កំពង់ធំៈ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទផ្តល់ទុនប្រមាណជា៥លានដុល្លារអាមេរិក ដល់កសិករ ៣ឃុំ ក្នុងខេត្តកំពង់ធំ ដែលបានស្ម័គ្រចិត្តរួមគ្នា បង្កើតជាសហគមន៍កសិកម្មទំនើបខ្នាតធំ ដើម្បីផលិតស្រូវសែនក្រអូបរបស់កម្ពុជាលើផ្ទៃដី៥ពាន់ហិកតា។ នេះបើយោងតាមបណ្តាញសង្គមរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត។
ការរួមគ្នាបង្កើត ជាសហគមន៍កសិកម្មទំនើបខ្នាតធំនេះ ធ្វើឡើង ស្របពេល ដែលប្រភេទស្រូវអូអឹម(OM) កំពុងធ្លាក់ថ្លៃ ដែលឈានដល់មានការធ្វើបាតុកម្មសុំអន្តរាគមន៍ពីក្រុមកសិករដែលបានដាំដុះស្រូវពូជប្រភេទនេះ។
បណ្តាញសង្គមរបស់លោកនាយករដ្ឋបានសរសេរថា៖«បងប្អូនកសិករមកពីសង្កាត់អូរកន្ធរ និងសង្កាត់ស្រយ៉ូវ ក្រុងស្ទឹងសែន ស្ម័គ្រចិត្តរួមគ្នាជាមួយឃុំកំពង់គោ ស្រុកកំពង់ស្វាយ ដើម្បីក្លាយជាសហគមន៍កសិកម្មទំនើបខ្នាតធំ ផលិតស្រូវសែនក្រអូបរបស់កម្ពុជាលើផ្ទៃដី៥ ០០០ហិកតា ក្នុងតម្លៃកុងត្រាទុកជាមុនចាប់ពី១៣០០៛/គីឡូក្រាមឡើងទៅ»។
ក្រសួងកសិកម្មនឹងដាក់ទុនឱ្យសហគមន៍ខ្ចី ក្នុងរង្វង់៥លានដុល្លារអាមេរិក ដោយមិនចាំបាច់ឱ្យកសិករជាសមាជិកពិបាករកខ្ចីប្រាក់ ដែលធ្វើឱ្យជាប់បំណុលគេ ឬ ត្រូវដាក់ទុនដោយខ្លួនឯងនោះទេ។ នេះគឺជាដំណោះស្រាយបន្ទាន់ ដែលក្រសួងកសិកម្មព្យាយាមផ្តល់ជូន ប្រជាកសិករ ដែលធ្លាប់តែដាំពូជស្រូវរបស់បរទេសប្រភេទOMនេះ ហើយកំពុងតែពិបាករកទីផ្សារលក់ និងមិនទទួលបានតម្លៃល្អ។
លោកនាយករដ្ឋមន្រ្តីបានអំពាវនាវថា បើអាណិតកសិករកម្ពុជា ហើយពិតជាចង់ជួយដោះស្រាយបញ្ហាជូនកសិករមែននោះ សូមជួយផ្សព្វផ្សាយឱ្យពួកគាត់ ងាកមករួមគ្នាជាសហគមន៍កសិកម្មទំនើប ដោយដាំដុះពូជអង្ករក្រអូបរបស់ខ្មែរ ជាជាងការនៅតែបន្តដាំពូជរបស់គេ ដែលពិបាកទាំងទីផ្សារ និងពិបាកទាំងការអន្តរាគមន៍ជួយពេលមានបញ្ហាកើតឡើង។
ប្រមុខរដ្ឋាភិបាលបានលើកឡើងដូច្នេះថា៖«ល្មមដល់ពេលដែលខ្មែរយើងត្រូវចេះរួមគ្នា ទទួលស្គាល់ឫសគល់នៃបញ្ហា ចាប់យកទីផ្សារមកទុកក្នុងកណ្តាប់ដៃរបស់យើង ហើយរៀនម្ចាស់ការលើជោគវាសនារបស់ខ្លួនដោយខ្លួនឯងហើយ»។
រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោកឌិត ទីណា នាថ្ងៃអង្គារ ទី ១៤ ខែកមរាបានចុះទៅជួបប្រជាកសិករ នៅឃុំព្រែកតូច ស្រុកមោងឬស្សី ខេត្តបាត់ដំបង ដែលបាននាំគ្នាបាតុកម្មសុំអន្តរាគមន៍ រឿងបញ្ហាស្រូវធ្លាក់ថ្លៃ នោះ។ ក្រុមប្រជាពលរដ្ឋទាំងនោះបានដាំដុះប្រភេទស្រូវ OM ហើយពួកគាត់បានអះអាងថា តម្លៃស្រូវនេះបានធ្លាក់រហូតដល់៧០ម៉ឺនរៀលក្នុង១តោន ដែលធ្វើឱ្យមានការខាតបង់ច្រើន។
ប្រភេទស្រូវផ្ការំដួលសែនក្រអូបរបស់កម្ពុជា នាពេលបច្ចុប្បន្ននេះ លក់នៅស្រែបានតម្លៃពី ១ ២៥០ ទៅ១ ៣០០រៀល ហើយអ្នកប្រមូលទិញនៅរោងម៉ាស៊ីនមានតម្លៃជាង ១ ៤០០រៀលក្នុង១គីឡូក្រាម។
លោករដ្ឋមន្រ្តី ក៏បានទៅជួប ពិភាក្សាការងារជាមួយក្រុមហ៊ុនបៃតងកម្ពុជា ភីអិលស៊ី និងរោងចក្រកិនស្រូវ កែច្នៃអង្ករ ឡាយសែ ស្ថិតនៅស្រុកថ្មគោល និងក្រុងបាត់ដំបង និងចុះពិនិត្យទីតាំងប្រមូលទិញស្រូវ នៅភូមិស្រះរាំង ឃុំស្រះរាំង ស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យផងដែរ។
នៅថ្ងៃដដែលនោះ រដ្ឋលេខាធិការក្រសួងកសិកម្ម លោកចាន់ សុវុឌ្ឍ បានដឹកនាំក្រុមការងារចម្រុះ ចុះពិនិត្យទីតាំងផលិតស្រូវប្រាំង OM ៥៤៥១ និងបញ្ហាប្រឈម ដែលកើតមានឡើងនៅក្នុងអំឡុងពេលប្រមូលផលចុងខែមករា និងដើមខែកុម្ភៈ ស្ថិតនៅឃុំបាយដំរាំ ស្រុកបាណន់ ខេត្តបាតដ់ដំបងផងដែរ។ នេះបើយោងតាមក្រសួងកសិកម្ម។
លោករដ្ឋលេខាធិការបានឱ្យដឹងថា ការដាំដុះស្រូវ OM ៥៤៥១នៅតំបន់នោះ មានចំនួន៣ ៩០០ហិកតា។ពេលបច្ចុប្បន្នប្រមូលផលបានត្រឹមតែ៥ភាគរយប៉ុណ្ណោះ និងលក់បានតម្លៃ៧៥០រៀលក្នុង១គីឡូក្រាម។ បើតាមការប៉ាន់ស្មានការប្រមូលផលនិងបញ្ចប់នៅដើមសប្តាហ៍ទី២ ឫចុងខែកុម្ភៈ ដែលសរុបបរិមាណផលប្រមាណជា២១ ៤៥០តោន។
លោកបញ្ជាក់ថា៖«តម្លៃស្រូវ OM ៥៤៥១ បច្ចុប្បន្ន បើធៀបទៅឆ្នាំមុន មានការធ្លាក់ចុះបន្តិច ប៉ុន្តែទិន្នផលស្រូវរបស់កសិករ ដែលផលិតបាន ច្រើនជាងឆ្នាំមុន»។
លោកបានណែនាំទៅប្រជាកសិករឱ្យចូលរួមបង្កើតសហគមន៍កសិកម្មទំនើប និងពិចារណាឡើងវិញ នៅក្នុងការប្រើប្រាស់នៅពូជស្រូវសែនក្រអូបរបស់ខ្មែរ ដែលធានាលំនឹងទីផ្សារ មានអ្នកទិញច្បាស់លាស់ ហើយទទួលបានតម្លៃខ្ពស់ ក្នុងចន្លោះពី១២៥០រៀល ដល់១៣៥០រៀលក្នុង១គីឡូក្រាម។
លោកក៏បានលើកទឹកចិត្តដល់ប្រជាកសិករ ដែលមានបញ្ហាបន្ទាន់ ត្រូវធ្វើការពិភាក្សាគ្នាជាមួយអាជ្ញាធរមូលដ្ឋាន និងមន្ទីរកសិកម្ម ខេត្តបាត់ដំបង ដើម្បីធ្វើការសម្របសម្រួល និងចុះប្រមូលទិញតាមតម្លៃជាក់ស្តែង និងដោះស្រាយបញ្ហាប្រឈមជូនប្រជាកសិករឱ្យបានទាន់ពេលវេលា៕