ភ្នំពេញៈ ក្រសួងមហាផ្ទៃអំពាវនាវដល់រថយន្តដឹកទំនិញធំៗផ្អាកធ្វើចរាចរណ៍ ដើម្បីកាត់បន្ថយការកកស្ទះ និងបង្កហានិភ័យ ជាយថាហេតុក្នុងឱកាសបុណ្យភ្ជុំបិណ្ឌចាប់ពីថ្ងៃអង្គារ ទី១ ដល់ថ្ងៃព្រស្បតិ៍ទី៣ ខែតុលា។
ដើម្បីលើកកម្ពស់សុវត្ថិភាពចរាចរណ៍ ក៏ដូចជាកាត់បន្ថយការកកស្ទះ និងគ្រោះថ្នាក់ចរាចរណ៍ជាយថាហេតុ នាឱកាសពិធីបុណ្យភ្ជុំបិណ្ឌ ប្រពៃណីជាតិនេះ លោកទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានអំពាវតាមការណែនាំរបស់ ឧបនាយរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោកស សុខា នាពេលកន្លងមក ដែលទទូចដល់បណ្ដាក្រុមហ៊ុនដឹកជញ្ជូន ជាពិសេសរថយន្តដឹកទំនិញធំៗ គប្បីអប់រំអ្នកបើកបរឱ្យយកចិត្តទុកដាក់ក្នុងការប្រើល្បឿន និងប្រុងប្រយ័ត្នបំផុត។
លោកទូច សុឃៈបញ្ជាក់ថា៖«កាន់តែពិសេសជាងនេះ រថយន្តដឹកទំនិញធំៗ បើអាចទេ គប្បីសម្រាកមួយរយៈពេលនេះសិនជាការប្រសើរ ដើម្បីបញ្ចៀសការកកស្ទះ និងគ្រោះថ្នាក់ជាយថាហេតុកើតឡើង»។
លោកក៏បានបន្តលើកទឹកចិត្តដល់អាជ្ញាធរដែនដី កងកម្លាំងនគរបាលជាតិ និងប្រជាការពារ រួមគ្នាបង្កលក្ខណៈទាំងការងារចរាចរណ៍ សណ្ដាប់ធ្នាប់ និងសន្តិសុខ ដើម្បីផ្ដល់ភាពកក់ក្ដៅជូនប្រជាពលរដ្ឋ។ ក្នុងនោះដើម្បីបញ្ចៀសការកកស្ទះដោយកន្លែង នៅតាមដងផ្លូវមានផ្សារ មានចរាចរណ៍មមាញឹក គួរដាក់ខ្សែ ឬសាជី ឬកងកម្លាំងចម្រុះនៅកណ្ដាលទ្រូងផ្លូវ ដើម្បីបែងចែកទិសចរាចរណ៍។ លើសពីនេះ អ្នកបើកបរពុំគួរបញ្ជ្រៀត ឈ្មុល រុលទៅមុខ ដោយបំពានគន្លងផ្លូវនោះឡើយ។
ក្នុងឱកាស ពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ ចាប់ពីថ្ងៃទី១៨ ខែកញ្ញា ដល់ថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៤នេះ លោកឧបនាយករដ្ឋមន្រ្តី ស សុខា ប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក (គ.ស.ច.គ) ក៏បានអំពាវនាវដល់អ្នកប្រើប្រាស់ផ្លូវទាំងអស់ ខិតខំយកចិត្តទុកដាក់ចូលរួមបង្ការ និងទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ និងគោរពច្បាប់ចរាចរណ៍ផងដែរ។
លោកឧត្តមសេនីយ៍ឯក ចេវ ហាក់ អគ្គស្នងការរង នរគបាលជាតិ ទទួលផែនចរាចរណ៍និងសណ្តាប់ធ្នាប់សាធារណៈ ជាប់រវល់មិនអាចមានប្រសាសន៍បានទេទាក់ទងនឹងស្ថានភាពចរាចរណ៍ក្នុងអំឡុងពិធីបុណ្យកាន់បិណ្ឌនេះ។
ក្នុងរយៈពេល៣ថ្ងៃ នៃបុណ្យភ្ជុំបិណ្ឌកាលពីឆ្នាំ២០២៣កន្លងមក គ្រោះថ្នាក់ចរាចរណ៍បានសម្លាប់មនុស្សចំនួន២២នាក់ និងរបួស៧៩នាក់។
លោក ទូច សុឃៈ ក៏បានលើកឡើងដែរថា ការរួមគ្នាគោរពច្បាប់ចរាចរណ៍គឺជាកាតព្វកិច្ចរបស់អ្នកប្រើប្រាស់ផ្លូវគ្រប់រូប ក្នុងស្មារតីការពារជីវិតដោយត្រូវពាក់មួកសុវត្ថិភាព និងត្រូវបើកក្នុងជំហរប្រុងប្រយ័ត្នជានិច្ច ប្រកាន់សុជីវធម៌យោគយល់អធ្យាស្រ័យឱ្យគ្នាទៅវិញទៅមក។
លោកសង្កត់ធ្ងន់ថា៖«គ្រប់អ្នកបើកបរយានយន្តគ្រប់ប្រភេទ មិនត្រូវបើកបរទាំងស្រវឹងជាដាច់ខាត»៕