ភ្នំពេញៈ យ៉ាងហោចណាស់ មនុស្សចំនួន ១ ៥០៩នាក់ បានស្លាប់ ដោយសារតែគ្រោះថ្នាក់ចរាចរណ៍ ក្នុងឆ្នាំ២០២៤ ដែលបាន ថយ​ចុះចំនួន៨១នាក់ ស្មើនឹង៥ភាគរយ បើធៀបទៅនឹងឆ្នាំ២០២៣។ អ្នកជំនាញសុវត្ថិភាព​ចរាចរណ៍​បានជម្រុញ​ឱ្យ​ រឹត​បន្តឹង​ការ​អនុ​វត្ត​ច្បា​ប់ ប្រកបដោយតម្លាភាព អប់រំផ្សព្វផ្សាយ និងបង្កើនថវិការជាតិ ដើម្បីធានានូវនិរន្តរភាព នៃការធ្លាក់ចុះ​នេះ​ឱ្យ​បាន​យូរ​អង្វែង​។

អ្នកនាំពាក្យ ក្រសួងសាធារណការ និង​​ដឹកជញ្ជូន លោកផន រឹម បានឱ្យដឹងថាជាមធ្យមក្នុងមួយថ្ងៃៗ ក្នុងឆ្នាំ២០២៤ មាន​ជន​រង​គ្រោះ​ ដោយគ្រោះថ្នាក់ចរាចរណ៍ចំនួន ៤នាក់បានស្លាប់ ហើយមូលហេតុ ដែល​បណ្តាល​ឱ្យ​កើត​មាន​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវ​គោក​ទាំងនោះ ច្រើនជាងគេ គឺ កត្តាល្បឿន និងការមិនគោរពសិទ្ធិ។

គិតចាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ គ្រោះថ្នាក់ចរាចរណ៍​ផ្លូវគោកបានកើតមាន​ឡើងចំនួន ២ ៨៤៤ លើក ដែល​បណ្តាលឱ្យមានអ្នកស្លាប់ចំនួន ១ ៥០៩នាក់, របួសធ្ងន់ចំនួន ២ ២៧៣នាក់ និងរបួសស្រាល ១ ៤៤៧នាក់។ ដោយ​ឡែក អ្នក​ដែលមិនពាក់មួកសុវត្ថិភាពពេលមានគ្រោះថ្នាក់មានចំនួន ២ ៤៧៧នាក់។

បើប្រៀបធៀបគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកប្រចាំឆ្នាំ២០២៤ និងប្រចាំឆ្នាំ២០២៣ឃើញថា គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកនេះ​បាន​ថយ​ចុះ ៤៧៣លើក ស្មើនឹង ១៤ភាគរយ។ ក្នុងនោះ អ្នកស្លាប់ថយចុះចំនួន ៨១នាក់ ស្មើ ៥ ភាគរយ, អ្នករងរបួសធ្ងន់ ថយចុះ ៤៩៣​នាក់ ​​​ស្មើ​នឹង១៨ភាគរយ, អ្នករងរបួសស្រាល ថយចុះ ៣០២នាក់ ស្មើនឹង១៧ភាគរយ ហើយ អ្នកមិនពាក់មួកសុវត្ថិភាព​ពេល​មាន​គ្រោះ​ថ្នាក់​ថយចុះ ៥៩៦នាក់ ដែលស្មើនឹង១៩ភាគរយផងដែរ។

លោកបានបញ្ជាក់ថា មូលហេតុនៃគ្រោះថ្នាក់ចរាចរណ៍ទាំងនេះរួមមាន កត្តាល្បឿនចំនួន១ ១៥៦លើក ស្មើនឹង ៤០,៦ភាគរយ, ការ​មិនគោរពសិទ្ធិ៦៤៩លើក ស្មើនឹង ២៣ភាគរយ, ការមិនប្រកាន់ស្តាំ ២៦៨លើក ស្មើនឹង ៩,៤ភាគរយ និងការបត់ក្នុង​ស្ថាន​ភាព​គ្រោះ​ថ្នាក់ ២២១លើក ស្មើនឹង ៨ភាគរយផងដែរ។ 

ក្រៅពីនោះ មានកត្តារួមផ្សំផ្សេងទៀត ដូចជា ការប្រជែង ក្នុង​ស្ថាន​ភាព​គ្រោះថ្នាក់ ២១៥​​​លើក ស្មើនឹង ៧,៦ភាគរយ, កត្តាយានយន្ត ១១៤លើក ស្មើនឹង ៤ ភាគរយ និងកត្តាបើកបរក្នុង​ស្ថាន​ភាព​ស្រវឹងចំនួន១០៥​លើក ស្មើនឹង ៣,៧ភាគរយជាដើម។ 

