ភ្នំពេញ៖ ក្នុង​រយៈពេល ១​ឆ្នាំ​នៃ​យុទ្ធនា​ការជំរុញ និង​ព​ន្លឿ​ន​ការដោះស្រាយ​រឿងក្ដី​នៅតាម​តុលាការ ក៏ដូចជា​ភាព​មិន​ប្រក្រតីនានា មន្ដ្រី​ជាន់​ខ្ពស់​របស់​ក្រសួង​យុត្ដិធម៌ បាន​បង្ហាញពី​វឌ្ឍនភាព​នៃ​ប្រសិទ្ធភាព​ការ​ដោះស្រាយ​សំណុំរឿង​កក​ស្ទះ​នៅ​តុលាការ​រហូត​ដល់​ជាង ៨២​ភាគរយ និង​ធ្វើ​ឱ្យ​ពលរដ្ឋ​ពេញ​ចិត្ដ​ចំពោះ​ចំណាត់ការ​នេះ​​។

លោក ជិន ម៉ាលីន រដ្ឋលេខាធិការក្រសួងយុត្ដិធម៌​ ដែលដឹកនាំ​សន្និសីទសារព័ត៌មាន​កាលពី​ថ្ងៃទី​១៣ ខែ​មករា បានកត់​សម្គាល់ភាព​វិជ្ជមាន​​ចំនួន ៣ចំណុច ដែល​កើត​ចេញ​ពី​​យុទ្ធនា​ការជំរុញ​ និង​ព​ន្លឿ​ន​ការដោះស្រាយ​រឿងក្តី​នៅតាម​តុលាការ និង​យុទ្ធនាការ​ត្រួតពិនិត្យ និង​ដោះស្រាយ​ភាពមិនប្រក្រតី​នៅតាម​តុលាការ​១​ឆ្នាំ​របស់​ក្រសួងយុត្តិធម៌។

លោក​បាន​ឱ្យដឹងថា ទីមួយ ឥរិយាបថការងារ​របស់​តុលាការ មានការ​ផ្លាស់ប្ដូរ​ (​ធ្វើការ​កាន់តែ​លឿន និង កាន់តែ​ឆាប់រហ័ស​) ទីពីរ​ ឥរិយាបថ ផ្នត់គំនិត​ពលរដ្ឋ​មានការ​ផ្លាស់ប្ដូរ (​ពី​រិះគន់ មក​សរសើរ​តុលាការ​) និង​ទីបី បណ្ដឹងតវ៉ា​របស់​ពល​រដ្ឋ​មានការ​ថយចុះ​។

លោក ម៉ាលីន បាន​ថ្លែង​ថា៖ «ទីមួយ​ យើង​សង្ខេតឃើញថា តុលាការ​របស់​យើង ឃើញថា ធ្វើការ​កាន់តែលឿន កាន់តែ​ឆាប់​រហ័ស ប្រកបដោយ​ការ​ទទួល​ខុសត្រូវ និង​ប្រសិទ្ធភាព​ខ្ពស់»​។ 

លោក ម៉ា​លីន ទទួលស្គាល់ថា ការរិះគន់​ទៅលើ​តុលាការ​តែងតែ​កើតមាន​ពេញ​បណ្ដាញ​សង្គម និង​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​មុន​យុទ្ធនាការ​។​

លោក​បាន​បន្ដថា​៖ «​ចំណុច​ទីពីរ​ វាជាការ​ប្រែប្រួល​បរិយាបថ ផ្នត់​គំនិត និង​ជំនឿ​ទុកចិត្ដរបស់​ប្រជាពល​រដ្ឋ​ ដែល​យើង​សង្ខេត​ថា ពីមុនពេលយុទ្ធនាការ នៅលើ​បណ្ដាញ​សង្គម​ យើង​ឃើញថា មានតែការ​រិះគន់​ និង​ការ​តិះទៀន​ប្រព័ន្ធតុលាការ​»។ 

លោក ម៉ាលីន​ បាន​បញ្ជាក់ថា ប៉ុន្ដែ​ក្រោយ​ដាក់​ចេញ​នូវ​យុទ្ធនាការនេះ​ ប្រជាពលរដ្ឋ​បាន​សម្ដែង​មតិ​កោត​សរសើរ និង​ថ្លែង​អំណរគុណ​ដល់​​តុលាការ​ជាច្រើន​ដែរ។ ប្រជាពលរដ្ឋ​សប្បាយចិត្ដ​នឹងការ​ដោះស្រាយ​របស់​តុលាការ ដោយ​ចេញសារ​ជាសាធារណៈ​អរគុណ​ដល់​តុលាការ ដែលមិនធ្លាប់​ពី​មុន​មកទេ​​។ 

