អ្នក​ឃ្លាំមើល​សង្គម​ថ្លែង​ថា វា​ជា​រឿង​ត្រឹមត្រូវ​ដែល​មន្ត្រី​ប៉ូលិស​នៅ​តាម​ប៉ុស្តិ៍​រដ្ឋបាល​ ត្រូវ​បាន​ជ្រើស​រើស​ផ្ទាល់​ពី​ឃុំ​សង្កាត់​ដែល​ពួក​គេ​រស់​នៅ​ ពីព្រោះ​ពួក​គេ​ដឹង​ទីតាំង​ភូមិសាស្ត្រ​ច្បាស់​លាស់ និង​អាច​អន្តរាគមន៍​បាន​គ្រប់​ពេល​វេលា។

កាល​ពី​សប្ដាហ៍​មុន មន្ត្រី​នគរបាល​ចំនួន​ប្រមាណ​៧០០​ត្រូវ​បាន​ជ្រើស​រើស​តាមរយៈ​ការ​ប្រឡង​ប្រជែង ដោយ​ពួក​គេ​នឹង​ត្រូវ​ឈរ​ជើង​នៅ​ក្នុង​មូលដ្ឋាន​របស់​ខ្លួន​ផ្ទាល់ ហើយ​មិន​មែន​ជា​អ្នក​ដែល​ទៅ​ពី​ចម្ងាយ​នោះ​ទេ។ 

ការ​រៀប​ចំ​បែប​នេះ​គឺ​ជា​ការ​ធ្វើ​កំណែ​ទម្រង់​មួយ​ក្នុង​ស្ថាប័ន​នគរបាល​ជាតិ។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក ទូច សុខៈ  អ្នក​នាំ​ពាក្យ​ក្រសួង​មហា​ផ្ទៃ។

លោក​ថ្លែង​ថា ការ​ជ្រើស​រើស​ពលរដ្ឋ​ពី​ក្នុង​មូលដ្ឋាន​សម្រាប់​តួនាទី​មន្ត្រី​នគរបាល​ប៉ុស្តិ៍​នេះ គឺ​ជា​ការ​ផ្ដល់​អាទិភាព​ឱ្យ​បេក្ខជន​ដែល​មាន​មូលដ្ឋាន​នៅ​ទី​នោះ​ស្រាប់ ដោយសារ​ពួកគេ​ជា​អ្នក​ស្គាល់​ច្បាស់​ពី​ភូមិ​សាស្រ្ត និង​ចិត្ត​សាស្រ្ត​ប្រជាជន ហើយ​ក៏​គ្មាន​ហេតុផល​អ្វី​ត្រូវ​សុំ​ផ្លាស់​ចេញ​ក្រោយ​ការ​តែង​តាំង​នោះ​ដែរ។

យោង​តាម​លោក ទូច សុខៈ មន្ត្រី​នគរបាល​ថ្មី​ទាំង​ប្រមាណ​៧០០​នាក់​ រួម​មាន ៥៩​នាក់ សម្រាប់​ខេត្ត​កំពង់ឆ្នាំង, ៦៤​នាក់​សម្រាប់​ខេត្ត​កណ្ដាល, ៣០​នាក់​សម្រាប់​ខេត្ត​ក្រចេះ, ៦២​នាក់​សម្រាប់​ខេត្ត​កំពង់​ស្ពឺ, ៦​នាក់​ស្រាប់​ខេត្ត​កោះកុង, ៥​នាក់​សម្រាប់​ខេត្ត​ប៉ៃលិន, ៦០​នាក់​សម្រាប់​ខេត្ត​តាកែវ, ៦៨​នាក់​សម្រាប់​ខេត្ត​បាត់ដំបង, ៧៧​នាក់​សម្រាប់​ខេត្ត​ពោធិ៍សាត់, ១៥​នាក់​សម្រាប់​ខេត្ត​ព្រះសីហនុ១, ២​នាក់​សម្រាប់​ខេត្ត​មណ្ឌល​គិរី, ៦​នាក់​សម្រាប់​ខេត្ត​រតនគិរី, ៩៤​នាក់​សម្រាប់​រាជធានី​ភ្នំពេញ, ៨៣​នាក់​សម្រាប់​ខេត្ត​សៀមរាប,​ ៤៣​នាក់​សម្រាប់​ខេត្ត​ស្វាយរៀង​ និង​ ៣៧​នាក់​សម្រាប់​ខេត្ត​ឧត្តរមានជ័យ។

