ខណៈដែលពលរដ្ឋខ្លះមិនពេញចិត្តកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា ឡាវ វៀតណាម (CLV-DTA) បានស្នើឲ្យរដ្ឋាភិបាលដកខ្លួនចេញពីកិច្ចសហប្រតិបត្តិការនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ថ្លែងនៅថ្ងៃនេះថា ការដកខ្លួនឬមិនដកខ្លួនមិនមែនជារឿងសំខាន់នោះទេ អ្វីដែលសំខាន់គឺការពារទឹកដី និងអធិបតេយ្យភាពរបស់កម្ពុជា។
ថ្លែងក្នុងពិធីប្រគល់វិញ្ញាបនបត្រជូនសិស្សមេធាវី និងសិក្ខាកាមមេធាវី នៃគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា លោកនាយករដ្ឋមន្ត្រីលើកឡើងថា មានទស្សនៈ ៣ នៅក្នុងចំណោមពលរដ្ឋខ្មែរអំពីរឿង CLV-DTAនោះគឺមានអ្នកចង់ឲ្យកម្ពុជាដកខ្លួន និងអ្នកគាំទ្រឲ្យបន្តនៅក្នុងកិច្ចសហប្រតិបត្តិការនេះ និងអ្នកមិនមានមតិយោបល់អ្វីទាំងអស់។
ប៉ុន្តែ លោកសង្កេតឃើញមានចំណុចរួមពីរ នោះគឺភាគីទាំងអស់សុទ្ធតែមិនចង់ឲ្យកម្ពុជាបាត់បង់ទឹកដី និងបាត់បង់ខេត្តទាំងបួនដែលស្ថិតក្នុងកិច្ចសហប្រតិបត្តិការនេះនាពេលអនាគត និងសុទ្ធតែមានគោលដៅចង់អភិវឌ្ឍតំបន់នោះឲ្យខ្មែរខ្លាំង។
លោកថា៖ «អ្វីដែលមិនទាន់ឯកភាពគ្នាគឺ មួយក្រុមថា អត់ទេ ខ្មែរធ្វើខ្លួនឯង ១០០ភាគរយ ចំណែកមួយក្រុមទៀតថា អត់ទេ ខ្មែរយើងក៏ធ្វើ ហើយឯកភាពលើកិច្ចសហប្រតិបត្តិការផង។ នេះជាចំណុចមិនទាន់ត្រូវគ្នា។ តើរដ្ឋាភិបាលយកមួយណា? តើយើងទៅយករឿងចាញ់ឈ្នះរឿងដកខ្លួនឬមិនដកខ្លួន ឬមួយយើងមកមើលគោលដៅធំដែលគាត់ចង់បានទាំងអស់គ្នា?»។
លោកឆ្លើយថា៖ «[គឺយក] ការអភិវឌ្ឍន៍ ហើយការធានាមិនឲ្យបាត់អធិបតេយ្យភាព និងទឹកដីទៅអនាគត ហើយរដ្ឋាភិបាលត្រូវធ្វើកិច្ចការងារនេះជាបន្ទាន់ ហើយយើងក៏បានធ្វើកន្លងមកហើយ»។
លោក ហ៊ុន ម៉ាណែត ក៏បានបញ្ជាក់អំពីភាពចាំបាច់នៃការបោះបង្គោលព្រំដែនឲ្យបានចប់សព្វគ្រប់ជាមួយវៀតណាម ដែលបច្ចុប្បន្ននេះសម្រេចបាន៨៤ភាគ ខណៈដែលសល់១៦ភាគរយកំពុងចរចាអស់ជាច្រើនឆ្នាំមកហើយ។
លោកថា ការបោះបង្គោលព្រំដែនធ្វើឡើងដោយផ្អែកលើផែនទីបោននៃភូមិសាស្ត្រឥណ្ឌូចិនដែលមានចំនួន ២៦ ផ្ទាំង តម្កល់នៅអង្គការសហប្រជាជាតិ។
ពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការ CLV-DTA ពលរដ្ឋជាច្រើននៅក្រៅប្រទេសបានស្នើឲ្យរដ្ឋាភិបាលដកខ្លួន ហើយបានធ្វើបាតុកម្មនៅរៀងរាល់ចុងសប្ដាហ៍ចាប់ពីថ្ងៃទី១១ ខែសីហាមក។ ប៉ុន្តែ ក៏មានក្រុមដែលបានអំពាវនាវឲ្យយកឱកាសនេះធ្វើសកម្មភាពទម្លាក់រដ្ឋាភិបាលកាលពីថ្ងៃទី១៨ ខែសីហាកន្លងទៅ ដែលសមត្ថកិច្ចបានចាត់វិធានការ។
បើតាមលោក ហ៊ុន ម៉ាណែត ក្នុងព្រឹត្តិការណ៍បាតុកម្មនៅថ្ងៃទី១៨ ខែសីហា មានមនុស្ស ៦៦នាក់ត្រូវបានឃាត់ខ្លួន ដោយក្នុងនោះ ៩នាក់ដែលសមត្ថកិច្ចរកឃើញថាជាមេខ្លោង ត្រូវបានបញ្ជូនទៅតុលាការនិងបន្តនីតិវិធីច្បាប់ ចំណែក៥៧នាក់ផ្សេងទៀតត្រូវបានអប់រំ និងឲ្យត្រឡប់ទៅផ្ទះវិញ៕