ភ្នំពេញ៖ ផ្ដើមពី​អាជីវកម្ម​តូច​មួយ​លើ​ភូមិ​បណ្ដែត​ទឹក​ក្នុង​ខេត្ដ​ពោធិ៍សាត់​ ពេលនេះ យូនីកា ជា​សហគ្រាស​ក្នុង​ស្រុក​មួយ​ដែល​ធ្វើ​ការ​កែច្នៃ​ផលិតផល​ត្រី ​ទទួល​បាន​វិញ្ញាបនបត្រ​ស្ដង់ដា​ និង​ត្រៀម​នាំចេញ​ទៅកាន់​ទីផ្សារ​បរទេស​។

អ្នកស្រី ឡឹប ម៉ារី ស្ថាបនិក​យូនីកា បាន​និយាយថា៖ «ខ្ញុំចាប់ផ្ដើម​ដំបូង​ជាមួយ​ក្រុម​ស្ដ្រីកែច្នៃ​​លើភូមិ​បណ្ដែត​​ទឹក​នៅ​ខេត្ដ​ពោធិ៍សាត់​ដោយ​ទិញ​ផលិត​ផល​របស់​ពួកគាត់​នូវ​តម្លៃ​ថ្លៃ​ជាង​លើ​ទីផ្សារ​ ដើម្បី​យក​មក​ប្រកួត​ប្រជែង​នៅ​ទីផ្សារធម្មជាតិ​​នៅ​ភ្នំពេញ​»។ 

អ្នកស្រី បាន​ឱ្យដឹងថា ក្រៅពី​ប្រាក់​កម្រៃ គិតគូរ​ដល់​សុខភាព អ្នកស្រី​ធ្វើ​ការ​ជាមួយ​សហគមន៍​ស្ដ្រី​ជាច្រើន​ផ្ដោតលើ​ផលិតផល​ត្រី​ទាំង​ទឹក​សាប និង​ទឹក​ប្រៃ ក៏ដូចជា​មាន់​ស្រែ​តិចតួច​។ 

ដោយ​មិន​មាន​ការ​ផ្គត់ផ្គង់​ត្រី​ជាប្រចាំ​នៅ​ក្នុង​ខេត្ដ​ពោធិ៍សាត់ អ្នកស្រី​ ម៉ារី បន្ដ​ធ្វើ​ការ​ជាមួយ​ក្រុម​អ្នក​ចិញ្ចឹមត្រីទឹក​សាប ដូចជា ត្រីប្រា ត្រីពោ ត្រីអណ្ដែង ត្រី​រ៉ស់ ត្រី​ឆ្ពឹន​ជាដើម​។ 

អ្នកស្រី​បន្ដ​ពង្រីក​ទៅកាន់​បណ្ដា​ខេត្ដ​ដែលមាន​ផលិតផល​ត្រី​ទឹក​ប្រៃ​ថែម​ទៀត ដោយ​មាន​ដៃ​គូទាំង​អស់​នៅ​ខេត្ដ​ពោធិ៍សាត់ សៀមរាប កំពង់ធំ កំពង់ចាម កោះកុង ព្រះ​សីហនុ កំពត​ និង​បាត់ដំបង​។ 

អ្នកស្រី​បាន​បញ្ជាក់ថា​៖ «​ពេល​យូនីកា ចាប់ផ្ដើម​ជាមួយ​សហគមន៍​ណាមួយ​ យើង​មិន​ត្រឹមតែ​ទិញ​ផលិត​ផល​ពីពួកគាត់​នោះទេ ប៉ុន្ដែថែមទាំង​ពិនិត្យ​មើលថា តើ​ផលិតផល​មាន​គុណភាព វត្ថុ​ធាតុដើម​មាន​សុវត្ថិភាព​ និងការ​វេច​ខ្ចប់​ត្រូវតាម​ស្ដង់ដា​ដែរឬទេ​»។ 

