បាត់ដំបងៈ មានទីតាំងស្ថិតនៅក្នុងភូមិដាំស្ពៃ សង្កាត់ស្លាកែត ក្រុងបាត់ដំបង ពុទ្ធិកបឋមសិក្សាវត្តស្លាកែត គឺជាទីតាំងគំរូមួយក្នុងការបណ្តុះបណ្តាលសមណសិស្ស ដោយមានបញ្ចូលនូវមុខវិជ្ជាសំខាន់ៗក្នុងកម្មវិធីសិក្សា និងប្រើប្រាស់បច្ចេកទេសអប់រំផ្សេងៗ ដើម្បីធ្វើយ៉ាងណាឱ្យសមណសិស្ស មានមូលដ្ឋានគ្រឹះ និងវិន័យល្អ។
ពុទ្ធិកបឋមសិក្សាវត្តស្លាកែត ត្រូវបានបង្កើតឡើងនៅក្នុងពីឆ្នាំ២០០៨ ដោយផ្តោតលើការបណ្តុះបណ្តាលកម្រិតថ្នាក់បឋមសិក្សា ហើយបច្ចុប្បន្នមានសមណសិស្សចំនួនជាង១៦០ អង្គ កំពុងសិក្សារៀនសូត្រនៅទីនេះ។
ព្រះអង្គ យ៉ិន ផៃយីន នាយករងនៃពុទ្ធិកបឋមសិក្សាវត្តស្លាកែតមានសង្ឃដីកាប្រាប់ភ្នំពេញប៉ុស្តិ៍ ថា ការសិក្សានៅពុទ្ធិកបឋមសិក្សាវត្តស្លាកែត បែងចែកចេញជា៥ ថ្នាក់ រួមមាន ថ្នាក់ទី១, ទី២, ទី៣ និងថ្នាក់បំប៉នចំនួន២ថ្នាក់។ ព្រះអង្គបន្ថែមថា ពុទ្ធិកបឋមសិក្សាវត្តស្លាកែត មានកម្មវិធីសិក្សាដូចគ្នានឹងសាលាចំណេះដឹង ទូទៅ និងមានការសិក្សាខាងពុទ្ធចក្កផងដែរ។
ព្រះអង្គមានសង្ឃដីកាដូច្នេះថា៖ «សម្រាប់សមណសិស្សសិក្សាទាំងខាងអាណាចក្រ និងពុទ្ធចក្ក មេរៀនជាគោលចំបង គឺសិក្សាភាសាបាលី ព្រះវិន័យ ព្រះអភិធម្ម និងចំណេះវិជ្ជាទាក់ទង នឹងពុទ្ធសាសនាគឺយើងសិក្សាទាំងអស់ ហើយសមណសិស្ស ក៏សិក្សាខាងអាណាចក្រផងដែរ មានទាំងភាសាខ្មែរ គណិត សិក្សាសង្គម វិទ្យាសាស្ត្រ គឺមានសិក្សាទាំងអស់»។
ក្រៅពីការសិក្សានូវចំណេះដឹងខាងលើ ទីកន្លែងបណ្តុះបណ្តាលព្រះសង្ឃនេះ ក៏បញ្ចូលនូវមុខវិជ្ជា សំខាន់ៗចំនួន២ទៀត គឺភាសាអង់គ្លេស និងកុំព្យូទ័រ ដែលមុខវិជ្ជាទាំងនេះ នឹងក្លាយជាស្ពានចំណេះដឹងមួយទៅដល់ថ្ងៃអនាគត។
ព្រះអង្គ អង្គ យ៉ិន ផៃយីន មានសង្ឃដីកា៖«អាត្មាឱ្យតម្លៃថា បច្ចុប្បន្ន ភាសាអង់គ្លេស និងកុំព្យូទ័រ ប្រៀបបាននឹងភ្នែកយើងម្ខាង យើងមិនអាចខ្វះបានទេ ព្រោះសង្គមយើងពឹងផ្នែកលើប្រព័ន្ធឌីជីថល ហើយអាត្មាគិតថា សមណសិស្សទាំងអស់ មិនដឹងអនាគតទៅលោក (ព្រះសង្ឃ) ស្រឡាញ់ ឬបួសបានរហូតឬអត់ទេ? អ៊ីចឹងអាចមានអង្គខ្លះ សឹកទៅរៀននៅក្រៅ ឬក៏សាលាផ្សេង លោកអាចស្រឡាញ់ជំនាញវិស្វករ ច្បាប់ ឬ IT អ៊ីចឹងអាត្មា បានរៀបចំផ្លូវឱ្យលោកស្រាប់ហើយ លោកមានជាគ្រឹះអង់គ្លេស និងគ្រឹះកុំព្យូទ័រ អាចនិយាយថា ការសិក្សាអង់គ្លេស និងកុំព្យូទ័រដើរផ្លូវណាក៏ត្រូវ ទាំងអាណាចក្រ និងពុទ្ធចក្រ ចំណេញទាំង២»។
