ការ​ពិភាក្សា​អំពី​ការ​ចាប់​ផ្ដើម​​សមយុទ្ធ​យោធា «​ឆ្មាំ​អង្គរ» (Angkor Sanitel) ឡើង​វិញ​រវាង​សហរដ្ឋ​អាមេរិក និង​កម្ពុជា អាច​នឹង​ត្រូវ​ធ្វើ​ឡើង​នៅ​ខែ​កុម្ភៈ​ខាង​មុខ​នេះ ក្នុង​អំឡុង​ដំណើរ​ទស្សនកិច្ច​របស់​ មេ​បញ្ជាការ​កងទ័ព​សហរដ្ឋ​អាមេរិក​ប្រចាំ​តំបន់​ប៉ាស៊ីហ្វិក មក​កាន់​កម្ពុជា។

ការ​លើក​ឡើង​បែប​នេះ​ធ្វើ​ឡើង​ដោយ​វរសេនីយ៍ទោ ​ខាល សលមែន (Kyle Saltzman) ប្រធាន​ការិយាល័យ​អនុព័ន្ធ​យោធា​សហរដ្ឋ​អាមេរិក​ថ្មី​ប្រចាំ​កម្ពុជា ក្នុង​ជំនួប​ជាមួយ​នាយ​ឧត្តម​សេនីយ៍ វង្ស ពិសេន ​អគ្គ​មេបញ្ជាការ​នៃ​កង​យោធពល​ខេមរភូមិន្ទ ​នៅ​ព្រឹក​ថ្ងៃ​ទី១៣ ខែ​មករា នេះ។​

ក្នុង​ជំនួប​នេះ លោក វង្ស ពិសេន បាន​ស្នើ​ដល់​ភាគី​សហរដ្ឋ​អាមេរិក​ បន្ត​កិច្ច​សហ​ប្រតិបត្តិការ​ឲ្យ​កាន់​តែ​ទូលំ​ទូលាយ ដើម្បី​ជា​ប្រយោជន៍​កងទ័ព​ប្រទេស​ទាំង​ពីរ តាម​រយៈ​ការ​បណ្តុះ​បណ្តាល ការ​ផ្លាស់​ប្តូរ​ទស្សន​កិច្ច​គ្រប់​កម្រិត ការ​ផ្លាស់​ប្តូរ​ព័ត៌មាន ការ​ទប់ស្កាត់​អំពើ​ភេរវកម្ម ឧក្រិដ្ឋកម្ម​ឆ្លង​ដែន ការ​បន្ត​រុក​រក​អដ្ឋិធាតុ​ជនជាតិ​អាមេរិក និង​ការ​ពិនិត្យ​លទ្ធភាព​ធ្វើ​លំហាត់​ហ្វឹកហ្វឺន​រួម​ឡើង​វិញ​ជាដើម។

លោក សលមែន កោត​សរសេរ​ទំនាក់​ទំនង​នៃ​ប្រទេស​ទាំង​ពីរ និង​ថ្លែង​អំណរគុណ​ដល់​កម្ពុជាចំពោះ​ខិតខំ​ប្រឹង​ប្រែង​បន្ត​រុករក​អដ្ឋិធាតុ​ជនជាតិ​អាមេរិក​បាត់​ខ្លួន​នៅ​កម្ពុជា។ លោក​ក៏​បាន​បង្ហើប​អំពី​ការ​ពង្រីក​កិច្ច​ចរចា​លើ​ការ​ធ្វើ​សមយុទ្ធ​រួម​ឈ្មោះ​ថា សមយុទ្ធ​យោធា «ឆ្មាំ​អង្គរ»។

គេហទំព័រ​របស់​អគ្គ​បញ្ជាការដ្ឋាន​កង​យោធពល​ខេមរ​ភូមិន្ទ​បាន​សរសេរ​ថា៖ «លោក  វរសេនីយ៍ទោ បាន​គូស​បញ្ជាក់​ថា នៅ​ខែ​កុម្ភៈ​ខាង​មុខ​នេះ មេ​បញ្ជាការ​កងទ័ព​សហរដ្ឋ​អាមេរិក​ប្រចាំ​តំបន់​ប៉ាស៊ីហ្វិក នឹង​មក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា ហើយ​តាម​រយៈ​ទស្សនកិច្ច​នេះ​ លោក​មេបញ្ជាការ​ឥណ្ឌូ​ប៉ាស៊ីហ្វិក នឹង​ពិភាក្សា​ពី​កិច្ច​សហ​ប្រតិបត្តិការ​ទៅ​ថ្ងៃ​ខាង​មុខ ក៏ដូចជា​ឱកាស​នៃ​ការ​ចាប់​ផ្ដើម​ឡើង​វិញ​នូវ​លំហាត់​ឆ្មាំ​អង្គរ​ផង​ដែរ»។

លោក Steve Koehler (Stephen T. "Web" Koehler) គឺ​ជា​មេបញ្ជាការ​កង​ទ័ព​សហរដ្ឋ​អាមេរិក​ប្រចាំ​តំបន់​ប៉ាស៊ីហ្វិក។ លោក​បាន​កាន់​តំណែង​ជា​មេបញ្ជាការ​កង​ទ័ព​ជើង​ទឹក​សហរដ្ឋ​អាមេរិក​នៅ​តំបន់​នេះ​ចាប់​ពី​ខែ​មេសា ឆ្នាំ​២០២៤។

