ភ្នំពេញៈ ក្រសួងកសិកម្ម​ បានជម្រុញឱ្យកសិករ ងាកមកដាំដុះស្រូវផ្ការំដួល ដែល ជាពូជស្រូវខ្មែរ តាមរយៈបង្កើតជា សហគមន៍កសិកម្មទំនើបវិញ ជាជាងប្រើប្រាស់ពូជប្រភេទស្រូវ​ OM របស់វៀតណាម ដើម្បីធានាតម្លៃស្រូវបានយូរអ​ង្វែ​ង ចៀសវាងបញ្ហាធ្លាក់ថ្លៃ ដូចពេលបច្ចុប្បន្ននេះទៀត។

ការជម្រុញនេះធ្វើឡើង នៅខណៈពេលដែលតម្លៃប្រភេទស្រូវ​ OM របស់វៀតណាម ដែលពលរដ្ឋខ្មែរបានដាំដុះបាន​ធ្លាក់​​ថ្លៃ ម​កនៅ​ប្រ​មាណជា៧០ម៉ឺនរៀល ក្នុងមួយតោននៅខែមករានេះ។ 

ការធ្លាក់ថ្លៃនេះបង្កឱ្យមានការរិះគន់ ជា​ពិ​សេស​តា​មបណ្តាញសង្គម​ រហូតដល់កសិករជិត២០នាក់ បានធ្វើបាតុកម្ម បិទផ្លូវជាតិលេខ៥ ក្នុងស្រុក​មោង​ឫ​ស្សី ខេត្ត​បាត់​ដំបង កាលពីរសៀលថ្ងៃចន្ទ ១៣ ខែកមរានេះ ដើម្បីរកដំណោះស្រាយ ពីក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និង​នេ​សាទ​។

កសិករបានស្រែកតាមឧបករណ៍បំពងសំលេងដូច្នេះថា៖«ប្រសិនបើ ស្រូវចុះថោក កសិករមិនអាចរស់បានទេ មិន​អាច​ដោះស្រាយ​បំណុលជីគេ​បាន​ទេ...ស្រូវចុះថោកខ្លាំងពេក តែជីឡើងថ្លៃ»។ 

ក្រុមកសិករបានត្អូញត្អែថា ពួកគេបានជួល​ដីស្រែគេធ្វើ ដែលក្នុង១ហិកតា តម្លៃ ១លានរៀល ខណៈដែល ជី១បាវ តម្លៃ១៥ម៉ឺនរៀល និងថ្លៃឈ្នួលច្រូត​ស្រូវ​វិញ ១ហិកតា តម្លៃ៣០ម៉ឺនរៀល។ 

នៅថ្ងៃដដែលនោះ រដ្ឋមន្ត្រីក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ លោកឌិត ទីណាបានថ្លែងថា អ្នកដែល និយាយ​ពី​ស្រូវ​ធ្លាក់​ថ្លៃនោះ គឺមិនដែលបញ្ជាក់ពីប្រភេទស្រូវ ដែលធ្លាក់ថ្លៃនោះទេ។ 

អ្នកដែលធ្វើស្រូវពិតប្រាកដ គឺមានការបែងចែក ប្រភេទស្រូវច្បាស់លាស់ណាស់ ដូចជាប្រភេទស្រូវ ក្រអូប អង្ករស ឬស្រូវអ៊ីអ៊ា ស្រូវស្រាល ដែលដាំដុះ​លក់ទៅ​ប្រ​ទេស​វៀតណាម។

លោកមានប្រសាសន៍ថា៖«អញ្ជឹងការ​លក់​ស្រូវ វាអាស្រ័យទៅលើទីផ្សារវៀតណាម។ នៅពេលដែលស្រូវ ដែលយើង​ធ្វើសម្រាប់រោង​ម៉ាស៊ីនរបស់​យើង​ជាប្រភេទ​ស្រូវខ្មែរ យើងរក្សាទីផ្សារបាន។ មួយរយៈនេះ ដោយ​សារតែ​ដើរ​ស្រែក​ថា​ស្រូវធ្លាក់ថ្លៃៗ ទាំងអស់គ្នាគិតថា ស្រូវទាំងអស់ធ្លាក់ថ្លៃទាំងអស់។ នៅខាងនេះ អ្នកធ្វើស្រូវវស្សា អត់​មាន​ជួប​បញ្ហា​ហ្នឹង​ទេ»។ 

