លោក ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានបញ្ជាក់នៅថ្ងៃព្រហស្បតិ៍ ទី៥ ខែកញ្ញានេះថា កម្ពុជាបានសាងសង់ផ្លូវនៅតាមព្រំដែនបានប្រមាណ ៥០ភាគរយហើយក្នុងចម្ងាយផ្លូវសរុបជាង ២៦៦០គីឡូម៉ែត្រ។
ថ្លែងក្នុងពិធីប្រគល់វិញ្ញាបនបត្រជូនសិស្សមេធាវី និងសិក្ខាកាមមេធាវី នៃគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា លោកថា ផ្លូវដែលនៅសេសសល់ប្រមាណ ១៣០០គីឡូម៉ែត្រទៀត នឹងត្រូវសាងសង់រួចរាល់ក្នុងរយៈពេល ១០ឆ្នាំទៀត ដោយចំណាយថវិកាប្រមាណ ២០០លានដុល្លារ។
លោកក៏បានថ្លែងអំណរគុណដល់អ្នកចូលរួមបរិច្ចាគថវិកាសម្រាប់មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន ដែលត្រូវបានប្រកាសកាលពីពេលថ្មីៗនេះ ដែលគិតត្រឹមព្រឹកថ្ងៃទី៥ ខែកញ្ញានេះ មានអ្នកចូលរួមជិត ៤០ម៉ឺននាក់។ លោកបញ្ជាក់ថា មូលនិធិនេះគឺដើម្បីឲ្យប្រជាជនភ្ជាប់និស្ស័យ និងចូលរួម មិនមែនថា រដ្ឋាភិបាលមានកង្វះថវិកានោះទេ។
លោកថ្លែងថា៖ «មកដល់ម៉ោងនេះ យើងមានប្រជាពលរដ្ឋចូលរួមជិត ៤០ម៉ឺននាក់ ហើយក្នុងមួយថ្ងៃៗ យើងមានអ្នកចូលរួមបរិច្ចាគចន្លោះពី១ម៉ឺន ៣ពាន់នាក់ទៅ ១ម៉ឺន ៧ពាន់នាក់ ហើយយើងនៅបើកទទួល ហើយខ្ញុំសូមអរគុណណាស់»។
លោក ហ៊ុន ម៉ាណែត ក៏បានឲ្យក្រសួងព័ត៌មានរៀបចំដំណើរកម្សាន្តឥតគិតថ្លៃទៅមើលបង្គោលព្រំដែន និងការរីកចម្រើននៅក្នុងខេត្តទាំង ៤ របស់កម្ពុជាក្នុងកិច្ចសហប្រតិបត្តិការ CLV-DTA។ នៅព្រឹកថ្ងៃនេះ ក្រសួងព័ត៌មានបានប្រកាសបញ្ជីឈ្មោះដែលចូលរួមដំណើរកម្សាន្តសម្រាប់ថ្ងៃទី៧ ខែកញ្ញានេះ ដែលមានចំនួន ២០០នាក់។
បើគិតចាប់ពីការប្រកាសចុះឈ្មោះកាលពីចុងសប្ដាហ៍មុន មានមនុស្សជាង ១ពាន់នាក់ហើយបានចុះឈ្មោះចូលរួមដំណើរកម្សាន្តនេះ។ នេះបើតាមក្រសួងព័ត៌មាន។
ក្រសួងព័ត៌មានបញ្ជាក់ដូច្នេះថា៖ «ក្រុមការងារទទួលបន្ទុកបានត្រៀមលក្ខណៈរួចហើយ ដើម្បីរៀបចំព្រឹត្តិការណ៍ដ៏មានសារៈសំខាន់នេះ សម្រាប់ជូនប្រជាពលរដ្ឋនូវបទពិសោធន៍ទស្សនកិច្ចមួយដែលផ្តល់នូវភាពសប្បាយរីករាយ បង្កើតភាពស្និទ្ធស្នាលនិងសាមគ្គីភាពជាជាតិកម្ពុជាតែមួយ ផ្តល់ចំណេះដឹងបន្ថែមស្តីពីភូមិសាស្ត្រតំបន់ភូមិភាគឦសាន ទីតាំងនិងបង្គោលព្រំដែន អំពីការគ្រប់គ្រងតំបន់ក្រវាត់ព្រំដែនដោយធានាការការពារអធិបតេយ្យភាពជាតិនិងបូរណភាពទឹកដី និងអំពីស្ថានភាពសំខាន់ៗពាក់ព័ន្ធនឹងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច»៕