នាយក​ប្រចាំ​ប្រទេស​នៃ​អង្គការ​មូលនិធិ​បង្ការ​របួស​អាស៊ី(AIP) លោកគឹម បញ្ញាបានយល់ឃើញថា ការធ្លាក់ចុះនេះ ជារឿង​វិជ្ជ​មាន​និងល្អមួយ សម្រាប់ការខិតខំរបស់កម្ពុជា ក្នុងការបង្ការ និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍នៅកម្ពុជា។

លោកថ្លែងដូច្នេះថា៖«ពិតមែនតែតួលេខទាំងស្លាប់ ទាំងរបួសនេះ នៅច្រើននៅឡើយ តែវាបង្ហាញពីនិន្នាការ ថយចុះលក្ខណៈវិជ្ជមាន ពី​មួយឆ្នាំទៅមួយឆ្នាំ។ នេះជាអ្វី ដែលកម្ពុជាយើង ក៏ដូចជាអង្គការសង្គមស៊ីវិល ចង់បាន ចង់ឃើញថា ពីមួយឆ្នាំទៅមួយឆ្នាំ ​ករណី​អ្នក​ស្លាប់ អ្នករងរបួស មានការធ្លាក់ចុះជាបន្តបន្ទាប់»។

លោកបានធ្វើការកត់សម្គាល់ថា កាលពីឆ្នាំ២០១៩ គ្រោះថ្នាក់ចរាចរណ៍មានការកើនឡើងខ្ពស់វិញ បន្ទាប់ពីកម្ពុជា​បានទទួល​ជោគ​ជ័យ​ក្នុង​ឆ្នាំ២០១៦, ២០១៧ និងឆ្នាំ២០១៨។ នៅក្នុងឆ្នាំ២០២០ និង២០២១ កម្ពុជាបានខិតខំធ្វើការលើបញ្ហាចរាចរណ៍នេះ ដែល ធ្វើ​ឱ្យវាធ្លាក់ចុះ តែដល់ឆ្នាំ២០២២ វាបានកើនឡើងវិញ។ ទោះយ៉ាងណា ក្នុងឆ្នាំ២០២៣ និង២០២៤ វាថយចុះវិញ ហើយ​ប្រៀប​ធៀបគ្នា ឃើញថា ​វាកាន់តែធ្លាក់ចុះទៅទៀត។ លើសពីនោះ បើធៀប គ្រោះថ្នាក់ឆ្នាំ២០២៣ ទៅនឹង២០២២ ក៏កាន់តែធ្លាក់ចុះដែរ ដែលនេះ «ជារឿងល្អមួយ»។ 

លោកជឿជាក់ថា បើកម្ពុជាខិតខំលើការងារនេះ ជាងនេះបន្ថែមទៀត តាមរយៈអនុវត្តនូវវិធានការណ៍សំខាន់ៗមួយចំនួន នោះ​កម្ពុជា​នឹងអាចបង្ការ ក៏ដូចជាកាត់បន្ថយ ចំនួនអ្នកស្លាប់ អ្នករងរបួស ដោយ​សារ​តែគ្រោះ​ថ្នាក់​ចរាច​រណ៍​បាន​កា​ន់តែ​ច្រើនបន្ថែម​ទៀត ជា​ពិ​សេសគឺឈានទៅសម្រេចបាន នូវគោលដៅរបស់កម្ពុជា ដែលកំណត់ថា នៅក្នុងឆ្នាំ២០៣០ ឱ្យមានអ្នកស្លាប់ច្រើនបំផុត ត្រឹម ១ ២២៩នាក់ប៉ុណ្ណោះ។

មន្រ្តីចុះពិនិត្យស្ថានភាពចរាចរណ៍ នៅមហាវិថីសម្តេចតេជោ ៦០ម ដើម្បីគូសគំនូសចរាចរណ៍ និងបំពាក់បរិក្ខារសុវត្ថិភាពចរាចរណ៍បន្ថែមទៀត ក្នុងទិសដៅកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ និងបង្កើនសុវត្ថិភាពការធ្វើដំណើររបស់ប្រជាពលរដ្ឋ។ រូបថត ក្រសួងសាធារណការ

