ភ្នំពេញៈ សហគមន៍កសិករប្រើប្រាស់ទឹក ចំនួន៧បន្ថែទៀត នឹងត្រូវបង្កើតឡើងក្នុងឆ្នាំ២០២៥នេះ ដែលធ្វើឱ្យចំនួនសហគមន៍នេះកើនឡើងដល់ជាង៥០០ ដើម្បីបង្កើនប្រសិទ្ធភាព និងជំរុញកសិករ ឱ្យមានភាពម្ចាស់ការ លើការគ្រប់គ្រង និងប្រើប្រាស់ទឹក ជាពិសេស នៅក្នុងរដូវប្រាំង ដែលប្រឈមនឹងបញ្ហាកង្វះទឹក។
ក្រសួងធនធានទឹក និងឧតុនិយម បានបង្កើតសហគមន៍កសិករប្រើប្រាស់ទឹក(ស.ក.ប.ទ.)នៅទូទាំងប្រទេសបានចំនួន ៥៧៧កន្លែងគិតត្រឹមឆ្នាំ២០២៤។
ក្នុងនោះ ឆ្នាំ២០២៤ ក្រសួងបានបង្កើតសហគមន៍ថ្មីចំនួន៧កន្លែង និងបានចុះត្រួតពិនិត្យ និងគាំទ្រ បច្ចេកទេសចំនួន ១៧៧កន្លែង។ នេះបើយោងតាមប្រសាសន៍ រដ្ឋមន្ត្រីក្រសួងធនធានទឹក លោកថោ ជេដ្ឋា ដែលបានថ្លែងក្នុងកិច្ចប្រជុំ នាថ្ងៃចន្ទ ទី១៣ ខែមករានេះ។
ក្នុងឆ្នាំ២០២៥នេះ ក្រសួងនឹងបន្តចុះរៀបចំបង្កើតសហគមន៍ថ្មីចំនួន៧បន្ថែមទៀត។ ក្នុងនោះ នៅក្នុងខេត្តពោធិ៍សាត់ មានចំនួន១កន្លែង, កំពង់ឆ្នាំង២កន្លែង, កំពង់ស្ពឺ២កន្លែង និងខេត្តកំពង់ធំ២កន្លែងផងដែរ។
ក្រុមការងារក្រសួងក៏នឹង បន្តចុះត្រួតពិនិត្យ និងគាំទ្រ បច្ចេកទេស ដល់ ស.ក.ប.ទ ចំនួន១៨៥កន្លែង នៅទូទាំងប្រទេសផងដែរ។
ស.ក.ប.ទ គឺជារូបវន្តបុគ្គលមួយក្រុម ដែលបង្កើតឡើងក្នុងគោលបំណងបម្រើ ផលប្រយោជន៍រួមឱ្យប្រជាពលរដ្ឋ តាមរយៈការប្រើប្រាស់ប្រព័ន្ធធារាសាស្ត្រ ប្រកបដោយប្រសិទ្ធភាព និង និរន្តរភាព ដើម្បីរួមចំណែកលើកស្ទួយជីវភាពប្រជាពលរដ្ឋ និងលើកស្ទួយសេដ្ឋកិច្ចសង្គម ក៏ដូចជាវិស័យកសិកម្ម។ ការងារដោះស្រាយទឹកត្រូវបានចាត់ទុកជាកត្តាគន្លឹះ នៃគោលនយោបាយរបស់រាជរដ្ឋាភិបាលផងដែរ។
ក្នុងកិច្ចប្រជុំស្តីពីយុទ្ធនាការផ្សព្វផ្សាយ និងពង្រឹងសហគមន៍កសិករប្រើប្រាស់ទឹកនោះ លោករដ្ឋមន្រ្តីបានលើកឡើងថា កិច្ចប្រជុំនេះ គឺជាការចាប់ផ្តើមយុទ្ធនាការ ផ្សព្វផ្សាយ និងពង្រឹង សហគមន៍កសិករប្រើប្រាស់ទឹក ដែលជាការងារស្នូលរបស់ក្រសួង។
