដោយ​ខ្លួន​ឯង។ ការ​លើក​ឡើង​នេះ​ធ្វើ​ឡើង​ស្រប​ពេល​ដែល​នាវា​កងទ័ព​ជើង​ទឹក​របស់​ខ្លួន​ HMAS Perth កំពុង​ចត​នៅ​កំពង់​ផែ​ស្វយ័ត​ក្រុង​ព្រះសីហនុ​ដើម្បី​ពង្រឹង​ទំនាក់​ទំនង​ជាមួយ​ភាគី​កម្ពុជា.

ស្ថានទូត​អូស្រ្តាលី​បាន​ថ្លែង​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ព្រឹក​នេះ​ថា អូស្ត្រាលី​បន្ត​ការ​ចូលរួម​វិស័យ​ការពារ​ជាតិ​របស់​យើង​យ៉ាង​ជិត​ស្និទ្ធ​ជា​មួយ​ប្រទេស​កម្ពុជា​ ដើម្បី​គាំទ្រ​ដល់​តំបន់​ឥណ្ឌូប៉ាស៊ីហ្វិក​ឲ្យ​មាន​សន្តិភាព​ ស្ថិរភាព ​និង​វិបុលភាព។

នាវា HMAS Perth បាន​ចូល​ចត​នៅ​ខេត្ត​ព្រះសីហនុ​កាល​ពី​ថ្ងៃ​ទី២ និង​ត្រូវ​ចាក​ចេញ​នៅ​ថ្ងៃទី៤ ក្នុង​បេសកកម្ម​ដែល​ជា​ផ្នែក​មួយ​នៃ​កិច្ច​សហប្រតិបតិ្តការ​ខិតខំ​ប្រឹង​ប្រែង​តំបន់​ឥណ្ឌូប៉ាស៊ីហ្វិក (IPE 2024) ដែល​ត្រូវ​បាន​ប្រកាស​កាល​ពី​ពាក់​កណ្ដាល​ខែ​មុន​ ដើម្បី​ពង្រឹង​ទំនាក់​ទំនង​ជាមួយ​ប្រទេស​ជាង​១០ នៅ​ក្នុង​តំបន់​នេះ។​

នាវា​នេះ​ដឹក​នាវិក​ចំនួន ១៩០​នាក់ បាន​ចូល​ដល់​ខេត្ត​ព្រះសីហនុ​កាល​ពី​ម្សិល​មិញ បន្ទាប់​ពី​បាន​ចាក​ចេញ​ពី​ប្រទេស​ឥណ្ឌូណេស៊ី។ ក្រុម​នាវិក​ត្រូវ​បាន​ស្វាគមន៍​ដោយ​លោក យន់ មីន រដ្ឋលេខាធិការ​ក្រសួង​ការពារ​ជាតិ នៅ​ថ្ងៃទី២ ខែកញ្ញា។

ស្ថាន​ទូត​អូស្ត្រាលី​បន្ត​ថា ​កិច្ច​សហប្រតិបត្តិការ​ខិតខំ​ប្រឹងប្រែង​តំបន់​ឥណ្ឌូប៉ា​ស៊ីហ្វិក ​គឺ​ជា​ការ​ប្ដេជ្ញា​ចិត្ត​យូរ​អង្វែង​ណាស់​មក​ហើយ​ក្នុង​ការ​ធ្វើការ​ជាមួយ​បណ្តា​ដៃគូ​របស់​យើង​នៅ​ទូទាំង​តំបន់​អាស៊ី​អាគ្នេយ៍ និង​តំបន់​ផ្សេងៗ​ទៀត។

ស្ថានទូត​បញ្ជាក់​ថា៖ យើង​ចង់​ធានា​ឲ្យ​បាន​ថា តំបន់​របស់​យើង​មាន​តុល្យភាព ដែល​ប្រទេស​តូច និង​មធ្យម​មិន​ត្រូវ​បាន​គ្រប​ដណ្តប់​ដោយ​ប្រទេស​អំណាច​ធំៗ​នោះ​ទេ​ ហើយ​ជា​កន្លែង​ដែល​យើង​ទាំង​អស់​គ្នា​អាច​សម្រេច​ជោគ​វាសនា​របស់​យើង​បាន​ដោយ​ខ្លួន​ឯង។

លោក ឡុង ឌីម៉ង់ អភិបាល​រង​ខេត្ត​ព្រះសីហនុ បាន​ប្រាប់​ឲ្យ​ដឹង​ថា នេះ​ជា​លើក​ទី១៦ ហើយ​ដែល​នាវា​កងទ័ព​ជើង​ទឹក​អូស្ត្រាលី​បាន​ចូល​ចត​នៅ​កំពង់​ផែ​ខេត្ត​ព្រះសីហនុ គិត​ចាប់​ពី​ឆ្នាំ​២០០៣​មក។ លោក​យល់​ថា ដំណើរ​ទស្សនកិច្ច​នេះ​នឹង​ពង្រឹង​ទំនាក់​ទំនង​រវាង​កង​ទ័ព​ជើង​ទឹក​នៃ​ប្រទេស​ទាំង​ពីរ។