លោកថ្លែងដូច្នេះថា៖«ពិតមែនតែចំនួនជាង១ពាន់ នៅតែតួលេខច្រើន ប៉ុន្តែ បើយើងខិតខំបានទៅដល់នោះ នោះ​ជារឿង​វិជ្ជ​មាន​មួយ​ល្អណាស់ ដែលយើងកាត់បន្ថយ ហានិភ័យទុក្ខសោក សោកនាដកម្ម ផលប៉ះពាល់ និងផលលំបាកផ្សេងៗកើតមានលើជនរងគ្រោះ គ្រួសារជនរងគ្រោះ ក៏ដូចជាការខាតបង់របស់ប្រទេសជាតិរបស់យើង»។

ការអនុវត្តនូវវិធានការណ៍សំខាន់ៗ ដែលលោកបានលើកឡើងនោះ គឺវិធានការច្បាប់។ វិធានការ នៃការអនុវត្តច្បាប់នេះ  ជា​រឿងសំខាន់ ដែលចាំបាច់ត្រូវតែធ្វើ ឱ្យបានម៉ឺងម៉ាត់ ទូលំទូលាយ ស្មើភាព និងតម្លាភាព ទាំងថ្ងៃ ទាំងយប់ ហើយ​ផ្តោត​លើ​កត្តា​ហានិភ័យ ដែលបង្កឱ្យមានគ្រោះថ្នាក់ចរាចរណ៍។

លោកបន្តថា វិធានការណ៍មួយទៀត គឺ ត្រូវជំរុញការអប់រំផ្សព្វផ្សាយ នៅតាមគ្រឹះស្ថានអប់រំ ចាប់ពីកុមារភាព ឡើងទៅ ដើម្បី ប​ណ្តុះ​ទម្លាប់ បណ្តុះទំពាំង ឱ្យមានឥរិយាបថវិជ្ជមាន។ 

លោកជឿជាក់ថា៖«បើធ្វើបែបនេះ បានឱ្យជាប់លាប់ និងទូលំទូលាយ នោះស្ថានភាពកាន់តែប្រសើរក្នុងរង្វង់ ពី១០ ទៅ២០ ឬ​៣០​ឆ្នាំ​ទៅ​មុខ និងបន្តបន្ទាប់ទៀត»។ 

បន្ថែមពីនេះ កម្ពុជា ក៏គួរតែពិនិត្យលទ្ធភាព ក្នុងការឆ្លើយតប​ ចំពោះបញ្ហា អ្នកជិះម៉ូតូ ដែលកំពុងតែប្រឈម ព្រោះថា​ក្នុង​ចំណោ​ម​អ្ន​កស្លា​ប់ទាំងនោះ អ្នកជិះម៉ូតូមានច្រើន គឺក្នុងរង្វ់ពី៧០ទៅ ៨០ភាគរយ។ 

លោកសង្កេតឃើញថា៖«អ្នកស្លាប់ ឬរបួសមួយចំនួនធំ មិនបានពាក់មួកសុវត្ថិភាពទេ។ ចំពោះអ្នកជិះម៉ូតូ កត្តា​ចំប​ងត្រូ​វរឹ​តបន្តឹង​ការ​ពាក់មួកសុវត្ថិភាពក្នុងចំណោមពួកគាត់ ទាំងអ្នកបើកបរ អ្នករួមដំណើរ និងកុមារ។ នាពេលបច្ចុប្បន្ន អត្រានៃការពាក់មួក នៅ​មាន​កម្រិត​នៅឡើយ ជាពិសេស នៅពេលយប់។ អ្នករួមដំណើរពីក្រោយ ទាំងពេលថ្ងៃ និងពេលយប់ ជាពិសេសគឺកុមារ អត្រា​នៃកា​រពាក់មួ​ក នៅមានកម្រិតទាបខ្លាំង ជាពិសេស នៅតាមបណ្តាខេត្ត»។ 

