ភ្នំពេញៈ ប៉ុស្តិ៍​ឆ្មាំ​បណ្តែត​មួយ​នឹង​ត្រូវ​ដាក់​ឱ្យ​ប្រើប្រាស់​នៅ​ក្នុង​រដូវទឹកស្រក​ខាង​មុខ​នេះ ដើម្បី​ចូលរួម​ពង្រឹង​ប្រសិទ្ធ​ភាព​នៃ​ការងារ​អភិរក្ស​សត្វ​ផ្សោត​ទន្លេ​មេងគង្គ​ក្នុង​ខេត្ត​ក្រចេះ។ នេះ​បើ​យោង​តាម​ លោក អ៊ុក វិបុល ប្រធាន​នាយកដ្ឋាន​អភិរក្ស​ជលផល​នៃ​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ 

លោក អ៊ុក វិបុល បាន​ឱ្យ​ដឹង​ថា ដើម្បី​ពង្រឹង​ប្រសិទ្ធ​ភាព​នៃ​ការងារ​អភិរក្ស​សត្វ​ផ្សោត ហេដ្ឋា​រចនាសម្ព័ន្ធ​មួយ​ចំនួន​កំពុង​តែ​ត្រូវ​បាន​សាង​សង់​ឡើង ជាពិសេស​គឺ ប៉ុស្តិ៍​បណ្តែទឹក សម្រាប់​ឆ្មាំ​ទន្លេ និង​ពោង​បណ្តែត​ទឹក​សម្រាប់​កំណត់​ទីតាំង។ ការ​សាង​សង់​ប៉ុស្តិ៍​បណ្តែត​ទឹក​នេះ គឺ​បន្ថែម​ទៅ​លើ​ប៉ុស្តិ៍​ល្បាត​នៅ​លើ​គោក​ ដែល​ឆ្មាំ​ទន្លេ​ត្រូវ​ជិះ​កាណូត ដើម្បី​ល្បាត​ការពារ​សត្វផ្សោត​នៅ​លើ​ផ្ទៃ​ទឹក​ដ៏ធំ។

លោក​បញ្ជាក់​ថា៖ «អញ្ជឹង​ហើយ យើង​ត្រូវ​ធ្វើ​បន្ថែម​នូវ​ប៉ុស្តិ៍​បណ្តែត​ទឹក ដើម្បី​យើង​អាច​ងាយ​ស្រួល អូស​ទៅ​ដាក់​នៅ​តាម​ទីតាំង​កណ្តាល ឬ​ក៏​តាម​កោះ​ ដែល​ងាយ​ស្រួល​តាម​ដាន​ការ​ប្រើប្រាស់​ឧបករណ៍​ពុំ​អនុញ្ញាត​ហ្នឹង​ប្របក​ដោយ​ប្រសិទ្ធភាព​ថែម​ទៀត»។

លោក​បន្ថែម​ថា នា​ពេល​បច្ចុប្បន្ន​នេះ ប៉ុស្តិ៍​បណ្តែត​មួយ​ត្រូវ​បាន​សាងសង់​រួច​រាល់ ហើយ​នៅ​ពេល​ទឹក​ស្រក ក្រុម​ការងារ​នឹង​យក​ប៉ុស្តិ៍​នោះ​ទៅ​ដាក់​ប្រើប្រាស់ ជាពិសេស​គឺ​នៅ​តំបន់​កាំពី។

ប៉ុស្តិ៍​បណ្តែត​នេះ ផ្នែក​ខាង​ក្រោម​ធ្វើឡើង​ពី​សាឡង់​មួយ ដែល​ចង​អម​ដោយ​ដើម​ឫស្សី​ជាច្រើន ដើម្បី​ទ្រ​លំនឹង​ផ្ទះ ហើយ​​តួ​ផ្ទះ​វិញ សាងសង់​ដោយ​ប្រើឈើ​ប្រក់​ស័ង្កសី។ ប៉ុស្តិ៍​អណ្តែត​ទឹក​មួយ​ទៀត​ក៏​នឹង​ត្រូវ​សាងសង់​ឡើង​ផងដែរ នៅ​ឆ្នាំ ២០២៥​ខាង​មុខ ដើម្បី​យក​ទៅ​ប្រើប្រាស់​នៅ​ក្នុង​ខេត្ត​ស្ទឹងត្រែង។

ក្រសួង​កសិកម្ម បាន​ឱ្យ​ដឹង​ថា ចំនួន​ផ្សោត​ទន្លេមេគង្គ​នៅ​កម្ពុជា​បាន​កើន​ឡើង​ដល់ ១០៥​ក្បាល​គិត​ត្រឹម​ខែ​មិថុនា​ឆ្នាំ​ ២០២៤ ​​នេះ ដែល​រួម​ទាំង​កូន​ផ្សោត​ដែល​កើត​ថ្មី​ចំនួន ៨​​ក្បាល​ផងដែរ។ ទោះ​យ៉ាង​ណា ផ្សោត ៣​ក្បាល​បាន​ងាប់​ទៅវិញ ដែល​ក្នុង​នោះ​ផ្សោត​ញី​ជំទង់​មួយ​ក្បាល​បាន​ងាប់ កាល​ពី​ខែ​សីហា​កន្លងមក​ នៅ​ក្បែរ​អន្លង់​កាំពី ក្នុង​ភូមិ​ជ្រោយ​បន្ទាយ ឃុំ​ជ្រោយ​បន្ទាយ ស្រុក​ព្រែក​ប្រសព្វ ខេត្ត​ក្រចេះ ដោយ​សារ​ជាប់​នឹង​មង​នេសាទ​ក្រឡា ១៥​សង់ទីម៉ែត្រ។ 

