ភ្នំពេញៈ សេចក្តី​ព្រាង​សេចក្តី​ថ្លែងការណ៍​រួម​ភ្នំពេញ ស្តី​ពី​ការ​ទប់​ស្កាត់​ការ​បំពុល​ដោយ​ប្លាស្ទិក​ក្នុង​មហាអនុតំបន់​មេគង្គ​នឹង​ត្រូវ​ពិនិត្យ​អនុម័ត ​ក្នុង​កិច្ច​ប្រជុំ​លើក​ទី៦ ថ្នាក់​រដ្ឋ​មន្ត្រី​បរិស្ថាន​មហាអនុ​តំបន់​មេគង្គ (EMM-6) នាសប្តាហ៍​ក្រោយ​នេះ​ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ។

កិច្ច​ប្រជុំ ​ដែល​នឹង​ចាប់​ផ្តើម​នៅ​ថ្ងៃ​ទី​១០ ដល់​ថ្ងៃ​ទី១៣ ​ខែ​កញ្ញា​នេះ​នឹង​មាន​ការ​ចូល​រួម​ពី​ ប្រតិ​ភូរដ្ឋ​មន្ត្រី​បរិស្ថាន នៃ​មហា​អនុតំបន់​មេគង្គ ​ចំនួន​៦​ប្រទេស ​និង​តំណាង​ក្រសួង ​ស្ថាប័ន ​ដៃគូ​អភិវឌ្ឍន៍ ​អង្គទូតនានា ​ភ្ញៀវជាតិ ​និង​អន្តរជាតិ ព្រម​ទាំង​រដ្ឋ​បាល​ថ្នាក់​ក្រោម​ជាតិ។  

ក្រុម​ប្រតិ​ភូ​ធ្វើ​ការ​ពិនិត្យ ​និង​ពិភាក្សា​លើ​ឯកសារយុទ្ធ​សាស្ត្រ​នានា​ដ៏​មាន​សារៈសំខាន់ ​ដើម្បី​លើក​កម្ពស់​កិច្ច​សហប្រតិបត្តិ​ការ​សម្រាប់ ​ការ​សម្រេច​ឱ្យ​បាន​ពេញ​លេញ ​នូវ​ចក្ខុ​វិស័យ​នៃមហា​អនុតំបន់​មេគង្គ​ប្រកប​ដោយ​ភាព​ស្អាត ​បៃតង ​និង​ចីរភាព ​ឆ្ពោះ​ទៅ​រក​ការ​កសាង​សហគមន៍​នៃ​តំបន់​មួយ​ដែល​មាន​អនាគត​រួម​គ្នាដ៏​ភ្លឺស្វាង​។ នេះ​បើ​យោង​តាម​សេ​ចក្កី​ប្រកាស​ព័ត៌​មាន​របស់​ក្រសួង​បរិស្ថាន។

ក្រ​សួង​បញ្ជាក់​ថា៖«ក្នុង​ការ​អនុវត្ត​កិច្ច​គាំ​ពារ​បរិស្ថាន ​ការ​អភិវឌ្ឍ​ប្រកប​ដោយ​ចីរភាព​ ស្រប​តាម​និន្នាការ សកល ក្នុង​ការ​បន្សំា ​នឹង​ការ​ប្រែ​ប្រួល​អាកាស​ធាតុ ​និង​ទប់​ស្កាត់​ការ​បំពុល​បរិស្ថាន​ដោយ​ប្លាស្ទិក ​កិច្ច​ប្រជុំ​លើក​ទី៦​ ថ្នាក់​រដ្ឋ​មន្ត្រី​បរិស្ថាន ​មហាអនុ​តំបន់​មេគង្គ ​និង​កិច្ច​ប្រ​ជុំពាក់​ព័ន្ធ ​គ្រោង​នឹង​ពិនិត្យ​អនុម័ត​លើ ​សេចក្តី​ព្រាង​សេចក្តីថ្លែង​ការណ៍​រួម​ភ្នំពេញ ​ស្តីពី​ការទប់​ស្កាត់​ការ​បំពុល​ដោយ​ប្លាស្ទិក​ក្នុង​មហា​អនុតំបន់​មេគង្គ»។ 

ក្រៅ​ពី​នោះ ​សេចក្តី​ព្រាង​ក្រប​ខ័ណ្ឌ​យុទ្ធសាស្ត្រ​សម្រាប់​ពន្លឿន​សកម្មភាព​អាកាសធាតុ ​និង​និរន្តរភាព​បរិស្ថាន ​ក្នុង​មហា​អនុតំបន់​មេគង្គ​២០៣០ ​ក៏​នឹង​ត្រូវ​ពិនិត្យ​អនុម័ត​ផង​ដែរ។ 

ក្រសួង​ក៏បា​នឱ្យ​ដឹងផង​ដែរ​ថា កិច្ច​ប្រជុំ​នេះ ​ក៏មា​នកា​រតាំ​ង​បង្ហាញ​សមិទ្ធផល​នានា ​ដែល​ចូលរួម​ចំណែក​ដល់ប្រ​សិទ្ធ​ភាព​ក្នុង ​ការ​គ្រប់​គ្រង​បរិស្ថាន និង​ធនធាន​ធម្មជាតិ ​របស់​ក្រសួង ​ស្ថាប័ន ​ដៃ​គូអភិវឌ្ឍន៍ ​ក្រុមហ៊ុន ​សហគ្រាស សមាគម ​និង ​អង្គការ​ដៃ​គូសហការ​នានា​ផង​ដែរ។

