ខុស​ពី​ភ្ញៀវ​ទេសចរ​មក​ពី​ប្រទេស​ ឬ តំបន់​ផ្សេងៗ ភ្ញៀវ​ទេសចរ​មក​ពី​ឥណ្ឌា​ជា​ច្រើន​ទស្សនា​ប្រាង្គ​ប្រាសាទ​នានា​នៅ​កម្ពុជា​ដោយ​ភ្ជាប់​ជាមួយ​នឹង​ការ​ប្រតិបត្តិ​សាសនា​សាសនា​ហិណ្ឌូ ឬ ព្រហ្មញ្ញសាសនា ដែល​ជា​សាសនា​មាន​ប្រភព​មក​ពី​ប្រទេស​ឥណ្ឌា។

ប្រាសាទ​បុរាណ​ខ្មែរ​ជាច្រើន​ត្រូវ​បាន​កសាង​​ឡើង​ដើម្បី​ឧទ្ទិស​ដល់​ព្រហ្មញ្ញ​សាសនា ​ឬ​មាន​ទំនាក់​ទំនង​ជាមួយ​សាសនា​ហិណ្ឌូ ខណៈ​ដែល​ប្រាសាទ​ខ្លះ​មាន​ទំនាក់​ទំនង​ជាមួយ​សាសនា​ព្រះ​ពុទ្ធ ដែល​សាសនា​ទាំង​ពីរ​នេះ​សុទ្ធ​តែ​មាន​ប្រភព​មក​ពី​ប្រទេស​ឥណ្ឌា។ កត្តា​ទំនាក់​ទំនង​ផ្នែក​សាសនា​នេះ​ហើយ​ដែល​​ធ្វើ​ឲ្យ​ទេសចរ​ឥណ្ឌា​មក​ទស្សនា​កម្ពុជា ចាប់​អារម្មណ៍​និង​បង្ហាញ​ក្ដី​គោរព​ជា​ខ្លាំង​ដល់​ចម្លាក់​ និង​វត្ថុ​ទេវរាជ​នានា។

លោក ញឹម ស៊ីដេត គឺ​ជា​មគ្គុទ្ទេសក៍​ទេសចរណ៍​នៅ​ខេត្ត​សៀមរាប ដែល​បាន​នាំ​ភ្ញៀវ​ឥណ្ឌា​ជាច្រើន​ក្រុម​ទស្សនា​​ប្រាសាទ​នានា​នៅ​ខេត្ត​នេះ។ លោក​រៀបរាប់​ថា ភ្ញៀវ​ទេសចរ​ឥណ្ឌា​មាន​ចំណាប់​អារម្មណ៍​យ៉ាង​ខ្លាំង​ទៅ​លើ​ប្រវត្តិ​នៃ​ប្រាសាទ​ដែល​ទាក់​ទិន​និង​​សាសន​ហិណ្ឌូ ព្រះសិវៈ​ និង​វប្បធម៌​ប្រពៃណី​ដែល​ស្រដៀង​គ្នា ដូចជា ប្រាសាទ​អង្គរ​វត្ត ភ្នំ​គូលែន និង​ក្បាល​ស្ពាន ជា​ដើម។

លោក​ថ្លែង​ថា៖ «ដោយសារ​តែ​គាត់​ក៏​កាន់​សាសនា​ហិណ្ឌូ​ដែរ គាត់​យល់​ច្បាស់​ពី​សាសនា​នេះ​ ដូចជា​រឿង​ព្រេង និង​ចម្លាក់​នានា ដែល​ឆ្លាក់​ឡើង​នៅ​តាម​ហោរ​ជាង តាម​រោង​ទោង​នៅ​ប្រាសាទ​អង្គរវត្ត​ជា​ដើម ដែល​សុទ្ធ​សឹង​តែ​ទាក់​ទង​នឹង​ទេវកថា​របស់​ឥណ្ឌា។ ប្រាសាទ​នៅ​កម្ពុជា​យើង​មាន​ទំនាក់​ទំនង​នឹង​ព្រហ្មញ្ញ​សាសនា ក៏​ដូជា​ពុទ្ធសាសនា ហើយ​នៅ​ឥណ្ឌា វប្បធម៌​ ប្រពៃណី​របស់​គេ​ក៏​ស្រដៀង​យើង​ដែរ»។

