ភ្នំពេញ៖ នៅក្នុងការរីកចម្រើននៃឧស្សាហកម្មជលផលកម្ពុជា សហគ្រាស លាង ឡេង កំពុងបង្កើតរលកនៃការគាំទ្រដល់កសិករក្នុងស្រុក និងលើកកម្ពស់អាជីវកម្មរបស់ខ្លួនទៅកាន់ពិភពលោក។
សហគ្រាសក្នុងស្រុកនេះ ទិញផលនេសាទប្រមាណ៥០០តោន និងអំបិល១២០០តោនក្នុងមួយឆ្នាំ ពីកសិករក្នុងស្រុក ជំរុញជីវភាពរស់នៅរបស់ពួកគេកាន់តែប្រសើរ។
ជាមួយនឹងការចាប់ផ្ដើមពីសិប្បកម្មបែបប្រពៃណី សហគ្រាសទឹកត្រីនេះនៅតែបន្តអភិវឌ្ឍគុណភាពផលិតផល ការច្នៃប្រឌិត និងការពង្រីកទីផ្សារ។
លោកស្រី អ៊ុង ដាវី នាយិកាសហគ្រាសនេះ បាននិយាយថា៖ «យើងមានគោលបំណងផ្តល់អំណាចដល់កសិករ និងលើកកម្ពស់តម្លៃផលិតផលនេសាទក្នុងស្រុក»។
ភាពជាដៃគូនេះ ធានានូវប្រាក់ចំណូលស្ថិរភាពសម្រាប់កសិករ ខណៈពេលដែលពង្រឹងខ្សែសង្វាក់ផ្គត់ផ្គង់របស់សហគ្រាស ជាមួយនឹងវត្ថុធាតុដើមដែលមានគុណភាពខ្ពស់។
សហគ្រាសមិនត្រឹមតែបង្កើនការទិញពីកសិករប៉ុណ្ណោះទេ ថែមទាំងអនុវត្តការកែច្នៃទឹកត្រីដោយធានាបាននូវការអនុលោមតាមស្តង់ដាសុវត្ថិភាពចំណីអាហារអប្បបរមា។
គំនិតផ្តួចផ្តើមនេះ គាំទ្រដោយជំនួយបច្ចេកទេសពីគម្រោង CAPFISH - Capture របស់អង្គការអភិវឌ្ឍន៍ឧស្សាហកម្មនៃអង្គការសហប្រជាជាតិ (UNIDO) បង្ហាញពីការយកចិត្តទុកដាក់របស់សហគ្រាសចំពោះគុណភាព និងនិរន្តរភាព។
ដោយមានជំនួយពីគម្រោងដែលផ្តល់មូលនិធិដោយសហភាពអឺរ៉ុប សហគ្រាសនេះ បានធ្វើទំនើបកម្មដំណើរការផលិតរបស់ខ្លួន ការធ្វើឱ្យប្រសើរឡើងនូវការអនុលោមតាមសុវត្ថិភាពចំណីអាហារ និងទទួលបានវិញ្ញាបនបត្រ ដូចជាត្រាគុណភាពសុវត្ថិភាពកម្ពុជា(CQS) និង ISO។
ភាពជឿនលឿនទាំងនេះ បានត្រួសត្រាយផ្លូវសម្រាប់សហគ្រាស ដើម្បីជ្រៀតចូលទីផ្សារទំនើបក្នុងស្រុក ដែលរួមមាន ឡាក់គី ម៉ាកូ និងអ៊ីអន រួមទាំងទីផ្សារជិត ២៥ ខេត្ត-ក្រុងទូទាំងប្រទេស។
លោកស្រីបាននិយាយថា៖ «ក្រោយទទួលបានគម្រោងពី CAPFISH-Capture ជាមោទនភាពសហគ្រាសទឹកត្រី លាង ឡេង បានឈានជើងចូលទីផ្សារទំនើបជាច្រើន រួមមាន ឡាក់គី ម៉ាក្រូ អ៊ីអន ប៊ិកស៊ី និងផ្សារជាច្រើនទៀត សឹងតែ ២៥ខេត្ដ-ក្រុង»។
នាយិកាទឹកត្រីបានបញ្ជាក់ថា ឆាប់ៗខាងមុខនេះ សហគ្រាសមានគម្រោងនាំយកផលិតផលទឹកត្រីទៅកាន់ទីផ្សារអន្ដរជាតិ ដូចជា សហភាពអឺរ៉ុប អាមេរិក និងកូរ៉េខាងត្បូង។
ការពង្រីកបែបនេះ ស្របតាមចក្ខុវិស័យរបស់សហគ្រាស ក្នុងការចាប់យក៦៥ភាគរយនៃទីផ្សារក្នុងស្រុកនៅឆ្នាំ២០៣៥ និងក្លាយជាម៉ាកយីហោពិភពលោកដែលទទួលស្គាល់។
CAPFISH-Capture៖ ជំរុញការអភិវឌ្ឍប្រកបដោយការច្នៃប្រឌិត និងគុណភាព
ភាពជោគជ័យរបស់សហគ្រាសនឹងមិនអាចកើតឡើងបានទេ បើគ្មានការគាំទ្រពីគម្រោង CAPFISH-Capture នៃកម្មវិធីជំរុញកំណើនវិស័យជលផលប្រកបដោយចីរភាព និងបរិយាប័ន្ន CAPFISH)។
