
រដ្ឋមន្ត្រីក្រសួងកសិកម្ម និងប្រតិភូពីស្ថានទូតចិន សហភាពអឺរ៉ុប អង្គការស្បៀងនិងកសិកម្មនៃសហប្រជាជាតិ (FAO)ធ្វើទស្សនកិច្ចពិនិត្យការប្រមូលផលត្រីប្រហុក ក្នុងខេត្តកណ្តាល កាលពីថ្ងៃទី៩ ខែមករានេះ។ រូបថត រដ្ឋបាលជលផល
ភ្នំពេញៈ ការសន្និដ្ឋានបឋមបង្ហាញថា ផលត្រីទឹកសាបមានការកើនឡើងជាងឆ្នាំមុនប្រមាណ ១០ភាគរយ ដោយសារតែ មានការសហការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ ក្នុងការបង្ក្រាបបទល្មើសនេសាទ ប្រកបដោយភាពម៉ឺងម៉ាត់ ច្បាស់លាស់ និងមានប្រសិទ្ធភាពខ្ពស់។ នេះជាការលើកឡើង របស់ រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោកឌិត ទីណា។
ការលើកឡើងនេះ ត្រូវបានធ្វើឡើង ក្នុងពេលដែល លោករដ្ឋមន្ត្រី និងអគ្គរដ្ឋទូតចិន ក្រុមសហភាពអឺរ៉ុប និងអង្គការស្បៀងនិងកសិកម្មនៃសហប្រជាជាតិ (FAO) បានចុះទស្សនកិច្ចពិនិត្យការប្រមូលផលត្រីប្រហុកនៅដាយត្រីលេខ១៥ ស្ថិតក្នុងភូមិតាពៅ ឃុំកោះចិន ស្រុកពញាឮ ខេត្តកណ្តាល កាលពីថ្ងៃទី៩ ខែមករានេះ។
រដ្ឋមន្ត្រី បានសម្តែងនូវការសាទរជាខ្លាំងចំពោះផលត្រីក្នុងឆ្នាំនេះ ដែលអនុញ្ញាតឱ្យប្រជាពលរដ្ឋអាចទិញត្រីធ្វើប្រហុកបានកាន់តែច្រើន ក្នុងតម្លៃធូរថ្លៃ។
លោករដ្ឋមន្ត្រីមានប្រសាសន៍ថា៖«សមិទ្ធផលនេះមិនមែនកើតឡើង ដោយចៃដន្យទេ គឺជាកិច្ចខិតខំប្រឹងប្រែងក្នុងការគ្រប់គ្រង និងការដាក់ចេញនូវយុទ្ធសាស្រ្តការពារអភិរក្សធនធានជលផលបានត្រឹមត្រូវ ព្រមទាំងមានការចូលរួមអនុវត្តពីមន្រ្តីជំនាញជលផល កងកម្លាំងចម្រុះ សហគមន៍នេសាទ និងបងប្អូនប្រជានេសាទផងដែរ»។ ក្រសួងក៏កំពុងតែបន្តតាមដាន ពីទិន្នផលត្រីក្នុងឆ្នាំនេះទៀតផងដែរ។
យោងតាមរដ្ឋបាលជលផលបានឱ្យដឹងថា ការបង្ក្រាបបទល្មើសជលផលក្នុងឆ្នាំ២០២៤នេះ មានចំនួន៣ ១៩៤ករណី ក្នុងនោះ បទល្មើសសមុទ្រមាន១៤៨ករណី។ បើធៀបឆ្នាំ២០២៣ មានការកើន១៤០ករណី ដោយសារមានការចូលរួមពីកម្លាំងអន្តរាគមន៍ថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិ សហគមន៍នេសាទ និងមានការគាំទ្រពីមហាជនផងដែរ។

ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកប្រធានរដ្ឋបាលជលផល លោក ពុំ សុថា បានឱ្យដឹងថា ពលរដ្ឋមួយចំនួន ដែលធ្លាប់តែរិះគន់ និងមិនចូលរួមក្នុងការទប់ស្កាត់បទល្មើសនេសាទនាពេលកន្លងមកនោះ បានងាកមកគាំទ្រ និងរាយការណ៍ពីបទល្មើសនេសាទ ដល់មន្រ្តីជំនាញអនុវត្តច្បាប់វិញ។ នេះបានរួមចំណែក ទាំងក្នុងការទប់ស្កាត់បទល្មើសផង និងជួយធ្វើឱ្យទិន្នផលត្រីមានការកើនឡើងផងដែរ។
លោករដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់ដៃគូអភិវឌ្ឍនានា ដែលបានរួមចំណែកក្នុងការការពារធនធានជលផលក្នុងធម្មជាតិ សំដៅលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ និងផ្តល់នូវអាហារូបត្ថម្ភ ដែលមានជីវជាតិគ្រប់គ្រាន់។
លោកក៏បានអំពាវនាវដល់ប្រជានេសាទទាំងអស់ ត្រូវចូលរួមបន្តគោរពច្បាប់ជលផល ប្រើប្រាស់ឧបករណ៍ស្របច្បាប់ និងនេសាទតាមច្បាប់កំណត់ ដើម្បីធានានិរន្តរភាពធនធានជលផលក្នុងធម្មជាតិ៕