ភ្នំពេញៈ ក្រោយពីត្រីបាឡែនផើមមួយក្បាលបានស្លាប់ ដោយសារស្ទះដង្ហើមនឹងថង់ប្លាស្ទិកនៅឆ្នេរខេត្តភូកេត ប្រទេសថៃកាលពីដើមសប្តាហ៍នេះមកនោះ មន្រ្តីអភិរក្សកម្ពុជាបានសម្តែងការព្រួយបារម្ភ ខ្លាចបញ្ហាថង់ប្លាស្ទិកនេះ បង្កហានិភ័យដល់ពពួកសត្វដ៏កម្រនៅកម្ពុជា ដូចជាអណ្តើកសមុទ្រ ជ្រូកទឹកឬសត្វផ្សោតជាដើម។
ការសម្តែងការព្រួយបារម្ភនេះ ក៏ស្របពេលដែលថង់ប្លាស្ទិកកំពុងតែត្រូវបានប្រើប្រាស់យ៉ាងពេញនិយមប្រចាំថ្ងៃ ដែលពិបាកនឹងកាត់ផ្តាច់បាន បើទោះបីជាក្រសួងពាក់ព័ន្ធធ្វើយុទ្ធនាការ អប់រំផ្សព្វផ្សាយយ៉ាងណាក៏ដោយ។
លោកអ៊ុក វិបុល ប្រធាននាយកដ្ឋានអភិរក្សជលផលនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទមានប្រសាន៍ថា បញ្ហាការស្លាប់របស់ធនធានជលផលប្រភេទកម្រៗនៅក្នុងទន្លេ ឬសមុទ្រ ដោយសារស៊ីថង់ប្លាស្ទិកនោះ មិនទាន់កើតមាននោះទេនៅកម្ពុជា។ ប៉ុន្តែបោះចោលថង់ ឬចាក់ចោលកាកសំណល់ប្រភេទនេះទៅក្នុងទឹក វាអាចធ្វើឱ្យប៉ះពាល់ដល់ពពួកសត្វទាំងនោះដែរ។
លោកថ្លែងថា៖«យើងព្រួយបារម្ភដែរ តែការបោះបង់ចោលប្លាស្ទិកអីទាំងឡើយហ្នឹង ឬក៏ចាក់កាកសំណល់ វាធ្វើឱ្យបំពុលទឹកហ្នឹង វាអាចប៉ះពាល់ដល់ផ្សោត នៅតំបន់កាំពីហ្នឹងជាពិសេស។ ក៏ប៉ុន្តែគ្រាន់ថាឱ្យផ្សោត ច្រលំថាជាចំណី មិនទេ»។
លោកបានឱ្យដឹងថា នៅតំបន់សមុទ្រមានសត្វម្យ៉ាងឈ្មោះថា សត្វពពុះទឹក ដែលភាសាអង់គ្លេសហៅថា Jellyfish។ សត្វពពុះទឹក មានរូបរាងពណ៌ស អន្តាយៗ ដែលជាចំណីរបស់សត្វអណ្តើកសមុទ្រ។ អណ្តើកសមុទ្រអាចច្រលំថា ថង់ប្លាស្ទិក ជាសត្វពពុះទឹក ហើយស៊ី ដែលអាចបង្កបញ្ហាដែរនៅថ្ងៃអនាគត។
លោកថ្លែងដូច្នេះថា៖ «តែដោយឡែកនៅសមុទ្រ ជាពិសេសអណ្តើកសមុទ្រ។ អណ្តើកសមុទ្រតែងតែស៊ីសត្វហ្នឹង។ អញ្ជឹង បើយើងបោះថង់ប្លាស្ទិកអីចូលទៅក្នុងសមុទ្រទៅ វាច្រលំ វាស្មានតែជាសត្វពពុះទឹកហ្នឹង នាំឱ្យស៊ីទៅ វាមានបញ្ហា។ ប៉ុន្តែកន្លងមក យើងអត់ទាន់បានជួបប្រទះបញ្ហាហ្នឹងទេ»។