ក្រោយពី​មាន​ការ​ស្លាប់​ដោយ​ជាប់​មង​នេសាទ​ខុស​ច្បាប់​នេះ ក្រុម​ការងារ​របស់​ក្រសួង​កសិកម្ម​បាន​ជួបប្រជុំ​ពិភាក្សា ជាមួយ​មន្រ្តី​ខណ្ឌ​រដ្ឋបាល​ជលផល​ខេត្ត​ក្រចេះ​និង​ឆ្មាំ​ទន្លេ​ចំនួន ៤៤​រូប​កាល​ពី​សប្តាហ៍​មុន ដើម្បី​ពង្រឹង​វិធាន​ការការពារ​និង​អភិរក្ស​សត្វ​ផ្សោត​ទន្លេ​មេគង្គ​ឱ្យ​កាន់​តែ​មាន​ប្រសិទ្ធភាព​ខ្ពស់។

អនុរដ្ឋលេខាធិការ និង​ជា​អ្នក​នាំពាក្យ​ក្រសួង​កសិកម្ម កញ្ញា អ៊ឹម រចនា បាន​លើក​ឡើង​ក្នុង​ឱកាស​នោះ​ថា បើ​ទោះ​បី​ឆ្មាំ​ទន្លេ​បាន​ខិតខំ​លះបង់​អស់​កម្លាំង​កាយ​ចិត្ត ដើម្បី​បំពេញ​ការងារ​ដោយ​មិន​ខ្លាច​ការ​នឿយហត់ និង​ឆ្លាស់​វេន​គ្នា​ការពារ និង​ទប់​ស្កាត់​បទល្មើស​នេសាទ ២៤​ម៉ោង លើ ២៤​ម៉ោង ជា​រៀងរាល់​ថ្ងៃ យ៉ាង​ណា​ក៏​ដោយ ក៏ ការ​នេសាទ​ដោយ​​ប្រើ​មង​ក្រឡាធំ និង​ឧបករណ៍​ឆក់​នៅ​ក្នុង​ភូមិសាស្ត្រ​ខេត្ត​ក្រចេះ នៅតែ​មាន​ដែល​អាច​បង្ក​ហានិភ័យ​ដល់​អាយុ​ជីវិត​សត្វ​ផ្សោត។

លោក អ៊ុក វិបុល ដែល​បាន​ចូលរួម​ក្នុង​ជំនួប​នោះ​ក៏​បាន​ឱ្យ​ដឹង​ផងដែរ​ថា កិច្ច​ពិភាក្សា​នោះ​ក៏​ដើម្បី​ស្វែង​យល់​ពី​ការ​លំបាក​របស់​ឆ្មាំ​ទន្លេ ក្នុង​ការងារ​ទប់ស្កាត់​បទល្មើស​ហើយ​ស្វែង​រក​ដំណោះស្រាយ​ជូន​ពួកគាត់​ផងដែរ។

លោក​មាន​ប្រសាសន៍​ថា ការ​នេសាទ​ដោយ​ប្រើ​ឧបករណ៍​ខុសច្បាប់​នៅ​តែ​កើត​មាន​ឡើង ដោយសារ​តែ​ពលរដ្ឋ​មួយ​ចំនួន​លួច​ធ្វើ​សកម្មភាព​ពេលយប់។ លើស​ពី​នោះ មង​ដែល​ពួកគេ​លួច​ដាក់​គឺ​ពុំមាន​ប្រើ​កំសួល ហើយ​ដាក់​លិច​ទៅ​ក្នុង​ទឹក ដែល​មិន​អាច​មើល​ឃើញ​បាន​នោះ​ទេ។

លោក​ថ្លែង​ដូច្នេះ​ថា៖ «ភាគច្រើន​លួច​ដាក់​យប់ អញ្ជឹង​យើង​ត្រូវ​ប្រើ​វិធានការ ២៤​ម៉ោង​លើ ២៤​ម៉ោង​នៅ​តាម​ចំណុច​ស្នូល ជាពិសេស ​តំបន់​កាំពី​ដែល​មាន​ផ្សោត​ច្រើន​ជាងគេ។ ជន​ប្រព្រឹត្ត​ប្រើ​មង​ដាក់​ពន្លិច​ក្នុង​ទឹក​មិន​ឱ្យ​ឃើញ​ទេ ទាល់​តែ​ឆ្មាំ​យើង​ប្រើ​ចង្វារ​ខ្វារ​វា​មក​បាន​ដោយ»។

លោក ម៉ែន វណ្ណា នាយក​រដ្ឋបាល​ខេត្ត​ក្រចេះ​បាន​លើក​ឡើង​ថា អាជ្ញាធរ ក៏​ដូច​ជា​ឆ្មាំ​ទន្លេ​នៅតែ​បន្ត​ការងារ​អភិរក្ស​សត្វ​ផ្សោត។ ប៉ុន្តែ​ជន​មួយ​ចំនួន​តែងតែ​ឆក់​យក​ឱកាស​ប្រព្រឹត្ត​បទល្មើស ជាពិសេស នៅ​ទីតំាង​ភូមិសាស្រ្ត ដែល​មាន​ភាព​ស្មុគស្មាញ​និង​មាន​ថ្ម​ច្រើន​ជាដើម៕