ត្បូងឃ្មុំៈ ក្រសួងបរិស្ថានបានត្រៀមកូនត្នោតជាង១លានដើមទុកសម្រាប់ចែកជូនសាធារណជនយកទៅដាំនៅក្នុងសហគមន៍ និងតាមព្រំប្រទល់ជាមួយប្រទេសជិតខាងនៅឆ្នាំ២០២៥ខាងមុខ ខណៈកូនត្នោតជាង២ម៉ឺនដើមត្រូវបានដាំនៅតាមផ្លូវព្រំដែនកម្ពុជាវៀតណាមក្នុងខេត្តត្បូងឃ្មុំចាប់តាំងពីខែកក្កដាមក។
រដ្ឋមន្រ្តីក្រសួងបរិស្ថាន លោកអ៊ាង សុផល្លែត បានត្រៀមកួនត្នោតជាង ១លានដើមបន្ថែមទៀត សម្រាប់បន្តដាំនៅតាមតំបន់សហគមន៍ ក្បែរព្រំដែនកម្ពុជា ជាមួយប្រទេសជិតខាង នៅឆ្នាំ២០២៥ខាងមុខនេះ។ ការត្រៀមកូនត្នោតនេះ គឺជាផ្នែកមួយនៃការអនុវត្តយុទ្ធនាការ «ពន្លកបៃតង» ដែលមានគោលបំណងសំខាន់ គឺបង្កើនគម្របបៃតងឆ្ពោះទៅសម្រេចទស្សនវិស័យរបស់រដ្ឋាភិបាលកម្ពុជាក្នុងការបង្កើនគម្របព្រៃឈើឱ្យបាន ៦០ភាគរយ និងកម្ពុជា ជាប្រទេសអព្យាក្រឹតកាបូន នៅឆ្នាំ ២០៥០។ នេះបើយោងតាមក្រសួងបរិស្ថាន។
ក្រសួងបញ្ជាក់ថា៖«ឯកឧត្តមរដ្ឋមន្រ្តី បានជំរុញការអនុវត្តយុទ្ធនាការ«ពន្លកបៃតង» ដោយចូលរួមដាំឈើ ឱ្យបាន៣លានដើម បន្ថែមទៀត នៅឆ្នាំខាងមុខជាបន្តបន្ទាប់ ខណៈនៅក្នុងឆ្នាំ២០២៤ តាមរយៈយុទ្ធនាការ បណ្តុះផ្នត់គំនិត ពន្លកបៃតង របស់ក្រសួងបរិស្ថាន បានបណ្តុះ និងចែកកូនឈើជូនពលរដ្ឋ ដោយឥតគិតថ្លៃ ដើម្បីយកទៅដាំនៅតាមមូលដ្ឋាន សាលារៀន វត្តអារាម ដាំស្តារព្រៃ និងនៅតាមទីសាធារណៈ បានចំនួន ១,៣លានដើម»។
នៅឆ្នាំ២០២៤ ក្រសួងបរិស្ថានក៏បានប្រគល់កូនត្នោតចំនួន ៣០ម៉ឺនដើម ដល់យុទ្ធនាការ«ពន្លកបៃតង»នេះផងដែរ។ ក្នុងនោះកូនត្នោតជាង២ម៉ឺនដើមហើយត្រូវបានចែកជូន និងដាំនៅតាមព្រំដែនកម្ពុជាវៀតណាមក្នុងខេត្តត្បូងឃ្មុំចាប់ពីខែកក្កដាកន្លងមក។
ប្រតិភូក្រសួងបរិស្ថាន សហការជាមួយអាជ្ញាធរគ្រប់លំដាប់ថ្នាក់នៃខេត្តត្បូងឃ្មុំ ក្រុមការងារថ្នាក់ជាតិ ក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះមូលដ្ឋានខេត្តត្បូងឃ្មុំ និងប្រជាពលរដ្ឋប្រមាណ១ ០០០នាក់ បានជួបជុំគ្នានាដាំកូនត្នោត សរុបចំនួន៧ ០០០ដើម បន្ថែមទៀត ក្នុងឃុំកក់ និងឃុំត្រពាំងផ្លុង ស្រុកពញាក្រែក នាថ្ងៃសៅរ៍ ទី២៨ ខែកញ្ញានេះ។
ការបន្តដាំដើមត្នោតនេះ ធ្វើឡើងទៅតាមការជំរុញរបស់រដ្ឋមន្រ្តីក្រសួងបរិស្ថានកាលពីពេលថ្មីៗនេះ ជាពិសេសដាំនៅតាមខ្សែក្រវ៉ាត់ ព្រំដែនកម្ពុជា ជាមួយប្រទេសជិតខាង ដើម្បីជាការរួមចំណែកលើកកម្ពស់ជីវភាព របស់ប្រជាពលរដ្ឋ សេដ្ឋកិច្ចជាតិ បរិស្ថាននិងចូលរួមការពារអត្តសញ្ញាណជាតិ និងទឹកដីមាតុភូមិកម្ពុជា។
លោករដ្ឋមន្រ្តីបានអំពាវនាវដល់ប្រជាពលរដ្ឋឱ្យរួមសាមគ្គីគ្នាដាំដើមឈើឱ្យបានច្រើន ជួយថែរក្សាការពារសម្បត្តិធម្មជាតិ និងកុំកាប់ដើមឈើ ដើម្បីទុកជាម្លប់ កាត់បន្ថយកម្តៅ និងផ្តល់ខ្យល់អាកាសបរិសុទ្ធ សម្រាប់ដកដង្ហើម។ លើសពីនោះ សូមចូលរួមទាំងអស់គ្នា ដើម្បីធ្វើយ៉ាងណាឱ្យសង្គមកម្ពុជាមានភាពស្អាត មានភាពបៃតង និងមានការអភិវឌ្ឍន៍ដោយចីរភាពសម្រាប់គ្រប់ៗជំនាន់តទៅ។
លោក សេង ជ័យវុធ នាយករដ្ឋបាលខេត្តត្បូងឃ្មុំ និង មន្ទីរបរិស្ថានខេត្តមិនអាចទាក់ទងសុំអត្ថាធិប្បាយបន្ថែមបានទេនាថ្ងៃចន្ទ ទី៣០ ខែកញ្ញានេះ។
ខេត្តត្បូងឃ្មុំមានខ្សែក្រវ៉ាត់ព្រំដែន ជាប់ជាមួយប្រទេសវៀតណាមសរុបប្រវែង ១៤៣គីឡូម៉ែត្រ ហើយត្រូវការកូនត្នោតចំនួនជិត៧ម៉ឺនដើម ដាំនៅតាមបណ្តោយតាមព្រំដែនទាំងអស់នេះ។ នេះបើយោងតាមក្រសួងបរិស្ថាន៕