ភ្នំពេញៈ ជប៉ុននឹងផ្តល់ប្រាក់កម្ចីប្រមាណ ៥៥ លានដុល្លារអាមេរិកដល់កម្ពុជាសម្រាប់ការពង្រីកប្រព័ន្ធបញ្ជូន និងចែកចាយអគ្គិសនីក្នុងរាជធានីភ្នំពេញ ក្នុងគោលបំណងលើកកម្ពស់ស្ថិរភាពការផ្គត់ផ្គង់អគ្គិសនីក្នុងរាជធានី។
លោក សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការ អន្តរជាតិ និងលោក អឹអិណុ អាត្សឹស៊ិ (Ueno Atsushi) ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា នឹងចុះហត្ថលេខាលើលិខិតប្ដូរសារ និងឯកសារពាក់ព័ន្ធស្ដីពីការផ្តល់កម្ចីនេះសម្រាប់ការអនុវត្តគម្រោងពង្រីកប្រព័ន្ធខ្សែបញ្ជូន និងចែកចាយអគ្គិសនីក្នុងរាជធានីភ្នំពេញ ដំណាក់កាលទី២ នៅថ្ងៃទី៦ ខែកញ្ញា នៅទីស្ដីការក្រសួង។
ក្រសួងបញ្ជាក់ក្នុងសេចក្ដីប្រកាសព័ត៌មាននាថ្ងៃទី៤ កញ្ញា ថា៖ «ការផ្តល់ឥណទានសម្បទានខាងលើ [ប្រមាណ ៥៥ លានដុល្លារ] បង្ហាញពីការប្ដេជ្ញាចិត្តឥតងាករេរបស់ប្រទេសជប៉ុន ដើម្បីជួយដល់កិច្ចខិតខំប្រឹងប្រែងឥតឈប់ឈររបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើកកម្ពស់ការ អភិវឌ្ឍសេដ្ឋកិច្ចសង្គម។ ការផ្ដល់ឥណទានសម្បទាននេះក៏នឹងជួយពង្រឹង និងធ្វើឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀតនូវភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរផងដែរ»។
យោងតាមគេហទំព័ររបស់ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) បានឱ្យដឹងថា គោលបំណងនៃគម្រោងនេះគឺដើម្បីពង្រឹងស្ថិរភាពនៃការផ្គត់ផ្គង់អគ្គិសនីនៅក្នុងរាជធានីភ្នំពេញ តាមរយៈការផ្តល់នូវអនុស្ថានីយ, បណ្ដាញបញ្ជូន, បណ្ដាញចែកចាយ និងសម្ភារៈបរិក្ខារពាក់ព័ន្ធថ្មី ព្រមទាំងការស្តារឡើងវិញនូវអនុស្ថានីយដែលមានស្រាប់ ដែលនឹងរួមចំណែកដល់កំណើនសេដ្ឋកិច្ចប្រកបដោយចីរភាពនៅកម្ពុជា។
លោក ឯក ប៊ុនលី អ្នកស្រាវជ្រាវនៃមជ្ឈមណ្ឌលខ្មែរសិក្សាកិច្ចការតំបន់ (CCRS) ថ្លែងថា ប្រទេសជប៉ុនបានបង្ហាញយ៉ាងខ្ជាប់ខ្ជួននូវតួនាទីរបស់ខ្លួនជាដៃគូដែលអាចទុកចិត្តបាន និងមានការប្ដេជ្ញាចិត្តយ៉ាងខ្ពស់ក្នុងការអភិវឌ្ឍរបស់កម្ពុជា ដោយរក្សាបាននូវទំនាក់ទំនងដ៏រឹងមាំជាមួយកម្ពុជា បើទោះបីជាមានការផ្លាស់ប្ដូរនៅក្នុងភូមិសាស្ត្រនយោបាយពិភពលោក ឬការផ្លាស់ប្ដូររដ្ឋបាលរបស់ខ្លួនក៏ដោយ។
លោកប្រាប់ភ្នំពេញប៉ុស្តិ៍នាថ្ងៃទី៥ កញ្ញា ថា៖ «ប៉ុន្តែជប៉ុននៅតែរក្សាស្ថិរភាពក្នុងការសហការជាមួយប្រទេសកម្ពុជា។ ក្នុងឆ្នាំ២០២២ ជប៉ុនបានផ្តល់ថវិកាជាង ៣០០លានដុល្លារអាមេរិក ដើម្បីពង្រីកកំពង់ផែទឹកជ្រៅក្រុងព្រះសីហនុ។ នៅឆ្នាំ២០២៣ ជប៉ុនបានផ្តល់ប្រាក់កម្ចីដ៏សំខាន់មួយផ្សេងទៀត ដើម្បីគាំទ្រដល់គម្រោងប្រព័ន្ធធារាសាស្ត្ររបស់កម្ពុជា។ ឥឡូវនេះ នៅឆ្នាំ២០២៤ ប្រទេសជប៉ុននៅតែបន្តលើគន្លងដដែល ដោយផ្តោតលើការកែលម្អហេដ្ឋារចនាសម្ព័ន្ធផ្គត់ផ្គង់អគ្គិសនីរបស់រាជធានីភ្នំពេញ»។
លោក ប៊ុនលី លើកឡើងថា «កម្ចីថ្មីបំផុត» នេះគឺជាសក្ខីភាពមួយចំពោះការប្តេជ្ញាចិត្តរបស់ប្រទេសជប៉ុន ដូចដែលបានគូសបញ្ជាក់ដោយរដ្ឋមន្ត្រីការបរទេសជប៉ុន លោកស្រី Yoko Kamikawa ក្នុងអំឡុងពេលដំណើរទស្សនកិច្ចរបស់លោកស្រីមកកាន់កម្ពុជាកាលពីខែកក្កដា។ ប្រសិន បើប្រាក់កម្ចីទាំងនេះត្រូវបានប្រើប្រាស់ប្រកបដោយប្រសិទ្ធភាព វាអាចផ្តល់អត្ថប្រយោជន៍យ៉ាងច្រើនដល់ស្ថិរភាពនៃការផ្គត់ផ្គង់អគ្គិសនីរបស់រាជធានី។
លោកថ្លែងថា៖ «ការកើនឡើងចំនួនប្រជាជនក្នុងទីក្រុងភ្នំពេញ រួមជាមួយនឹងវិស័យពាណិជ្ជកម្ម និងការវិនិយោគរបស់ខ្លួន ត្រូវបានរារាំងជាយូរមកហើយដោយការដាច់ចរន្តអគ្គិសនីញឹកញាប់ និងបណ្ដាញអគ្គិសនីដែលមិនគួរឱ្យទុកចិត្តនៅក្នុងតំបន់មួយចំនួន។ ប៉ុន្តែវានឹងឆាប់ពេកក្នុងការសន្មតថា ប្រាក់កម្ចីនេះនឹងដោះស្រាយបញ្ហាភ្លាមៗ។ ឥទ្ធិពលពិតប្រាកដនឹងអាស្រ័យលើប្រសិទ្ធភាពរបស់រដ្ឋាភិបាលកម្ពុជាក្នុងការប្រើប្រាស់ជំនួយហិរញ្ញវត្ថុនេះសម្រាប់ការអភិវឌ្ឍកាន់តែទូលំទូលាយរបស់ប្រទេសជាតិ»។