ភ្នំពេញៈ ផែន​ការ​សកម្មភាព​សៀមរាប​-អង្គរ​ ​ដែល​នឹង​ត្រូវ​អនុម័ត​សម្រាប់​អនុវត្ត​អនុសញ្ញា​អូតាវ៉ា​រយៈពេល​៥ឆ្នាំ ​ក្នុង​ខែ​វិច្ឆិកា​ខាង​មុខ​នេះ​ ផ្តោត​សំខាន់​ទៅ​លើ​បញ្ហា​យេនឌ័រ​ ការការពារ​បរិស្ថាន​ និង​មីន​​កែច្នៃ​ប្រឆាំង​មនុស្ស ​ដើម្បី​ឱ្យ​ស្រប​តាម​ការវិវត្តន៍​នៃ​វិស័យ​សកម្មភាព​មីន​សកល។

ផែន​ការ​សកម្មភាព​សៀមរាប អង្គរ​ឆ្នាំ២០២៥-២០២៩ ​ដែល​មាន​៩ជំពូក​ និង​៤៥​សកម្មភាព​នេះ​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​យក​ផែន​ការ​សកម្មភាព​ទីក្រុង​អូស្លូ​ចំនួន ៥០​ផែន​ការ​សកម្មភាព​ជា​មូលដ្ឋាន ​តាម​រយៈការ​កែ​សម្រួល​ខ្លឹមសារ​មួយ​ចំនួន។ នេះ​បើ​យោង​តាម​អាជ្ញាធរ​មីន (CMAA) ដែល ​ជា​ប្រធាន​អនុសញ្ញា​អូតាវ៉ា​ឆ្នាំ​ ២០២៤​នេះ។ 

អាជ្ញាធរមីន​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃ​ពុធ ទី​៤​ខែ​កញ្ញា​ថា៖«​យើង​បាន​ធ្វើការ​កែ​សម្រួល​លើ​ផែនការ​សកម្មភាព​មួយ​ចំនួន ​និង​យើង​បាន​បន្ថែម​ថ្មី​មួយ​ចំនួន។ អញ្ជឹង​យើង​រក្សា​ទុក​នូវ​សកម្មភាព​ចាស់​ច្រើន ហើយ​ការ​បន្ថែម​ថ្មី និង​កែ​សម្រួល​ហ្នឹង​គឺ​យើង ​ផ្តោត​សំខាន់​ទៅ​លើ​៣​ចំណុច។ ទី១ ​យើង​ផ្តោត​សំខាន់​ទៅ​លើ​យេនឌ័រ ទី២ ទៅ​ការ​ការពារ​បរិស្ថាន ​និង​ទី៣​ទៅ​លើ​គ្រាប់​មីន​កែច្នៃ»។

អាជ្ញាធរមីន​បន្ថែម​ដូច្នេះ​ថា៖«អញ្ជឹង​ផែនការ​សកម្មភាព​ចាស់​ហ្នឹង​យើង​កែ​សម្រួល​ពាក្យ​ពេចន៍​ឱ្យ​វាកាន់​តែ​ផ្តោត​ខ្លាំង​ បន្ថែម​ទម្ងន់ទៅ​លើ​អាទិភាព​​ ៣បន្ថែម​ទៀត​ហ្នឹង ហើយ​យើង​មាន​ការ​កែ​សម្រួល​លើ​សូចនករ​មួយ​ចំនួន ​ដើ​ម្បី​ធានា​ថា យើង​នឹង​អាច​សម្រេច​បាន​នូវ​អាទិភាព ៣ថ្មី ​ដែល​យើង​បាន​បន្ថែម​ទៅ​ក្នុង​ផែនការ​សកម្ម​ភាព​ហ្នឹង»។

ការ​បន្ថែម​គោល​ដៅ​អាទិភាព​ទាំង​៣​នេះ​គឺ​ធ្វើឡើង​ស្រប​ទៅ​តាម​អនុសាសន៍​ណែ​នាំ​របស់ ​លោក នាយក​រដ្ឋ​មន្រ្តី​ហ៊ុន ​ម៉ាណែត។ នេះ​បើ​យោង​តាម​កា​រថ្លែង​របស់​ លោក​លី​ ធុជ​អនុប្រធានទី១ ​អាជ្ញាធរមីន​ និង​ជា​ប្រធាន​អនុ​សញ្ញា​អូតាវ៉ាឆ្នាំ​២០២៤ នៅ​ក្នុង​កិច្ច​ប្រ​ជុំ​អន្តរ​ក្រសួង​នា​ថ្ងៃ​ទី៣ ខែ​កញ្ញានេះ។

កិច្ច​ប្រជុំ​នេះ​ធ្វើ​ឡើង​ ដើម្បី​ពិគ្រោះ​យោបល់​ផ្តល់​ធាតុ​ចូល​លើ​ផែន​ការ​សៀមរាប-អង្គរ ឆ្នាំ​២០២៥-២០២៩ ​សម្រាប់​ការ​អនុវត្ត​អនុសញ្ញា​ស្តី​ពី​ការ​ហាម​ប្រាម​គ្រាប់​មីន​ប្រឆាំង​មនុស្ស ​(អនុសញ្ញាអូតាវ៉ា)។ 