លោកបានផ្តល់ជាយោបល់ថា ចំពោះអ្នកជិះម៉ូតូ គួរតែផ្តល់ការបណ្តុះបណ្តាលបច្ចេកទេស នៃការបើកបរម៉ូតូដល់ពួកគាត់។ បើ​អាច​ គឺត្រូវជម្រុញឱ្យមានការកំណត់ឡើងវិញ ដែលឱ្យអ្នកបើកបរម៉ូតូ មានទំហំស៊ីឡាំង ១២៥​សង់ទី​ម៉ែត្រ​គូបចុះ​ក្រោម ​ត្រូវ​មាន​បណ្ណបើកបរ។ ប៉ុន្តែ ប្រសិនបើ មិនទាន់អាចធ្វើទៅបាននោះទេ យ៉ាងហោចណាស់ ក៏ត្រូវជម្រុញឱ្យមានការបណ្តុះបណ្តាល​ប​ច្ចេក​ទេសក្នុងការបើកបរម៉ូតូ ទៅដល់ក្រុមគោលដៅ ដែលងាយរងគ្រោះ ដូចជាកម្មករ កសិករ និងសិស្សានុសិស្ស ដែល​ជាអ​នា​គត​សសរ​ទ្រូងរបស់ប្រទេសជាតិ។ 

លោកបន្ថែមដូច្នេះថា៖«ចំណុចផ្សេងទៀត​ ដែលយើងគួរពិនិត្យលទ្ធផល ក្នុងការធ្វើ ដើម្បីបន្ថយចំនួនអ្នកស្លាប់ និងអ្នករងរបួស ឱ្យ​បាន​កាន់តែច្រើន និងធានានូវនិរន្តរភាព នៃការធ្លាក់ចុះចំនួនស្លាប់ និងរបួសឱ្យបានយូរអង្វែងជាបន្តបន្ទាប់នោះ យើងត្រូវកែលម្អ ល​ក្ខ​ខណ្ឌសុវត្ថិភាពផ្លូវ បំពាក់ផ្លាកសញ្ញា ធ្វើខឿនបែងចែកទ្រូវផ្លូវ​នៅតាមផ្លូវជាតិ ពិនិត្យមើលសុវត្ថិភាពយានយន្ត ការឆៀកជាដើម»។

ក្រៅពីនោះ ការលើកទឹកចិត្តឱ្យមានការនាំចូលរថយន្ត ដែលផ្តល់ប្រព័ន្ធសុវត្ថិភាពខ្ពស់ និងការផ្តល់ជំនួយបឋមដល់ជនរងគ្រោះ ក៏​ជា​រឿងសំខាន់ផងដែរ។ ប៉ុន្តែសកម្មភាពទាំងអស់នេះ ក៏វាអាស្រ័យទៅលើថវិការផងដែរ ហើយបើតាមផែនការ សកម្ម​ភាព​ជាតិ​សុវ​ត្ថិ​ភាពចរាចរណ៍ផ្លូវគោក១០ឆ្នាំ កម្ពុជាមានតម្រូវការថវិការ រហូតដល់ជាង១២០លានដុល្លារ។ 

លោកយល់ឃើញថា៖«ផែនការរបស់យើងល្អណាស់ ប៉ុន្តែបញ្ហាចំបងគឺ យើងខ្វះថវិការដើម្បី អនុវត្តនូវផែនការសកម្មភាពហ្នឹង អញ្ជឹង​​ហើយខ្ញុំសំណូមពរដល់ស្ថាប័នរដ្ឋាភិបាល សូមបង្កើនការវិនិយោគ បន្ថែមថវិការ លើការងារសុវត្ថិភាពចរាចរណ៍ ដូច​វិ​ស័យ​ផ្សេ​ងៗ​ទៀ​តដែ​រ»។ 

ទន្ទឹមនឹងនេះ ក៏សូមពិចារណា រកការគាំទ្រឱ្យបានខ្លាំងពីវិស័យឯកជន ដៃគូអភិវឌ្ឍន៍ ឬអាចបង្កើតជាមូលនិធិ លើក​កម្ព​ស់​សុវត្ថិភាពចរាចរណ៍ ដោយជម្រុញឱ្យសប្បុរសជន វិស័យឯកជន និងដៃគូអភិវឌ្ឍន៍ចូលរួម ដើម្បី យក​ថវិកា​រ​ទៅ​អនុវត្តនូវ​ផែន​ការ​សកម្មភាពរយៈពេល១០ឆ្នាំនេះ។

ម្យ៉ាងវិញទៀត ការជម្រុញឱ្យស្ថាប័នអង្គភាព គ្រឹះស្ថានសិក្សា ឬរោងចក្រ សហគ្រាស មានគោលនយោបាយ ឬបទបញ្ជាផ្ទៃក្នុងស្តីពី សុវត្ថិភាពចរាចរណ៍ផ្លូវគោក ក៏ជាកត្តាចាំបាច់ផងដែរ។ ដែលនេះជួយ​បន្ថែម​ទៅ​លើ​កិច្ច​ខិត​ខំប្រឹង​ប្រែង​របស់​នគរបាលចរាចរណ៍ ដែល​អនុវត្តនៅលើដងផ្លូវ។ 