នេះជាអ្វីដែល​ស្ថាបនិក​យូនីការូបនេះ បាន​យក​ជំនាញ​ដែល​ទទួល​បានពី​ UNIDO តាម​រយៈ​គម្រោង CAPFISH-Capture ជាមួយ​ការ​ទទួល​បាន​វិញ្ញាបនបត្រត្រា​បញ្ជាក់​គុណភាព​សុវត្ថិភាព​កម្ពុជា​ (CQS) and Hazard Analysis and Critical Control Points (HACCP) មក​បន្ដ​បណ្ដុះបណ្ដាល​ដល់​សហគមន៍​ទាំងនោះ​។ 

អ្នកស្រីបាន​ឱ្យដឹងថា ក្នុង​ឆ្នាំ​២០២៤ នេះ អ្នកស្រី​បាន​បណ្ដុះ​បណ្ដាល​ចំនួន ៨​ សហគមន៍ ដែលមាន​ចំនួន​សមាជិក ១២៨​នាក់​ ដោយ​ផ្ដោតលើ​ការ​អនុវត្ដ​អនាម័យ​ល្អ​។

សហគ្រាស​យូនីកា ដែល​ត្រូវបាន​បង្កើតឡើង​ក្នុង​ឆ្នាំ២០១៤​ និង​ទើប​ទទួលបាន​វិញ្ញាបនបត្រ​កាលពី​ឆ្នាំ​មុន​​ បានចាប់ផ្តើម​ជា​ប្រតិបត្តិការ​ដែលមាន​គោលបំណង​គាំទ្រ​ក្រុម​នេសាទ​របស់​ស្ត្រី​។​

សព្វថ្ងៃនេះ សហគ្រាស​ផ្គត់ផ្គង់​ផលិតផល​ជលផល​​​នេះលដ់​​ទីផ្សារ​ចំនួន ១២​ ហើយ​គ្រោង​នឹង​ពង្រីក​ដល់​៨ ​បន្ថែមទៀត​។​

​សហគ្រាស​នេះ​មាន​បុគ្គលិក​ចំនួន ១០ នាក់ ដែល ៧០ ភាគរយ​ជា​ស្ត្រី ហើយ​បាន​បង្កើត​ភាពជា​ដៃគូ​រឹងមាំ​ជាមួយ​អ្នកនេសាទ​ក្នុងស្រុក អ្នក​កែច្នៃ និង​អ្នក​ចែកចាយ​។​

អ្នកស្រី ឡឹប ម៉ារី ផ្ដើមពីអាជីវកម្មតូចមួយលើភូមិបណ្ដែតទឹកក្នុងខេត្ដពោធិ៍សាត់ ពេលនេះ សហគ្រាសយូនីកា របស់អ្នកស្រីធ្វើការកែច្នៃផលិតផលត្រី ទទួលបានវិញ្ញាបនបត្រស្ដង់ដា និងត្រៀមនាំចេញទៅកាន់ទីផ្សារបរទេស។ រូបថត យូសុះ អាប់ឌុលរ៉ាស់ហ៊ីម

​អ្នកស្រី ម៉ារី បាន​ឱ្យដឹង​ថា៖ «​​គោលដៅ​របស់​យើង​តែងតែ​លើក​កំពស់​ផលិតផល​ជលផល​កម្ពុជា​ទៅកាន់​ស្តង់ដារ​លំដាប់​ពិភពលោក​​។​ ​យើង​បានចាប់ផ្តើម​​​បេសកកម្ម​ផ្តល់​សិទ្ធិអំណាច​ដល់​សហគម​ន៍​មូលដ្ឋាន និង​​ធានាថា ​ផលិតផល​របស់​យើង​ឈានដល់​ទីផ្សារ​ពិភពលោក»​។​

