បាត់ដំបងៈ សត្វតុកកែប្រភេទ Hemiphyllodactylus khpoh ដែលត្រូវបានរកឃើញដោយក្រុមអ្នកវិទ្យាសាស្រ្ត និងស្រាវជ្រាវកម្ពុជា និងបរទេស នៅតំបន់ភ្នំថ្មកំបោរ ភ្នំខ្ពស់ នៅក្នុងស្រុកបាណន់ ខេត្តបាត់ដំបងនោះ ត្រូវបានចាត់ថ្នាក់ ជាប្រភេទថ្មីមួយ។
កុកកែប្រភេទថ្មីនេះ ត្រូវបានរកឃើញ នៅក្នុងអំឡុងពេល នៃការសិក្សាស្រាវជ្រាវជីវៈចម្រុះ នៅតំបន់ភ្នំថ្មកំបោរ ក្រោមកិច្ចសហការរវាងអង្គការសត្វព្រៃ និងរុក្ខជាតិកម្ពុជា(Fauna & Flora – Cambodia Programme) ក្រសួងបរិស្ថាន និងក្រុមអ្នកជំនាញប្រភេទឧរង្គសត្វ នៃសាកលវិទ្យាល័យ La Sierra (University)។ នេះបើយោងតាមក្រសួងបរិស្ថាន និងអង្គការសត្វព្រៃ និងរុក្ខជាតិកម្ពុជា នាថ្ងៃទី ១៦ មករានេះ។
ក្រសួងបានបញ្ជាក់ថា៖«តុកកែប្រភេទនេះ ក្រោយមក ត្រូវបានបញ្ជាក់ថា ជាប្រភេទថ្មីចំពោះវិទ្យាសាស្រ្ត ផ្អែកលើទិន្នន័យ ផ្នែករូបសាស្រ្ត និង និងម៉ូលេគុល ក៏ដូចជាភាពខុសពីប្រភេទតុកកែដទៃផ្សេងទៀតក្នុងអំបូរតែមួយ»។
តុកកែប្រភេទ Hemiphyllodactylus ដែលត្រូវបានប្រទះឃើញក្នុងអំឡុងពេលស្រាវជ្រាវនេះ មានតែមួយក្បាលតែប៉ុណ្ណោះ ដែលនេះធ្វើឱ្យមានការពិបាក នៅក្នុងការប៉ាន់ស្មានពីចំនួន ឬស្ថានភាពអភិរក្សរបស់សត្វប្រភេទនេះ។ សកម្មភាព នៃការសិក្សានេះ ត្រូវបានផ្តល់មូលនិធិដោយសហភាពអឺរ៉ុប (EU) ក្រោមគម្រោង Bcoming។
ក្រុមអ្នកសិក្សារស្រាវជ្រាវពីសាកលវិទ្យាល័យនេះ ក៏បានរកឃើញផងដែរ នូវតុកកែប្រភេទថ្មី សម្រាប់ពិភពលោកឈ្មោះ «តុកកែភ្នំព្រះគុហារហ្លូង» នៅក្នុងតំបន់បេតិកភណ្ឌធម្មជាតិ ភ្នំព្រះគុហារហ្លួង ស្ថិតក្នុងខេត្តកំពត បន្ទាប់ពីបានធ្វើការសិក្សាស្រាវជ្រាវអស់រយៈពេល ២ឆ្នាំរួចមក។
តុកកែភ្នំព្រះគុហារហ្លូង បានក្លាយជាតុកកែបង្កង់ទី១០ ដែលមានវត្តមាននៅកម្ពុជា និងទី ៣៦០សម្រាប់អ្នកវិទ្យាសាស្រ្តទូទាំងពិភពលោក។ របកគំហើញនេះបង្ហាញឱ្យឃើញពីភាពសម្បូរបែបនៃជីវៈចម្រុះ និង សក្តានុពលនៃទីជម្រកដ៏ពិសេសដែលមាននៅកម្ពុជា ដែលតម្រូវឱ្យមានការសិក្សានិងកត់ត្រាឱ្យបានល្អិតល្អន់។
ក្រសួងបរិស្ថានបានលើកឡើងថា ការរកឃើញប្រភេទសត្វ ក៏ដូចជាជីវៈចម្រុះថ្មីៗ នៅតាមតំបន់ការពារធម្មជាតិនៅកម្ពុជានេះបង្ហាញពីតម្លៃធនធានធម្មជាតិកម្ពុជា ដែលកំពុងត្រូវបានការពារ និងអភិរក្សយ៉ាងយកចិត្តទុកដាក់ របស់រាជរដ្ឋាភិបាល។ នាពេលថ្មីៗនេះផងដែរ ប្រភេទសត្វព្រៃកម្រ និងកំពុងរងគ្រោះ ក៏បានបង្ហាញខ្លួនជាបន្តបន្ទាប់នៅតាមតំបន់ដែនជម្រកសត្វព្រៃរបស់កម្ពុជា៕