ក្រសួង​ស្ថាប័ន​ជា​ច្រើន​ហាក់​មាន​ភាព​មមាញឹក​ក្នុង​ការ​ឆ្លើយ​តប​នឹង​ព័ត៌មាន​ក្លែង​ក្លាយ​ ដែល​ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ស្ទើរ​រៀង​រាល់​សប្ដាហ៍ ជា​ពិសេស​ព័ត៌មាន​ក្លែង​ក្លាយ​ដែល​ផលិត​នៅ​ក្រៅ​ប្រទេស។

ព័ត៌មាន​ក្លែង​ក្លាយ​ចុង​ក្រោយ​កើត​ឡើង​នៅ​ថ្ងៃ​ទី៣ ខែកញ្ញា​នេះ​ ដោយ​អ្នក​ក្លែង​បន្លំ​បាន​ផ្សព្វផ្សាយ​ព្រះរាជក្រឹត្យ​ក្លែង​ក្លាយ​ថា លោក ស សុខា រដ្ឋមន្ត្រី​ក្រសួង​មហា​ផ្ទៃ​ត្រូវ​បាន​ដំឡើង​ឋានៈ​ជា​សម្ដេច​ក្រុមព្រះ។ ព័ត៌មាន​ក្លែង​ក្លាយ​នេះ ត្រូវ​បាន​លោក ស សុខា បដិសេធ​ភ្លាម និង​ស្នើ​ឲ្យ​សមត្ថកិច្ច​នាំ​ខ្លួន​ជន​ល្មើស​មក​ផ្ដន្ទាទោស​តាម​ច្បាប់។

លោក ទេព អស្នារិទ្ធ អ្នក​នាំពាក្យ​ក្រសួង​ព័ត៌មាន​បាន​ថ្លែង​ថា ព័ត៌មាន​ក្លែង​ក្លាយ​បាន​មាន​សន្ទុះ​ខ្លាំង​ក្លា​ឡើង នៅ​ពេល​ពិភពលោក​មាន​មធ្យោបាយ​ទំនើប​សម្រាប់​ប្រើ​ប្រាស់​ក្នុង​ការ​ប្រាស្រ័យ​ទាក់​ទង​គ្នា​ ផ្តល់​និង​ទទួល​ព័ត៌មាន ដែល​រួម​ចំណែក​ដោយ​ការ​ប្រើ​ប្រាស់​បច្ចេកវិទ្យា Ai។

លោក​បន្ត​ថា ការ​ប្រឆាំង​ព័ត៌មាន​ក្លែង​ក្លាយ​ទាមទារ​ឱ្យ​មាន​ការ​ចូល​រួម​ពី​គ្រប់​ភាគី​ក្នុង​សង្គម ក្នុង​នោះ​ប្រជាពលរដ្ឋ​ដែល​ជា​អ្នក​ទទួល ចែក​ចាយ និង​ប្រើ​ប្រាស់​ព័ត៌មាន​ ជាពិសេស​លើ​បណ្ដាញ​ទំនាក់​ទំនង​សង្គម​គ្រប់​ប្រភេទ​ មាន​តួនាទី​សំខាន់​ក្នុង​ការ​រួម​ចំណែក​ទប់​ស្កាត់​ និង​កាត់​បន្ថយ​ព័ត៌មាន​ក្លែង​ក្លាយ​ពី​ក្នុង​លំហ​ព័ត៌មាន​ក្នុង​សង្គម​រស់​នៅ​របស់​យើង។

 លោក​ថ្លែង​ថា ក្រសួង​ព័ត៌មាន​នឹង​រៀបចំ​យុទ្ធនាការ​«និយាយ​ថា​ទេ​ចំពោះ​ព័ត៌មាន​ក្លែងក្លាយ​ Say No to Fake News!» នៅ​ចុង​ឆ្នាំ​២០២៤​ ក្នុង​គោល​បំណង​កាត់​បន្ថយ​ជា​អប្បបរិមា​នូវ​ព័ត៌មាន​ក្លែង​ក្លាយ​ពី​លំហ​ព័ត៌មាន​ក្នុង​សង្គម​ដើម្បី​ធានា​សន្តិសុខ​ព័ត៌មាន។