អ្នកស្រី​បាន​បន្ដថា​៖ «​​វា​បានទទួល​មតិ​កែលម្អ​ជា​វិជ្ជមាន​រួចហើយ​ក្នុងអំឡុងពេល​ធ្វើតេស្ត​សាកល្បង​នៅ​ប្រទេស​កូរ៉េ និង​នូ​វែ​ល​សេ​ឡង់ ហើយ​យើង​ជឿជាក់ថា ​វា​នឹង​ដំណើរការ​បានល្អ​នៅ​ទូទាំង​ពិភពលោក​»​។​

​​​ផលិតផល​របស់យូនីកា រួមមាន ​ត្រីងៀត ប្រហិត​ត្រី ត្រី​ឆ្អើរ​ និង​សាច់​ត្រី ដែល​សម្រាប់​យក​ទៅ​ចម្អិន​តែម្ដង ដែល​ផ្គត់ផ្គង់​ដល់​អតិថិជន​នៅតាម​ផ្សារ​ទំនើប​ក្នុង​រដ្ឋធានី​។​

ដើម្បី​ឆ្លើយតប​នឹង​តម្រូវ​ការកើនឡើង សហគ្រាស​បាន​វិនិយោគ​លើ​ម៉ាស៊ីន​វេច​ខ្ចប់​ដោយ​ស្វ័យប្រវត្តិ ហើយ​បានធ្វើឱ្យ​ប្រសើរឡើង​នូវ​បរិក្ខារ​វេច​ខ្ចប់ ដោយ​ផ្តោតលើ​សុវត្ថិភាព​ចំណីអាហារ និង​និរន្តរភាព​បរិស្ថាន​។​

អ្នកស្រី ឡឹប ម៉ារី បង្ហាញផលិតរបស់យូនីកាដល់លោក ហាស់ សារ៉េត រដ្ឋលេខាធិកាក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងលោក ឈួន ចំណាន ប្រធាននាយកដ្ឋានបច្ចេកវិទ្យាកែច្នៃនិងគុណភាព (DFPTQ) នៃរដ្ឋបាលជលផល។ រូបថត យូសុះ អាប់ឌុលរ៉ាស់ហ៊ីម

និយោជិត និង​អ្នកផ្គត់ផ្គង់​ត្រូវបាន​បណ្តុះបណ្តាល​លើ​ស្តង់ដា​សុវត្ថិភាព​ចំណីអាហារ​ស្របតាម​វិ​ញ្ញាប​ន​បត្រ​អន្តរជាតិ​ដូចជា HACCP និងត្រា​គុណភាព​សុវត្ថិភាព​កម្ពុជា​​ (CQS)​។​

កម្មវិធីជំរុញកំណើនវិស័យជលផលប្រកបដោយចីរភាព និងបរិយាប័ន្ន (CAPFish) របស់​គម្រោង គម្រោង​អភិវឌ្ឍន៍​ជលផល​ក្រោយប្រមូល​ផល CAPFISH-Capture គឺជា​គម្រោង​របស់​រាជរដ្ឋាភិបាលក្រោម​ការដឹកនាំ​របស់​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ​ដែល​អនុវត្ដ​ដោយ​រដ្ឋបាល​ជនផល​ សហការ​ជាមួយ​អង្គការ UNIDO ដោយ​ទទួលបាន​ថវិកា​ហិរញ្ញប្បទាន​ពី​សហគាព​អឺរ៉ុប (EU)។

​លោក សុខ ណារិន តំណាងប្រចាំព្រះរាជាណាចក្រកម្ពុជារបស់អង្គការ UNIDO បាន​ឱ្យដឹងថា អង្គការបាន​គាំទ្រដល់​សហគ្រាស​ចំនួន ៥៥ នៅទូទាំងប្រទេស ជាពិសេស​តំបន់​ជុំវិញ​បឹង​ទន្លេសាប​។ 

អ្នកស្រី ឡឹប ម៉ារី បានណែនាំផលិតផលត្រីថ្មីរបស់សហគ្រាស យូនីកា ដល់មន្ដ្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ រូបថត យូសុះ អាប់ឌុលរ៉ាស់ហ៊ីម

