ភ្នំពេញ៖ យុវតីកម្ពុជាដ៏មានមហិច្ឆតា កញ្ញា ហ៊ុត ម៉ីឡាង និស្សិតមកពីសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ (AUPP) ត្រូវបានជ្រើសរើសជាទូតសុឆន្ទៈពិភពលោកមួយរូបក្នុងចំណោមទូតសុឆន្ទៈទាំង ១២នាក់ក្នុងកម្មវិធីគា្រប់ពូជនាពេលអនាគត (Seeds for the Future) ឆ្នាំ២០២៥ ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក។
ការជ្រើសរើសនេះគឺជាសមិទ្ធផលដ៏សំខាន់មួយ ដោយយុវតីរូបនេះក្លាយជាទូតសុឆន្ទៈមួយរូបក្នុងចំណោមពីររូបប្រចាំតំបន់អាស៊ាន។
កម្មវិធី Seeds for the Future ដែលផ្តល់សិទ្ធិអំណាចដល់អ្នកដឹកនាំវ័យក្មេងពីបណ្តាញអតីតនិស្សិតសកលរបស់ក្រុមហ៊ុន Huawei ត្រូវបានរៀបចំឡើងដើម្បីជំរុញការបង្កើតថ្មី ឌីជីថលភាវូបនីយកម្ម និងសហគ្រិនភាពប្រកបដោយនិរន្តរភាព។
ជារៀងរាល់ឆ្នាំ បេក្ខជនមកពីជុំវិញពិភពលោកត្រូវបានជ្រើសរើសឱ្យធ្វើជាទូតសុឆន្ទៈពិភពលោកនេះ ដែលបន្ទាប់មកតំណាងឱ្យយុវជនក្នុងកម្មវិធីនៅលើឆាកអន្តរជាតិ។
ក្នុងនាមជាទូតសុឆន្ទៈពិភពលោក កញ្ញា ម៉ីឡាង បានបង្ហាញពីឥទ្ធិពលដែលកំពុងកើនឡើងរបស់យុវជនកម្ពុជាក្នុងសេដ្ឋកិច្ចឌីជីថលពិភពលោក។
នៅពេលសួរថាហេតុអ្វីបានជាកញ្ញាសម្រេចចិត្តចូលរួមក្នុងកម្មវិធី Seeds for the Future នោះ កញ្ញា ម៉ីឡាង បានពន្យល់ថា កម្មវិធីនេះស្របតាមគោលដៅផ្ទាល់ខ្លួនរបស់កញ្ញា។
កញ្ញាបានឱ្យដឹងថា៖ «ខ្ញុំយលើឃើញថានេះជាឱកាសល្អមួយក្នុងការអភិវឌ្ឍសមត្ថភាពផ្ទាល់ខ្លួនដូចជាការចូលរួមផ្លាស់ចំណេះដឹង វប្បធម៌ជាមួយប្រទេសដទៃ និងការសិក្សារៀនសូត្របន្ថែមទាក់ទងនឹងបច្ចេកវិទ្យានិងបដិវត្តឌីជីថលជាដើម។ អ្វីដែលកាន់តែជំរុញនាងខ្ញុំទៀតនោះគឺជាឱកាសក្នុងការតំណាងឱ្យកម្ពុជានិងនាំកម្ពុជាទៅលើឆាកអន្តរជាតិដោយនាងខ្ញុំចង់បង្ហាញពីសក្តានុពលនៃយុវជនរបស់ប្រទេសយើងទៅកាន់ពិភពលោកផងដែរ»។
សម្រាប់យុវតី ម៉ីឡាង ការធ្វើជាតំណាងឱ្យប្រទេសជាតិពិតជាមានសារៈសំខាន់ណាស់។ កញ្ញាចង់បង្ហាញពីសក្ដានុពលរបស់យុវជនរបស់កម្ពុជាទៅកាន់ពិភពលោក និងបង្ហាញពីទេពកោសល្យដែលមិនធ្លាប់មាននៅក្នុងព្រះរាជាណាចក្រកម្ពុជា។
មហិច្ឆតានេះ រួមជាមួយនឹងការអភិវឌ្ឍវិស័យបច្ចេកវិទ្យា ដែលបាននាំឱ្យកញ្ញាចូលរួមក្នុងដំណើរការជ្រើសរើសជាតិដ៏តឹងរ៉ឹង ដែលទីបំផុតបានក្លាយជាទូតសុឆន្ទៈសម្រាប់អនាគត។
ការបោះជំហានក្លាយទៅជាទូតសុឆន្ទៈពិភពលោក
ច្បាស់ណាស់ វាមិនងាយស្រួលទេ។ ទីមួយ កញ្ញា ម៉ីឡាង ត្រូវឆ្លងកាត់ដំណើរការជ្រើសរើសជាតិ ដែលបេក្ខជនកម្ពុជាចំនួនប្រាំមួយរូបត្រូវបានជ្រើសរើសឱ្យធ្វើជាតំណាងប្រទេស។
