កម្ពុជានិងចិនផ្ដោតគោលដៅនៃកិច្ចសហប្រតិបត្តិការរបស់ខ្លួនសម្រាប់ពេលទៅមុខ ទៅលើបញ្ហាសន្តិសុខ ការស្វែងរកនិងការចាប់បញ្ជូនជនល្មើសទៅប្រទេសរបស់ពួកគេវិញ បន្ថែមលើការកសាងសមត្ថភាពសមត្ថកិច្ចអនុវត្តច្បាប់នៅកម្ពុជា។
ការកំណត់គោលដៅរវាងភាគីកម្ពុជានិងចិនលើផ្នែកសន្តិសុខនេះ ត្រូវបានធ្វើឡើងនៅរដ្ឋធានីប៉េកាំង ក្នុងអំឡុងដំណើរទស្សនកិច្ចរបស់លោក ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ចាប់ពីថ្ងៃទី៥ដល់ទី៧ ខែកញ្ញា ដែលលោកបានជួបជាមួយសមភាគីចិន វ៉ាង ស៊ាវហុង សមាជិកក្រុមប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីក្រសួងសន្តិសុខសាធារណៈចិន។
ទំព័រហ្វេសប៊ុកលោក ស សុខា បានបញ្ជាក់ថា៖ «សម្រាប់ឆ្នាំបន្តនេះ ភាគីទាំងពីរបានផ្ដោតលើការងារសន្តិសុខ ការស្វែងរកជនល្មើស និងការធ្វើមាតុភូមិនិវត្តន៍ ការពង្រឹងការអនុវត្តច្បាប់ជាក់ស្តែង ការកសាងសមត្ថភាព ការលើកកម្ពស់គុណភាពនិងប្រសិទ្ធភាពនៃកិច្ចសហប្រតិបត្តិការ»។
កិច្ចសហប្រតិបត្តិការនេះ គឺជាការបន្តទៅលើកិច្ចសហប្រតិបត្តិការដែលមានស្រាប់ក្នុងអនុវត្តច្បាប់ជាមួយគ្នាដែលត្រូវបានក្រសួងមហាផ្ទៃ និងក្រសួងសន្តិសុខសាធារណៈចិនបង្កើតឡើងកាលពីឆ្នាំ២០១៩ ដោយផ្ដោតការយកចិត្តទុកដាក់ និងការប្តេជ្ញាចិត្តក្នុងកិច្ចសហការថែរក្សាសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈ។
បើតាមក្រសួងមហាផ្ទៃ គិតពីឆ្នាំ២០២៣ដល់ឆមាសទី១ ឆ្នាំ២០២៤នេះ ភាគីទាំងពីរបានសហការស្រាវជ្រាវនិងបង្ក្រាបបទល្មើសឆ្លងដែនជាច្រើនករណី រួមមានបទល្មើសតាមប្រព័ន្ធបច្ចេកវិទ្យា អំពើជួញដូរមនុស្ស និងបទល្មើសគ្រឿងញៀនជាដើម។
បើតាមក្រសួងមហាផ្ទៃ ភាគីទាំងពីរក៏បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាស្តីពីការបន្តដំណើរការការិយាល័យសម្របសម្រួលកិច្ចសហប្រតិបត្តិការការអនុវត្តច្បាប់ផងដែរ។
ក្រសួងមហាផ្ទៃអះអាងថា៖ «ផែនការការងារស្តីពីការបន្តអនុវត្តឆ្នាំនៃកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់រវាងក្រសួងមហាផ្ទៃកម្ពុជា និងក្រសួងសន្តិសុខសាធារណៈចិន ឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់ និងការប្តេជ្ញាចិត្តរវាងរដ្ឋាភិបាលនៃប្រទេសទាំងពីរ ក៏ដូចជារវាងក្រសួងមហាផ្ទៃកម្ពុជា និងក្រសួងសន្តិសុខសាធារណៈចិន ក្នុងកិច្ចសហការថែរក្សាសន្តិសុខ សុវត្ថិភាព និងសណ្ដាប់ធ្នាប់សាធារណៈ»។