លោក​បាន​បន្ដថា ក្នុង​ចំណោមសហគ្រាស​កែច្នៃ​ផលិតផល​ពី​ត្រី​ទាំង ៥៥​ នេះ ពួកគេ​ទទួល​បាន​ការ​គាំទ្រ​តាម​រយៈ​ការ​ពង្រឹង​ចំណេះដឹង ការ​កែលម្អលើ​ទីតាំងផលិត ក៏ដូចជា​សម្ភារ​ដែល​ចាំបាច់​ប្រើ​ប្រាស់​ក្នុង​ទីតាំង​ផលិតកម្ម​របស់​ពួកគេ​។ 

លោក ណារិន បានថ្លែងថា​៖ «​យើង​ធ្វើការ​ជាមួយ​រដ្ឋបាល​ជលផល​ដើម្បី​ពង្រឹង​ប្រព័ន្ធ​ត្រួតពិនិត្យគុណភាព​ អនុលោម​តាម​បទបញ្ញត្ដិ​បច្ចេកទេស​គ្រប់​គ្រាន់​សម្រាប់​មន្ដ្រី​ជំនាញ​ជលផល​។ យើងបាន​ធ្វើការ​រួម​គ្នា​នូវ​ត្រា​គុណភាពសុវត្ថិភាព​​ផលិតផល (CQS) ជាការ​ធានា​នូវ​គុណភាព​សុវត្ថិភាព​ផលិតផល​»។ 

យ៉ាងណាមិញ លោក​ទទួល​ស្គាល់ថា សហគ្រាស​ជួប​ឧបសគ្គ​ជាច្រើន​ក្នុង​ចង្វាក់​ផលិតកម្ម​កែច្នៃ​ រួម​ទាំងការ​ខ្វះខាត​ដើមទុន ចំណេះដឹង និង​បច្ចេកវិទ្យា​។

លោក​បាន​បញ្ជាក់ថា​៖ «តាមរយៈ​គម្រោង CAPFISH-Capture យើងបា​ន​ផ្ដល់​ចំណេះដឹង​ និង​ជំនាញ ក៏ដូចជា​ផ្ដល់​នូវ​សម្ភារ​ដល់​សហគ្រាស​ទាំង​ឡាយ។ យូនីកា ជាសហគ្រាស​មួយ​ក្នុង​ចំណោម​សហគ្រាស​ទាំង ៥៥ ដែល​យើង​បាន​ជួយ ហើយ​គាត់​អាច​ជា​សហគ្រាស​គំរូ​មួយ​ដែល​យើង​អាច​បង្ហាញ​ដល់​សហគ្រាស​ផ្សេងៗ​ដើម្បី​ឱ្យ​គាត់​អាច​រៀន​ធ្វើ​តាម​»។

លោក ណារិន បាន​បន្ដថា ភាព​ជោគជ័យ​ក៏​អាស្រ័យ​លើ​ម្ចាស់​សហគ្រាស​ផ្ទាល់​ផង​ដែរ​។ តាមរយៈគម្រោង​នានា ​អង្គការ UNIDO បាន​​ជួយ​អ្វី​ដែល​អង្គការ​អាច​ជួយ​បាន។

បុគ្គលិកដែលភាគច្រើនជាស្ដ្រី កំពុងធ្វើការកែច្នៃផលិតផលត្រីនៅយូនីកា ដែល វិញ្ញាបនបត្រត្រាបញ្ជាក់គុណភាពសុវត្ថិភាពកម្ពុជា (CQS) and Hazard Analysis and Critical Control Points (HACCP) តាមរយៈគម្រោង CAPFISH-Capture របស់អង្គការ UNIDO។ រូបថត យូសុះ អាប់ឌុលរ៉ាស់ហ៊ីម