ដំណើរការនេះ រួមមានការចូលរួមក្នុងវគ្គសិក្សាជាមួយអ្នកជំនាញផ្នែកបច្ចេកវិទ្យា និងអាជីវកម្ម បន្ទាប់មកមានកម្មសិក្សានៅកម្មវិធី Tech4Good របស់ក្រុមហ៊ុន Huawei នៅទីក្រុង Shenzhen ប្រទេសចិន។
បទពិសោធន៍ទាំងនេះបានផ្តល់ឱ្យយុវតីនូវការយល់ដឹងកាន់តែស៊ីជម្រៅអំពីសក្តានុពលផ្លាស់ប្តូរនៃបច្ចេកវិទ្យា និងការច្នៃប្រឌិត។
បន្ទាប់ពីបញ្ចប់កម្មវិធីដំបូង កញ្ញា ម៉ីឡាង រួមជាមួយនឹងបេក្ខភាពផ្សេងទៀត បានទទួលសិទ្ធិចូលរួមប្រកួតប្រជែងជាទូតសុឆន្ទៈពិភពលោក។
ដើម្បីដាក់ពាក្យ កញ្ញាបានបំពេញឯកសារចាំបាច់ និងបានឆ្លងកាត់ការសម្ភាសន៍ជាបន្តបន្ទាប់។ បន្ទាប់ពីការជ្រើសរើសបឋម ដំណាក់កាលបោះឆ្នោតសាធារណៈមួយត្រូវបានរៀបចំឡើង ដោយកញ្ញា ម៉ីឡាង ទទួលសំឡេងគាំទ្រជាង ៧៥០០។
កញ្ញានិយាយថា៖ «ខ្ញុំពិតជាមានកិត្តិយសណាស់ដែលត្រូវបានជ្រើសរើសសម្រាប់តួនាទីដ៏អស្ចារ្យនេះ។ សមិទ្ធផលនេះនឹងមិនអាចទៅរួចនោះទេ ប្រសិនបើគ្មានការគាំទ្រពីក្រុមគ្រួសារ មិត្តភក្តិដ៏អស្ចារ្យរបស់ខ្ញុំ AUPP ក្រុមហ៊ុន Huawei Cambodia និងអ្នកបោះឆ្នោតទាំងអស់គ្នា»។
តើយុវតី ហ៊ុត ម៉ីឡាង នឹងត្រូវធ្វើអ្វី?
ក្នុងនាមជាទូតសុឆន្ទៈពិភពលោក តួនាទីរបស់កញ្ញា ម៉ីឡាង ពាក់ព័ន្ធនឹងការទទួលខុសត្រូវភារកិច្ចផ្សេងៗ។ បេសកកម្មរបស់កញ្ញាគឺតំណាងឱ្យយុវជននៃតំបន់អាស៊ីប៉ាស៊ីហ្វិក ដឹកនាំ និងចូលរួមក្នុងការងារសហគមន៍ ចែករំលែកចំណេះដឹងនៅក្នុងព្រឹត្តិការណ៍អន្តរជាតិ និងជំរុញទំនាក់ទំនងជាមួយទូតសុឆន្ទៈមកពីតំបន់ផ្សេងទៀត។
ការងាររបស់យុវតីនឹងផ្តោតលើការលើកកម្ពស់ការផ្លាស់ប្តូរឌីជីថលទូទាំងពិភពលោក ជាពិសេសក្នុងនាមជាអ្នកតំណាងយុវជននៃកម្មវិធី Seeds for Future។
កញ្ញា ម៉ីឡាង បានប្រាប់ភ្នំពេញប៉ុស្តិ៍ថា៖ «នាងខ្ញុំសង្ឃឹមថា តាមរយៈតំណែងជា Global Ambassador នាងខ្ញុំនឹងអាចពាំនាំនូវវប្បធម៌ អរិយធម៌របស់ព្រះរាជាណាចក្រកម្ពុជា ជាពិសេសសមត្ថភាពយុវជនខ្មែរទៅបង្ហាញដល់ក្រុម Global Ambassador មកពី ១២ ប្រទេសដទៃទៀត»។
យុវតីកម្ពុជានឹងក្លាយជាផ្នែកមួយនៃបណ្តាញសាកលនៃមេដឹកនាំវ័យក្មេងមកពីប្រទេសចំនួន ១២ រួមមាន ឡាវ អៀរឡង់ តួកគី ប្រេស៊ីល ម៉ិកស៊ិក ប៉ាគីស្ថាន អាហ្សែបៃហ្សង់ អេត្យូពី អាល់ហ្សេរី តង់ហ្សានី និងអាហ្វ្រិកខាងត្បូង។
ជាមួយគ្នា ពួកគេនឹងសហការគ្នាលើគំនិតផ្តួចផ្តើមក្នុងគោលបំណងជំរុញការអភិវឌ្ឍន៍ឌីជីថល និងនិរន្តរភាពទូទាំងពិភពលោក។
មោទនភាពសម្រាប់កម្ពុជា
ការទទួលស្គាល់នេះមិនមែនគ្រាន់តែជាជ័យជំនះផ្ទាល់ខ្លួនសម្រាប់កញ្ញា ម៉ីឡាង ប៉ុណ្ណោះទេ ប៉ុន្តែក៏ជាសមិទ្ធផលដ៏សំខាន់សម្រាប់ប្រទេសកម្ពុជាផងដែរ។