លោកមានប្រសាសន៍ថា៖«ក្នុងនាមជាក្រសួងជំនាញ ដែលទទួលបន្ទុកការងារគ្រប់គ្រងធនធានទឹក និងអាកាសធាតុ គឺមានតួនាទី ដើម្បីផ្សព្វផ្សាយឱ្យប្រជាពលរដ្ឋបានយល់ដឹងច្បាស់អំពី បរិមាណទឹកដែលមានស្រាប់ សម្រាប់ប្រើប្រាស់ក្នុងវិស័យកសិកម្ម និងបំរើឱ្យការប្រើប្រាស់ក្នុងជីវភាពរស់នៅប្រចាំថ្ងៃ»។
លោករដ្ឋមន្ត្រីបានបន្ថែមថា កាលពីឆ្នាំកន្លងទៅ ពេលរដូវប្រាំងចូលមកដល់ ក្រសួងបានធ្វើការផ្សព្វផ្សាយជូនដំណឹងតាមគោលនយោបាយប្រព័ន្ធតែមួយ ដល់ប្រជាពលរដ្ឋឱ្យមានការប្រុងប្រយ័ត្នក្នុងការប្រើប្រាស់ទឹក។
ក្រសួងក៏បាន បានសំណូមពរ ដល់ប្រជាពលរដ្ឋមិនឱ្យធ្វើស្រែប្រាំងលើកទី២ និងលើកទី៣ ដែលអាចប្រឈមនឹងការខ្វះខាតទឹកស្រោចស្រព ធ្វើឱ្យមានការខាតបង់ និងប៉ះពាល់ដល់ផលប្រយោជន៍របស់ពួកគាត់។
លោកបន្តថា នៅឆ្នាំ២០២៥នេះ ក្រសួងបានធ្វើការផ្សព្វផ្សាយជូនដំណឹងពីបញ្ហានេះដែរ ក៏ប៉ុន្តែមានភាពជាក់លាក់ជាងមុន ច្បាស់ជាងមុន និងមានភស្តុតាងច្បាស់លាស់។
មន្ទីរធនធានទឹក និងឧតុនិយមតាមខេត្តនីមួយៗបានធ្វើផែនទីទឹក និងបញ្ជាក់ពីបរិមាណទឹកដែលមានសម្រាប់ការងារស្រោចស្រព និងការប្រើប្រាស់ប្រចាំថ្ងៃ និងផែនការធ្វើស្រែប្រាំងនៅតាមមូលដ្ឋានក្នុងបណ្តាខេត្ត ដើម្បីជំរុញការផ្សព្វផ្សាយនៅក្នុងកិច្ចប្រជុំត្រីវិស័យ កសិកម្ម ទឹក ជនបទ ព្រមទាំងផ្សព្វផ្សាយជូនប្រជាកសិករ ដែលជាអ្នកប្រើប្រាស់ទឹកនៅមូលដ្ឋានផ្ទាល់ឱ្យអនុវត្តការដាំដុះទៅតាមផែនការ និងជៀសវាងការខាតបង់ដោយសារការខ្វះខាតទឹកស្រោចស្រព។
ក្រសួងក៏បានឱ្យដឹងផងដែរថា កម្ពុជាមានអាងស្ដុកទឹក និងអាងទឹក នៃប្រព័ន្ធធារាសាស្ត្រសរុបចំនួន ១ ៥៦២គិតមកដល់ពេលបច្ចុប្បន្ននេះ។
ប្រធានមន្ទីរធនធានទឹក និងឧតុនិយម ខេត្តតាកែវ លោក ប៊ុន ហ៊ួបានឱ្យដឹងថា ខេត្តតាកែវមានប្រព័ន្ធធារាសាស្ត្រចំនួន ១៣០ប្រព័ន្ធ។ ក្នុងនោះ ប្រព័ន្ធធារាសាស្ត្រមានលទ្ធភាពស្រោចស្រពស្រូវរដូវប្រាំងឆ្នាំ២០២៤-២០២៥ មានចំនួន៥៨ ប្រព័ន្ធ លើផ្ទៃដីចំនួន ៨៣ ៥៥០ហិកតា ដែលជាស្រូវប្រាំងលើកទី១ ឬប្រាំងបណ្តេញទឹក, ចំនួន៦៤ប្រព័ន្ធ ទឹកសម្រាប់ប្រើប្រាស់ប្រចាំថ្ងៃ និងចំនួន៨ប្រព័ន្ធមិនមានលទ្ធភាពរក្សាទឹក។
