កំពង់ធំៈ គម្រោង​រេដបូក ទំរីងបានជួយគាំទ្រដល់ការចុះបញ្ជីដីព្រៃសហគមន៍ព្រៃឈើចំនួន៨ ដែលមានផ្ទៃដីទំហំ ១២ ៩៨៤​ហិកតា និងបានជីកប្រឡាយសិប្បនិម្មិត តាមព្រំសហគមន៍ព្រៃឈើបានប្រវែង ២៧ ៥០៨​ម៉ែត្រ​កាលពី​ឆ្នាំ​២០២៤​កន្លង​មក។

ការចុះបញ្ជី និងជីកប្រឡាយនេះ គឺដើម្បីសុវត្ថិភាពដីព្រៃ ដែលអាចជួយការពារ ដីពីការទន្ទ្រានយកដោយខុសច្បាប់ ការទប់ស្កាត់បទល្មើសព្រៃឈើផ្សេងៗ ក៏ដូចជាកាត់បន្ថយជម្លោះដីធ្លីផងដែរ។

សហគមន៍ព្រៃឈើ ដែលត្រូវបានចុះបញ្ជី និងទទួលបានប្លង់រឹងរួចហើយ  គម្រោងបានគាំទ្រ​ដល់ការដាក់​ស្លាក​សម្គាល់​និង​ស្លាកព័ត៌មាន ​ស្តីពីការចុះបញ្ជីនេះ ​ជូនសហគមន៍​ពាក់ព័ន្ធ​ឱ្យបានដឹង។

នេះជាការផ្តល់ព័ត៌មាន​ដល់សាធារណៈ​ជន​ថា ​សហ​គម​ន៍​​ទាំងនោះ​ត្រូវបានចុះបញ្ជី ដោយជោគជ័យ និងត្រូវបានការពារយ៉ាង​ពេញលេញដោយ​ច្បាប់ស្តីពីព្រៃ​ឈើ ច្បាប់​​ភូមិ​បាល និងលិខិតបទ​ដ្ឋានផ្សេ​ងៗ​ទៀត ​ដែល​ចេញដោយ​រដ្ឋាភិបាល​ទាក់​ទង​នឹង​ការ​​ចុះបញ្ជី​ដីស​ហគមន៍​ព្រៃ​ឈើ​។

គម្រោង​រេដបូក ទំរីង (Tumring REDD+Project) គឺ​ជា​គម្រោង​រួម​របស់​ប្រទេស​កូរ៉េខាងត្បូង និង​កម្ពុជា ​ស្ថិត​ក្នុង​ស្រុក​សណ្ដាន់ ​និង​ស្រុក​សន្ទុកខេត្ត​កំពង់ធំ​ ដែលអនុវត្តលើផ្ទៃ​ទំហំ ៦៧ ៧៩១ហិកតា​។ ក្រៅពី​ជួយការពារ​ដីព្រៃ​សហគ​មន៍ និងជួយលើក​កម្ពស់​ជីវ​ភាពសហគមន៍មូលដ្ឋាននោះ ​គម្រោង​នេះ​អាច​កាត់​បន្ថយ​ការ​បញ្ចេញ​ឧស្ម័ន​កា​បូ​និច​ប្រចាំ​ឆ្នាំ​បាន​ចំនួន ៣៧៨ ៤៣៤​​តោន​ផងដែរ តាម​ការ​ប៉ាន់​ស្មាន។

គម្រោង​រេដបូក ទំរីងបានឱ្យដឹងថា នៅក្នុងការពង្រឹងការអនុវត្តន៍ច្បាប់ គម្រោង​គាំទ្រ​ដល់សកម្មភាពរបស់ក្រុមមន្រ្តី។ ក្នុងនោះ រួមមាន មន្ត្រីរដ្ឋបាលព្រៃឈើ នៃ​ក្រសួ​ងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងមានកងកម្លាំងផងដែរ។ 

