ភ្នំពេញ៖ រាជរដ្ឋាភិបាល​កម្ពុជា​បាន​ចេញ​អនុក្រឹត្យថ្មី​ស្តីពី «ការរៀបចំ ​និង​ការប្រព្រឹត្តទៅ​របស់​ក្រសួង​អធិការកិច្ច» ដោយ​ផ្ដោត​សំខាន់​លើ​តួនាទី និងការ​ទទួល​ខុសត្រូវដើម្បី​ធានាអភិបាលកិច្ច តម្លាភាព និងគណនេយ្យភាព តាមរយៈការធ្វើ​អធិការកិច្ច​ប្រកបដោយប្រសិទ្ធភាព ការដោះស្រាយបណ្តឹង និងការអនុវត្តច្បាប់នៅទូទាំងគ្រឹះស្ថាន​រដ្ឋបាលសាធារណៈ។

ក្រសួង​អធិការកិច្ចត្រូវបាន​កំណត់​ក្នុង​​អនុក្រឹត្យថ្មីជាមួយ​មុខងារ និង​ភារកិច្ច​ជាច្រើន​ រួម​ទាំង​ការ​រៀបចំ ​និង​អនុវត្ត​គោលនយោបាយ ផែនការ​យុទ្ធសាស្ត្រ លិខិតបទដ្ឋាន​គតិយុត្ត និង​ផែនការ​សកម្មភាព ដើម្បី​អភិវឌ្ឍ​និង​គ្រប់គ្រង​វិស័យ​អធិការកិច្ច។

យោងតាម​អនុក្រឹត្យ​ដែល​ចុះ​ហត្ថលេខាពីនាយករដ្ឋមន្ដ្រី​​កាលពី​ថ្ងៃទី​១៣ ខែមករា​ ឆ្នាំ​២០២៥ បាន​បង្ហាញថា​៖ «[ក្រសួង​]​ធ្វើ​អធិការកិច្ច​លើ​ការអនុវត្ត​មុខងារ ភារកិច្ច និង​ការផ្តល់​សេវាសាធារណៈរ​បស់​ក្រសួង ស្ថាប័ន អង្គភាព សាធារណៈ​ប្រហាក់ប្រហែល គ្រឹះស្ថានសាធារណៈរដ្ឋបាល សហគ្រាស​សាធារណៈ និង​រដ្ឋបាល​ថ្នាក់ ក្រោម​ជាតិ ដើម្បី​ពង្រឹង​អភិបាលកិច្ច លើកកម្ពស់​ប្រសិទ្ធភាព និង​ភាព​ស្អាតស្អំ​ក្នុង​រដ្ឋបាល​សាធារណៈ លើកលែងតែ​មានការ​កំណត់​ដោយ​លិខិតបទដ្ឋាន​គតិយុត្ត​ដោយឡែក»។​

ក្រសួងមាន​ភារកិច្ច​ធ្វើ​អធិការកិច្ច​តាម​កាលៈទេសៈ ដែលមាន​សញ្ញា​រំលោភបំពាន​ច្បាប់ និង​មាន​វិធានការ​បង្ការ ទប់ស្កាត់ ចំពោះ​មន្ត្រី​សាធារណៈ​ដែល​ប្រព្រឹត្ត​អំពើ​អសកម្ម​ធ្វើឱ្យប៉ះពាល់​ដល់​ការផ្តល់​សេវាសាធារណៈ ការអភិវឌ្ឍ​ជាតិ និង​អភិបាលកិច្ច​ល្អ។

មុខងារ​របស់​ក្រសួង​ក៏ផ្ដោតលើ​ការ​ដាក់​លើកសំណើ​ដោយ​ផ្អែកលើ​លទ្ធផល​ក្នុង​វិស័យ​អធិការកិច្ច ជូន​រដ្ឋមន្ត្រីក្រសួង ប្រធាន​ស្ថាប័ន អង្គភាព សាធារណៈ​ប្រហាក់ប្រហែល គ្រឹះស្ថានសាធារណៈរដ្ឋបាល សហគ្រាស​សាធារណៈ អភិបាល​នៃ គណៈ​អភិបាល​រាជធានី ខេត្ត ដើម្បី​ចាត់វិធានការ​កែលម្អ និង​/​ឬ​ដាក់ទណ្ឌកម្ម​ខាង​វិន័យ​ចំពោះ​មន្ត្រី ក្រោម​ឱវាទ ដែល​បាន​ប្រព្រឹត្ត​កំហុស។