លោកបានលើកឡើងថា ចំពោះស្រូវប្រាំង វាមានបញ្ហានៅត្រង់ថា មានការសម្រុកដាំដុះ ច្រើនពេក ព្រោះ​ចង់​ចំណេញ​បានច្រើន។ បើតាមស្ថិតិនៅឆ្នាំនេះ ស្រូវប្រាំងមានជាង៧០ម៉ឺនហិកតា ដែលគិតជាទិន្នផល ប្រមូលសរុបទាំងអស់មាន ជិត៥លានតោន។ 

ក្នុងនោះ មានប្រភេទស្រូវ​ OM ដែលជាពូជស្រូវវៀតណាមភាគច្រើន។ ហេតុនេះ វាមិនងាយស្រួល ក្នុងការអន្តរាគមន៍នោះទេ ដើម្បីចៀសវាងការខាតបង់ទាំងអស់គ្នា ក្នុងខណៈពេលដែល នៅតាមរោងម៉ាស៊ីនស្រូវ គឺ​ពោរ​ពេញទៅដោយអង្ករខ្មែរ ដែលមិនទាន់លក់អស់។ 

លោករដ្ឋមន្រ្តីបញ្ជាក់ថា៖«អង្ករខ្មែរយើងនៅមានតម្លៃខ្ពស់ នៅពេលដែលអង្ករមិនក្រអូប អង្ករវៀតណាមមួយរយៈនេះ មានតម្លៃធ្លាក់ចុះមែនទែន។ ស្រូវពូជខ្មែររបស់យើង អត់បញ្ហាទេ។ ការជួយយើងជួយបានទាំងអស់ ព្រោះរោងម៉ាស៊ីន ត្រូវការប្រភេទស្រូវបែបនេះយកទៅទីផ្សារ ដែលត្រូវការស្រូវបែបនេះ»។ 

ប៉ុន្តែចំពោះស្រូវ OM ធ្វើទាំងពីដើមរហូតមក គឺតម្រូវទីផ្សារវៀតណាម ដែលកាលពីមានបញ្ហាគ្រោះរាំងស្ងួតកន្លងមកនោះ មានតម្រូវការច្រើនមែនទែន ហើយ​ឱ្យ​តម្លៃ​ខ្ពស់។ 

ហេតុនេះ ពលរដ្ឋខ្មែរមួយចំនួន ទោះបីមន្រ្តីកសិកម្ម ខំប្រឹងណែនាំឱ្យ​ ដាំដុះស្រូវ សែនក្រអូបពូជខ្មែរ ក៏ពួក​គាត់ នៅតែចង់ធ្វើប្រភេទស្រូវ​ OMវិញដដែល។ 

លោករដ្ឋមន្រ្តីមានប្រសាសន៍ថា៖«យើងក៏គោរពដែរ​ គាត់ចង់ធ្វើ ក៏ធ្វើ។ គាត់ត្រូវការទឹក ក៏យើងជួយដោះស្រាយទឹក។ ឥលូវយើងឃើញហើយថា បញ្ហាធ្លាក់ថ្លៃនៃប្រភេទស្រូវ​ OMនេះ ប្រហែលជាមិនងាយឡើងវិញទេ រហូតដល់​ចប់​ការ​ប្រ​មូលផល។ អញ្ជឹងយើងត្រៀមជួយក្នុងលក្ខខណ្ឌចាំបាច់មួយចំនួន​ តែក៏មិនអាចជួយដូចស្រូវខ្មែរ ដែល​មានទី​ផ្សារ​ក្នុង​ស្រុក​បានដែរ»។ 