លោកមានប្រសាសន៍បន្តថា៖ «តែយើងមានវិធីសាស្រ្តសសព្វថ្ងៃហ្នឹង យើងធ្វើការងារអប់រំ ផ្សព្វផ្សាយ ធ្វើយ៉ាងណា កាត់បន្ថយ ការប្រើប្រាស់ថង់ប្លាស្ទិក ឬក៏ការចាក់ចោលកាកសំណល់អីផ្សេងៗក្នុងសមុទ្រ ដែលវាបង្កផលប៉ះពាល់ដល់ប្រភេទធនធានជលផលកម្រ របស់យើង»។
យោងតាមកាសែតបាងកកប៉ុស្តិ៍បានឱ្យដឹងថា ក្រោយពីបានប្រទះឃើញ ក្រុមអ្នកជំនាញបានធ្វើការពិនិត្យសាកសពត្រីបាឡែនេះ ហើយបានរកឃើញមានកាកសំណល់ប្លាស្ទិកជាច្រើនគីឡូក្រាមនៅក្នុងក្រពះរបស់វា។ ត្រីបាឡែនខ្សោយ ដោយសារការខ្វះអាហារ ព្រោះថា កាកសំណល់សមុទ្រដ៏ច្រើននៅក្នុងក្រពះរបស់វានោះ ធ្វើឱ្យវា មិនអាចស៊ីចំណីបានគ្រប់គ្រាន់ដូចធម្មតានោះទេ។
អ្នកនាំពាក្យក្រសួងបរិស្ថាន លោកខ្វៃ អាទិត្យាបានឱ្យដឹងថា លោកបានឃើញព័ត៌មានពីការស្លាប់របស់ត្រីបាឡែននេះដែរ។ លោកលើកឡើងថា នៅលើពិភពលោក អ្នកស្រាវជ្រាវបានរកឃើញមានករណីបែបនេះក្នុងត្រីសមុទ្រជាច្រើនជាបន្តបន្ទាប់ដែរ ហើយ នាពេលបច្ចុប្បន្ននេះ ពិភពលោកក៏កំពុងតែយកចិត្តទុកដាក់លើការបំពុលប្លាស្ទិកនេះផងដែរ។
ដើម្បីកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិកនេះ ក្រសួងបរិស្ថានបានបង្កើតយុទ្ធនាការ២គឺ«ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» និង«កម្ពុជាស្អាត ខ្មែរធ្វើបាន» ហើយកំពុងតែចុះផ្សព្វផ្សាយនៅទូទាំងប្រទេសផងដែរ។ ក្រសួងបានលើកឡើងថា យុទ្ធនាការទាំង២នេះមានអ្នកចូលរួមជាង១១លាននាក់រហូតមកដល់ពេលនេះ។
រដ្ឋមន្រ្តីក្រសួងបរិស្ថាន លោក អ៊ាង សុផល្លែត បានថ្លែងកាលពីខែកក្កដាកន្លងមកថា យុទ្ធនាការទាំង២នេះ បានជួយកាត់បន្ថយការប្រើប្រាស់ប្លាស្ទិកបានជាង ៧៤ភាគរយ ក្នុងរយៈពេល ១១ខែកន្លងមកនេះ។ ការកាត់បន្ថយការប្រើប្រាស់នវបានចូលរួមទប់ស្កាត់ការបំផ្លាញបរិស្ថាន ដោយសំណល់ប្លាស្ទិកទាំងនោះ ពិសេសការបំពុលទន្លេ និង សមុទ្រ។
លោកបានថ្លែងថា៖«ប្រសិនបើគ្មានការកាត់បន្ថយទេ ចំនួនប្លាស្ទិកនេះ ប្រមាណពាក់កណ្ដាលអាចនឹងប៉ះពាល់ដល់បរិស្ថាន អាចធ្លាក់ចូលទៅសមុទ្រ ឬអាចចូលទៅទន្លេ។ នេះគ្រាន់តែជាការរួមចំណែកពីកម្ពុជា»៕