ធនាគារ ABA មានមោទនភាពចូលរួមជាថវិកាដោយស្ម័គ្រចិត្តចំនួន ៤០០លានរៀល (ប្រមាណ ១00,000 ដុល្លារ) ជូនដល់មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែនដែលបង្ហាញពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់ខ្លួនក្នុងកិច្ចអភិវឌ្ឍនិងសន្តិសុខសុវត្ថិភាពនៅតាមបណ្ដាយព្រំដែនកម្ពុជា។
មូលនិធិដែលផ្ដួចផ្ដើមឡើងដោយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា មានគោលបំណងជំរុញដល់ការអភិវឌ្ឍនៅតាមតំបន់ព្រំដែនឲ្យបានកាន់តែរឹងមាំនិងការកសាងហេដ្ឋារចនាសម្ព័ន្ធនានាដោយផ្ដោតលើការកសាងផ្លូវក្រវាត់ព្រំដែន។
ការអភិវឌ្ឍជាយុទ្ធសាស្ត្រទាំងនេះត្រូវបានរំពឹងថានឹងផ្ដល់ផលវិជ្ជមានដល់សេដ្ឋកិច្ចជាតិ, លើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋព្រមទាំងពង្រឹងសន្តិសុខនៅតាមបណ្ដោយព្រំដែន។
ក្នុងនាមជាធនាគារពាណិជ្ជដ៏ធំបំផុតរបស់កម្ពុជានិងសកម្មក្នុងកិច្ចការទទួលខុសត្រូវសង្គម ABA នៅតែប្តេជ្ញាចិត្តបម្រើសេវាជូនប្រជាពលរដ្ឋកម្ពុជាជាមួយនឹងសេវាកម្មហិរញ្ញវត្ថុល្អឯកនិងគាំទ្រយ៉ាងសកម្មដល់គោលដៅអភិវឌ្ឍន៍របស់ប្រទេសជាតិ។
ការរួមចំណែករបស់ ABA សម្រាប់គម្រោងនេះគឺស្របតាមកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងបុព្វហេតុការពារ និងអភិវឌ្ឍជាតិ ក្នុងស្មារតីសាមគ្គីជាតិខ្មែរ ដើម្បីថែរក្សាសុខសន្តិភាពអធិបតេយ្យនិងបូរណភាពទឹកដីព្រមទាំងជំរុញការអភិវឌ្ឍនៅតាមតំបន់ព្រំដែនឲ្យកាន់តែរឹងមាំ និងប្រកបដោយចីរភាពដែលនឹងនាំមកនូវវិបុលភាពជូនប្រជាពលរដ្ឋ។
បន្ថែមពីលើការបរិច្ចាគផ្នែកថវិកានេះ ធនាគារ ABA ក៏ផ្ដល់មធ្យោបាយឲ្យអតិថិជនពីគ្រប់ធនាគារក្នុងការចូលរួមបរិច្ចាគដោយផ្ទាល់ និងឥតគិតថ្លៃសម្រាប់គម្រោងមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន។
ដើម្បីគាំទ្រគំនិតផ្តួចផ្តើមដ៏សំខាន់នេះ ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានដែលជាអតិថិជនរបស់ធនាគារនានាអាចស្គែនកូដ KHQR របស់ ABA ខាងលើជាមួយនឹងអេបធនាគាររបស់ពួកគាត់ ឬផ្ទេរប្រាក់ដោយផ្ទាល់ទៅកាន់លេខគណនី ABA របស់មូលនិធិដែលមានលេខ៖ 717 987 179 (គណនីប្រាក់រៀល) និង 717 997 179 (គណនីដុល្លារ) ដោយគណនីនីមួយៗមានឈ្មោះដូចគ្នាថា "Foundation for Border Inf"៕
អំពីធនាគារ ABA
ABA គឺជាធនាគារពាណិជ្ជធំបំផុតនៅកម្ពុជាយោងតាមរបាយការណ៍ត្រួតពិនិត្យប្រចាំឆ្នាំ ២០២១ ដល់ ២០២៣ របស់ធនាគារជាតិនៃកម្ពុជា។ គិតត្រឹមថ្ងៃទី ៣០ មិថុនា ២០២៤ ABA មានទ្រព្យសកម្មសរុប ១២.៣ ពាន់លានដុល្លារអាមេរិកប្រាក់បញ្ញើអតិថិជន ៩.៨ ពាន់លានដុល្លារអាមេរិកនិងកម្ចីដុលកើនដល់ ៨.៣ ពាន់លានដុល្លារអាមេរិក។
ជាមួយបណ្ដាញសាខាចំនួន ៩៩, ទីតាំងស្វ័យសេវាចំនួន៤៦, ម៉ាស៊ីនស្វ័យសេវាជាង ១៧00 នៅទូទាំងប្រទេស, សេវាធនាគារអនឡាញនិងកម្មវិធីធនាគារតាមទូរស័ព្ទដ៏ទំនើប ធនាគារ ABA អាចបម្រើអតិថិជនបានដល់ជាង ៤លាន ជាមួយសេវាហិរញ្ញវត្ថុដ៏ទំនើបសម្បូរបែប ។
ធនាគារ ABA គឺជាបុត្រសម្ពន្ធរបស់ធនាគារជាតិកាណាដាដែលជាធនាគារធំបំផុតលំដាប់ទី៦ នៅកាណាដានិងនាំមុខគេនៅខេត្តកេប៊ិចជាជម្រើសរបស់បណ្ដាសហគ្រាសធុនតូចនិងមធ្យមនៅទីនោះ។