កិច្ច​ប្រឹង​ប្រែង​ទប់ស្កាត់​បែប​បុរេសកម្ម​របស់​អាជ្ញាធរ​ពាក់​ព័ន្ធ​បាន​ធ្វើ​ឲ្យ​ករណី​ជំងឺ​គ្រុន​ឈាម​ដែល​ត្រូវ​បាន​ប៉ាន់​ប្រមាណ​ពី​ដំបូង​ថា​នឹង​អាច​មាន​រហូត​ដល់​ ៧៥០០០​ករណី​ បាន​ធ្លាក់​ចុះ​មក​នៅ​​ជិត​ ១៩០០០​ករណី​ប៉ុណ្ណោះ​នៅ​ឆ្នាំ​២០២៤។ ប៉ុន្តែ​មាន​អ្នក​ស្លាប់​ ៤៦​នាក់។

យោង​តាម​ការ​ព្យាករ​របស់​ក្រសួង​សុខាភិបាល ករណី​ជំងឺ​គ្រុន​ឈាម​នៅ​ឆ្នាំ​២០២៤ អាច​កើត​ឡើង​ក្នុង​ចំនួន​ប្រមាណ ៧ម៉ឺន​៥​ពាន់​ករណី​ផ្អែក​លើ​វដ្ដ​នៃ​ការ​ផ្ទុះ​ឡើង​នៃ​ជំងឺ​គ្រុន​ឈាម ដែល​កើត​ឡើង​រៀង​រាល់​៥​ឆ្នាំ​​ម្ដង។ ប៉ុន្តែ​ករណី​ជាក់​ស្ដែង​បាន​ធ្លាក់​ចុះ​ចំនួន​ជាង​ ៥ម៉ឺន​៦​ពាន់​ករណី​មក​នៅ​ត្រឹម​តែ​១៨ ៩៨៧ នាក់​ប៉ុណ្ណោះ គឺ​ធ្លាក់​ចុះ​ជិត ៤ ដង។ នេះ​បើ​តាម​នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺ​ឆ្លង (CDC)។

កាល​ពី​ឆ្នាំ​២០២៣​ អ្នក​ជំងឺ​គ្រុនឈាម​មាន​ចំនួន ​៣៥ ៣៩០ នាក់ ​និង​ចំនួន​អ្នក​ស្លាប់​ចំនួន​ ៩៩​នាក់ ខណៈ​ដែល​ឆ្នាំ​២០២៤​កន្លង​ទៅ ករណី​ជំងឺ​គ្រុន​ឈាម​បាន​ធ្លាក់​ចុះ ១៦៤០៣​ករណី មក​នៅ​ត្រឹម ១៨៩៨៧​នាក់ គិត​ជា​ភាគរយ​នៃ​ការ​ធ្លាក់​ចុះ​ស្មើ​នឹង ៤៦​ភាគ​រយ រីឯ​ចំនួន​អ្នក​ស្លាប់​បាន​ថយ​មក​នៅ​ ៤៦​នាក់ ធ្លាក់​ចុះ​ ៥៦ ភាគ​រយ។

លោក លី សូវ៉ាន់ ប្រធាន​នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺ​ឆ្លង​ បាន​ចាត់​ទុក​ការ​ធ្លាក់​ចុះ​នេះ​ជា​លទ្ធផល​ល្អ​ប្រសើរ​​មួយ​ក្នុង​ការ​ទប់ស្កាត់​ជំងឺ​គ្រុន​ឈាម​នៅ​ឆ្នាំ​២០២៤។

លោក​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​​ថា៖ «ការ​ធ្វើ​បុរេសកម្ម​ក្នុង​ការ​ទប់​ស្កាត់​ការ​រីក​រាល​ដាល​ការ​ចម្លង​ជំងឺ​គ្រុន​ឈាម ជា​បទពិសោធន៍​ចម្បង​ដែល​ចូលរួម​ចំណែក​ធ្វើ​ឱ្យ​ទទួល​បាន​ជោគ​ជ័យ​ដ៏​ធំ​ ក្នុង​ការ​កាត់​បន្ថយ​បន្ទុក​ជំងឺ​គ្រុន​ឈាម​ក្នុង​ឆ្នាំ​២០២៤ ​នេះ​ ក្រោម​ការ​ដឹកនាំ​របស់​សម្តេច​ធិបតី​នាយក​រដ្ឋមន្ត្រី នា​ដើម​អាណត្តិ​ទី៧​នេះ»។

