ត្បូងឃ្មុំៈ ក្រសួងបរិស្ថានកំពុងធ្វើការសិក្សាពីទំហំគម្របព្រៃឈើពិតប្រាកដដែលកម្ពុជាមាន ដើម្បីងាយស្រួលក្នុងការបណ្តុះកូនឈើយកទៅដាំ ឱ្យទទួលបានជោគជ័យក្នុងការពង្រីកគម្របព្រៃឈើឱ្យបាន ៦០ភាគរយនៃផ្ទៃប្រទេសក្នុងរយៈពេល២៥ឆ្នាំនេះ។ នេះជាការថ្លែងរបស់រដ្ឋមន្រ្តីក្រសួងបរិស្ថាន លោក អ៊ាង សុផល្លែត ក្នុងឱកាសបើកការដ្ឋានសាងសង់ថ្នាលបណ្ដុះកូនឈើថ្នាក់តំបន់ទីមួយក្នុងខេត្តត្បូងឃ្មុំ នាថ្ងៃអាទិត្យ ទី៨ខែកញ្ញានេះ។
លោករដ្ឋមន្រ្តីមានប្រសាសន៍ថា ដើម្បីពង្រីកគម្របព្រៃឈើឱ្យបាន ៦០ភាគរយ នៃផ្ទៃប្រទេសទៅតាមផែនការរបស់រដ្ឋាភិបាលកម្ពុជាត្រូវដាំដើមឈើ ឱ្យមានគម្របព្រៃឈើរហូតដល់ទៅប្រមាណជា ១១លានហិកតា នៃផ្ទៃដីសរុបប្រមាណជាង ១៨លានហិកតា។ ហេតុនេះ កម្ពុជាត្រូវការកូនឈើជាច្រើនលានដើម ដើម្បីដាំ ហើយការរៀបចំថ្នាលបណ្តុះកូនឈើ គឺជាមូលដ្ឋានគ្រឹះក្នុងការចាប់ផ្តើម។
លោក អ៊ាង សុផល្លែត បញ្ជាក់ថា៖ «យើងអាចផលិតតាមប្លង់ ដែលខ្ញុំបានគូរចេញមកឧបត្ថម្ភដោយអង្គការ UNDP នោះគឺយើងអាចបណ្តុះបានពី ១០ ទៅ ១៥លានដើមក្នុងមួយឆ្នាំ។ ប៉ុន្តែ ខ្ញុំមិនទាន់ដឹងថា ថាតើគ្រប់ ឬ នៅនោះទេ។ ខ្ញុំកំពុងតែសិក្សាមើលថាតើ គម្របព្រៃឈើយើងសព្វថ្ងៃនេះមានប៉ុន្មានភាគរយហើយ។ តើយើងត្រូវពង្រីកប៉ុន្មាន។ ក្នុងរយៈពេល២៥ឆ្នាំហ្នឹង ត្រូវពង្រីកមួយឆ្នាំប៉ុន្មានៗ ដើម្បីឱ្យទទួលបានជោគជ័យមុនឆ្នាំ ២០៥០ ដូចដែលរាជរដ្ឋាភិបាលបានដាក់ចុះ»។
ថ្នាលបណ្តុះកូនឈើទី១ ដែលស្ថិតក្នុងភូមិ៤៤ ឃុំព្រះធាតុ ស្រុកអូរាំងឪនោះ មានសមត្ថភាពបណ្តុះកូនឈើបានជាង១លានដើមក្នុងមួយឆ្នាំ លើផ្ទៃដីជាង ៣ហិកតាដោយមានការគាំទ្រថវិកាពីកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) និងក្រុមហ៊ុន កូកា-កូឡា កម្ពុជា។ ថ្នាលនេះគឺស្ថិតក្នុងចំណោមថ្នាលចំនួន៥ ដែលក្រសួងមានទិសដៅរៀបចំបណ្តុះកូនឈើ។ ថ្នាល៤ផ្សេងទៀតមាននៅក្នុងខេត្តមណ្ឌលគិរី កំពង់ស្ពឺ កោះកុង និងសៀមរាប។
លោករដ្ឋមន្រ្តីថ្លែងដូច្នេះថា៖ «យើងអត់មានប្រើថវិកាក្រសួង ឬថវិការដ្ឋទេ គឺគាត់ជួយគាំទ្រយើងដើម្បីធ្វើយ៉ាងណា ជំរុញដំណើរការរបស់ក្រសួងបរិស្ថាន ឱ្យបានជោគជ័យ តាមគោលនយោបាយរបស់រាជរដ្ឋាភិបាល»។