ជាដំណោះស្រាយរយៈពេលវែង លោករដ្ឋមន្រ្តីបានជម្រុញឱ្យកសិករដែលធ្លាប់ដាំដុះស្រូវប្រភេទ​OM ឱ្យ​ត្រឡប់​មក​ធ្វើស្រូវសែនក្រអូប ជាលក្ខណៈ​សហគមន៍កសិកម្មទំនើបវិញ ដោយចាប់ផ្តើមនៅក្នុងរដូវបង្កបង្កើនផលថ្មីខាងមុខ​នេះ។

លោកបានពន្យល់ថា សហគមន៍កសិកម្មទំនើប គឺកសិករមិនចាំបាច់ចំណាយទៀត សម្រាប់ធ្វើស្រែក្នុងរដូវថ្មីនោះទេ ហើយ ​អ្នកដែលគ្មានប្រាក់ជាដើមទុន ក៏មិនចាំបាច់ខ្ចីគេ ជាលក្ខណៈ ម្នាក់ឯងទៀតនោះដែរ។ 

កសិករនឹងមាន​ការចង​ក្រង​គ្នាជា​សហគមន៍មួយ ដែលមាន អ្នកដឹកនាំដ៏រឹងមាំ ហើយក្រសួងកសិម្មនឹងឱ្យសហគមន៍នោះខ្ចីប្រាក់ធ្វើដើមទុន ដោយការប្រាក់ទាប​។ ប៉ុន្តែពេលប្រមូលផល នឹងធ្វើការកាត់កងសងវិញ។

លោកបានអះអាងថា៖«និយាយរួម គឺយើងដឹងតែចំណេញតែម្តង។ អត់មានខាតទេ លើកលែងតែបញ្ហាអាកាសធាតុ តែមិនដល់ថ្នាក់យើងខាតទាំងស្រុងដែរ។ បើសិនជាស្រែណាខាត ក៏ស្រែមួយទៀតជួយ។​សរុប​មក​គឺ​យើង​ចែក​ភា​គផ​លទៅតាមទំហំផ្ទៃដី ទិន្នផល ដែលយើងធ្វើជាមួយគ្នា»។ 

លោករដ្ឋមន្រ្តីមានប្រសាសន៍ថា៖«នេះហើយ យើងរួមគ្នាជួយគ្នា ដោះស្រាយយូរអង្វែង។ កុំឱ្យយើងបារម្ភរឿង អត់ទុន​ធ្វើ ធ្វើទៅចេះតែខាត។ ឥលូវនេះទុនមានឱ្យហើយ ហើយថាធ្វើទៅខាត មិនខាតទេ គ្រាន់តែចំណេញតិច ឬ​ច្រើន។ នៅ​ពេលដែលយើងធ្វើនៅតែឯង វាអាចពេលខ្លះចំណេញកប់ក្តោង តែពេលខ្លះខាត ក៏ខាតធ្ងន់ដែរ»។ 

នាពេលបច្ចុប្បន្ននេះ ស្រូវផ្ការំដួល លក់នៅស្រែបានតម្លៃពី ១ ២៥០ ទៅ១ ៣០០រៀល ហើយ​អ្នក​ប្រមូលទិញ​នៅ​រោង​ម៉ា​ស៊ីនមានតម្លៃជាង ១ ៤០០រៀលក្នុង១គីឡូក្រាម។ 

លោកក៏បានអំពាវនាវឱ្យមានការជួយធ្វើចលនា ដើម្បីឱ្យកសិករបាន​យល់​ ពី​ការ​​ធ្វើ​សហគ​មន៍​កសិ​កម្មទំនើប ដែល​អាចគ្រប់​គ្រងបានទាំងបរិមាណ គុណភាព និងពូជដែលត្រូវធ្វើ។

លោកបានជម្រុញដូច្នេះថា៖«ត្រូវធ្វើឱ្យចំពូជ ដែលយើងអាចជួយបាន។ យើងថាទិន្នផលវារាងទាបជាង ទិន្នផល​ស្រូវ​វៀតណាមមែន តែពេលមានបញ្ហអីយើងអាចជួយបាន»៕