ខេត្ដក្រចេះ៖ គម្រោងថ្មីមួយត្រូវបានដាក់អោយអនុវត្តដោយអង្គការទស្សនៈពិភពលោក នឹងផ្តល់ផលដល់កុមារដែលខ្វះអាហារូបករណ៍ តាមរយៈការលើកកម្ពស់សមភាពយេនឌ័រក្នុងតំបន់នៃប្រទេសដែលងាយរងគ្រោះបផុត។
គម្រោងលើកកម្ពស់សមភាពយេនឌ័រក្នុងកម្មវិធីអាហារូបត្ថម្ភ (ReactsIn) ដែលត្រូវបានចាប់ផ្តើមជាផ្លូវការកាលពីថ្ងៃទី ៨ ខែមករា នៅសណ្ឋាគារ ហ៊រ ប៊ុនី្ន ខេត្តក្រចេះ នឹងផ្តល់អត្ថប្រយោជន៍ដល់ប្រជាជនជាង ៣១ ០០០នាក់ នៅក្នុងភូមិចំនួន២៥ ក្នុងឃុំចំនួន៥ ក្នុងស្រុកព្រែកប្រសព្វ មុនឆ្នាំ ២០២៩។
យោងតាមអង្គការទស្សនៈពិភពលោក បានឱ្យដឹងថា៖ «កម្ពុជាគឺជាប្រទេសទីប្រាំដែលចូលរួមក្នុងគម្រោងលើកកម្ពស់សមភាពយេនឌ័រក្នុងកម្មវិធីអាហារូបត្ថម្ភ ReactsIn បន្ទាប់ពីប្រទេស បង់ក្លាដែស កេនយ៉ា សូម៉ាលី និងតង់ហ្សានី ដោយនាំមកនូវវិធីសាស្ត្រពិសេសមួយដើម្បីដោះស្រាយបញ្ហាអាហារូបត្ថម្ភកុមារតាមរយៈការពង្រឹងសមភាពយេនឌ័រ»។
គម្រោង (ReactsIn) ដែលផ្ដល់មូលនិធិរដ្ឋាភិបាលកាណាដា តាមរយៈកិច្ចការងារអន្តរជាតិកាណាដា (GAC) លើកកម្ពស់សមភាពយេនឌ័រក្នុងកម្មវិធីអាហារូបត្ថម្ភ មានគោលបំណងធ្វើឱ្យប្រសើរឡើងនូវអាហារូបត្ថម្ភ សិទ្ធិដែលទាក់ទងនឹងអាហារូបត្ថម្ភ និងភាពសមភាពយេនឌ័រ សម្រាប់អ្នកមានជីវភាពក្រីក្រ និងអ្នកដែលត្រូវបានគេរំលង ដោយផ្តោតជាពិសេសលើស្ត្រី ក្មេងស្រីវ័យជំទង់ និងកុមារដែលមានអាយុក្រោម ៥ ឆ្នាំ។
ទោះបីជាមានការរីកចម្រើនដ៏លេចធ្លោនៅលើបញ្ហានេះក្នុងអំឡុងទសវត្សរ៍កន្លងមកក៏ដោយ កម្ពុជានៅតែមានអត្រាកុមារខ្វះអាហារូបត្ថម្ភខ្ពស់ ដោយមានកុមារ ២២ភាគរយ បង្ហាញពីកម្ពស់ទាបធៀបនឹងអាយុរបស់ពួកគេ (ការក្រិះក្រិន) ដែលតំណាងឱ្យគម្លាតការលូតលាស់របស់មនុស្ស។
លោកវេជ្ជបណ្ឌិត អាស្រាត តូឡូសូ (Asrat Tolosso) ប្រធានគម្រោងលើកកម្ពស់សមភាពយេនឌ័រក្នុងកម្មវិធីអាហារូបត្ថម្ភ ReactsIn នៃអង្គការទស្សនៈពិភពលោកកាណាដា បាននិយាយថា៖ «កុមាររីកចម្រើន និងឈានដល់សក្តានុពលពេញលេញរបស់ពួកគេ នៅពេលពួកគេទទួលបានការថែទាំពីម្ដាយ និងឪពុក»។
លោកបានបន្ដថា៖ «ទោះបីជាម្តាយជាអ្នកទទួលខុសត្រូវចម្បង ជាពិសេសនៅក្នុងផ្នែកដូចជាការផ្តល់អាហារ ការថែទាំ និងការស្វែងរកសេវាថែទាំសុខភាពក៏ដោយ ក៏ឪពុកមានតួនាទីសំខាន់ក្នុងការអភិវឌ្ឍរបស់កូនៗផងដែរ»។
