ភ្នំពេញៈ ឯកសារស្តីពីហានិភ័យអាកាសធាតុសម្រាប់កុមារនៅកម្ពុជា ត្រូវបានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវ​ការ​ជា​លើក​ដំបូង ដោយបានបង្ហញថា កុមារកម្ពុជាប្រមាណជិត២លាននាក់ កំពុងរស់នៅប្រឈមនឹង ការ​ប្រែ​ប្រួល​អា​កា​សធាតុ ជាពិសេស ទឹកជំនន់ គ្រោះរាំងស្ងួត និងរលកកម្តៅ។

ឯកសារសន្ទស្សន៍ហានិភ័យអាកាសធាតុសម្រាប់កុមារនៅកម្ពុជា (CCRI) ដែលបានរៀបចំឡើងដោយ ក្រសួងបរិស្ថាន អង្គ​ការយូនីសេហ្វ (UNICEF) ត្រូវបានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ដោយលោករដ្ឋមន្រ្តីអ៊ាង សុផ​ល្លែត និងលោក Will Parks តំណាងអង្គការយូនីសេហ្វប្រចាំកម្ពុជាកាល​ពីថ្ងៃអង្គារ ទី១៤ ខែមករានេះ។ 

លោករដ្ឋមន្រ្តីបានលើកឡើងថា ឯកសារ ពិតជាមានសារៈសំខាន់ ក្នុង​ការផ្តល់ជាផែន​ទីបង្ហាញផ្លូវបន្ថែម​ទៀត​សម្រាប់​រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងបរិស្ថាន និងក្រសួង-ស្ថាប័នពាក់ព័ន្ធ ក្នុងការកំណត់សកម្មភាព​អាទិភាពដែល​គិត​គូរ​ដល់​​​សុខមាលភាព និងកិច្ចការពារកុមារ ដែលងាយរងគ្រោះបំផុត។ 

នេះធានាថា​ ការកាត់​បន្ថ​យហានិភ័យ​គ្រោះ​មហន្ត​រាយ និងយុទ្ធសាស្ត្របន្សាំនឹងការប្រែប្រួលអាកាសធាតុ គឺត្រូវបានបញ្ចូល និងផ្តោតលើតម្រូវការរបស់កុមារ និង​យុវ​ជន​។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់អង្គការយូនីសេហ្វ។

លោកមានប្រសាសន៍ថា៖«ព័ត៌មានទាំងនេះ ក៏បានផ្តល់ជាធាតុចូលក្នុងការរៀបចំអន្តរាគមន៍ និង​កម្មវិធីអ​ប់រំ​អំពី​ហានិ​ភ័​យអា​កា​ស​ធាតុ និងគ្រោះមហន្តរាយ សំដៅជួយកុមារ និងគ្រួ​សារ​រប​ស់ពួកគេ​ឱ្យយ​ល់ដឹ​ងបន្ថែ​មពី​ការគំ​រា​មកំហែង​ដែលពួ​កគេប្រឈមមុខ និងការត្រៀមខ្លួនសម្រាប់ការប្រែប្រួលអាកាសធាតុ និងគ្រោះមហន្តរាយ»។ 

ក្រសួងបរិស្ថាន បានសហការជាមួយអង្គការUNICEF នៅឆ្នាំ២០២៣ ដើម្បីរៀបចំសន្ទស្សន៍ហានិភ័យអាកាសធាតុ សម្រាប់កុមារនៅកម្ពុជា (Children’s Climate Risk Index) ដើម្បីកំណត់អំពីស្ថានភាព នៃភាពប្រឈម និង​ភាព​ងាយ​រងគ្រោះ របស់កុមារ ទៅនឹងផលប៉ះពាល់ពីការប្រែប្រួលអាកាសធាតុ និងបរិស្ថាន។

ឯកសារនេះផ្តល់នូវការវិភាគស៊ីជម្រៅអំពីភាពងាយរងគ្រោះ ដែលកុមារកំពុងប្រឈមទៅ​នឹងផលប៉ះពាល់ពីការ​ប្រែ​ប្រួលអាកាសធាតុ។ វាគឺជាឧបករណ៍ ដែលប្រមូលផ្តុំទិន្នន័យ ការវិភាគស៊ីជម្រៅ និងលម្អិតនៅថ្នាក់ឃុំ ដែល​បង្ហាញ​ពីភាព​ងាយរងគ្រោះរបស់កុមារទៅនឹងផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ និងហានិភ័យបរិស្ថាន​ដែលកុមារ​កំ​ពុង​ប្រឈម។

