ភ្នំពេញៈ ផែនការសកម្មភាពជាតិសម្រាប់កាត់បន្ថយហានិភ័យគ្រោះមហន្តរាយ ២០២៤-២០២៨ត្រូវបានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃចន្ទ ទី២ ខែកញ្ញានេះ ដើម្បីបន្តកិច្ចខិតខំប្រឹងប្រែងក្នុងការដោះស្រាយបញ្ហាគ្រោះមហន្តរាយ។
ការផ្សព្វផ្សាយ និងប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនេះត្រូវបានធ្វើឡើង ក្រោមអធិបភាព អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ លោកទេសរដ្ឋមន្ត្រីគន់ គីម តំណាងប្រមុខរដ្ឋាភិល លោកហ៊ុន ម៉ាណែត ដែលជា ជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ។
លោកទេសរដ្ឋមន្ត្រីមានប្រសាសន៍ថា ផែនការនេះ ត្រូវបានបន្តអនុវត្តចក្ខុវិស័យ នៃការកសាងសហគមន៍ប្រកបដោយ សុវត្ថិភាព និងភាពធន់ សម្រាប់ការអភិវឌ្ឍជាតិប្រកបដោយចីរភាព និងមានគោលដៅរួម គឺ កាត់បន្ថយការបាត់បង់អាយុជីវិត ការខាតបង់ ផ្នែកសេដ្ឋកិច្ច និងការខូចខាត ដល់ហេ ដ្ឋារចនាសម្ព័ន្ធ និងលើកកម្ពស់ការយល់ដឹង អំពីភាពធន់របស់សហគមន៍ តាមរយៈការ សម្របសម្រួល និងកិច្ចសហប្រតិបត្តិការជាមួយគ្រប់ភាគីពាក់ព័ន្ធ ក្រោមកម្មវិធីអាទិភាព និងគោលដៅយុទ្ធសាស្ត្រនីមួយៗផងដែរ ។
លោកបញ្ជាក់ថា៖«រាជរដ្ឋាភិបាលកម្ពុជាបានរៀបចំផែនការសកម្មភាពជាតិ ដែលជាផ្នែកមួយ នៃកិច្ចខិតខំប្រឹងប្រែងបន្តដោះស្រាយបញ្ហាគ្រោះមហន្តរាយ ដែលបង្កឡើងដោយមុខសញ្ញាគ្រោះថ្នាក់ ដូចជា៖ ទឹកជំនន់ ខ្យល់កន្ត្រាក់ គ្រោះរាំងស្ងួត អគ្គិភ័យ ការដួលរលំអគារ និងផលប៉ះពាល់ដទៃទៀតដែលបណ្តាលមក ពីការប្រែប្រួលអាកាសធាតុ»។
ផែនការសកម្មភាពជាតិសម្រាប់ការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយឆ្នាំ២០២៤-២០២៨ ត្រូវបានរៀបចំរយៈពេល៥ឆ្នាំម្ដង ទៅតាមអាណត្តិរបស់រាជរដ្ឋាភិបាល។ រីឯ ផែនការយុទ្ធសាស្ត្រអភិវឌ្ឍជាតិ ដោយអនុលោមតាមយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ និងក្របខ័ណ្ឌការងារ សេនដាយ សម្រាប់ការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយឆ្នាំ២០១៥-២០៣០ ត្រូវបានអនុម័តនៅសន្និសីទពិភពលោកលើកទី៣ នៃអង្គការសហប្រជាជាតិ នៅទីក្រុង សេនដាយ ប្រទេសជប៉ុន កាលពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៥ ដែលមានអតីតនាយករដ្ឋមន្ត្រី លោកហ៊ុន សែនបានចូលរួម។
យោងតាមគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយបានឱ្យដឹងថា ផែនការសកម្មភាពជាតិនេះ បានកំណត់ គោលដៅយុទ្ធសាស្ត្រចំនួន៤ និងកម្មវិធីអាទិភាពចំនួន១៨ សម្រាប់អនុវត្តបន្តឆ្នាំ២០២៤-២០២៨។ គ្រប់ភាគីពាក់ព័ន្ធត្រូវធ្វើសកម្មភាពឱ្យស៊ីចង្វាក់គ្នារវាងក្រសួង ស្ថាប័ននៃរាជរដ្ឋាភិបាល ផ្នែកសាធារណៈ ផ្នែកឯកជន ដៃគូអភិវឌ្ឍ សង្គមស៊ីវិល សហគមន៍ គ្រួសារ និងប្រជាជន ដោយត្រូវយកចិត្តទុកដាក់អនុវត្តនូវតួនាទី និងការទទួល ខុសត្រូវលើការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ និងការកសាងភាពធន់ទៅនឹងគ្រោះមហន្តរាយក្នុងបរិបទ នៃកាលៈទេសៈ និងសមត្ថភាពរៀងៗខ្លួន។
ក្នុងឱកាសនោះ លោកទេសរដ្ឋមន្ត្រី ក៏បានអំពាវនាវដល់គ្រប់ក្រសួងស្ថាប័នរាជរដ្ឋាភិបាល ដៃគូអភិវឌ្ឍន៍ វិស័យឯកជន សង្គមស៊ីវិល អង្គការមិនមែនរដ្ឋាភិបាល ឱ្យបន្តផ្តល់កិច្ចសហប្រតិបត្តិការអនុវត្តសកម្មភាព ដែលបានកំណត់ក្នុងផែនការសកម្មភាពជាតិនេះ ឱ្យបានសកម្ម និងជោគជ័យ។
ពិធីនេះក៏មានការចូលរួម ពីតំណាងធនាគាពិភពលោក អង្គការកម្មវិធីស្បៀងអាហារពិភពលោកប្រចាំកម្ពុជា( WFP) និងថ្នាក់ដឹកនាំក្រសួងស្ថាប័នពាក់ព័ន្ធផ្សេងៗទៀតផងដែរ៕