កែបៈ គម្រោង​ទម្លាក់​ប្រអប់​ថ្ម​បេតុង​បង្កើត​ជម្រក​សិប្បនិមិត្ត​ក្នុង​សមុទ្រ ​នឹង​ពង្រីក​ទៅ​កាន់​ខេត្ត​ចំនួន​ ៣​ផ្សេង​ទៀត បន្ទាប់​ពី​គម្រោង​នេះ​អនុវត្ត​ដោយ​ជោគជ័យ​លើ​ការ​អភិរក្ស​ធនធាន​ជលផល​បាត​សមុទ្រ​ក្នុង​ខេត្ត​កែប ដែល​កំពុង​តែ​ទាក់​ទាញ​ប្រភេទ​សត្វ​កម្ររ និង​ងាយ​រងគ្រោះ​ត្រឡប់​មក​វិញ។

រដ្ឋបាល​ជលផល នៃ​ក្រសួង​កសិកម្ម ​រុក្ខា​ប្រមាញ់ ​និង​នេសាទ​បាន​កំពុង​តែ​សហការ​ជាមួយ​នឹង​អង្គការ​អភិរក្ស​សមុទ្រ​កម្ពុជា​ (MCC) ដើម្បី​អភិរក្ស​ធន​ធាន​ជល​ផល​សមុទ្រ ​ដោយ​បាន​រៀប​ចំផែន​ការ​ ដាក់​ពង្រាយ​នូវ​សំណង់​ជម្រក​សិប្ប​និ​មិត្ត​នៅ​ក្នុង​តំបន់​គោលដៅ​សំខាន់ៗ​នៅ​តាម​បណ្តោយ​ឆ្នេរ​ក្នុង​ខេត្ត​កែប។ ក្នុង​នោះ​ ក៏​មាន​នៅ​កោះអាចម៍​សេះ ដែល​មាន​ចម្ងាយ​ប្រហែល​ជា​ ១៣​គីឡូម៉ែត្រ​ពី​ក្រុង​កែប​ផងដែរ។

«តាមរយៈ​កិច្ច​សហការ​នេះ​យើង​ទំលាក់​បាន​ជាង​​ ២០០​ប្រអប់ហើយ​ក្នុង​ភូមិ​សាស្រ្ត​ខេត្ក​កែប​នេះ​ ហើយ​យើង​មើល​ឃើញ​ថា​លទ្ធផល​គឺវាល្អ​ប្រសើរ​មែន​ទែន...ដំបូង​យើង​ថា ជាទី​ជម្រក​សិប្ប​និមិត្ត ប៉ុន្តែ​ក្រោយ​ពេល​ដាក់​បាន​មួ​យរយៈ​ទៅ វា​បាន​ក្លាយ​ជា​ទី​ជម្រក​មួយ ​ដែល​មាន​លក្ខណៈ​ធម្មជាតិ​ផង​ដែរ»។ នេះ​ជា​ការ​ថ្លែង​របស់​លោក​ខូវ ​គួង អនុ​ប្រធាន​រដ្ឋបាល​ជល​​ផល នៅក្នុងវី​ដេអូ​ឯក​សារ​មួយ ស្ដីអំពីការ​ងារ​អភិរក្ស​ធន​ធាន​ជលផល​បាតសមុទ្រ​នៅ​តំបន់​កោះអាចម៍​សេះ​។ វី​ដេ​អូនេះត្រូវ​បាន​ផលិត ហើយ​ចេញ​ផ្សាយ​ដោយ​ក្រសួង​កសិកម្ម​នា​ល្ងាច​ថ្ងៃ​ចន្ទ​ ទី២ ​ខែ​កញ្ញា​នេះ។

