
បុគ្កលិក ប.ស.ស. ផ្ដល់សេវាដល់អ្នកជំងឺនៅមន្ទីរពេទ្យអង្គឌូង កាលពីឆ្នាំ២០២៤។ FN
នៅក្នុងឆ្នាំ២០២៤ កន្លងទៅ សមាជិកបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) បានប្រើប្រាស់សេវាសរុបប្រមាណជាង ៧លាន ៧៧ម៉ឺនដង ដោយចំណាយអស់ថវិកាប្រមាណជាង ១៦២,៥៥លានដុល្លារ។ ប.ស.ស. ក៏នឹងចុះធ្វើអធិការកិច្ចចាប់ពីថ្ងៃទី១ កុម្ភៈដោយមានករណីសង្ស័យមួយចំនួន។
យោងតាមទិន្នន័យពី ប.ស.ស. ក្នុងមួយខែៗ សមាជិកប.ស.ស. បានប្រើប្រាស់សេវានៅមូលដ្ឋានសុខាភិបាលដែលជាដៃគូ ប.ស.ស.ជាង ៦៤ម៉ឺន៧ពាន់ដង។
គិតត្រឹមថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥នេះ ប.ស.ស. ដែលស្ថិតនៅក្រោមក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ មានសមាជិកសរុបចំនួន ២ ៧១៣ ៦៩៤នាក់ ស្រី ១ ៥០៣ ៣៤៥នាក់។ ក្នុងចំណោមសមាជិកទាំងអស់ បុគ្គលក្នុងវិស័យសាធារណៈមានចំនួន ៤៩៣ ៥៥៧នាក់, បុគ្គលដែលស្ថិតក្រោមបទប្បញ្ញត្តិនៃច្បាប់ស្ដីពីការងារមានចំនួន ១ ៥០៥ ៥៣៥នាក់, បុគ្គលស្វ័យនិយោជន៍មានចំនួន ៥១១ ៣៣៧នាក់ និងអ្នកក្នុងបន្ទុកសមាជិក ប.ស.ស. មានចំនួន ១៥៨ ២៦៥នាក់។
រាល់ក្រុមហ៊ុនទាំងអស់ត្រូវចុះបញ្ជីបុគ្គលិករបស់ខ្លួនសម្រាប់ប្រើប្រាស់សុខភាព ប.ស.ស. ដោយត្រូវគោរពតាមច្បាប់ស្ដីពីរបបសន្តិសុខសង្គមដែលបានប្រកាសឲ្យប្រើប្រាស់កាលពីឆ្នាំ២០១៩។ យ៉ាងណាក៏ដោយ ប.ស.ស. សង្ស័យថា មានក្រុមហ៊ុនខ្លះមិនបានអនុវត្តត្រឹមត្រូវតាមច្បាប់ ដូចជា មិនបានចុះបញ្ជីសហគ្រាស គ្រឹះស្ថាន និងកម្មករនិយោជិត, មិនបានបង់ភាគទានតាមកាលកំណត់, មិនរាយការណ៍ពីចំនួនបុគ្គលិករបស់ខ្លួនឲ្យបានត្រឹមត្រូវ ឬប្រកាសប្រាក់ឈ្នួលជាប់ភាគទានត្រឹមត្រូវ។
ចាប់ពីថ្ងៃទី១ ខែកុម្ភៈ ខាងមុខនេះ បេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) នឹងចុះធ្វើអធិការកិច្ចនៅតាមសហគ្រាស និងគ្រឹះស្ថានទូទាំងប្រទេស ដើម្បីពិនិត្យមើលថាតើក្រុមហ៊ុនសហគ្រាសទាំងអស់គោរពតាមច្បាប់ស្ដីពីរបបសន្តិសុខសង្គម និងដើម្បីដើម្បីពង្រឹងការអនុវត្តច្បាប់នេះ។
