មានមន្ត្រីរាជការតែ ១០០នាក់ប៉ុណ្ណោះ ក្នុងចំណោមមន្ត្រីរាជការស៊ីវិលដែលបានធ្វើតេស្តរកសារធាតុញៀនជាង ១១ម៉ឺននាក់ត្រូវ បានរកឃើញមានសារធាតុញៀន ហើយត្រូវបានបណ្ដេញចេញពីក្រមខណ្ឌរដ្ឋ ដោយផ្អែកលើបទបញ្ជា ០១ របស់រដ្ឋាភិបាល។ នេះបើតាមលោក នេត សាវឿន ឧបនាយករដ្ឋមន្ដ្រី និងជាប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន។
ថ្លែងក្នុងពិធីបូកសរុបការងារប្រចាំឆ្នាំ២០២៤ និងលើកទិសដៅឆ្នាំ២០២៥ របស់រដ្ឋបាលខេត្តកំពង់ចាម កាលពីថ្ងៃទី១៤ ខែមករា លោក នេត សារឿន បានប្រាប់ឲ្យអាជ្ញាធរពាក់ព័ន្ធកុំឲ្យទុកអ្នកដែលរកឃើញមានសារធាតុញៀនចោល ពោលគឺត្រូវយកទៅព្យាបាលនៅតាមមណ្ឌល។
សម្រាប់ខេត្តកំពង់ចាម ការធ្វើតេស្តរកសារធាតុញៀនក្នុងចំណោមមន្ត្រីរាជការជាង ១២០០០នាក់ មានតែ២នាក់ប៉ុណ្ណោះរកឃើញមានសារធាតុហាមឃាត់។
លោកថ្លែងថា៖ «បើមានមន្ត្រីរាជការណាត្រូវបានបណ្ដេញចេញពីជួរ កុំចោល ត្រូវទាក់ទងជាមួយនឹងមជ្ឈមណ្ឌលអប់រំព្យាបាលដើម្បីយកពួកគាត់ទៅព្យាបាល មុននឹងឲ្យគាត់ទៅរស់នៅក្នុងសង្គមវិញ។ គាត់មិនអាចចូលក្នុងបុគ្គលិករដ្ឋវិញបានទេ តែអាចចូលក្នុងសង្គម ភូមិឃុំបាន ដើម្បីប្រកបអាជីវកម្ម»។
បទបញ្ជា ០១ ត្រូវបានរាជរដ្ឋាភិបាលប្រកាសកាលពីខែកុម្ភៈ ឆ្នាំ២០២៤ ដើម្បី «សម្អាតបឹង» ឬ បោសសម្អាតមន្ត្រីរាជការ និងកងកម្លាំងមានសមត្ថកិច្ចទាំងអស់កុំឲ្យពាក់ព័ន្ធនឹងការប្រើប្រាស់ ឬ បទល្មើសគ្រឿងញៀន។
លោក នេត សាវឿន ស្នើឲ្យអាជ្ញាធរខេត្តទាំងអស់បន្តធ្វើតេស្តរកសារធាតុញៀនក្នុងចំណោមមន្ត្រីរាជការ តាមលទ្ធភាពដែលអាចធ្វើបាន និងជំរុញឲ្យសាធារណជនប្រើប្រាស់កម្មវិធីទូរស័ព្ទដៃរាយការណ៍រឿងគ្រឿងដែលមានឈ្មោះថា «No Drug»។
បើតាមលោក នេត សាវឿន កម្មវិធីនេះមានអ្នកដោនឡូត ប្រើប្រាស់ជិត ៤ម៉ឺននាក់ គិតចាប់ពីពេលដាក់ដំណើរការនៅខែមេសា ឆ្នាំ២០២៤។ តាមរយៈកម្មវិធីនេះ មានការរាយការណ៍អំពីករណីគ្រឿងញៀនជិត ៦០០ករណី ដែលករណីជាច្រើនត្រូវបានសមត្ថកិច្ចបង្ក្រាបបានជោគជ័យ។
លោក នេត សាវឿន បានឲ្យដឹងថា ចាប់ពីឆ្នាំ២០២៤ កម្ពុជាបានប្ដូរទីតាំងដុតបំផ្លាញគ្រឿងញៀននៅភ្នំពេញ ដែលពីមុនធ្វើនៅកោះពេជ្រ ដោយប្ដូរទៅដុតបំផ្លាញនៅឡឥដ្ឋក្បែររាជធានីភ្នំពេញ ដើម្បីបញ្ចៀសផលប៉ះពាល់ដល់អ្នករស់នៅម្ដុំកោះពេជ្រ។
លោកបន្តថា បន្ថែមពីលើនេះ កម្ពុជាទទួលបានការកោតសរសើរពីការិយាល័យអង្គការសហប្រជាជាតិស្ដីពីគ្រឿងញៀននិងឧក្រិដ្ឋកម្ម (UNODC) សម្រាប់ការផ្សព្វផ្សាយពីគ្រឿងញៀនដោយមានការចូលពីភាគីពាក់ព័ន្ធចាំបាច់ មិនមែនតែក្នុងចំណោមមន្ត្រីរាជការនោះទេ។
កាលពីឆ្នាំ២០២៤ កម្ពុជាបង្ក្រាបបានគ្រឿងញៀនខុសច្បាប់បានប្រមាណ ១៤,៧ តោន ខណៈដែលឆ្នាំ២០២៣ សមត្ថកិច្ចបង្ក្រាបនិងរឹបអូសបានគ្រឿងញៀនតែ ២,២៩តោនប៉ុណ្ណោះ។
ចំនួនជនសង្ស័យក៏បានកើនឡើងផងដែរ ពី១៩៩៤០នាក់នៅឆ្នាំ២០២៣ ទៅដល់២៦០៣៣នាក់នៅ ឆ្នាំ ២០២៤ គឺកើនឡើង៣០,៥ភាគរយ។ ក្នុងចំណោមជនសង្ស័យទាំងនេះ ជនបរទេសមានចំនួន ៩៥៤នាក់។ នេះបើយោងតាមតួលេខរបស់មន្ទីរប្រឆាំងគ្រឿងញៀន៕