អនុក្រឹត្យ​ថ្មី​នេះបាន​បន្ដថា​៖ «ក្រសួង​​អធិការកិច្ច​ទទួល​ពិនិត្យ ​និង​ដោះស្រាយ​បណ្តឹងតវ៉ា​ និង​បណ្តឹង​បរិហារ​អំពី​នីតិបុគ្គល​និង​រូបវន្តបុគ្គល​សាធារណៈ ក្នុង​ក្របខ័ណ្ឌ​ដែន​សមត្ថកិច្ច​របស់​រា​ជ​រដ្ឋាភិបាល​ពី​គ្រប់​មជ្ឈដ្ឋាន​ទាំងអស់ លើកលែងតែ​មានការ កំណត់ដោយ​លិខិតបទដ្ឋាន​គតិយុត្ត​ដោយឡែក»។ 

ក្រសួង​ក៏​ធ្វើ​ការ​អង្កេត​ស្រាវជ្រាវ ​និង​ដោះស្រាយ​បណ្តឹង​តាម​បញ្ជា​របស់​ប្រមុខ​រាជរដ្ឋាភិបាល ក៏ដូចជា​តាមដាន​ការដោះស្រាយ​បណ្តឹង​និង​តឿនទារ​លទ្ធផល​នៃ​ការដោះស្រាយ​បណ្ដឹង​ដែល​បាន​បញ្ជូន​ឱ្យ​សមត្ថកិច្ច​ពាក់ព័ន្ធ​ពិនិត្យ​ និង​ដោះស្រាយ​។ 

អ្វីដែល​សំខាន់ ក្រសួង​អធិការកិច្ច​អាច​ផ្សព្វផ្សាយ​ជា​សាធារណៈ​នូវ​លទ្ធផល​នៃ​ការធ្វើ​អធិការកិច្ច តាមដាន​ការអនុវត្ត​ច្បាប់ និង​ដោះស្រាយ បណ្ដឹង​ដែល​រាជរដ្ឋាភិបាល​បានសម្រេច​រួចហើយ។

ទន្ទឹម​នឹងនេះ លោក​រដ្ឋមន្ដ្រីអធិការកិច្ច​ សុខ សូកេន បាន​ដាក់​ចេញ​នូវ​យុទ្ធសាស្ដ្រ ៨ ចំណុចក្នុង​ការ​ចូលរួមអនុវត្តកំណែទម្រង់របស់រាជរដ្ឋាភិបាល។ 

លោក សូកេន បាន​ឱ្យដឹង​ថា ​​ក្រសួង​​ផ្ដោតលើ​ការ​ពង្រឹង​សមត្ថភាព​ស្ថាប័ន​ ការកសាង និង​អភិវឌ្ឍន៍​មូលធន​មនុស្ស​ ការរៀបចំ​ច្បាប់ ​និង​លិខិតបទដ្ឋាន​គតិយុត្ត នៅក្នុង​សមត្ថកិច្ច​ក្រសួង​ដែល​រាជរដ្ឋាភិបាល​ប្រគល់ជូន​ ការពង្រឹង​ប្រសិទ្ធភាព នៃ​ការតាមដាន​ការអនុវត្ត​ច្បាប់ និង​អនុសាសន៍​របស់​ប្រមុខ​រាជរដ្ឋាភិបាល​ និង​ការ​ង្រឹងសមត្ថភាព​អធិការកិច្ច​របស់​ស្ថាប័ន​។

លោក​បាន​ឱ្យ​ដឹង​នៅក្នុង​សេចក្ដីថ្លែងការណ៍ថា​៖ «​ក្រសួង​អប់រំ​ផ្សព្វផ្សាយ​ច្បាប់ និង​ដោះស្រាយ​ពាក្យបណ្ដឹង​ ជំរុញ​កិច្ចសហការ និង​ភាព​ដៃគូ​ជាមួយ​ស្ថាប័នរដ្ឋ ឯកជន និង​ដៃគូ​សំខាន់ៗ​នានា ក្នុង​គោលបំណង ផ្លាស់ប្តូរ​ព័ត៌មាន និង​បទពិសោធន៍ ដើម្បី​ប្រសិទ្ធភាព នៃ​ការអនុវត្ត​ច្បាប់​»។

ចំណុច​សំខាន​ចុងក្រោយ ក្រសួង​ប្រើប្រាស់​បច្ចេកវិទ្យា​ឌីជីថល ដើម្បី​ពង្រឹង​ប្រសិទ្ធភាព នៃ​ប្រតិបត្តិការ​អធិការកិច្ច និង​ការទទួល​ពាក្យបណ្ដឹង ក៏ដូចជា​ដោះស្រាយ​បណ្តឹង​។​