យោងតាមសេចក្ដីជូនដំណឹងរបស់ ប.ស.ស. ចុះថ្ងៃទី១៤ ខែមករា បានបញ្ជាក់ថា ការធ្វើអធិការកិច្ចនៅតាមសហគ្រាស គ្រឹះស្ថានទូទាំងប្រទេសធ្វើឡើងក្នុងគោលដៅ ពង្រីកវិសាលភាពនៃការគ្របដណ្តប់សមាជិក ប.ស.ស. ឱ្យកាន់តែទូលំទូលាយ ក្នុងគោលបំណងធានាឱ្យបាននូវសុខុមាលភាព និងអត្ថប្រយោជន៍នៃរបបសន្តិសុខសង្គមដល់កម្មករនិយោជិតគ្រប់រូប ជាពិសេសធានាឱ្យបាននូវនិរន្តរភាពមូលនិធិ សន្តិសុខសង្គម។
ប.ស.ស. ក្រើនរំឭកឲ្យម្ចាស់សហគ្រាស គ្រឹះស្ថាន ឬ អ្នកតំណាង ទាំងអស់ត្រូវអនុវត្តឱ្យបានត្រឹមត្រូវតាមច្បាប់ស្តីពីរបបសន្តិសុខសង្គម និងលិខិតបទដ្ឋានពាក់ព័ន្ធនានា។
សេចក្ដីជូនដំណឹងបញ្ជាក់ថា៖ «ករណី ប.ស.ស. រកឃើញថាម្ចាស់សហគ្រាស គ្រឹះស្ថាន ឬអ្នកតំណាង មិនអនុវត្តកាតព្វកិច្ចបង់ភាគទាន តាមកាលកំណត់ ឬប្រកាសប្រាក់ឈ្នួលជាប់ភាគទានមិនត្រឹមត្រូវ ឬមិនអនុវត្តកាតព្វកិច្ចរាយការណ៍អំពីចំនួនកម្មករនិយោជិតឱ្យបានត្រឹមត្រូវ ឬការដកយកភាគទានមិនអនុលោមតាមបទប្បញ្ញត្តិនៃច្បាប់ស្តីពីរបបសន្តិសុខសង្គម ប.ស.ស. នឹងចាត់វិធានការតាមផ្លូវច្បាប់ជាធរមាន»។
លោក ហេង សុផាន់ណារិទ្ធ អគ្គនាយករង ប.ស.ស. បានប្រាប់ភ្នំពេញប៉ុស្តិ៍ថា ករណីល្មើសនឹងច្បាប់ស្ដីពីរបបសន្តិសុខសង្គម ការពិន័យនឹងធ្វើឡើងតាមមាត្រា ៩៨ ដោយនិយោជកនៃសហគ្រាស គ្រឹះស្ថាន ត្រូវបង់ពិន័យអន្តរការណ៍ពី ១០ដង ទៅ៣០ដង នៃប្រាក់ឈ្នួលយោងប្រចាំថ្ងៃ ហើយការពិន័យនេះ ត្រូវអនុវត្តស្មើនឹងចំនួនមនុស្សដែលនិយោជកបានប្រើប្រាស់។
លោកបន្តថា៖ «ករណីដកយកភាគទានមិនអនុលោមតាមបទប្បញ្ញត្តិច្បាប់ នោះត្រូវធ្វើការពិន័យដោយយោងមាត្រា ៩៩ ដោយនិយោជកនៃ សហគ្រាស គ្រឹះស្ថាន ត្រូវរងការផ្តន្ទាទោសដាក់ពន្ធនាគារពី ១ខែ ដល់១ឆ្នាំ និងត្រូវពិន័យជាប្រាក់ពី១២០ដង ទៅ ៣៦០ដងនៃប្រាក់ឈ្នួលយោងប្រចាំថ្ងៃ ហើយការពិន័យនេះត្រូវអនុវត្តស្មើនឹងចំនួនមនុស្សដែលនិយោជកបានដកយកប្រាក់ភាគទាន»៕