លោក​​បន្ត​ថា៖ «គម្ពីរ​ពាក់ព័ន្ធ​នឹង​ព្រហ្មញ្ញ​សាសនា យើង​បាត់​បង់​ច្រើន នៅ​តែ​ខាង​ព្រះ​ពុទ្ធសាសនា។ សម្រាប់​ភ្ញៀវ​ទេសចរ​ឥណ្ឌា​ដែល​ខ្ញុំ​បាន​ជូន​ផ្ទាល់ ខ្ញុំ​សង្កេត​ឃើញ​ថា គាត់​នៅ​ចាំ គាត់​នៅ​មាន​ក្បួន​ខ្នាត គម្ពីរ​នមស្សការ​ព្រះសិវៈ នមស្សការ​ព្រះ​វិស្ណុ ជាដើម។ ដូច​នៅ​ក្បាល​ស្ពាន​ជា​ដើម​ គាត់​គោរព​យ៉ាង​ខ្ជាប់​ខ្ជួន។ ពេល​គាត់​ទៅ​ដល់ គាត់​មិន​មែន​ត្រឹម​តែ​ទស្សនា​ទេ គឺ​គាត់​មក​ថ្វាយ​បង្គំ គោរព​បូជា សូត្រ​ធម៌ គឺ​មិន​មែន​គ្រាន់​តែ​មក​ទស្សនា​ធម្មតាៗ​នោះ​ទេ»។

បើ​តាម​លោក ស៊ីដេត ភ្ញៀវ​ទេសចរ​ឥណ្ឌា​នៅ​ឆ្នាំ​ ២០២៤ មាន​ចំនួន​កើន​ឡើង​ប្រៀប​នឹង​ឆ្នាំ​២០២៣​ ហើយ​នៅ​ឆ្នាំ​ ២០២៥​ លោក​រំពឹង​ថា​នឹង​មាន​ចំនួន​ច្រើន​ជាង​នៅ​ឆ្នាំ​២០២៤ ដោយសារ​តែ​​មាន​ជើង​ហោះ​ហើរ​ត្រង់​កាន់​តែ​ច្រើន​រវាង​កម្ពុជា​និង​ឥណ្ឌា។

កម្ពុជា និង​ ឥណ្ឌា បាន​បង្កើត​រៀបចំ​ឆ្នាំ​ទស្សនា​កម្ពុជា-ឥណ្ឌា លើក​ដំបូង​នៅ​ឆ្នាំ​២០២៤ ដើម្បី​ជំរុញ​​ការ​ទស្សនា​ប្រទេស​ទាំង​ពីរ។ បច្ចុប្បន្ន​នេះ ប្រទេស​ទាំង​ពីរ​មាន​ជើង​ហោះ​ហើរ​ត្រង់​រវាង​ទីក្រុង​ភ្នំពេញ​និង​ទីក្រុង​ញូវដែលី​ ដែល​ដំណើរ​ការ​ដោយ​ក្រុមហ៊ុន Air Cambodia ដែល​បើក​ប្រតិបត្តិការ​កាល​ពី​ខែ​មិថុនា ឆ្នាំ​២០២៤។ 

នៅ​ខែ​កុម្ភៈ​ឆ្នាំ​២០២៥​នេះ ជើង​ហោះ​ហើរ​ត្រង់ថ្មី​​នឹង​ត្រូវ​បាន​បន្ថែម​រវាង​ទីក្រុង​ញូវដែលី និង​ ភ្នំពេញ និង​រវាង​ទីក្រុង កុលកាតា (Kolkata)  និង​ខេត្ត​សៀមរាប។

ស្ត្រីទេសចរ​ឥណ្ឌា កំពុង​សូត្រ​បួងសួង​នៅ​ក្បាល​ស្ពាន ក្នុង​ខេត្ត​សៀមរាប នៅ​ខែ​មករា ឆ្នាំ២០២៥។ ហ្វេសប៊ុក ញឹម ស៊ីដេត