លោក​បាន​បន្ថែមថា វា​ទាមទារ​ឱ្យ​មាន​ការ​គាំទ្រ​ខ្លាំង​ពី​អតិថិជន​ក្នុង​ប្រទេស​ ដែល​ម្ចាស់​សហគ្រាស​អាច​ពង្រីក​លទ្ធភាព​នៃការ​ផលិត​បំពេញ​តម្រូវការ​។

យូនីកា ស្ថិត​ក្នុង​ចំណោម​រោងចក្រ សហគ្រាស និង​សិប្បកម្ម ចំនួន ៥ ដែល​បាន​អនុវត្ត​វិធីសាស្ត្រ ស​៥ បានល្អ​ប្រសើរ ដែល​ចេញ​ដោយ​មជ្ឈមណ្ឌល​ផលិតភាព​ជាតិ នៃ​ក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍។

លោក​ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍ បានថ្លែង​ក្នុង​​ពិធី​ប្រគល់ «ពានរង្វាន់​សមិទ្ធផល​ផលិតភាព «​ស​៥»  ឆ្នាំ​២០២៤» ថា​៖ «កម្មវិធី​ប្រគល់​ពានរង្វាន់​សមិទ្ធផល​ផលិតភាព «​ស​៥» ត្រូវបាន​រៀបចំឡើង​ដើម្បី​លើកកម្ពស់ និង​ជំរុញ​ចលនា​បង្កើន​ផលិតភាព​ឱ្យបាន​ទូលំទូលាយ​នៅ​ទូទាំងប្រទេស​»។​​

​កម្មវិធី​ប្រគល់​ពានរង្វាន់​សមិទ្ធផល​ផលិតភាព «​ស​៥» ត្រូវបាន​រៀបចំ​ឡើងជា​រៀងរាល់ឆ្នាំ ចាប់តាំងពី​ឆ្នាំ​២០១៤ មក ដោយ​ជ្រើសរើស​ក្រុមហ៊ុន​ដែល​ឈានមុខ​គេ​ក្នុងការ​អនុវត្ត​វិធីសាស្ត្រ ស​៥ រួមាមន​ សម្រិតសម្រាំង​ សណ្តាប់ធ្នាប់​ ស្អាត​ ស្តង់ដា និង​ស្ថិរភាព​។​

លោក ឈួន​ ចំណាន ប្រធាននាយកដ្ឋានបច្ចេកវិទ្យាកែច្នៃនិងគុណភាព (DFPTQ) នៃរដ្ឋបាល​ជលផល បាន​ឱ្យដឹងថា គម្រោង​ CAPFISH-Capture នេះ ​អនុវត្ដ​ដោយ​រដ្ឋបាល​ជនផល​ សហការ​ជាមួយ​អង្គការ UNIDO ដោយ​ទទួលបាន​ថវិកា​ហិរញ្ញប្បទាន​ពី​សហគាព​អឺរ៉ុប (EU) ដើម្បី​ជួយ​អភិវឌ្ឍ​វិស័យ​ជលផល​ប្រកបដោយ​ចីរភាព និង​បរិយាប័ន្ន​។ 

លោកបានថ្លែង​ថា៖ «​​ភាពជោគជ័យ​របស់​ស​ហ​គ្រាស ​ដូចជា យូនីកា​ បង្ហាញ​ពី​ប្រសិទ្ធភាព​នៃ​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​យើង​ក្នុង​ការធ្វើ​ទំនើបកម្ម​វិស័យ​ជលផល​របស់​ប្រទេស​កម្ពុជា​​។​ ​យើង​នៅតែ​ប្ដេជ្ញាចិត្ត​ក្នុង​ការជួយ​ដល់​អាជីវកម្ម​ទាំងនេះ ខណៈដែល​ពួកគេ​ជំរុញ​កំណើនសេដ្ឋកិច្ច និង​ការបង្កើត​ការងារ​»៕​​