លោក​បាន​បន្ថែមថា ចំណុចទីបី លោក​មើល​ឃើញថា បណ្ដឹងតវ៉ា​របស់​ពល​រដ្ឋ​មានការ​ថយចុះ ដោយ​មិន​មុនពេល​យុទ្ធនាការក្រសួង​យុត្ដិធម៌​ទទួល​បណ្ដឹង​​ ប្រជាពលរដ្ឋ​ដាក់​ពាក្យ​បណ្ដឹង​នៅ​គ្រប់ទីកន្លែង។

លោក ម៉ាលីន​ បាន​ថ្លែងថា​៖ «​បណ្ដឹង​ទាំង​នេះ មិន​ត្រឹម​តែ​ថយ​ចុះ​​ក្នុង​បណ្ដឹង​យុទ្ធនាការ​នោះទេ ប៉ុន្ដែ​បណ្ដឹងទៅ​ស្ថាប័ន និង​ថ្នាក់​ដឹក​នាំ​ដទៃទៀត រួម​ទាំង​បណ្ដាញសង្គម និង​ស្ថាប័ន​ព័ត៌មាន​»​។ 

តុលាការគ្រប់​ជាន់​ថ្នាក់​នៅ​ទូទាំង​ប្រទេស​បាន​ទទួលសំណុំរឿង ២២៩២៧២ ទាំង​សំណុំរឿង​ចាស់ ថ្មី ព្រហ្មទណ្ឌ និង​រដ្ឋប្បវេណី ដោយ​បាន​ដោះស្រាយ​ចំនួន​១៨៨៩៤២ ករណី ឬស្មើនឹង ៨២​,៤១​ភាគរយ។​

លោក កេង សុម៉ារិទ្ធ រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និង ជាអនុប្រធានប្រចាំការគណៈបញ្ជាការដឹកនាំយុទ្ធនាការ បានឱ្យដឹង​ថា​៖ «​វាជា​អត្រា​ខ្ពស់​បំផុតចំពោះការ​ដោះស្រាយរបស់​តុលាការ​គ្រប់​ជាន់​ថ្នាក់​ ដោយនៅសល់​តែ ១៧,៥៩​ភាគរយ​ប៉ុណ្ណោះ​»។ 

លោកបាន​បន្ដ​ថា ចំណោម​សំណុំរឿងដោះស្រាយរួចទាំង ១៨៨៩៤២ ករណី មានសំណុំរឿងព្រហ្មទណ្ឌចំនួន​​ ១១៧១២ ករណី ស្មើរនឹង ៨៤,១៤​ភាគរយ​ និងសំណុំ​រឿង​​រដ្ឋប្បវេណី ៨៧២៣០ករណី ស្មើនឹង ៨០​,៤៣​ភាគរយ។

លោក​ សេង ឌីណា អ្នកនាំពាក្យ​ក្រសួង​យុត្ដិធម៌ បាន​ឱ្យដឹងថា ប្រជាពលរដ្ឋ​ដាក់​បណ្ដឹង​ទាក់ទង​ភាព​មិន​ប្រក្រតីនៅតាម​តុលាការ​​មានចំនួនសរុប ១២២១ ករណី ដែល ៤០​ករណីត្រូវបាន​តម្កល់ទុក មិន​ចាត់​ការ​ ដោយសារ​ការ​ដក​ពាក្យ​បណ្ដឹង មាន​ចំនួន ៣១​ករណី និង​ ៩ករណី មិន​មាន​ព័ត៌មាន​ច្បាស់​លាស់ ដែល​អាច​ចាត់ការបាន​។ 

បណ្ដឹង​ដែលអាច​ចាត់​ការ​បាន​មានចំនួន ១១៨១ ករណី ដោយ​បានដោះស្រាយ​រួច​ចំនួន ៩៣៨ ស្មើរ​នឹង ៧៩,៤២​ភាគរយ​។ 

លោក ឌីណា បាន​ថ្លែងថា៖ «​ចំណោម​ជាង ១៨​ម៉ឺន​សំណុំ​រឿង​ដែល​បាន​ចាត់ការ ប្រជាពលរដ្ឋ​បាន​ដាក់​ពាក្យ​បណ្ដឹង​ទៅកាន់​ក្រសួង​យុត្ដិធម៌​ដោយ​ចោទប្រកាន់​អំពីភាព​មិប្រក្រតី​មានចំនួន​សរុប ២២១៣សំណុំរឿង ដែលស្មើរនឹង ១,៣៧​ភាគរយ​នៃ​ចំនួន​បណ្ដឹង​សរុប​ទូទាំង​ប្រទេស»។ 