លោក​ហេង គឹមហុង ប្រធាន​ប្រតិបត្តិ​នៃ​សមាគម​បណ្តាញ​យុវជន​កម្ពុជាបាន​សង្កេត​ឃើញថា នៅ​ក្នុង​មហាអនុ​តំបន់​មេគង្គ​កំពុង​ជួប​ប្រទះ​បញ្ហា​ប្រឈម​ជា​ច្រើន ដែល​បង្ក​ការ​ព្រួយ​បារម្ភ​ចំពោះ​បរិស្ថាន។ ក្នុង​នោះរួ​ម​មាន​ ការ​កសាង​ទំនប់​វារី​អគ្គិសនី ការ​កាប់បំផ្លាញ​ព្រៃ​ឈើ ការ​ធ្វើ​ជា​ជីវកម្ម​រ៉ែដែល​មិន​សម​ស្រប និង​ការ​គ្រប់​គ្រង​រួម​នៃ​ទន្លេ​មេគង្គ​ជាដើម។ 

លោកថ្លែងដូច្នេះថា៖«នៅក្នុង​កិច្ច​ប្រជុំ​នេះ ​ក្រសួង​បរិស្ថាន​គួរ​តែ​លើក​យក​បញ្ហា​ទាំង​អស់​នេះ​មក​ជជែក រួម​ទាំង​បញ្ហា​សុខ​មាលភាព​អភិបាលកិច្ច​ទឹក ​ការ​បូម​ខ្សាច់ ​និង​សកម្មភាព​ផ្សេងៗ​ទៀត​ ដែល​អាច​បង្ក​ឱ្យ​មាន​គ្រោះ​ថ្នាក់​ដល់​ប្រព័ន្ធ​អេកូឡូ​ស៊ី និង​ប្រព័ន្ធ​បរិស្ថាន​នៅ​ក្នុង​តំបន់​ទន្លេ​មេគង្គ»។

លោក​បន្ថែមថា​ បណ្តា​រដ្ឋមន្រ្តី​តំបន់​ទន្លេមេគង្គ​គួរ​តែ​ពិភាក្សា​គ្នា​ឱ្យ​បាន​គ្រប់​ជ្រុង​ជ្រោយ ដើម្បី​ឈាន​ទៅ​រក​វិធាន​ការ​រួមមួយក្នុង​ការទប់​ស្កាត់​បញ្ហា​ទាំង​នោះ ក៏​ដូច​ជា​ធានា​បា​ននូ​វ​សុខ​មាល​ភាព​ទឹក​ទន្លេ​មេគង្គល្អ។

កិច្ច​ប្រជុំ​លើកទី៥ ​ថ្នាក់​រដ្ឋ​មន្ត្រី​បរិស្ថាន ​មហា​អនុតំបន់​មេគង្គត្រូវ​បាន​ធ្វើ​ឡើង​ក្នុង​ទី​ក្រុង​ឈៀងម៉ៃ ​ប្រទេស​ប្រទេស​ថៃ​កាល​ពី​ឆ្នាំ​២០១៨។

កិច្ច​ប្រជុំនេះ​បាន​អនុម័ត​លើ​សេច​ក្តីថ្លែង​ការណ៍​រួមរបស់​រដ្ឋមន្ត្រី​បរិស្ថាន ​នៃ​ប្រទេស​មហា​អនុតំបន់​មេគង្គ ទៅ​លើ​ការ​ងារ ​ដែល​ប្រទេស​ទាំង​អស់ ​នៃ​មហាអនុ​តំបន់​សម្រេច​បាន​តាម​រយៈ​ការ​អនុវត្តកម្ម​វិធីបរិស្ថាន​ស្នូល ​និង​ក្រប​ខណ្ឌយុទ្ធ​សាស្ត្រ ​និង​ផែន​ការ​សកម្មភាព ​ឆ្នាំ២០១៨-២០២២ ​ដែល​មាន​គម្រោង ​៦សំខាន់ៗ ​សម្រាប់​អនុវត្តន៍​នៅ​ដំណាក់​កាល​ទី ៣​នៃ​កម្មវិធី​បរិស្ថាន​ស្នូល។ 

អង្គប្រជុំ​បាន​សង្កត់​ធ្ងន់​ទៅ​លើ​កិច្ច​សហប្រតិបត្តិ​ការ​ល្អរវាង​ប្រទេស​មហា​អនុតំបន់​មេគង្គ ​និង​ភាគឹពាក់ព័ន្ធ ​ទៅ​លើ​ ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​បៃ​តង​ ការគ្រប់​គ្រង ​និង​ធនធាន​ធម្មជាតិ ​និង ​ការពង្រឹង​សមត្ថភាព​បន្សាំ​នឹង​ការ​ប្រែប្រួល​អា​កាស​ធាតុ។ នេះ​បើ​យោង​តាម​ក្រសួង​បរិស្ថាន។

ក្រុម​ប្រទេស ​នៃ​មហា​អនុតំបន់​មេ​គង្គ​រួមមា​នប្រទេស​ចិន ​មីយ៉ាន់ម៉ា ​ថៃ ​ឡាវ ​កម្ពុជា ​និង​វៀតណាម៕