សម្រាប់ថ្នាក់រៀនកុំព្យូទ័រ សមណសិស្សទាំងអស់ សិក្សានៅក្នុងបន្ទប់កុំព្យូទ័រដែលជាសម្បត្តិរបស់វត្ត នៅក្នុងពុទ្ធិកបឋមសិក្សាវត្តស្លាកែតផ្ទាល់ ដោយឡែកការសិក្សាថ្នាក់ភាសាអង់គ្លេស សមណសិស្ស ត្រូវទៅសិក្សានៅខាងក្រៅ។
នាយករងពុទ្ធិកបឋមសិក្សាវត្តស្លាកែត បញ្ជាក់ថា៖ «ភាសាអង់គ្លេស ព្រះសង្ឃទាំងអស់ តម្រូវឱ្យរៀន នៅវត្តដំរី ព្រោះនៅទីនោះមានសាលាដែរ គឺសាលាពុទ្ធិកសកលវិទ្យាល័យ ដែលបើកកម្មវិធីសិក្សា ភាសាអង់គ្លេស វគ្គជំនាញខ្លី ចំពោះការចំណាយផ្សេងៗដូចជាយានជំនិះ និងអ្វីៗគ្រប់យ៉ាងគឺលោកគ្រូ លោកអាចារ្យ គណៈកម្មការទាំងអស់ជាអ្នករៀបចំប្រគេនដល់ព្រះសង្ឃ ដូច្នេះព្រះសង្ឃមិនចាំបាច់គិត អីទេ គឺដល់ម៉ោងទៅរៀនទៅបានហើយ»។
ការសិក្សានៅក្នុងពុទ្ធិកបឋមសិក្សាវត្តស្លាកែត ចែកជា៣វេន គឺពេលព្រឹកសិក្សាចាប់ពីម៉ោង ៧ ព្រឹកដល់ម៉ោង ៩ព្រឹក និងពេលថ្ងៃ ចាប់ពីម៉ោង១រសៀល ដល់ម៉ោង៤រសៀល និងពេលយប់ ចាប់ផ្តើមសិក្សាពីម៉ោង ៧យប់ ដល់ម៉ោងជាង៩យប់ ដោយការសិក្សាពេលថ្ងៃ ធ្វើឡើងក្នុងថ្នាក់រៀន ចំណែកពេលយប់ ធ្វើឡើងនៅក្នុងបរិវេណវត្តស្លាកែត។
ព្រះអង្គ យ៉ិន ផៃយីន មានសង្ឃដីការៀបរាប់ថា៖ «ពេលយប់ យើងសិក្សាផ្នែកទន្ទេញ ព្រោះមានសារៈសំខាន់ណាស់សម្រាប់សមណសិស្ស ការទន្ទេញ នោះគឺទន្ទេញធម៌ និងមេរៀនព្រះបាលី ព្រោះភាសាបាលី បើអត់យល់មេរៀនទេ រៀនអត់ចេះទេ មានតែទន្ទេញ ទន្ទេញវេយ្យាករណ៍ ទន្ទេញមេរៀនគោលសំខាន់ៗ អត់អាចមើលរំលងការទន្ទេញនេះបានទេ ណាមួយសមនឹងពាក្យថា រៀនថ្ងៃមិនគ្រប់ រៀនយប់បន្ថែម»។
បន្ថែមពីកម្មវិធីសិក្សា នៅវត្តស្លាកែតក៏មានបច្ចេកទេសអប់រំពិសេសមួយទៀត គឺជាការបិទនូវរូបភាព នានា ដែលទាក់ទងនឹងការគោរពព្រះវិន័យ និងកិច្ចពុំគួរគប្បីណាមួយ ដែលនេះគឺជាវិធីសាស្ត្រអប់រំ ដល់សមណសិស្សទាំងអស់ ដ្បិតសមណសិស្ស គឺជាកុមារតូចៗដែលចូលចិត្តលេង និងអាចភ្លេចភ្លាំង នូវចំណុចណាមួយ ដូច្នេះនៅពេលឃើញរូបភាព សមណសិស្សអាចរំឭកដឹងខ្លួនថា អ្វីគួរធ្វើ និងអ្វីពុំគួរធ្វើ។
ព្រះអង្គ យ៉ិន ផៃយីន ពន្យល់ថា គណៈគ្រប់គ្រងសាលា មានយុទ្ធសាស្ត្រមួយ គឺការពារប្រសើរ ជាងព្យាបាល ដោយត្រូវអប់រំបណ្តុះបណ្តាលព្រះសង្ឃតូចៗជាមុន ពោលធ្វើយ៉ាងណាមិនឱ្យ សមណសិស្សប្រព្រឹត្តខុសកន្លង ប្រាសចាកវិន័យ សិក្ខាបទរបស់ព្រះសង្ឃនោះឡើយ។
ទន្ទឹមនឹងនេះ នាយករងនៃពុទ្ធិកបឋមសិក្សាវត្តស្លាកែត ព្រះអង្គ យ៉ិន ផៃយីន បញ្ជាក់ថា សមណសិស្ស ដែលកំពុងសិក្សានៅទីនេះ មកពីគ្រប់កន្លែងទាំងក្នុងខេត្តបាត់ដំបង និងបណ្តាខេត្ត-ក្រុងនានា ដូច្នេះសមណសិស្ស ដែលមានបំណងចង់មកសិក្សានៅវត្តស្លាកែត អាចមកសិក្សាបាន៕