ទិន្នន័យ​របស់​ក្រសួង​ទេសចរណ៍​ដែល​ទើប​ចេញ​ផ្សាយ បាន​បង្ហាញ​ថា ក្នុង​រយៈ​ពេល​១១​ខែ​នៃ​ឆ្នាំ ២០២៤​ ភ្ញៀវ​បរទេស​ដែល​ចូល​មក​ប្រទេស​កម្ពុជា មាន​ចំនួន​សរុប ៦ លាន​នាក់ កើន​ឡើង ២២ ភាគរយ​បើ​ធៀប​នឹង​រយៈ​ពេល​ដូច​គ្នា​ឆ្នាំ ២០២៣ ដែល​មាន ៤, ៩២ លាន​នាក់។

ក្នុង​ចំនួន​ខាង​លើ ភ្ញៀវ​មក​ពី​ប្រទេស​ឥណ្ឌា មាន​ចំនួន​សរុប ៦៩ ០៦៣នាក់ កើន​ឡើង ​១៣,២ ភាគ​រយ​ធៀប​នឹង​រយៈ​ពេល​ដូច​គ្នា​ក្នុង​ឆ្នាំ​២០២៣។ យ៉ាងណា​ក៏ដោយ ភ្ញៀវ​ទេសចរ​ឥណ្ឌា​មិន​ទាន់​ឡើង​ដល់​កម្រិត​ជាប់​ចំណាត់​ថ្នាក់​​កំពូល​ទាំង​១០​នោះ​ទេ។

លោក ខៀវ ធី ប្រធាន​សមាគម​មគ្គុទ្ទេសក៍​ទេសចរ​អង្គរ បាន​ថ្លែង​ថា តាម​បទ​ពិសោធន៍​ជាក់​ស្ដែង ដែល​លោក​ធ្លាប់​បាន លោក​សង្កេត​ឃើញ​ថា ភ្ញៀវ​ទេសចរ​ឥណ្ឌា​ហាក់​មាន​មោទនាភាព​ចំពោះ​វប្បធម៌ និង​សាសនា​ពី​ឥណ្ឌា​ដែល​កំពុង​មាន​វត្តមាន​នៅ​អាស៊ីអាគ្នេយ៍ ជា​ពិសេស​នៅ​កម្ពុជា។

លោក​ថ្លែង​ថា៖ «ពួក​គាត់​មាន​មោទនភាព​ដោយ​សារ​តែ​ខ្មែរ​យើង​មាន​ទំនាក់​ទំនង​ជាមួយ​ឥណ្ឌា​តាំង​ពី​បុរាណ​កាល​មក ហើយ​ចំនួន​ទេសចរ​ឥណ្ឌា​មក​ចេះ​តែ​ច្រើន​ឡើងៗ។ គាត់​គោរព​ណាស់​នៅ​ពេល​ឃើញ​ចម្លាក់​ព្រះ​វិស្ណុ ចម្លាក់​សិវលិង្គ គាត់​គោរព​ឱន​លំទោន និង​ថ្វាយ​បង្គំ​​ និង​ប្រោះ​ទឹក​មន្ត និង​ខ្លាច​បុណ្យ​បាប»។

យ៉ាង​ណា​ក៏​ដោយ លោក​ក្រើន​រំឭក​ថា ការ​ធ្វើ​បដិសណ្ឋារកិច្ច​សម្រាប់​ភ្ញៀវ​ទេសចរ​ឥណ្ឌា​ត្រូវការ​ភាព​អត់​ធ្មត់​ខ្ពស់ គឺ​ត្រូវ​មាន​ចិត្ត​ធ្ងន់ ពីព្រោះ​ភ្ញៀវ​ទេសចរ​ឥណ្ឌា​ជា​ទូទៅ​ទាមទារ​សេវាកម្ម​ខ្ពស់ ដូចជា​ម៉ាស៊ីន​ត្រជាក់​ខ្លាំង និង​មិន​សូវ​គោរព​ពេល​វេលា៕