លោក​ អ៊ុក ​វិបុល ​ប្រធាន​នាយកដ្ឋាន​អភិរក្ស​ជល​ផល នៃ​ក្រសួង​កសិកម្ម​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍ថា ​កិច្ចសហកា​រជាមួយ​នឹងអង្គការ MCC នេះ​ត្រូវ​បាន​ធ្វើ​ឡើង​ប្រមាណ​ជា​ជាង ​១០​ឆ្នាំមក​ហើយ។  ប៉ុន្តែ​គម្រោង​ទំលាក់​ប្រអប់​បេតុង​នេះបាន​នឹង​កំពុ​ង​តែធ្វើ​អស់​រយៈ​ពេល​ប្រហែល​៤ឆ្នាំ​មក​ហើយ ដើម្បី​ស្តារ​ប្រព័ន្ធ​អេកូ​ឡូស៊ី​ឡើង​វិញ។ 

លោក​មាន​ប្រសាសន៍​ថា៖«ជម្រក​សត្វ​ទាំង​អស់​ហ្នឹង ​ជាពិសេស​គឺ​ស្មៅ​សមុទ្រ​ដែល ​ពីដើម​យើង​ធ្លាប់​ មាន តែ​២​ពាន់​ហិកតា​ទេ ​តែឥ​លូវ​វា​កើន​ឡើង​ដល់​៦​ពាន់​ហិកតា​ហើយ ក្រោយពី​ទំលាក់​ប្រអប់​បេតុង​ហ្នឹង​មក»។

ប្រ​អប់​បេតុង​នេះ​មាន​តួនាទី​សំខាន់ៗ​ចំនួន ២​ ​គឺវាជួយ​បង្កើន​ជម្រក​ដល់​ជី​វចម្រុះ​ និង​ទប់​ស្កាត់បទ​ល្មើស​ផ្សេង។ ហេតុ​នេះ ​ហើយ បាន​ជា​ស្មៅ​សមុទ្រ​លួត​លាស់​លឿន​ជាង​គេ។

កញ្ញា ​ថាប់​ រចនា​ នាយក​ប្រតិបត្តិ​នៃ​អង្គការ ​MCC​ បាន​ពន្យល់​ក្នុង​វីដេអូ​នេះ​ថា ​សំណង់​ជម្រកត្រី​សិប្បនិមិត្ត​គឺ​ជា​សំណង់​ម្យ៉ាង​ ដែល​ធ្វើ​ឡើង​ក្នុង​គោល​បំណង​ធ្វើ​ជា​ជម្រក ​ផ្តល់ជា​កន្លែង​លាក់​ពួន​ការពារ​សុវត្ថិភាព ​ផ្តល់ជា​ចំណី​អាហារ។​ មួយ​វិ​ញទៀ​តសំណ​ង់នេះ​ដើ​រតួ​នាទី​សំខា​ន់មែ​នទែន​នៅក្នុ​ងកា​រ​ចម្រោះ​គុ​ណ​ភាព​ទឹក។

ប្រអប់​នេះត្រូវ​សាង​សង់​នៅ​លើ​គោក ​ដោយ​ចាក់​បេតុង​ ហើយ​ទុក​ចន្លោះ​ពី ១ខែកន្លះ​ ទៅ​២ខែ ទើប​ទំលាក់ទៅ​ក្នុង​ទឹក​ម្តង​មួយ​ៗ។ ប​ន្ទាប់​មក​ក្រុមការ​ងារមុជ​ទឹក​ចុះទៅ​រៀប​ដាក់​លើ​គ្នាជា​ប្រអប់​ ដោយ​ចង​ខ្សែភ្ជា​ប់​គ្នា​តាម​រន្ធ ​ដែល​ចោះ​រួច​ជា​ស្រាច។ ក្នុង​មួយ​ប្រ​អប់​មាន​បេតុង​ប្រមាណ​ជា​១២បេតុង។  