លោកក៏បានឱ្យដឹងផងដែរថា ថ្នាលនៅកំពង់ស្ពឺអាចមានផ្ទៃដីរហូតដល់ទៅពី២០០ ទៅ ៣០០ហិកតា ដើម្បីបណ្តុះកូនឈើហើយយកទៅដាំនៅរាជធានីភ្នំពេញ និងតាមខេត្តផ្សេងៗ ដើម្បីបង្កើនភាពបៃតងស្រស់បំព្រងស្អាត និង មានបរិស្ថានល្អ។
លោកមានប្រសាសន៍ថា៖ «ថ្នាលបណ្តុះកូនឈើនេះរួមចំណែកដល់ការចូលរួមដាំដើមឈើឡើងវិញ សម្តៅកាត់បន្ថយការប្រែប្រួលអាកាសធាតុ និងធ្វើឱ្យកម្ពុជាមានភាពបៃតងស្រស់ស្អាត។ ការដាំដើមឈើក៏ជាការដាក់ទុនមួយផងដែរនៅក្នុងការទប់ស្កាត់ការប្រែប្រួលអាកាសធាតុ និង ការជំរុញការលើកកម្ពស់អព្យាក្រឹតកាបូន»។
តំណាងកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) នៅកម្ពុជា លោកស្រីAlissar Chaker បានលើកឡើងក្នុងឱកាសនោះថា គំនិតផ្តួចផ្តើមរួមគ្នានេះជួយពន្លឿនកិច្ចខិតខំប្រឹងប្រែងដែលកំពុងអនុវត្តក្រោមយុទ្ធសាស្ត្រស្តារព្រៃឈើជាតិឡើងវិញ ដែលមានគោលបំណងដាំដើមឈើចំនួន ១លានដើម ក៏ដូចជា អនុសាសន៍ក្នុងគោលនយោបាយការចូលរួមចំណែក ដើម្បីអនុវត្តអនុសញ្ញាក្របខណ្ឌសហប្រជាជាតិស្តីការប្រែប្រួលអាកាសធាតុ (NDC) និងគោលដៅអព្យាក្រឹតកាបូន។
លោកស្រីបន្តថា កន្លងមក UNDP បានគាំទ្ររាជរដ្ឋាភិបាលនិងក្រសួងបរិស្ថាន ក្នុងការបង្កើតគោលនយោបាយនិងក្របខណ្ឌសំខាន់ៗ សម្រាប់ការអនុវត្តរបៀបវារៈអាកាសធាតុរបស់ជាតិ និងបន្តការរួមចំណែក ចំពោះមហិច្ឆតាកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ និងការសម្រេចបានគម្របព្រៃឈើចំនួន ៦០ភាគរយនៅឆ្នាំ ២០៥០។
លោកស្រីបញ្ជាក់ថា៖ «ព្រៃឈើមានតម្លៃសេដ្ឋកិច្ច អេកូឡូស៊ី និងសង្គមដ៏អស្ចារ្យ។ ការដាំដើមឈើនិងការស្តារព្រៃឈើឡើងវិញ គឺជាចំណុចសំខាន់នៃរបៀបវារៈអាកាសធាតុ។ ការប្រមូលផ្តុំកាបូនកាត់បន្ថយការបញ្ចេញកាបូន និងកាត់បន្ថយការប្រែប្រួលអាកាសធាតុ»។
លោកស្រីសង្ឃឹមថា នៅដំណាច់ឆ្នាំនេះ នៅខេត្តទាំងបួនផ្សេងទៀត នឹងមានការរៀបចំបង្កើតថ្នាលបណ្តុះកូនឈើដូចនៅខេត្តត្បូងឃ្មុំនេះផងដែរ។
លោករដ្ឋមន្រ្តីក៏បានអំពាវនាវដល់ប្រជាពលរដ្ឋឱ្យរួមគ្នាដាំដើមឈើដាំឱ្យបានច្រើនក៏ដូចជា ជួយថែរក្សា និងកុំកាប់ដើមឈើ ដើម្បីទុកជាម្លប់និងខ្យល់សម្រាប់ដកដង្ហើមទាំងអស់គ្នា៕