ក្រុងបាងកក៖ ប៉ូលិសថៃបានលាតត្រដាងថា ជនសង្ស័យដែលត្រូវបានចោទប្រកាន់ថាបានធ្វើឃាតអតីតសមាជិកសភាកម្ពុជា គឺជាឃាតករជួលដែលបានអះអាងថា ខ្លួនបានប្រព្រឹត្តបទឧក្រិដ្ឋដើម្បីសងគុណអ្នកនៅពីក្រោយខ្នង។
នាយឧត្តមសេនីយ៍ Atthaphon Wongsiriprida មេបញ្ជាការកងពលធំទី១ នៃស្នងការដ្ឋាននគរបាលរាជធានីបាងកក បានផ្តល់ព័ត៌មានថ្មីៗបន្ទាប់ពីសួរចម្លើយលោក Ekkaluck Paenoi ជនសង្ស័យក្នុងការបាញ់សម្លាប់លោក លិម គិមយ៉ា អតីតតំណាងរាស្ត្រគណបក្សប្រឆាំងកម្ពុជា។
លោក Atthaphon បាននិយាយថា ជនសង្ស័យបានសារភាពថា ការសម្លាប់លោក គិតយ៉ា ក្រោមហេតុផលសងគុណដល់ជនស៊ីវិលម្នាក់ ដែលធ្លាប់ផ្ដល់ជំនួយដល់ខ្លួន នៅពេលជននេះត្រូវគេបណ្ដេញចេញពីការងារ។
លោកបានថ្លែងថា ក្នុងអំឡុងពេលសួរចម្លើយដំបូង លោក Ekkaluck បានទទូចថា លោកមិនបានទទួលប្រាក់ឈ្នួលអ្វីទេ។ លោកបាននិយាយថា រូបគេធ្វើវាព្រោះពេលខ្លួនមានបញ្ហាបន្ទាប់ពីត្រូវគេបណ្តេញចេញពីការងារ ជនស៊ីវិលនេះបានជួយផ្នែកហិរញ្ញវត្ថុ និងតែងតែជួយរូបលោកពេលត្រូវការជំនួយ។
មេបញ្ជាការកងពលធំទី១ បានបន្ដថា៖ «នៅពេលដែលអ្នកមានគុណនោះស្នើគាត់ឱ្យសម្លាប់មនុស្ស មុនដំបូង គាត់ស្ទាក់ស្ទើរ រួចក៏ឆ្លើយយល់ព្រមតាមសំណើដល់ជនស៊ីវិនោះ»។
ទីបំផុត លោក Ekkaluck បានទទួលយកការងារនេះក្នុងតម្លៃ ៦ម៉ឺនបាត (១៧០០ដុល្លារ) ជាមួយនឹងការទូទាត់ដំបូងចំនួន ៣ម៉ឺនបាត។ ជនសង្ស័យបានប្រើប្រាស់ប្រាក់ ២ពាន់បាតដើម្បីលស់កាំភ្លើងដែលដាក់បញ្ចាំ។
ប៉ូលិសថៃបានឱ្យដឹងថា ការបង្ហាញអត្តសញ្ញាណអ្នកមានគុណពីក្រោយខ្នងជនសង្ស័យ Ekkaluck ជារឿងលឿនពេក ព្រោះអ្នកមានគុណរបស់ឃាតករ នឹងក្លាយជាជនសង្ស័យបន្ទាប់ នៅក្នុងដំណើរការស៊ើបអង្កេត នាពេលខាងមុខ។
លោក Atthaphon បានបង្ហើបថា លោក Ekkaluck បានប្រើសិទ្ធិក្នុងនាមជាជនសង្ស័យ ហើយបានបដិសេធមិនចូលរួមក្នុងការចាប់ឧក្រិដ្ឋកម្មបន្ដទៀត ដោយលើកឡើងពីការព្រួយបារម្ភចំពោះសុវត្ថិភាព និងការស្ទាក់ស្ទើរក្នុងការប្រឈមមុខនឹងអ្នកដទៃ។
គួរបញ្ជាក់ថា លោក លិម គិតយ៉ា ត្រូវបានគេធ្វើឃាតនៅតំបន់ Bang Lamphu នៃទីក្រុងបាងកក កាលពីថ្ងៃទី៧ ខែមករា ក្រោយធ្វើដំណើរតាមរថយន្ដពីកម្ពុជាជាមួយក្រុមគ្រួសារត្រឹមតែប៉ុន្មាននាទី៕ ANN/The Nation