លោក ​អ៊ុក វិបុល​ក៏​បាន​ឱ្យ​ដឹង​ផង​ដែរ​ថា តំបន់​ឆ្នេរ​រវាង​ខេត្ត​កែប​ និង​កំពត ​ដែល​នៅជប់​គ្នា​នោះ​គឺ​មាន​ប្រព័ន្ធ​អេកូឡូ​ស៊ី​ ទាក់ទងគ្នា។ ការងារ​អភិរក្ស​នេះ ​បាន​កំពុង​តែ​ធ្វើ​ឱ្យ​ប្រភេទ​ជល​ផល​សមុទ្រ​សំខាន់​ត្រឡប់​មក​វិញ។ ក្នុង​នោះ​រួម​មាន​​ផ្សោត​យ៉ាង​ហោច​ណាស់​ ៣ប្រភេទ ​ដូច​ជា​ផ្សោត​ក្បាល​ត្រឡោក ​និង​ផ្សោត​ឃ្លៀច​ (ផ្សោតផ្កាឈូក)ជា​ដើម។ តាម​ការ​វាយ​តម្លៃ​ជាក់​ស្តែង​ផ្សោត​ឃ្លៀច​នេះ​មាន​ប្រហែល​ជា​ជាង​៥០​ក្បាល។

លោក​បញ្ជាក់​ថា៖«​ពីដើម​មក​យើង​អត់​ដែល​មាន​ទេ ​ផ្សោត​របៀប​ហ្នឹង​ទេ មាន​តែ​ក្នុង​ដែន​សមុទ្រគេផ្សេង​តែពេល​យើង​ធ្វើ​ការ​គ្រប់​គ្រង​បាន​ល្អ ​គឺ​ផ្សោត​ប្រភេទ​ហ្នឹង​គឺ​បាន​ចូល​មក។​ ជ្រូក​ទឹក​មាន​ទាំង​កូន​ផងក៏​បានបង្ហាញខ្លួន​មានក្រោយ​ពី​បាន​បាត់​ខ្លួន​ប្រមាណ​ជា​ ៥​ទៅ ​៦​ឆ្នាំ​មក​ហើយ។ អណ្តើក​សមុទ្រ ​ក៏​សម្បូរ​ដែរ​ មា​នការ​កើន​ឡើង​ ព្រោះ​ពលរដ្ឋបាន​យល់​ដឹង និង​ដោះ​លែង​ត្រឡ​ប់ទៅ​វិញ​ ហើយ​ស​ត្វសេះ​សមុទ្រ​ ក៏​សំបូរ​ដែរ»។

លោក​ ​Paul Ferber ស្ថាបនិក​ អង្គកា​រ MCC​ បាន​សរសរ​នៅ​លើ​បណ្តាញ​សង្គម​របស់​លោក​ថា នៅ​ពេល​ដែល​លោក​បាន​ចាប់​ផ្តើម​ការ​ងារ​នេះ ​នៅ​ក្នុង​ខេត្ត​កែប​កាល​ពី​១១​ឆ្នាំ​មុន ​មនុស្ស​ជា​ច្រើន​បាន​និយាយ​ថា​ លោក​ជា​មនុស្ស​ឆ្កួត។ ពួក​គេ​បាន​ចោទ​ជា​សំណួរ​ថា «ហេតុ​អ្វី​បាន​ជា​អ្នក​ចង់​អភិរក្ស​វា? វា​មិន​ស្អាត ​ហើយ​វា​ត្រូវ​បាន​បំផ្លាញ​រួច​ទៅ​ហើយ​ ដោយ​ទឹក​ឡើង​ល្អក់​និង​កខ្វក់ទៀត»។ ប៉ុន្តែ​បន្ទាប់​ពី​រយៈ​ពេល​១១​ឆ្នាំ ​នៃ​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​របស់​ក្រុម​ការ​ងារ​ក្នុង​ការ​ស្តារ​ និង​ការ​ពារ​នោះ ​លទ្ធផល​បាន​បង្ហាញ​ដោយ​ខ្លួន​ឯង ​នោះ​គឺ​ទឹក​កាន់​តែ​ថ្លា ​សំបូរ​ត្រី និង​ធនធាន​សមុទ្រ និង​ការ​ស្តារ​ទីជម្រក​ឡើង​វិញ។