លោកបានបញ្ជាក់ថា៖«កន្លងមក ការប្រើប្រាស់ទឹកនារដូវប្រាំង មន្ទីរធ្លាប់បានផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ និងអាជ្ញាធរមូលដ្ឋាន ឱ្យរក្សាទឹក និងសន្សំសំចៃទឹកប្រើប្រាស់ ដោយបរិមាណទឹកភ្លៀងឆ្នាំនេះទាបជាងឆ្នាំមុន និងកម្ពស់ទឹកទន្លេក៏ ទាបជាងដែរ ជាពិសេសការបង្កបង្កើនផលស្រូវប្រាំង គួរដាំដុះតែមួយលើក ចៀសវាងបញ្ហាប្រឈមខ្វះខាត ទឹកស្រោចស្រពនារដូវប្រាំង»។
ទោះយ៉ាងណា ពលរដ្ឋខ្លះនៅតែបង្កបង្កើនផលស្រូវប្រាំងលើសរាប់ម៉ឺនហិកតា ពីបរិមាណទឹកដែលមាន។ ជាក់ស្តែងនៅខេត្តបន្ទាយមានជ័យមន្ទីរធនធានទឹកបានណែនាំឱ្យដាំដុះស្រូវប្រាំង និងស្រូវបណ្តេញទឹកតែមួយលើកប៉ុណ្ណោះ លើផ្ទៃដីចំនួន ១៦ ០០០ហិកតា។ ប៉ុន្តែកសិករបានធ្វើ រហូតដល់ទៅ៩ម៉ឺនហិកតា។
រីឯក្នុងខេត្តពោធិ៍សាត់វិញ ទឹកអាចផ្គត់ផ្គង់ ជូនប្រជាកសិករ បានត្រឹមតែ ២០ ០០០ហិកតាប៉ុណ្ណោះ។ ប៉ុន្តែ ការបង្កបង្កើនផលមានរហូតដល់ទៅ ៥៨ ៧៧០ហិកតា។
រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោកឌិត ទីណាបានលើកឡើងពេល ជួបសំណេះសំណាលជាមួយសមាជិកសហគមន៍កសិករ ខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី១៣ ខែមករានេះថា មានអ្នកខ្លះបានកេងចំណេញនយោបាយពីការធ្លាក់ថ្លៃស្រូវ និងការខ្វះខាតទឹកសម្រាប់ធ្វើកសិកម្ម នារដូវប្រាំងនេះផងដែរ។
លោកបានលើកឡើងថា៖«យើងពិនិត្យមើលថា នៅពេលដែលយើងប្រាប់ថា អស់ទឹកហើយ កុំធ្វើច្រើនពេក ប្រយ័ត្នខូច។ អ្នកហ្នឹងចេញមក ទាញប្រជាជនឱ្យបន្តធ្វើ ហើយស្រែកថា មិនត្រូវហាមគេធ្វើស្រែទេ។ តាមពិតមិនមែនហាមទេ គ្រាន់តែជម្រាបជូនថា នឹងពិបាករឿងទឹកហើយ តែមិនស្តាប់ទេ។ អ្នកដែលជំរុញឱ្យធ្វើស្រូវប្រាំង នៅពេលដែលស្រូវធ្លាក់ថ្លៃ យកមកស្រែកទៀតហើយ»៕