កញ្ញាក៏បានសរសេរសារអរគុណពិសេសចំពោះលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ដែលបានចែករំលែកភាពជោគជ័យនេះនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់លោកថា៖ «ក្នុងនាមខ្ញុំជាទូតសុឆន្ទៈពិភពលោកនៃកម្មវិធីគ្រាប់ពូជដើម្បីអនាគត Huawei Seeds for the Future និងជានិស្សិតកម្ពុជាមួយរូប នាងខ្ញុំសូមប្តេជ្ញាខិតខំឱ្យអស់ពីសមត្ថភាពដើម្បីបំពេញតួនាទីនេះឱ្យបានល្អក្នុងការតំណាងឱ្យកម្ពុជានៅលើឆាកអន្តរជាតិ និងដើម្បីបង្ហាញពិភពលោកថា “ខ្មែរធ្វើបាន”»។
ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ (ក.ប.ទ) បានសម្តែងនូវមោទនៈភាពចំពោះការជ្រើសរើសរបស់យុវតីកម្ពុជា ដោយបានអបអរសាទរកញ្ញាដែលត្រូវបានជ្រើសរើសជាទូតសុឆន្ទៈប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក។
យោងតាមក្រសួង (ក.ប.ទ) បានឱ្យដឹងថា៖ «កញ្ញា ហ៊ុត ម៉ីឡាង ជាអតីតសិស្សនិទ្ទេស A នៃឆ្នាំសិក្សា ២០២២ ហើយបានទទួលអាហារូបករណ៍ ១០០ភាគរយ សិក្សានៅសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ»។
យុវតីធ្លាប់បានចូលរួមកិច្ចការសង្គម កម្មវិធីបណ្ដុះបណ្ដាល និងកម្មវិធីប្រកួតប្រជែងជាច្រើនតាំងពីកម្រិតវិទ្យាល័យមកទល់នឹងបច្ចុប្បន្ន រួមមាន មេដាយមាស កម្រិតមធ្យមសិក្សាទុតិយភូមិ ក្នុងការប្រកួតប្រជែងផ្នែកផែនដីវិទ្យាឆ្នាំ២០២១ រៀបចំដោយ ក្លឹបធរណីវិទ្យាកម្ពុជា និងជ័យលាភីលេខ១ ក្នុងការប្រកួត Faulkner Challenge Championship ឆ្នាំ២០២៤ រៀបចំដោយសាកលវិទ្យាល័យរដ្ឋហ្វតហេយស៍ របស់សហរដ្ឋអាម៉េរិក ជាដើម។
អនាគតពោរពេញដោយសក្តានុពល
ក្នុងនាមជាទូតឆន្ទៈពិភពលោកសម្រាប់កម្មវិធី Seeds for the Future កញ្ញា ម៉ីឡាង ត្រៀមខ្លួនជាស្រេចដើម្បីក្លាយជាអ្នកតស៊ូមតិដ៏មានឥទ្ធិពលសម្រាប់ការផ្តល់អំណាចឌីជីថលដល់យុវជននៅទូទាំងពិភពលោក។
ដំណើររបស់យុវតី ពីនិស្សិតក្នុងប្រទេសកម្ពុជា ទៅជាអ្នកដឹកនាំដែលទទួលស្គាល់ជាសាកល បង្ហាញពីសក្តានុពលផ្ទាល់ខ្លួន និងឥទ្ធិពលដែលកំពុងកើនឡើងរបស់យុវជនកម្ពុជានៅលើឆាកពិភពលោក។
ជាមួយនឹងការប្តេជ្ញាចិត្តឥតងាករេក្នុងការជំរុញការផ្លាស់ប្តូរឌីជីថល និងការអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព កញ្ញា ម៉ីឡាង បានបំផុសគំនិតយុវជនផ្សេងទៀត។
កញ្ញាបានប្រាប់ភ្នំពេញប៉ុស្ដិ៍ថា៖ «ខ្ញុំមានបេសកកម្មជាតំណាងយុវជនតំបន់អាស៊ីប៉ាស៊ីហ្វិក ក្នុងការដឹកនាំនិងចូលរួមកិច្ចការសហគមន៍ ចែករំលែកចំណេះដឹងក្នុងព្រឹត្តិការណ៍ឬវេទិកាអន្តរជាតិ និងជំរុញទំនាក់ទំនងជាមួយតំបន់នានា ដើម្បីបញ្ជ្រាបការធ្វើបរិវត្តកម្មឌីជីថលលើពិភពលោក និងជាពិសេសធ្វើជាយុវជនតំណាងឱ្យកម្មវិធីគ្រាប់ពូជដើម្បីអនាគត»៕