លោក ស សុខា បានកោតសរសើរកិច្ចសហការនានាដែលភាគីចិនកំពុងជួយកម្ពុជាលើវិស័យសន្តិសុខ និងការផ្តល់សម្ភារៈបច្ចេកទេស ការបណ្ដុះបណ្តាលធនធានមនុស្ស ការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន ការជួញដូរមនុស្ស និងសកម្មភាពឆបោកតាមអនឡាញជាដើម។
លោក វ៉ាង ស៊ាវហុង ក៏បានបង្ហាញក្ដីសង្ឃឹមនិងជឿជាក់ខ្ពស់ថា កិច្ចសហប្រតិបត្តិការអនុវត្តច្បាប់រវាងក្រសួងទាំងពីរនឹងកាន់តែមានភាពរីកចម្រើនជាផ្លែផ្កានៅក្នុងអាណត្តិថ្មីនៃរាជរដ្ឋាភិបាលកម្ពុជា ហើយថា ចិននឹងបន្តគាំទ្រ និងផ្តល់ជំនួយទាំងផ្នែកពង្រឹងសមត្ថភាព និងសម្ភារៈផ្សេងៗ។
កាលពីថ្ងៃទី៦ ខែកញ្ញាកន្លងទៅ ជនសង្ស័យចំនួន ៥នាក់ពាក់ព័ន្ធនឹងការផ្ទេរប្រាក់ដើម្បីគាំទ្រដល់ក្រុមជនល្មើសឆបោកតាមបណ្ដាញទូរគមនាគមន៍ ត្រូវបានចាប់បញ្ជូនពីប្រទេសកម្ពុជាទៅប្រទេសចិន ក្រោម«ប្រតិបត្តិការប្រមាញ់ចចក» ដែលជាប្រតិបត្តិការសម្ងាត់របស់រដ្ឋាភិបាលចិនក្នុងបង្ក្រាបបទល្មើសពុករលួយ និងបទល្មើសសេដ្ឋកិច្ច។
ក្រសួងសន្តិសុខសាធារណៈចិន បានឲ្យដឹងនៅថ្ងៃទី៦ ខែកញ្ញានេះថា គិតចាប់ពីខែមិថុនា ឆ្នាំ២០២៣មក ជនសង្ស័យទាំង ៥នាក់បានជ្រើសរើសមនុស្សជាង ១០០នាក់នៅកម្ពុជាក្រោមលេសថា ដើម្បីធ្វើការក្រៅម៉ោង និងដើម្បីផ្ដល់ប្រាក់កម្ចី។ ពួកគេបានប្រព្រឹត្តបទល្មើសឆបោកតាមអនឡាញ ហើយបន្ទាប់ពីបានលុយហើយ ពួកគេបានវេរលុយតាមរយៈកាតឆូត ហើយបន្ទាប់មកបានទិញរូបិយប័ណ្ណពីចម្ងាយដើម្បីផ្ទេរលុយនិងលាងលុយដែលពួកគេលួចបាន។
ក្រសួងសន្តិសុខសាធារណៈចិនបញ្ជាក់ ថា ដើម្បីគេចចេញពីការតាមដានរបស់អង្គភាពសន្តិសុខសាធារណៈ Qinក្រុមជនសង្ស័យទាំងនេះតែងផ្លាស់ប្ដូរអាសយដ្ឋានរបស់ពួកគេជាញឹកញាប់នៅក្នុងប្រទេសកម្ពុជា។ ដោយសហការជាមួយសមត្ថកិច្ចកម្ពុជា ជនសង្ស័យទាំងនេះត្រូវបានសមត្ថកិច្ចកម្ពុជាចាប់ខ្លួននៅក្នុងខែកញ្ញានេះ។
យោងតាមកាសែត China Daily ចាប់តាំងពី«ប្រតិបត្តិការប្រមាញ់ចចក» ដែលចាប់ផ្ដើមនៅឆ្នាំ២០១៤ មក ជនសង្ស័យដែលរត់គេចខ្លួនជាង ៩ពាន់នាក់ត្រូវបានចាប់ខ្លួននិងបញ្ជូនត្រឡប់ទៅប្រទេសចិនវិញពីប្រទេសចំនួន ១២ និងទ្រព្យសម្បត្តិមានទឹកប្រាក់ប្រមាណ ៦,៧៦ ពាន់លាន ត្រូវបានរឹបអូស។
កាលពីខែសីហាកន្លងទៅ ក្រសួងសន្តិសុខសាធារណៈចិន បានបញ្ជាក់ពីការពង្រឹងកិច្ចសហប្រតិបត្តិការជាមួយនាយកដ្ឋានអនុវត្តច្បាប់នៅក្នុងប្រទេសនានាដើម្បីបង្ក្រាបទៅលើឧក្រិដ្ឋកម្មឆ្លងដែនដែលយកជនជាតិចិនជាគោលដៅ ដែលកិច្ចសហប្រតិបត្តិការនេះនឹងផ្ដោតទៅលើល្បែងអនឡាញ ឆបោកតាមអនឡាញ ការចាប់ជំរិតនៅក្រៅប្រទេស ឃាតកម្មនិងបទឧក្រិដ្ឋមានការចាត់តាំង។