លោកបាន​អះអាងថា ក្នុង​ចំណោម​ពាក្យ​បណ្ដឹង ២២១៣​ករណីនេះ មានតែ​ ៣៣ ករណី​ដែល​ត្រូវបាន​រក​ឃើញថា​មាន​ភាព​មិន​ប្រក្រតី​ប្រាកដ​មែន ដែល​ស្មើរ​នឹង​តិច​ជាង​ ០,​០២​ភាគរយ​នៃ​បណ្ដឹង​សរុប​។ 

សំណុំរឿង​អត្រានុកូលដ្ឋាន ចំនួន ៤ ៩៨៣ ដែល​នៅសល់​មុនពេល​ប្រកាស​បើក​យុទ្ធនាការ ត្រូវបាន​ដោះស្រាយ​ចប់សព្វគ្រប់ ១០០ភាគរយ​ តាំងពី​ថ្ងៃទី​៣១ ខែមីនា ឆ្នាំ​២០២៤​។ 

ចំណែក​សំណុំរឿង​អត្រានុកូលដ្ឋាន​ដែល​ចូល​ថ្មី ចំនួន ៥២ ៦០១ ត្រូវបាន​តុលាការ​ដោះស្រាយ ចប់សព្វគ្រប់​បាន ចំនួន ៥១ ៥០៨ សំណុំរឿង ស្មើនឹង ៩៧,៩២ភាគរយ​​។ 

សំណុំរឿង​ចរាចរណ៍ ចំនួន ១ ០៤១ ដែល​នៅសល់​មុនពេល​ប្រកាស​បើក​យុទ្ធនាការ ត្រូវបាន​សាលាដំបូង​គ្រប់​រាជធានី ខេត្ត ដោះស្រាយ​ចប់សព្វគ្រប់ ១០០ភាគរយ​ តាំងពី​ខែវិច្ឆិកា ឆ្នាំ​២០២៤​។ 

ចំណែក​សំណុំរឿង​ដែល​ចូល​ថ្មី​ក្រោយពេល​ប្រកាស​បើក​យុទ្ធនាការ ដែលមាន​ចំនួន ៥ ៤៧០ ត្រូវបាន​តុលាការ​ដោះស្រាយ​ចប់សព្វគ្រប់​បាន ចំនួន ៤ ៨០៧ សំណុំរឿង ស្មើនឹង ៨៧,៨៨ភាគរយ​​។ ​

លោក ឌីណា បាន​ថ្លែងថា ចំពោះ​​សំណុំរឿង​គ្រឿងញៀន ទាំងចាស់​ទាំងថ្មី ដែលមាន​ចំនួន ២៤ ៦៥១ តុលាការ​ទូទាំងប្រទេសបាន​​ចាត់ការ​រួចរាល់​បាន​ចំនួន ២២ ០២២ ស្មើនឹង ៨៩,៣៤ភាគរយ​​។ 

ចំណែក​ឯ​នៅក្នុង​សំណុំរឿង​ក្មេង​ទំនើង​ គណៈបញ្ជាការ​ដឹកនាំ​យុទ្ធនាការ បាន​ពិនិត្យឃើញថា តុលាការ​បាន​អនុវត្ត​ច្បាប់​យ៉ាង​ម៉ឺងម៉ាត់ ដោយ​គិត​ចាប់ពី​ថ្ងៃទី​២៣ ខែឧសភា ឆ្នាំ​២០២៤ មកទល់នឹង ពេលនេះ​​ សាលាដំបូង និង​អយ្យការ​អម​សាលាដំបូង​រាជធានី ខេត្ត ទូទាំងប្រទេស បានទទួល​ចាត់ការ សំណុំរឿង​ពាក់ព័ន្ធ​នឹង​ក្មេង​ទំនើង​សរុប​ចំនួន ២ ៣២៤ ដែលមាន​ជនសង្ស័យ ចំនួន ៣ ៦៥០ នាក់ ជា​កម្មវត្ថុ​នៃ​ការអនុវត្ត​វិធានការ​តាមផ្លូវ​ច្បាប់​។ 

លោក ជិន ម៉ាលីន រដ្ឋលេខាធិការក្រសួងយុត្ដិធម៌​ ដែលដឹកនាំ​សន្និសីទសារព័ត៌មាន​នេះ​បានថ្លែងថា ​យុទ្ធនា​ការ​ព​ន្លឿ​ន​ដោះស្រាយនឹង​ត្រូវបញ្ចប់​តាម​ផែនការ​ដោយ​ចំណាយ​ពេលវេលា​ ២ឆ្នាំកន្លះ ដែល​នៅ​សល់ពេលវេលា​ ១​ឆ្នាំ​កន្លះ​ទៀត​៕