លោក​ថ្លែង​ថា៖ «គោលដៅ​នៃ​យុទ្ធនាការ​នេះ​ផ្តោត​លើ​ការ​ផ្លាស់​ប្តូរ​ឥរិយាបថ​របស់​ប្រជាជន ដែល​ជា​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​ទំនាក់​ទំនង​សង្គម និង​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ទំនើប​ ដើម្បី​ទប់​ស្កាត់​ការ​រីក​សាយ​ភាយ​នូវ​ព័ត៌មាន​ក្លែង​ក្លាយ​ក្នុង​សង្គម​កម្ពុជា»។

លោក​បន្ត​ថា៖ «នៅ​ពេល​ប្រជា​ពលរដ្ឋ និង​អ្នក​ប្រើ​ប្រាស់​ម្នាក់ៗ​យល់​ដឹង​អំពី​ផល​វិបាក​នៃ​ព័ត៌មាន​ក្លែង​ក្លាយ​ និង​ចេះ​បង្កើន​ការ​ប្រុង​ប្រយ័ត្ន​ក្នុង​ការ​ប្រើ​ប្រាស់ ​ប្រកប​ដោយ​ការ​ទទួល​ខុស​ត្រូវ ​ជាពិសេស​មុន​ការ​ចែក​ចាយ​ព័ត៌មាន​ណា​មួយ​ ត្រូវ​ផ្ទៀង​ផ្ទាត់​ព័ត៌មាន​ទាំង​នោះ​ជា​មុនៗ​នឹង​ចែក​ចាយ​ព័ត៌មាន​ ពេល​នោះ​យើង​ម្នាក់ៗ​នឹង​អាច​រួម​ចំណែក​ដល់​ការ​កាត់​បន្ថយ​ព័ត៌មាន​ក្លែងក្លាយ ព័ត៌មាន​បែប​បំពុល ចេញ​ពី​ក្នុង​លំហ​ព័ត៌មាន​របស់​យើង​បាន​ជា​មិន​ខាន»។

លោក ទេព អស្នារិទ្ធ អ្នក​នាំពាក្យ​​ក្រសួង​​ព័ត៌មាន។ រូបថត សហការី

ដើម្បី​ទប់ស្កាត់​ព័ត៌មាន​ក្លែង​ក្លាយ លោក​ស្នើ​ឲ្យ​ពលរដ្ឋ​ម្នាក់ៗ​ បោះ​បង់​ចោល​ទម្លាប់​ចែក​ចាយ​ព័ត៌មាន​លឿន​ពេក ឬ​ចែក​ចាយ​ដោយ​មិន​ទាន់​បាន​អាន​ និង​ផ្ទៀង​ផ្ទាត់​ព័ត៌មាន​នោះ និង​ កុំ​ទាន់​ជឿ​លើ​ប្រភព​ព័ត៌មាន​ពី​បណ្តាញ​ទំនាក់​ទំនង​សង្គម​ទាំង​ស្រុង​តែ​មួយ​មុខ។ នៅ​ពេល​ឃើញ​ព័ត៌មាន​ចម្លែក លោក​ស្នើ​ឲ្យ​មាន​ទម្លាប់​ផ្ទៀង​ផ្ទាត់​ជាមួយ​ប្រភព​ព័ត៌មាន​ផ្សេង​ទៀត​ដូចជា​ប្រព័ន្ធ​ផ្សព្វផ្សាយ​ប្រពៃណី​មាន​កាសែត ទូរទស្សន៍ វិទ្យុ គេហទំព័រ​ព័ត៌មាន និង​ប្រភព​ផ្សព្វ​ផ្សាយ​ព័ត៌មាន​អាជីព​ដែល​មាន​ក្រមសីលធម៌​វិជ្ជាជីវៈ។