ក្រៅពីនោះ វាក៏បង្ហាញពីហានិភ័យលើសុខភាពកុមារ ការអប់រំ និងកិច្ចការពារកុមារ ដែលបង្កឡើង​ដោយការប្រែ​ប្រួល​អាកាសធាតុ និងគ្រោះថ្នាក់បរិស្ថាន ដូចជាទឹកជំនន់ គ្រោះរាំងស្ងួត រលកកម្តៅ ខ្យល់កន្ទ្រាក់ និងជំងឺឆ្លង​តាមភ្នាក់​ងារ​ចម្លងនានា។ ឯកសារនេះ ក៏បានផ្តល់នូវអនុសាសន៍ដែលអាចអនុវត្តបាន ដើម្បីពង្រឹងភាពធន់ និងធានាថា កុមារគឺជា​ស្នូលនៃយុទ្ធសាស្រ្តកាត់បន្ថយ និងបន្ស៊ាំនឹងការប្រែប្រួលអាកាសធាតុផងដែរ។ 

សន្ទស្សន៍ហានិភ័យអាកាសធាតុនេះ បានបង្ហាញថា កុមារកម្ពុជាប្រមាណជិត ២លាននាក់ ដែលមានចំនួនច្រើនជាង មួយភាគបី នៃកុមារកម្ពុជាសរុប កំពុងរស់នៅក្នុងឃុំដែលមានសន្ទស្សន៍ហានិភ័យអាកាសធាតុលើកុមារ ខ្ពស់ ឬ​ខ្ពស់​ខ្លាំង។ ភាគច្រើននៃឃុំទាំងនោះស្ថិតនៅក្នុងតំបន់ដាច់ស្រយាល។ 

បន្ថែមពីនោះ ជិតមួយភាគបីនៃកុមារកម្ពុជាសរុបប្រឈមមុខខ្លាំងទៅនឹងគ្រោះរាំងស្ងួត ហើយ​ជាង​ពាក់​កណ្តា​លនៃ​កុ​មារ​​កម្ពុ​ជា​សរុបប្រឈមមុខខ្លាំងទៅនឹងការកើនទ្បើងកម្តៅ ជំងឺដែលបង្កដោយភ្នាក់ងារចម្លង និងខ្យល់កន្ទ្រាក់។ 

ឯកសារដដែលក៏បានលើកឡើងដែរថា ស្ទើរតែពាក់កណ្តាលនៃ​កុមារកម្ពុជា​សរុប ប្រឈម​មុខខ្លាំង​ទៅនឹង​ជំនន់​ទឹក​ទន្លេ​ ហើយពាក់កណ្តាល នៃកុមារកម្ពុជាសរុបប្រឈមមុខខ្លាំងទៅនឹងការបំពុលបរិយាកាស ដែលលើស​ពីក​ម្រិត​ស្តង់​ដាដែលបានណែនាំដោយអង្គការសុខភាពពិភពលោក។ 

សេចក្តីប្រកាសបានសរសេរថា៖«កុមារកម្ពុជា ដែលងាយរងគ្រោះបំផុត រស់នៅក្នុងឃុំនានាក្នុងភូមិភាគឦសាន តំបន់​ជុំវិញបឹងទន្លេសាប និងផ្នែកខ្លះនៃតំបន់វាលទំនាប»។ 

កុមារទាំងនេះប្រឈមមុខនឹងហានិភ័យអាកាសធាតុកាន់តែខ្លាំង ដោយសារតែសេវាសង្គមជាមូលដ្ឋាន មិនទាន់អាចឆ្លើយតបនឹងតម្រូវការ ជាពិសេសផ្នែកសុខភាពនិងអាហារូបត្ថម្ភ គួប​ផ្សំនឹងកង្វះខាតផ្នែកជីវភាពនិងការផ្តល់សេវាគាំពារសង្គម ការផ្តល់នូវទឹកស្អាត និងអនាម័យ កិច្ចការពារកុមារ និង​ការ​អប់រំ។

តំណាងអង្គការយូនីសេហ្វប្រចាំកម្ពុជា លោក Will Parks បានថ្លែងក្នុងឱកាសនោះថា ឯកសារនេះ គឺជាឧ​បក​រណ៍​ដ៏មា​ន​អានុ​ភាពមួយ ដើម្បីសកម្មភាពរួម ផ្តល់សិទ្ធិអំណាចដល់អ្នកដឹកនាំ សហគមន៍ និងជាពិសេស យុវជន និងកុមារ ក្នុង​ការចាត់​វិធានការជាក់ស្តែងដើម្បីកាត់បន្ថយ និងដោះស្រាយផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ៕