លោកបានលើកឡើងថា បទពិសោធន៍ ដែលអង្គការបានធ្វើកន្លងមក នៅពេលដែលស្ថាប័នមួយមានគោលនយោបាយ បទ​បញ្ជា​ផ្ទៃនេះ ឃើញថា ការកើនឡើង នូវចំណេះដឹង និងមានការផ្លាស់ប្តូរឥរិយាបថនៅក្នុងចំណោមកម្មករ និយោជិករបស់ខ្លួន។ ​ជាល​ទ្ធផល វាបានរួមចំណែកនៅក្នុងការបង្ការ គ្រោះថ្នាកចរាចរណ៍។ 

លោកបញ្ជាក់ថា៖«យើងបានធ្វើជោគជ័យនៅតាមបណ្តារោងចក្រមួយចំនួន ហើយយើងកំពុងតែខិតខំ ដើម្បីជម្រុញវាឱ្យទៅជា​ការ​អនុ​វត្ត​ជាទូទៅលើគ្រប់រោងចក្រសហគ្រាសទាំងអស់ ក៏ដូចជានៅតាមគ្រឹះស្ថានសិក្សាផងដែរ»។

ទាក់ទងទៅនឹងបញ្ហាចរាចរណ៍នេះដែរ រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន លោកប៉េង ពោធិ៍នា និង អភិបាល​រាជធានី​ភ្នំ​ពេញ លោកឃួង ស្រេង បានចុះពិនិត្យមើលស្ថានភាពចរាចរណ៍មហាវិថីសម្តេចតេជោ ៦០ម ក្នុងខណ្ឌដង្កោ រាជធានីភ្នំពេញ នាថ្ងៃអាទិត្យទី១២ ខែមករានេះ ក្រោយ​ពី​មានករណីគ្រោះ​ថ្នាក់ច​រាចរណ៍​បាន​សម្លាប់​​តា​រា​​ចម្រៀងរ៉េបម្នាក់ និង មួយ​ករណី​ទៀត​បាន​សម្លាប់​មនុស្សមួយគ្រួសារ មានឪពុក និងកូនតួចៗ២នាក់ កាលពី​ពេល​ថ្មីៗ​នេះ​។

ក្រសួងសាធារណការបានឱ្យដឹងថា ការចុះទៅពិនិត្យនេះ គឺដើម្បីគូសគំនូសចរាចរណ៍ និង​បំពាក់​បរិក្ខារសុវត្ថិភាព​ចរាចរណ៍​បន្ថែម​ទៀត ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ដែលអាចកើតមានជាយថាហេតុ ព្រម​ទាំងប​ង្កើនសុវ​ត្ថិភា​ព​ការ​ធ្វើ​ដំណើ​ររ​ប​ស់ប្រ​ជាព​ល​រដ្ឋ។

ក្រៅពីនោះ ថ្នាក់ដឹកនាំ និងគណៈកម្មាធិការសុវត្ថិភាពចរាចរណ៍ផ្លូវគោក ក៏បានចុះណែនាំ អប់រំផ្សព្វផ្សាយ​អំពីច្បាប់​ចរាចរណ៍ផ្លូវ​គោក​លើ​ដងផ្លូវនេះ ព្រមទាំងចែកមួកសុវត្ថិភាពដល់អ្នកធ្វើដំណើរ ដើម្បីធ្វើឱ្យប្រសើរឡើងការធ្វើចរាចរណ៍ និងបញ្ជៀស​គ្រោះថ្នាក់ផ្សេងៗ​ដែល​កើតឡើងជាយថាហេតុផងដែរ។

ក្រសួងសាធារណការ បានអំពាវនាវដល់ប្រជាពលរដ្ឋធ្វើដំណើរតាមផ្លូវ មេត្តាចូលរួមគោរពច្បាប់ចរាចរណ៍ ពាក់មួកសុវត្ថិ​ភាព​ពេល​បើកបរម៉ូតូ ពាក់ខ្សែក្រវាត់ពេលបើកបររថយន្ត និងកុំបើកបរបញ្ច្រាសផ្លូវ និងលើសល្បឿនកំណត់ ដើម្បីបង្ការគ្រោះថ្នាក់ចរាចរណ៍ ក៏​ដូចជាចូលរួមចំណែកកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ផងដែរ៕