លោក Michael John Harris ប្រធានគណៈប្រតិភូ​នៃ​នាវា HMAS Perth បាន​ថ្លែង​ថា ការ​ចូល​ចត​នាវា​នេះ​គឺ​ក្នុង​គោលបំណង​បង្កើន​ទំនាក់​ទំនង​ទ្វេភាគី។

លោក​ត្រូវ​បាន​ស្រង់​សម្ដី​ដោយ​រដ្ឋបាល​ខេត្ត​ព្រះសីហនុ​ថា៖ «យើង​បាន​មក​ដល់​ប្រទេស​កម្ពុជា បាន​ចូល​ចត​នៅ​កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ នេះ​ជា​ឱកាស​ដើម្បី​ឲ្យ​នាវិក​ និង​ពលនាវី​របស់​យើង​បាន​ស្វែង​យល់​ពី​គ្នា​ទៅ​វិញ​ទៅ​មក»។

លោក គិន ភា ប្រធាន​វិទ្យាស្ថាន​ទំនាក់​ទំនង​អន្តរជាតិ​នៃ​រាជបណ្ឌិត្យ​សភា​កម្ពុជា ថ្លែង​ថា វា​ជា​ការ​ល្អ​ដែល​នាវា​អូស្ត្រាលី​បាន​ចូល​ចត​នៅ​ខេត្ត​ព្រះសីហនុ និង​បាន​ឃើញ​ទិដ្ឋភាព​ជាក់ស្ដែង​របស់​កម្ពុជា ជា​ពិសេស​ពាក់​ព័ន្ធ​នឹង​ការ​ចោទ​ប្រកាន់​ថា មូលដ្ឋាន​ទ័ព​រាម​មាន​ជាប់​ពាក់​ព័ន្ធ​នឹង​យោធា​ចិន។

យ៉ាង​ណា​ក៏ដោយ លោក​ថា ទស្សនកិច្ច​នេះ​មិន​អាច​លុប​បំបាត់​ការ​សង្ស័យ​របស់​ប្រទេស​លោក​ខាង​លិច​រឿង​វត្តមាន​យោធា​ចិន​នៅ​មូលដ្ឋាន​ទ័ព​ជើង​ទឹក​រាម​នោះ​ទេ ពីព្រោះ​វា​ជា​ការ​អះអាង​ដើម្បី​ផល​ប្រយោជន៍​ភូមិសាស្ត្រ​នយោបាយ និង​ជា​សារ​ទៅ​ប្រទេស​ចិន​កុំ​ឲ្យ​ពង្រីក​ឥទ្ធិពល​យោធា​របស់​ខ្លួន​នៅ​តំបន់​អាស៊ាន។

យ៉ាងណា​ក៏ដោយ លោក​ថា ទំនាក់​ទំនង​រវាង​កម្ពុជា​និង​អូស្ត្រាលី​មាន​ភាព​រីក​ចម្រើន​ច្រើន នៅ​តែ​បញ្ហា​មួយ​ចំនួន​ពាក់​ព័ន្ធ​នឹង​ការ​យល់​ឃើញ​ខុស​គ្នា​លើ​បញ្ហា​សិទ្ធិ​មនុស្ស​និង​ប្រជាធិបតេយ្យ និង​រឿង​នយោបាយ។​

លោក​ថ្លែង​ដូច្នេះ​ថា៖ «ដូច្នេះ ប្រទេស​ទាំង​ពីរ​ត្រូវ​តែ​បន្ត​ពង្រឹង​និង​ពង្រីក​កិច្ច​សហប្រតិបត្តិការ​របស់​ខ្លួន​ក្នុង​ក្របខណ្ឌ​ទ្វេភាគី​ក្ដី ឬ​ពហុភាគី​ក្ដី​ គឺ​ត្រូវ​លើក​កម្ពស់​ទំនាក់​ទំនង​តាម​វិស័យ ហើយ​មិន​គួរ​ឲ្យ​ការ​មិន​យល់​គ្នា​នោះ​ជា​បញ្ហា​ប្រឈម ឬ​ជា​ស្បៃ​ពពក​ដែល​បិទបាំង​ទិដ្ឋភាព​រួម​នៃ​ទំនាក់​ទំនង​រវាង​ប្រទេស​ទាំង​ពីរ​នោះ​ទេ»៕