លោក លី ធុជ ដឹកនាំប្រជុំអន្តរ​ក្រសួង​នា​ថ្ងៃ​ទី៣ ខែ​កញ្ញានេះ។ រូបថត CMAA

លោក​ទេស​រដ្ឋមន្រ្តី​បាន​លើក​ឡើង​ក្នុង​ឱកាស​នោះ​ថា សហគមន៍​អន្តរជាតិ ​បាន​ទទួល​ស្គាល់​នូវ​ផែន​ការ​សកម្ម​ភាព​ទី​ក្រុងអូស្លូ ២០២០-២០២៤ ​ថាមាន​ប្រសិទ្ធ​ភាព​ខ្ពស់។​ការ​អនុវត្ត​ផែន​ការសកម្មភាព​នេះ​ក៏​ទទួល​បាន​លទ្ធ​ផល​គួរ​ជា​ទីកត់​សម្គាល់ផងដែរ​ ដើម្បី​សម្រេច​បាន​នូវ​គោល​ដៅ​របស់​អនុ​សញ្ញា​អូតាវ៉ា។ 

ផែន​ការសកម្មភាព​ទី​ក្រុង​អូស្លូ ​ត្រូវ​បាន​យក​មកប្រើ​ប្រាស់ ​ធ្វើ​ជា​មូលដ្ឋាន ​និង​តាក់​តែង​សម្រាប់​ការរៀប​ចំផែន​ការ​សកម្ម​ភាពសៀមរាប​-អង្គរ​ឆ្នាំ​២០២៥-២០២៩​ ទោះ​បីមាន​បញ្ហា​ប្រឈមមួយ​ចំនួន​ក៏ដោយ​ ស្រប​តាម​ការ​វិវត្តន៍​នៃ​វិស័យ​សកម្មភាព​មីន​សកល ដើម្បី​ឆ្ពោះ​ទៅ​រក​ពិភព​លោក​មួយ​ដែល​គ្មាន​មីន ​និង​គ្មាន​អ្នក​ណា​បន្ត​រង​គ្រោះ​ដោយ​សារ​មីន​ទៀត។

លោក​បញ្ជាក់​ថា៖«ដើម្បី​ឱ្យការ​អនុវត្តផែន​ការ​សកម្មភាព​សៀមរាប-អង្គរ ​មាន​លក្ខណៈ​គ្រប់​ជ្រុង​ជ្រោយ​ កម្ពុជា បាន​ខិត​ខំ​ប្រឹង​ប្រែង​បំពេញ​បន្ថែម ​និង​ប្រមូល​ធាតុ​ចូល​ប្រកប​ដោយ​ការ​យក​ចិត្ត​ទុក​ដាក់​ពី​គ្រប់វេទិការ​ ទាំង​ផ្លូវការ និង​ក្រៅ​ផ្លូវ​ការ ​ដូចជាក្នុង​សន្និសីទ​ថ្នាក់​តំបន់ ​កិច្ច​ប្រ​ជុំ​រដ្ឋ​ភាគី ​កិច្ច​ប្រជុំ​ដៃគូ ​សិក្ខា​សាលា ​ជំនួប​ពហុ​ភាគី និង​ ទ្វេភា​គី​ជា​ដើម»។ 

លោក​ទេសរដ្ឋ​មន្រ្តី​បន្ថែម​ថា ​ផែនកា​រសកម្មភាព​សៀមរាប-អង្គរ ​ដែល​ត្រូវ​បាន​ ដាក់​បន្ថែម​សកម្មភាព​អាទិ​ភាពថ្មី​សំខាន់​ចំនួន៣​នេះ ​នឹង​ត្រូវ​អនុម័ត​ឱ្យ​ប្រើ​ប្រាស់​ជា​ផ្លូវការ​ក្នុង​កិច្ច​ប្រជុំ​ត្រួត​ពិនិត្យ​ឡើង​វិញ​លើក​ទី​៥ ឬ​កិច្ច​ប្រជុំ​កំពូល​សៀមរាប-អង្គរ ​នៅ​ខេត្ត​សៀមរាប ​នា​ខែ​វិច្ឆិកា​ខាង​មុខ​នេះ។ 

លោក​នាយក​រដ្ឋ​មន្រ្តី​ហ៊ុន ម៉ាណែត ​នឹង​ចុះ​ហត្ថ​លេខា​ក្នុង​កម្ម​វិធីបើក​កិច្ច​ប្រជុំ​កំពូល​សៀម​រាប-អង្គរ​ ហើយ​ផែន​ការ​សកម្មភាព​សៀមរាប-អង្គរ ​នឹង​ក្លាយ​ជា​ឯកសារ​តម្រង់ទិស​របស់​អនុសញ្ញា​អូតាវ៉ា​រយៈ​ពេល៥​ឆ្នាំ​បន្ត​ទៀត ដែល​វា​នឹង​ត្រូវ​ចារ​ក្នុង​ប្រវត្តិ​សាស្ត្រ​របស់​អង្គការ​សហប្រជាតិ ​និង​សកលលោក​ទាំង​មូល។

អនុសញ្ញា​អូតាវ៉ា ​ឬ​ហៅ​បាន​ថា​អនុសញ្ញាស្តី​ពីការហាម​ប្រាម​ការ​ប្រើប្រាស់​មីន​ប្រឆាំង​មនុស្ស ​គឺ​ជា​អនុសញ្ញា​ដែល​ឆ្លើយ​តប​គ្រប់​ជ្រុង​ជ្រោយ​របស់​សហគមន៍​អន្តរ​ជាតិ ​ចំពោះ​បញ្ហា​មនុស្ស​ធម៌ ដែល​បង្ក​ឡើង​ដោយ​មីន​ប្រឆាំង​មនុស្ស ​ដែល​ជា​អាវុធ​បង្ក​ផល​អាក្រក់​ដ៏​ធ្ងន់ធ្ងរ ​ទោះ​បី​ជា​ជម្លោះ​ប្រដាប់អាវុធ​បាន​បញ្ចប់​ទៅជា​ច្រើន​ទសវត្ស​រ៍ក៏​ដោយ​៕