លោក​សរសេរ​ថា៖«តំបន់​គ្រប់​គ្រង​ជល​ផល​សមុទ្រ​ក្នុង​ខេត្ត​កែប ​ពិត​ជា​បាន​សម្រេច​ដូច​ការ​រំពឹង​ទុក​ដែរ។​ យើង​មាន​ស្មៅ​សមុទ្រ​ជាង​ ២ 000ហិក​តាលូត​លាស់​ឡើង​វិញ ​ជាមួយ​នឹង​ចំនួន​ដ៏​ច្រើន​នោះ​គឺ​ជា​ស្មៅស​មុទ្រ Halophila ovalis ​ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​ស្មៅជ្រូក​ទឹក​ Dugong Grass ។ ចំនួន​សត្វ​ផ្សោត​ និង​ជ្រូក​ទឹក​ឥលូវ​នេះ​កំ​ពុងតែ​ត្រ​ឡប់​មក​កា​ន់​តំប​ន់​នេះ​វិញ»។

លោក ​ខូវ​ គួង​ ក៏​បាន​ថ្លែង​បន្ត​ផង​ដែរ​ថា  គម្រោង​នេះ ​នឹង​ បន្ត​ពង្រីក​បន្ថែម​ទៀត​ដើម្បី​ដាក់​ពង្រាយ​សំណង់​ជម្រ​កត្រី​សប្បនិ​មិ​ត្ត​ឱ្យ​បាន​កាន់​តែ​ច្រើន។ តាម​ផែន​ការ​ ប្រអប់​ថ្ម​សប្បនិ​មិត្ត​ ៥ ០០០​ត្រូវ​ដាក់​ក្នុង​សមុទ្រ​នៅ​ក្នុង​រយៈ​ពេល​៥ឆ្នាំ និង​ពង្រីកទៅ​កាន់​ខេត្ត​ផ្សេង​ៗទៀត​។ ក្នុ​ងនោះ​រួ​មមាន​ខេត្ត​កំពត​ ព្រះសីហនុ​ហើយ​នឹង​ខេត្តកោះ​កុង​ផង​ដែរ​ ដើម្បី​ស្តារ ឬក៏​បង្កើន​នូវ​ ធនធាន​ជល​ផល​កម្ពុជា​ឱ្យ​មាន​និរន្តភាព​ ដែល​បន្ត​ផ្តល់​ផល​ប្រយោជន៍​ទៅ​ថ្ងៃ​អនាគត​ថែម​ទៀត។

លោក​ថ្លែង​ដូច្នេះ​ថា៖«យើង​ឃើញ​កន្លែង​ហ្នឹង​មាន​ជីវៈ​ចម្រុះ​សំបូរ​បែប ​មាន​ទាំង​រុក្ខជាតិ ​មាន​ពពួក​គ្រុំ ​គ្រែង​ខ្យង​អី​ហ្នឹង មក​តោង​កន្លែង​ហ្នឹង ​ហើយ​យើង​ឃើញ​កូន​ត្រី​វា​ ហែល​ឆ្វាត់​ឆ្វែង​នៅ​កន្លែង​ហ្នឹង​។ អញ្ជឹង​បង្ហាញ​ថា ​សំណង់​ជម្រកត្រី​សិប្ប​និមិត្ត​ហ្នឹង ​គឺ​ពិត​ជា​បាន​ដើរ​តួ​យ៉ាង​សំខាន់ ​ជា​ជម្រក​សម្រាប់​ មច្ឆា​ជាតិ​ហ្នឹង​មែន»។ 

រដ្ឋ​មន្ត្រី​ក្រសួងកសិកម្ម ​រុក្ខាប្រ​មាញ់ ​និង​នេ​សាទ​ លោក​ ឌិត​ ទីណា​ និង​ ឧប​នាយករដ្ឋ​មន្រ្តី ​រដ្ឋ​មន្រ្តី​ក្រសួង​រៀប​ចំ​ដែន​ដី នគរូបនីយ​កម្ម និង​សំណង់ ​លោក​សាយ ​សំអាល់​ក៏បា​នចែ​ករំ​លែក​លើ​បណ្តាញ​សង្គម​ពី​ធន​ធាន​កាន់​តែ​សំ​បូរបែបនេះ​ហើយ​បាន​អំពាវ​នាវ​ឱ្យ​សាធារណៈ​ចូល​រួម​ថែរ​ក្សាទាំង​អស់​គ្នា៕