លោក​ថា មុន​នឹង​ចេញ​ទៅ​បំពេញ​ការងារ​នៅ​តាម​​ប៉ុស្តិ៍ន​គរបាល​ដែល​ខ្លួន​ប្រឡង​ជាប់ បេក្ខជន​ទាំង​អស់​ត្រូវ​ឆ្លង​កាត់​ការ​បណ្ដុះ​បណ្ដាល និង​ជាប់​កម្រិត​បឋម​វិជ្ជាជីវៈ​នគរបាល រៀបចំ​ដោយ​បណ្ឌិត្យ​សភា​នគរបាល​ជាតិ ​ដោយមាន​សាលា​នគរ​បាល​ជាតិ​តាម​បណ្ដា​ភូមិភាគ​ជា​សេនាធិការ​សម្រាប់​ការ​បណ្ដុះ​បណ្ដាល។

លោក យង់ គឹមអេង ប្រធាន​មជ្ឈមណ្ឌល​ប្រជាពលរដ្ឋ​ដើម្បី​អភិវឌ្ឍន៍ និង​សន្តិភាព បាន​ថ្លែង​ថា លោក​គាំទ្រ​ការ​ជ្រើស​រើស​មន្ត្រី​ប៉ូលិស​ប៉ុស្តិ៍​ចេញ​ពី​មូលដ្ឋាន​ផ្ទាល់​ដោយសារ​ពួក​គេ​ស្គាល់​ទីតាំង​គ្រប់​ច្រក​ល្ហក​ក្នុង​មូលដ្ឋាន។

លោក​ថ្លែង​ថា៖ «ទីមួយ​គាត់​អាច​បំពេញ​ការងារ​ពេញ​ដៃ​ពេញ​ជើង ជាប់លាប់​ដោយសារ​តែ​ផ្ទះសម្បែង​របស់​គាត់​នៅ​ទី​នោះ​ស្រាប់។ បើ​យក​មនុស្ស​ពី​ឆ្ងាយ​ទៅ​ ថ្ងៃសៅរ៍​ថ្ងៃ​អាទិត្យ ជួន​កាល​គាត់​ទៅ​ផ្ទះ​បាត់។ បើ​ផ្ទះ​គាត់​មិន​សូវ​ឆ្ងាយ គាត់​ទៅ​សម្រាក​នៅ​ផ្ទះ​បាត់ ដល់​ពេល​មាន​បញ្ហា​កើត​ឡើង​យប់​ព្រលប់​ ពិបាក​បណ្ដោយ។ ជួនកាល​គាត់​ធ្វើ​បាន​មួយ​រយៈ​ទៅ​ក៏​ផ្លាស់​ចេញ​ទៅបាត់​ទៀត»។

យ៉ាង​ណា​ក៏​ដោយ លោក​ថា ការ​មន្ត្រី​ដែល​ជ្រើសរើស​ចេញ​ពី​មូលដ្ឋាន​ត្រូវ​បំពេញ​ការងារ​ដោយ​គោរព​ទៅ​តាម​ច្បាប់​ដោយ​មិន​ត្រូវ​មាន​ករណី​យល់​ញាតិ​ឃ្លាត​ច្បាប់​នោះ​ទេ។ ករណី​នេះ​អាច​ធានា​បាន​តាម​រយៈ​ថ្នាក់​លើ​ដែល​ត្រូវ​មើល​ឲ្យ​បាន​ដិត​ដល់​ថា​តើ​មន្ត្រី​មូលដ្ឋាន​បំពេញ​ការងារ​តាម​ច្បាប់​ដែរ​ឬ​ទេ។

លោក​ថា ដើម្បី​ឲ្យ​ការ​ដាក់​មន្ត្រី​មូលដ្ឋាន​កាន់​ការងារ​ក្នុង​ប៉ុស្តិ៍​មូលដ្ឋាន​ប្រព្រឹត្ត​ទៅ​​ប្រកប​ដោយ​ប្រសិទ្ធភាព ត្រូវ​មាន​ប្រព័ន្ធ​ត្រួត​ពិនិត្យ​ដើម្បី​ធានា​បាន​ថា មិន​មាន​អំពើ​ពុក​រលួយ ហើយ​វិន័យ​ត្រូវ​តែ​អនុវត្ត​យ៉ាង​តឹងរ៉ឹង​ដើម្បី​ធានា​បាន​ថា ការ​អនុវត្ត​ការងារ​របស់​ពួក​គាត់​មិន​មាន​ភាព​លម្អៀង មាន​តម្លា​ភាព និង​មាន​ទំនួល​ខុស​ត្រូវ​ខ្ពស់​ដូច​ដែល​រដ្ឋ​បាន​ប្រគល់​ជូន​ពួក​គាត់៕