លោក​បាន​បន្ដថា គេហទំព័រ​ក្រសួង​អធិការកិច្ច នឹង​ក្លាយ​ជាយ​ន្តូ​បក​រណ៍​អេឡិចត្រូនិក ដែល​បម្រើ​ដល់​សាធារណរ​ជន ក្នុង​ការងារ​សិក្សា​ស្រាវជ្រាវ វេទិកា​ជូនដំណឹង ព័ត៌មាន ឆ្លើយតប​នូវ​សំណូមពរ ការទទួល​ពាក្យបណ្តឹង និង​មតិយោបល់​របស់​សាធារណជន​ទូទៅ រួមទាំង​ការអនុវត្ត​តួនាទី​ភារកិច្ច​របស់​ក្រសួង សំដៅ​ពង្រឹង​ប្រសិទ្ធភាព​ក្នុង​វិស័យ​អធិការកិច្ច​នៅ​កម្ពុជា​។​

លើសពីនេះ ក្រសួង​ចូលរួម​រៀបចំ​វេទិកាសាធារណៈ កម្មវិធី​អប់រំ និង​ផ្សព្វផ្សាយ​ច្បាប់ គោលនយោបាយ និង​លិខិតបទដ្ឋាន គតិយុត្ត​ពាក់ព័ន្ធ​ជូន​ប្រជាពលរដ្ឋ។

ចែង​នៅក្នុង​មាត្រ​ទី ៣ ក្រសួង​​អធិការកិច្ច​​ មាន​ភារកិច្ច​ធ្វើ​អធិការកិច្ច​និង​ចូលរួម​តាមដាន​ការអនុវត្ត ច្បាប់​លើ​គ្រប់​វិស័យ ដោយ​ផ្អែកលើ​អភិក្រមមួយ​ចំនួន​។ 

ក្រសួង​តាម​បណ្ដឹងតវ៉ា ​និង​បណ្តឹង​បរិហារ​ពី​នីតិបុគ្គល រូបវន្តបុគ្គល និង​គ្រប់​មជ្ឈដ្ឋាន ជាពិសេស​​ភាពមិនប្រក្រតី​លើ​របាយការណ៍​ស្តីពី​លទ្ធផល​អធិការកិច្ចរ​បស់​អង្គភាព​អធិការកិច្ច​តាម​ក្រសួង ស្ថាប័ន ក៏ដូចជា​តាម​ដាន​រាល់​វិធាន​ការដែល​អធិការកិច្ច​បានដាក់​ចេញ​ដល់​ស្ថាប័ន​រង​អធិការកិច្ច។ 

អង្គភាព​ថ្នាក់​ជាតិរបស់​ក្រសួង រួម​មាន ខុទ្ទកាល័យ​រដ្ឋមន្ត្រី អគ្គនាយកដ្ឋាន​រដ្ឋបាល​និង​ហិរញ្ញវត្ថុ អគ្គនាយកដ្ឋាន​អធិការកិច្ច អគ្គនាយកដ្ឋាន​ដោះស្រាយ​បណ្តឹង វិទ្យាស្ថាន​ជាតិ​អធិការកិច្ច នាយកដ្ឋាន​សវនកម្ម​ផ្ទៃក្នុង​ ខណៈ​អង្គភាព​ថ្នាក់ក្រោម​ជាតិ មាន​មន្ទីរ​អធិការកិច្ច​រាជធានី និង​ខេត្ត​។

យោងតាម​មាត្រា ​៣៣ នៃ​អន្តរ​ប្បញ្ញត្តិ​ បាន​ឱ្យដឹងថា ​លិខិតបទដ្ឋាន​គតិយុត្ត​ពាក់ព័ន្ធ​នឹង​ការបង្កើត ការរៀបចំ និង​ការប្រព្រឹត្តទៅ​នៃ​អង្គភាព​ក្រោម​ឱវាទ ក្រសួង ​និង​ការតែងតាំង​មន្ត្រីរាជការ​នៃ​ក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋ​សភា ព្រឹទ្ធសភា និង​អធិការកិច្ច ត្រូវ​បន្ត​មាន​សុពលភាព​អនុវត្ត​រហូតដល់​មាន​លិខិតបទដ្ឋាន​គតិយុត្ត​ថ្មី​មក​ជំនួស ស្របតាម​បទ​ប្បញ្ញត្តិ​នៃ​អនុក្រឹត្យ​នេះ​។ 

អនុក្រឹត្យ បាន​បន្ដថា​៖ «​មន្ត្រីរាជការ​ស៊ីវិល​នៃ​ក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋ​សភា ព្រឹទ្ធសភា​និង​អធិការកិច្ច ដែល​ត្រូវបាន​ប៉ះពាល់ ដោយ​ការរៀបចំ​និង​ការកែសម្រួល​រចនាសម្ព័ន្ធ​ថ្មី ស្របតាម​បទ​ប្បញ្ញត្តិ​នៃ​អនុក្រឹត្យ​នេះ ត្រូវ​រក្សាទុក​អត្ថប្រយោជន៍ ផ្នែក​បៀវត្សរ៍​​យ៉ាងហោច​ក្នុង​កម្រិត​ដដែល​»៕