សមយុទ្ធ​យោធា «ឆ្មាំ​អង្គរ» ត្រូវ​បាន​ធ្វើ​ឡើង​លើក​ចុង​ក្រោយ​នៅ​ឆ្នាំ​២០១៦ បន្ទាប់​មក​ក៏​ត្រូវ​បាន​ផ្អាក​រហូត​មក​ទល់​ពេល​បច្ចុប្បន្ន។

លោក Kyle Saltzman ប្រធាន​ការិយាល័យ​អនុព័ន្ធ​យោធា​សហរដ្ឋ​អាមេរិក​ថ្មី​ប្រចាំ​កម្ពុជា ជួប​​ជាមួយ​នាយ​ឧត្តម​សេនីយ៍ វង្ស ពិសេន ​អគ្គ​មេបញ្ជាការ​នៃ​កង​យោធពល​ខេមរភូមិន្ទ ​នៅ​ព្រឹក​ថ្ងៃ​ទី១៣ ខែ​មករា។ ខ.ភ.ម.

លោក គិន ភា ប្រធាន​វិទ្យាស្ថាន​ទំនាក់​ទំនង​អន្តរជាតិ​នៃ​រាជបណ្ឌិត្យសភា​កម្ពុជា បាន​ថ្លែង​ថា ការ​លើក​ឡើង​ពី​ការ​វិល​ត្រឡប់​នៃ​សមយុទ្ធ​យោធា​«ឆ្នាំ​អង្គរ»​នេះ​ជា​សញ្ញា​វិជ្ជមាន​ នៃ​ទំនង​ទំនាក់​រវាង​ប្រទេស​ទាំង​ពីរ ដែល​ជាទូទៅ​រាំង​ខ្ទប់​ដោយ​ការ​មិន​យល់​គ្នា​រឿង​ប្រជាធិបតេយ្យ និង​ទំនាក់​ទំនង​ជិត​ស្និទ្ធ​រវាង​កម្ពុជា​និង​ចិន។

លោក​ថ្លែង​ថា៖ «មាន​ចំណុច​ជា​ច្រើន​ដែល​ភាគី​សហរដ្ឋ​អាមេរិក​និង​កម្ពុជា​អាច​ធ្វើ​ការ​ជាមួយ​គ្នា​បាន ប៉ុន្តែ មាន​ចំណុច​មួយ​ចំនួន​ដែល​ត្រូវ​តែ​ស្វែង​យល់​ពី​គ្នា​ទៅវិញ​ទៅ​មក ជា​ពិសេស​ដំណើរ​ការ​ប្រជាធិបតេយ្យ សិទ្ធិ​មនុស្ស លំហ​នយោបាយ និង​នីតិរដ្ឋ។ បញ្ហា​ទាំង​នេះ សហរដ្ឋ​អាមេរិក​មិនទាន់​ផ្ដល់​ភាព​យុត្តិធម៌​ដល់​កម្ពុជា ហើយ​រដ្ឋាភិបាល​កម្ពុជា​យល់​ថា ការ​លើក​ឡើង​របស់​សហរដ្ឋ​អាមេរិក​លើ​បញ្ហា​ទាំង​នេះ​គឺ​ជា​ការ​ជ្រៀត​ជ្រែក​លើ​កិច្ច​ការ​ផ្ទៃ​ក្នុង​កម្ពុជា»។

លោក​បន្ត​ថា ទំនាក់​ទំនង​ស្អិត​ល្មួត​របស់​កម្ពុជា​ជាមួយ​ចិន ក៏​ត្រូវ​បាន​សហរដ្ឋ​អាមេរិក​មើល​ឃើញ​ថា កម្ពុជា​ស្ថិត​ក្រោម​ឥទ្ធិពល​របស់​ចិន​ផង​ដែរ។

សម្រាប់​ការ​វិល​ត្រឡប់​នៃ​លំហាត់​យោធា​រួម​គ្ន «ឆ្មាំ​អង្គរ» លោក គិន ភា យល់​ថា វា​ជា​រឿង​ល្អ ក្នុង​កម្រិត​ផ្លាស់​ប្ដូរ​បទ​ពិសោធន៍​ក្នុង​កិច្ច​ការ​សង្គ្រោះ​ក្នុង​គ្រោះ​មហន្តរាយ​ធម្មជាតិ​ វិស័យ​ការពារ​ជាត។លោក​ថា​ កម្ពុជា​ត្រូវ​ធ្វើ​ពិពិធកម្ម​ការទទូត​របស់​ខ្លួន​ជាមួយ​ប្រទេស​ទាំង​អស់ ដោយ​ឈរ​លើ​គោល​ការណ៍​គោរព​អធិបតេយ្យ ឯករាជ្យ បូរណភាព​ទឹក​ដី និង​ការ​មិន​ជ្រៀត​ជ្រែក​កិច្ច​ការ​ផ្ទៃ​ក្នុង​គ្នា​ទៅ​វិញ​ទៅ​មក»៕