លោក​ស្នើ​ថា​ឲ្យ​ពលរដ្ឋ «ចែក​រំលែក ​ឬ​ផ្សព្វផ្សាយ​តែ​ព័ត៌មាន​ពិត​ វិជ្ជមាន ដើម្បី​រួម​ចំណែក​ថែ​រក្សា​សុវត្ថិភាព សណ្ដាប់​ធ្នាប់ និង​សន្តិសុខ​ក្នុង​សង្គម​រស់​នៅ​ប្រចាំ​ថ្ងៃ​សម្រាប់​ជា​ប្រយោជន៍​គ្រួសារ អ្នក​នៅ​ជុំវិញ​ខ្លួន​យើង និង​ខ្លួន​ឯង​ផ្ទាល់»។

លោក ណុប វី ប្រធាន​សមាគម​សម្ព័ន្ធ​អ្នកសារព័ត៌មាន​កម្ពុជា​ បាន​ថ្លែង​ថា ដើម្បី​ទប់ស្កាត់​ព័ត៌មាន​ក្លែង​ក្លាយ ជា​ដំបូង​ ចាំ​បាច់​ត្រូវ​មាន​ការ​កំណត់​ថា​ អ្វី​ជា​ព័ត៌មាន​ក្លែង​ក្លាយ ហើយ​ព័ត៌មាន​ក្លែងក្លាយ​គួរ​តែ​ត្រូវ​បាន​វែក​ញែក​ឲ្យ​ដាច់​ពី​ការ​រិះ​គន់​ទៅ​លើ​ភាព​អសកម្ម​របស់​រាជរដ្ឋាភិបាល។

លោក​ថា៖ «ដូច្នេះ​ហើយ​ត្រូវ​មាន​តម្លាភាព​ក្នុង​ការ​កំណត់​ថា​អ្វី​ជា​ព័ត៌មាន​ក្លែង​ក្លាយ។ ហើយ​មួយ​ទៀត ការ​ចាត់​វិធានការ​ទៅ​លើ​ព័ត៌មាន​ក្លែងក្លាយ​ជា​វិធានការ​មួយ​ហើយ​ ប៉ុន្តែ អ្វី​ដែល​សំខាន់​គឺ​ដោះស្រាយ​នូវ​ឫស​គល់​នៃ​ព័ត៌មាន​ក្លែង​ក្លាយ​នោះ ​គឺ​ការ​ឆ្លើយ​តប​តាម​រយៈ​ការ​ពន្យល់ ការ​ផ្សព្វ​ផ្សាយ​ដល់​ប្រជាពលរដ្ឋ​ឲ្យ​បាន​យល់​ថា​អ្វី​ជា​ព័ត៌មាន​ក្លែងក្លាយ អ្វី​ជា​ព័ត៌មាន​ពិត​ដែល​ពលរដ្ឋ​គួរ​ចែករំលែក និង​របៀប​កំណត់​ព័ត៌មាន​ក្លែង​ក្លាយ»។

លោក​បន្ត​ថា៖ «ខ្ញុំ​យល់​ឃើញ​ថា កិច្ច​សហប្រតិបត្តិការ​ និង​ការ​ជំរុញ​លើក​កម្ពស់​ការ​ចូលរួម​ដើម្បី​ផ្សព្វផ្សាយ​ អប់រំ​ ដែល​មាន​ការ​ចូលរួម​ពី​ស្ថាប័ន​មិន​មែន​រដ្ឋាភិបាល​ផ្សេង​ទៀត ​គឺ​មាន​ភាព​ចាំបាច់។ លើស​ពី​នេះ​ទៀត​គឺ​ការ​ធានា​ថា សេរីភាព​ជា​មូលដ្ឋាន​របស់​ប្រជាពលរដ្ឋ​មិន​ត្រូវ​បាន​ប៉ះពាល់​ពី​ការ​ទប់ស្កាត់​ព័ត៌មាន​ក្លែង​ក្លាយ​ទាំង​នោះ»៕