ការធ្វើឱ្យប្រសើរសំខាន់ៗ រួមមានការដំឡើងឡចំហាយទឹក និងម៉ាស៊ីនច្រកទឹកត្រី និងម៉ាស៊ីនបិទភ្ជាប់ រួមជាមួយនឹងការជួសជុលកន្លែងដាក់បន្ទំ និងវេចខ្ចប់ដើម្បីបំពេញតាមតម្រូវការ HACCP ។
លើសពីនេះ សហគ្រាសបានណែនាំប្រព័ន្ធតាមដានឌីជីថល ដែលអនុញ្ញាតឱ្យមានការតាមដានដំណើរការផលិតកម្ម និងការចែកចាយយ៉ាងរលូន។
លោក សុខ ណារិន តំណាងប្រចាំព្រះរាជាណាចក្រកម្ពុជារបស់អង្គការ យូនីដូ បានឱ្យដឹងថា យូនីដូ ធ្វើការជាមួយរដ្ឋបាលជលផលដើម្បីពង្រឹងប្រព័ន្ធត្រួតពិនិត្យគុណភាព អនុលោមតាមបទបញ្ញត្ដិបច្ចេកទេសគ្រប់គ្រាន់សម្រាប់មន្ដ្រីជំនាញជលផលដើម្បីទទួលបាននូវត្រាគុណភាពសុវត្ថិភាពផលិតផល (CQS)។
យ៉ាងណាមិញ លោកទទួលស្គាល់ថា សហគ្រាសជួបឧបសគ្គជាច្រើនក្នុងចង្វាក់ផលិតកម្មកែច្នៃ រួមទាំងការខ្វះខាតដើមទុន ចំណេះដឹង និងបច្ចេកវិទ្យា។
លោកបានបញ្ជាក់ថា៖ «តាមរយៈគម្រោង CAPFISH-Capture យើងបានផ្ដល់ចំណេះដឹង និងជំនាញ ក៏ដូចជាផ្ដល់នូវសម្ភារដល់សហគ្រាសទាំង ៥៥ ដែលយើងបានជួយ»។
លោក ណារិន បានបន្ដថា ភាពជោគជ័យក៏អាស្រ័យលើម្ចាស់សហគ្រាសផ្ទាល់ផងដែរ។ តាមរយៈគម្រោងនានា អង្គការ យូនីដូ បានជួយអ្វីដែលអង្គការអាចជួយបាន។
បង្កើតឡើងដោយ លាង ឡេង ក្នុងឆ្នាំ ២០១១ សហគ្រាសនេះមានបុគ្គលិកចំនួន ៤៨ នាក់ ដែលក្នុងនោះ ៣១ នាក់ជាស្ត្រី និងដំណើរការពីរោងចក្ររបស់ខ្លួនក្នុងខេត្ដកណ្ដាល និងរាជធានីភ្នំពេញ។
ផលិតផលចម្បងរបស់សហគ្រាស រួមមាន ដូចជា ទឹកម្ទេស ទឹកស៊ីអៀវ ទឹកសៀង ទឹកប្រេងខ្យង ជាបន្ដបន្ទាប់ ដោយទឹកត្រីតំណាងឱ្យ ៤០ភាគរយ នៃផលិតកម្មសរុប។
ក្រុមហ៊ុនលក់ទឹកត្រីប្រហែល ២ម៉ឺនកេសក្នុងមួយខែ ហើយសហការជាមួយអ្នកនេសាទ អ្នកចែកចាយ និងអ្នកលក់រាយទូទាំងប្រទេស។
លោក ហាស់ សារ៉េត រដ្ឋលេខាធិកាក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានថ្លែងថា គម្រោង CAPFISH-Capture ដែលជួយអភិវឌ្ឍវិស័យជលផលប្រកបដោយចីរភាព និងបរិយាប័ន្ន ជាគម្រោងមួយដែលអនុវត្ដដោយរដ្ឋបាលជលផល របស់ក្រសួងកសិកម្ម។
លោកបានឱ្យដឹងថា៖ «ខ្ញុំស្នើឱ្យគ្រប់ភាគីពាក់ព័ន្ធខិតខំប្រឹងប្រែងជំរុញផលិតផលជលផលកែច្នៃប្រកបដោយគុណភាព និងសុវត្ថិភាពដល់អ្នកប្រើប្រាស់ ដើម្បីបំពេញតម្រូវការទីផ្សារទាំងស្រុក និងឈានទៅទីផ្សារក្រៅប្រទេស»។
លោក ឈួន ចំណាន ប្រធាននាយកដ្ឋានបច្ចេកវិទ្យាកែច្នៃនិងគុណភាព (DFPTQ) នៃរដ្ឋបាលជលផល បានឱ្យដឹងថា សហគ្រាសទឹកត្រីនេះមានការអភិវឌ្ឍគួរឱ្យកត់សម្គាល់ ដែលចាប់ផ្ដើមពីសិប្បកម្មប្រើប្រាស់កម្លាំងវេចខ្ចប់ដោយដៃរហូតដល់ការអភិវឌ្ឍម៉ាស៊ីនស្វ័យប្រវត្ដិទំនើប។
លោក ចំណាន បាននិយាយថា៖ «យោងតាមការសង្ខេតរបស់ខ្ញុំផ្ទាល់ នៅតាមផ្សារទំនើប ប្រជាពលរដ្ឋបានគាំទ្រដល់ផលិតផលក្នុងស្រុកជាច្រើន។ ការវិវត្ដន៍ការកែច្នៃផលិតផលផលផលនេះមានការអភិវឌ្ឍច្រើន ដែលផ្ដល់ទំនុកចិត្ដដល់អ្នកប្រើប្រាស់ផងដែរ»៕