គម្រោងនេះនឹងត្រូវអនុវត្តដោយអង្គការទស្សនៈពិភពលោក ដោយកិច្ចសហការជាមួយក្រសួងសុខាភិបាល ក្រសួងកិច្ចការនារី និងក្រសួងអភិវឌ្ឍន៍ជនបទ។
លោកស្រី ខាំ សុភាព អភិបាលរងខេត្តក្រចេះ បានឱ្យដឹងក្នុងពេលបើកអនុវត្តគម្រោងថា៖ «ខ្ញុំលើកទឹកចិត្តឱ្យអ្នកចូលរួមទាំងអស់ក្នុងការបើកអនុវត្តគម្រោងនេះ ឱ្យយកចិត្តទុកដាក់ចំពោះការអនុវត្ត និងបើកចំហរទៅនឹងការរៀនសូត្រអ្វីថ្មីៗពីគម្រោង ដើម្បីបម្រើសហគមន៍របស់យើងឱ្យកាន់តែប្រសើរ និងធ្វើឱ្យសុខភាពកុមារនៅស្រុកព្រែកប្រសព្វកាន់តែប្រសើរ»។
ជាមួយនឹងថវិកាចំនួន ៤៣៤ ០៧៤ ដុល្លារ គម្រោងលើកកម្ពស់សមភាពយេនឌ័រក្នុងកម្មវិធីអាហារូបត្ថម្ភ ReactsIn នឹងរួមចំណែកដោយផ្ទាល់ទៅនឹងគោលដៅយុទ្ធសាស្ត្របញ្ចកោណទី១ (ការអភិវឌ្ឍធនធានមនុស្ស) និងទី៤ (ការអភិវឌ្ឍដែលមានភាពធន់ ការអភិវឌ្ឍប្រកបដោយចីរភាព និងបរិយាបន្ន) របស់រាជរដ្ឋាភិបាល និងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពលេខ ២ (ការលុបបំបាត់ការអត់ឃ្លាន) និងលេខ៥ (ភាពសមភាពយេនឌ័រ) របស់អង្គការសហប្រជាជាតិ។
គម្រោងលើកកម្ពស់សមភាពយេនឌ័រក្នុងកម្មវិធីអាហារូបត្ថម្ភ ផ្តោតលើការលើកកម្ពស់តួនាទី សមភាពយេនឌ័រដែលទាក់ទងអាហារូបត្ថម្ភ សុខភាព និងសុខភាពបន្តពូជ និងសិទ្ធិ នៅកម្រិតសហគមន៍។
យោងតាមអង្គការទស្សនៈពិភពលោក បានបង្ហាញថា វាបានពង្រឹងការផ្តល់សេវាសាធារណៈ និងបង្កើនការយល់ដឹងរបស់ភាគីពាក់ព័ន្ធអំពីភាពសមធម៌យេនឌ័រនៅក្នុងស្រុកតាមរយៈការស្វែងរកមតិគាំទ្រ និងការសន្ទនាគោលនយោបាយផងដែរ។
អង្គការទស្សនៈពិភពលោកជាអង្គការគ្រិស្តបរិស័ទ ដែលប្រតិបត្តិនៅកម្រិតមូលដ្ឋាននៅកម្ពុជាអស់រយៈពេលជាង៥០ឆ្នាំ ហើយបាននិងកំពុងពង្រឹងសុខុមាលភាពរបស់កុមារ និងសហគមន៍ដែលមានភាពងាយរងគ្រោះបំផុត ឲ្យមានភាពប្រសើរឡើង។
អង្គការមិនមែនរដ្ឋាភិបាលនេះបានធ្វើការនៅក្នុងខេត្តចំនួន ២០ និងរាជធានីភ្នំពេញ ដោយមានកម្មវិធីសំខាន់ៗ ដូចជា កម្មវិធីការការពារកុមារកម្មវិធីអប់រំ កម្មវិធីអាហារូបត្ថម្ភ កម្មវិធីជីវភាព ឬការបន្ស៊ាំនឹងការបម្រែបម្រួលអាកាសធាតុ។
នៅក្នុងឆ្នាំ ២០២៤កន្លងមកនេះ អង្គការទស្សនៈពិភពលោក បានផ្តល់ផលជាវិជ្ជមានដល់ជីវិត កុមារី និងកុមារា ចំនួន ៣លាននាក់នៅកម្ពុជា៕