​ភ្នំពេញ៖ ក្នុង​រយៈពេល ១​ឆ្នាំ​នៃ​យុទ្ធនា​ការជំរុញ និង​ព​ន្លឿ​ន​ការដោះស្រាយ​រឿងក្ដី​នៅតាម​តុលាការ តុលាការ​កម្ពុជា ទទួលសំណុំរឿង ២២៩២៧២ ទាំង​សំណុំរឿង​ចាស់ ថ្មី ព្រហ្មទណ្ឌ និង​រដ្ឋប្បវេណី។ នេះ​បើយោងតាម​អ្នកនាំពាក្យ​ក្រសួង​យុត្ដិធម៌។

លោក កេង សុម៉ារិទ្ធ រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និង ជាអនុប្រធានប្រចាំការគណៈបញ្ជាការដឹកនាំយុទ្ធនាការ បានថ្លែង​ក្នុង​សន្នសីទ​សារព័ត៌មាន​ថ្ងៃទី១៣ ខែមករានេះថា​៖ «​ក្នុង​ចំណោម​សំណុំរឿង​ទាំង​អស់​នោះ តុលាការ​គ្រប់ជាន់​ថ្នាក់​បានចាត់​ការ​បាន​ចំនួន ១៨៨៩៤២ ករណី​ រួមមាន សំណុំរឿង​ចាស់ ថ្មី ព្រហ្មទណ្ឌ និង​រដ្ឋប្បវេណី ស្មើនឹង ៨២​,៤១​ភាគរយ​»។

លោកបាន​អះអាងថា វាជា​អត្រា​ខ្ពស់​បំផុតចំពោះការ​ដោះស្រាយរបស់​តុលាការ​គ្រប់​ជាន់​ថ្នាក់​ ដោយនៅសល់​តែ ១៧,៥៩​ភាគរយ​ប៉ុណ្ណោះ​។

លោក សុម៉ារិទ្ធ បាន​បន្ដ​ថា ចំណោម​សំណុំរឿងដោះស្រាយរួចទាំង ១៨៨៩៤២ ករណី មាន​ ១១៧១២ ករណី ស្មើរនឹង ៨៤,១៤​ភាគរយ​ជា​សំណុំរឿងព្រហ្មទណ្ឌ និង​រដ្ឋប្បវេណី ៨៧២៣០ករណី ស្មើនឹង ៨០​,៤៣​ភាគរយ។

លោក ជិន ម៉ាលីន រដ្ឋលេខាធិការក្រសួងយុត្ដិធម៌​ ដែលដឹកនាំ​សន្និសីទសារព័ត៌មាន​នេះ​បានថ្លែងថា ​យុទ្ធនា​ការ​ព​ន្លឿ​ន​ដោះស្រាយនឹង​ត្រូវបញ្ចប់​តាម​ផែនការ​ដោយ​ចំណាយ​ពេលវេលា​ ២ឆ្នាំកន្លះ ដែល​នៅ​សល់ពេលវេលា​ ១​ឆ្នាំ​កន្លះ​ទៀត​៕