នៅ​ក្នុង​ឆ្នាំ២០២៤កន្លងមកនេះ ក្រុមមន្រ្តីបានចាប់រឹបអូសបានវត្ថុតាង ដូចជា រណាយន្ត៣៩គ្រឿង គោយន្ត ១១គ្រឿង ម៉ូតូ ៣៥គ្រឿង ឈើអា១២,៨ម៉ែត្រគូប ដកហូតដីព្រៃ១ ៩៦៥ហិកតា ដកកូនឈើដាំខុសច្បាប់ ៥៥៥ ៣០៣ដើម បំផ្លាញ​ខ្ទម និងឡធ្យូង ១០៥ និងចងក្រងបណ្តឹងទៅតុលាការបាន១៨ករណីផងដែរ។

គម្រោងក៏បានកំពុងតែ ជួយអភិវឌ្ឍជីវភាពសហគមន៍ ដោយការផ្ដល់ឡជីវឧស្ម័នដល់សមាជិកសហគមន៍​ព្រៃឈើ​ សរុប​​៦៦ មកពី៦៦គ្រួសារ និងបានជួយជួសជុល និង​ថែទាំ​សូឡា​បូម​ទឹក​ដើរ​ដោ​យថា​ម​ព​លព​ន្លឺ​ព្រះ​អាទិត្យ​ដល់​សហគមន៍​ផងដែរ។ 

ក្រៅពីនោះ ក្នុងឆ្នាំ២០២៤នេះផងដែរ គម្រោង​បាន​គាំ​ទ្រស​ហគ្រា​សទិញ​លក់​ជ័រ​ទឹក​អូរ​ដាស់ស្គ ដោយសហគ្រាសបានទទួលទិញជ័រទឹកចំនួន៤ ៥៩៣គីឡូក្រាម ពីសមាជិកសហគមន៍។

សហគមន៍ព្រៃឈើទាំង៨ ដែលត្រូវបានចុះបញ្ជីរួចនេះ គឺស្ថិតក្នុងចំណោមព្រៃសហគមន៍ចំនួន១៤ នៅក្នុងគម្រោង​រេ​ដ​បូក​ទំរីង ដែលមានទំហំដីព្រៃសរុបចំនួន១៩ ៤៩៣ហិកតា។

ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តកំពង់ធំ លោកប៉ែន វណ្ណរិទ្ធ និងលោកប៊ុន សុធី​ នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃ​ឈើ​ខេត្តជាប់រវល់ប្រជុំមិនអាចមានប្រសាសន៍បានទេទាក់ទងនឹងការចុះបញ្ជីនេះ។

ក្រុមការងារគ្រប់គ្រងគម្រោងរេដបូកទំរីង នៃរដ្ឋបាលព្រៃឈើ​ ក៏បាននឹងកំពុងតែ ជម្រុញការចុះបញ្ជីដីព្រៃសហគមន៍​បន្ត និង​ស្ថានីយ៍ស្ដារ និងផ្សព្វផ្សាយព្រៃឈើ និងការងារអនុវត្ដច្បាប់ស្ដីពីព្រៃឈើ និងសត្វព្រៃក្នុងតំបន់គម្រោង ដោយ​ស​ហ​​​ការជាមួយ​កម្លាំងពាក់ព័ន្ធ។ 

បន្ថែមពីនោះ ក្រុមការងារក៏​រៀបចំការ​ស្ដារព្រៃ​ឈើឡើ​ងវិញ​លើដី​ស្ថានី​យ៍ស្ដារព្រៃ​ឈើ និងផ្សព្វផ្សាយ និងព្រៃសហគមន៍ក្នុងតំបន់គម្រោង និង ការងារ​រៀប​ចំតំ​បន់​អ​ទិភាព​របស់​គម្រោ​ង​​ដើម្បី​ការ​ពារ​ព្រៃ​ឈើធម្មជាតិ កំណត់តំបន់ស្តារព្រៃឈើឡើងវិញជាអទិភាព កំណត់តំបន់អភិវឌ្ឍ​ ដើម្បី​បង្កើនជី​វ​ភាព​របស់​សមា​ជិកសហគមន៍ក្នុងតំបន់គម្រោងផងដែរ៕