ក្រុមការងារអភិរក្សសត្វត្មាតនៅកម្ពុជា (CVWG) បានរកឃើញទីតាំងសំបុកសត្វត្មាតចំនួន៣០សំបុក និងមានកូនញាស់ថ្មីចំនួន ២៦ក្បាលនៅឆ្នាំ២០២៣ ដែលជាជោគជ័យខ្ពស់មួយក្នុងកិច្ចប្រឹងប្រែងអភិរក្សសត្វកម្រនេះ។
នៅក្នុងសេចក្ដីប្រកាសព័ត៌មានអំពីរបាយការណ៍ប្រចាំឆ្នាំ២០២៣ ចេញផ្សាយនៅថ្ងៃនេះ ក្រសួងបរិស្ថាន និងក្រុមការងារអភិរក្សសត្វត្មាតនៅកម្ពុជា CVWG បានថ្លែងថា៖ «យើងពិតជារំភើបជាមួយលទ្ធផលនៃការពងកូនជោគជ័យនៅក្នុងឆ្នាំនេះ (២០២៣)។ កូនត្មាតទាំងនោះតំណាងក្តីសង្ឃឹមនាពេលអនាគតរបស់ក្រុមការងារអភិរក្សសត្វត្មាតនៅកម្ពុជា។ មិនតែប៉ុណ្ណោះ វាជាសក្ខីភាពមួយដែលបង្ហាញពីប្រសិទ្ធភាពនៃយុទ្ធសាស្រ្តអភិរក្សរបស់យើងនិងការលះបង់របស់ក្រុមការងារនៅទីវាល»។
សេចក្ដីប្រកាសព័ត៌មានបញ្ជាក់ថា CVWGបានដោះស្រាយកត្តាគំរាមកំហែងនៃការបំពុល ដែលជាមូលហេតុចម្បងបង្កឲ្យសត្វត្មាតស្លាប់។ កិច្ចប្រឹងប្រែងនៅឆ្នាំ២០២៣ បានរកឃើញករណីបំពុលចំនួន៨ និងត្រូវបានចាត់វិធានការលុបបំបាត់យ៉ាងរហ័ស។ ជាលទ្ធផល មិនមានសត្វត្មាតត្រូវបានស្លាប់ដោយការបំពុលនោះទេ។
កម្ពុជាកំពុងប្រឹងប្រែងអភិរក្សសត្វត្មាតបីប្រភេទ ដែលជាប្រភេទស្ថិតក្នុងចំណាត់ថ្នាក់ងាយរងគ្រោះជិតផុតពូជបំផុតរួមមានត្មាតផេះ ត្មាតត្នោត និងត្មាតភ្លើង។ កិច្ចប្រឹងប្រែងនេះរួមមានទាំងការបង្កើតអាហារដ្ឋានត្មាតដែលជាទីតំាងសម្រាប់ផ្តល់សាកសពសត្វចិញ្ចឹមជាចំណីដល់សត្វត្មាតនៅតាមទីជម្រកសំខាន់ៗទូទាំងប្រទេស។
នៅខែមិថុនា ឆ្នាំ២០២៣ ចំនួនសត្វត្មាតអប្បបរមាមានចំនួន១៣២ក្បាលនៃចំនួនសត្វត្មាតសរុបទាំងបីប្រភេទត្រូវបានកត់ត្រា ដែលចំនួននេះបង្ហាញពីស្ថិរភាពនៃចំនួនសត្វត្មាត បន្ទាប់ពីមានការធ្លាក់ចុះជាច្រើនឆ្នាំ។
លោក ខ្វៃ អាទិត្យា អ្នកនាំពាក្យក្រសួងបរិស្ថានបានថ្លែងថា៖ «បន្ទាប់ពីចំនួនប្រជាសាស្រ្តរបស់សត្វត្មាតមានការធ្លាក់ចុះជាច្រើនឆ្នាំ ឥឡូវនេះយើងឃើញថាមានសញ្ញាណចំនួនថេរនៅប្រទេសកម្ពុជា។ ការរកឃើញសត្វត្មាតមានចំនួនថេរនេះបានបង្ហាញពីសារៈសំខាន់នៃតំបន់ការពារធម្មជាតិរបស់កម្ពុជាដែលកំពុងផ្តល់ជម្រកប្រកបដោយសុខសុវត្ថិភាពសម្រាប់សត្វព្រៃនិងជីវៈចម្រុះនិងអនុញ្ញាតឱ្យជីវៈចម្រុះអាចរីកលូតលាស់តាមធម្មជាតិដោយគ្មានការគំរាមកំហែង និងធ្វើឱ្យប្រព័ន្ធអេកូឡូស៊ីកាន់តែមាននិរន្តរភាពជួយគាំទ្រដល់ការរស់នៅរបស់សត្វត្មាតជិតផុតពូជរបស់យើង»។
ក្រុមការងារ CVWG នឹងបន្តតាមដានអំពីដំណើរផ្លាស់ទីរបស់សត្វត្មាតដោយប្រើឧបករណ៍ GPS-GSM ដើម្បីរៀបចំផែនការអភិរក្សបន្តទៀត៕