លោក​​បន្ត​ថា៖ «យ៉ាងណា​ក៏​ដោយ ឆ្នាំ​ទៅ​មុខៗ​ទៀត​យើង​ត្រូវ​តែ​ប្រុង​ប្រយ័ត្ន​ជានិច្ច ដោយ​ត្រូវ​នាំ​គ្នា​បំបាត់​នូវ​ជម្រក​ដង្កូវ​ទឹក ឬ មូស ដូច​ជា​បំផ្លាញ​សំបក​ដូង កង់ឡាន​ចាស់ៗ សំបក​កំប៉ុង និង​សម្អាត​អនាម័យ​ជុំ​វិញ​ផ្ទះ ដូចជា​​បើក​បង្អួច​ឲ្យ​ផ្ទះ​នីមួយៗ​មាន​ពន្លឺ​ចូល​គ្រប់​គ្រាន់។ យើង​បន្ត​រួម​គ្នា​ធ្វើ​នៅ​ឆ្នាំ​ក្រោយៗ​ទៀត»។

ជំងឺ​គ្រុនឈាម​តែង​ផ្ទុះ​ឡើង​រៀងរាល់​៥​​ឆ្នាំ​​ម្ដង។ នៅ​កម្ពុជា ជំងឺ​នេះ​ផ្ទុះ​ឡើង​នៅ​ឆ្នាំ​២០០៧ ដែល​មាន​ចំនួន ៣៩៦១៨​ករណី និង​មាន​អ្នក​ស្លាប់​៣៩៦​នាក់។ ជំងឺ​នេះ​ផ្ទុះ​ឡើង​ម្ដង​ទៀត​នៅ​ឆ្នាំ​២០១២ ដែល​មាន​ចំនួន​៤២៣៦២​ករណី និង​មាន​​អ្នក​ស្លាប់ ១៨៩​នាក់។ នៅ​ឆ្នាំ ​២០១៩ ជំងឺគ្រុនឈាម​​បាន​ផ្ទុះ​ខ្លាំង​​រហូត​ដល់​ជិត ៧​ម៉ឺន​ករណី និង​ចំនួន​អ្នក​ស្លាប់​មាន​ចំនួន​ ៤៨​នាក់។

លោក លី សូវ៉ាន់​បញ្ជាក់​ថា៖ «យើង​រំពឹង​ថា ឆ្នាំ​២០២៤ នឹង​មាន​ការ​ផ្ទុះ​ជំងឺ​គ្រុនឈាម​ច្រើន​រហូត​ដល់​ ៧ម៉ឺន​ ប៉ុន្តែ ដោយសារ​ការ​ទប់ស្កាត់​របស់​ក្រសួង​សុខាភិបាល អាជ្ញាធរ​ប្រយុទ្ធ​នឹង​ជំងឺ​ឆ្លង ប្រជាពលរដ្ឋ​និង​អាជ្ញាធរ ធ្វើ​ឲ្យ​កាត់​បន្ថយ​បាន​ច្រើន»។

លោក​សង្ឃឹម​ថា នៅ​ឆ្នាំ​ក្រោយៗ​ទៀត នឹង​ករណី​គ្រុន​ឈាម​នឹង​បន្ត​ធ្លាក់​ចុះ តាម​រយៈ​ការ​ចូល​រួម​ពី​ប្រជាពលរដ្ឋ ក្នុង​ការ​បំផ្លាញ​ជម្រក​ដង្កូវ​ទឹក​ដែល​វិវត្ត​ទៅ​ជា​មូស​ខ្លា​បង្ក​ជំងឺ​គ្រុន​ឈាម៕