សាលាដំបូងខេត្តព្រះសីហនុផ្ដន្ទាទោសបុរសជនជាតិចិនតៃវ៉ាន់ ១០នាក់ដាក់ពន្ធនាគារអស់មួយជីវិត ពាក់ព័ន្ធនឹងការផលិត រក្សាទុក និងជួញដូរដោយខុសច្បាប់នូវសារធាតុគីមីផ្សំទម្ងន់១៤តោននិងបទសម្អាតប្រាក់ បទប៉ុនប៉ងផលិតដោយខុសច្បាប់នូវសារធាតុញៀន ប្រព្រឹត្តនៅខេត្តព្រះសីហនុ កាលពីឆ្នាំ២០២២។
យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យសាលាដំបូងខេត្តព្រះសីហនុ ចុះថ្ងៃទី៩ ខែមករា ឆ្នាំ២០២៥ បុរសជនជាតិចិនតៃវ៉ាន់ទាំង១០នាក់រួមមានឈ្មោះ Lin Yang Hong, Li Chong Hui, Zhen Ming Jian, Tsai Yi Tsung, Chen Te Jen, Chen Wei Yu, Tsai Cheng Wen, Yu Wen Wu, Liao Cheng Wei និងឈ្មោះ Shen Yuan Lung។
តុលាការក៏បានកំណត់ពិន័យជាប្រាក់ម្នាក់ៗចំនួន ១០០លានរៀលផងដែរ និងបានបញ្ជាក់ថា គ្រឿងញៀនទាំងអស់ត្រូវបានបំផ្លាញចោលអស់ហើយ។
កាលពីខេកក្កដា ឆ្នាំ២០២២ កម្លាំងនៃមន្ទីរប្រឆាំងគ្រឿងញៀន បានបង្ក្រាបករណីនេះនៅទីតាំងពីរកន្លែងក្នុងខេត្តព្រះសីហនុ រួមមានទីតាំងទី១ ស្ថិតក្នុងភូមិ៣ សង្កាត់លេខ៣ និង ទីតាំងទី២ ស្ថិតនៅភូមិស្ទឹងឆាយខាងត្បូង ឃុំស្ទឹងឆាយ ស្រុកកំពង់សីលា។
ក្រៅពីសារធាតុគីមីនិងគីមីផ្សំជាង ១៤តោន សមត្ថកិច្ចក៏បានរឹបអូសវត្ថុប្រើប្រាស់សម្រាប់ផលិតគ្រឿងញៀនដូចជា ឆ្នាំងប្រតិកម្មចំនួន៥០គ្រឿង, កែវប្រតិកម្មចំនួន៧គ្រឿង, ម៉ាស៊ីនភ្លើងចំនួន៣គ្រឿង, ម៉ាស៊ីនប្រតិកម្មចំនួន៥គ្រឿង, ម៉ូទ័រក្រឡុកចំនួន១គ្រឿង, សំបកធុង២៩៨សំបក និងសម្ភារៈពាក់ព័ន្ធជាច្រើនទៀត។
ក្នុងករណីដាច់ដោយឡែកមួយទៀត សាលាដំបូងខេត្តព្រះសីហនុ កាលពីថ្ងៃទី៩ ខែមករា បានចោទប្រកាន់ជនជាតិចិនម្នាក់ឈ្មោះ Yang Li ពីបទ ផលិត ជួញដូរ និងរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀនទម្ងន់សរុប ៤៨គីឡូក្រាម ប្រព្រឹត្តនៅផ្ទះមួយកន្លែងក្នុងបុរីBSអូរ៥ ក្នុងភូមិ៥ សង្កាត់លេខ៤។
ករណីនេះត្រូវបានសមត្ថកិច្ចបង្ក្រាបកាលពីថ្ងៃទី២ ខែមករា ឆ្នាំ២០២៥។ ជនត្រូវចោទត្រូវបានបញ្ជូនទៅឃុំខ្លួននៅពន្ធនាគារខេត្តដើម្បីបន្តនីតិវិធី៕