សម្រាប់កម្ពុជា អំពើឆបោកតាមអនឡាញ ការជួញដូរមនុស្ស ឬការចាប់ជំរិត នៅកម្ពុជា ត្រូវបានរាយការណ៍ជាញឹកញាប់ ដែលធ្វើឲ្យភ្ញៀវទេសចរបរទេសដែលមិនធ្លាប់បានមកកម្ពុជា មានការភ័យខ្លាចមិនហ៊ានមកទស្សនា ទោះបីជាស្ថានភាពជាក់ស្ដែង មិនមានការរាយការណ៍អំពីករណីភ្ញៀវទេសចរណាម្នាក់ធ្លាប់ត្រូវបានចាប់ជំរិតក៏ដោយ។
ស្ថានទូតបរទេសមួយចំនួន ដូចជា ស្ថានទូតឥណ្ឌា ម៉ាឡេស៊ី ចិន ជាដើម បានជូនដំណឹងដល់ពលរដ្ឋរបស់ខ្លួនឲ្យមានការប្រុងប្រយ័ត្នអំពីការឃោសនាជ្រើសរើសបុគ្គលិកមកបម្រើការនៅកម្ពុជា ដោយហេតុថា ពលរដ្ឋរបស់ខ្លួនធ្លាប់ត្រូវបានចាញ់បោកក្រុមឧក្រិដ្ឋជន និងត្រូវបានជួយសង្គ្រោះ ហើយបញ្ជូនទៅប្រទេសរបស់ពួកគេវិញ។
លោក ប៉ិច ពិសី នាយកប្រតិបត្តិអង្គការតម្លាភាពកម្ពុជា បានថ្លែងនៅថ្ងៃនេះថា សម្រាប់ការបង្ក្រាបករណីឆបោកតាមអនឡាញ និងការចាប់ជំរិតនៅកម្ពុជា មានកត្តាមួយចំនួនដែលធ្វើឲ្យបទឧក្រិដ្ឋបែបនេះអាចកើតឡើងបាននៅកម្ពុជា នោះគឺការអនុវត្តច្បាប់ខ្សោយ ឬសមត្ថភាពខ្ពស់របស់ក្រុមឧក្រិដ្ឋជន អំពើពុករលួយ និងឆន្ទៈនយោបាយ។
លោកពន្យល់ថា៖ «មូលហេតុទី១គឺការអនុវត្តច្បាប់ខ្សោយ។ ចំណុចនេះអាចទាក់ទងនឹងលក្ខណៈស្មុគស្មាញក្នុងការបង្ក្រាប ដោយសារជនឧក្រិដ្ឋមានឧបករណ៍បច្ចេកវិទ្យាមានលក្ខណៈស្មុគស្មាញដើម្បីបញ្ចៀសពីរ៉ាដារបស់មន្ត្រីអនុវត្តច្បាប់ និងប្ដូរពីគម្រោងមួយទៅគម្រោងមួយលឿន ព្រោះដោយសារពេលខ្លះយើងកំពុងតាមដានរឿងនេះ ពួកគេប្ដូរទៅគម្រោងផ្សេង»។
លោកបន្តថា៖ «បញ្ហាទី២គឺរឿងពុករលួយ ដូចជាអាងខ្នង ខ្សែស្រឡាយ។ ជនឧក្រិដ្ឋប្រើប្រាស់បណ្ដាញដែលមានអំណាច និងមានលុយនៅក្នុងប្រទេសនីមួយៗដើម្បីការពារពួកគេ ហើយប្រើប្រាស់យន្តការអំពើពុករលួយនោះដើម្បីដោះបញ្ហានៅពេលពួកគេជួបបញ្ហា»។
ចំពោះឆន្ទៈនយោបាយ លោក ពិសី ថ្លែងថា ប្រសិនបើកម្ពុជាចង់បង្ក្រាបរឿងនេះ គឺត្រូវការឆន្ទៈនយោបាយខ្ពស់ពីថ្នាក់ដឹកនាំកំពូលៗ ដើម្បីដោះបញ្ហានេះជាប្រព័ន្ធ។
លោកថ្លែងដូច្នេះថា៖ «បើសិនមិនដោះស្រាយរឿងហ្នឹងទេ កម្ពុជាយើងពិបាកក្នុងការជំរុញការវិនិយោគ ជាពិសេសការវិនិយោគពីបស្ចិមប្រទេសដែលជាការវិនិយោគធំ និងស្អាតស្អំ។ មួយទៀតវាប៉ះពាល់ដល់វិស័យទេសចរណ៍ពីព្រោះបច្ចុប្បន្ននេះ ជនរងគ្រោះសាយភាយទៅដល់តំបន់អាស៊ានដូចជា ជនជាតិឥណ្ឌូណេស៊ី ម៉ាឡេស៊ី សិង្ហបុរី និងជប៉ុន ដែលទាំងនេះជាការបារម្ភ»៕