​ក្រុង​ព្រះ​សីហនុ​៖ វិស័យ​ជលផល​របស់​កម្ពុ​ជាកំពុង​បោះជំហាន​ទៅកាន់​ការ​អភិវឌ្ឍ​ន៍​​និរន្តរភាព និងគិតគូរ​ពី​​ជីវភាព​រស់នៅ​របស់​ស​ហគ​មន៍ ដោយ​បង្ហាញ​ពី​កិច្ចខិតខំ​ប្រឹងប្រែង​ដើម្បី​ការពារ​ប្រព័ន្ធ​អេកូឡូស៊ី​។​

គណៈប្រតិភូ​រដ្ឋបាល​ជ​ល​ផល​នៃ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ បានធ្វើ​ទស្សនកិច្ច​សិក្សា​នៅ​ក្រុងព្រះសីហនុ ​ជា​ផ្នែក​មួយ​នៃគម្រោង​ CAPFISH Capture ដែល​ផ្តល់​មូលនិធិ​ដោយ​សហភាព​អឺរ៉ុប ចាប់ពី​ថ្ងៃទី ១០ ដល់ ១១ ខែមករា ឆ្នាំ ២០២៥​។​

លោក​បណ្ឌិត Manuel Barange ជំនួយការ​អគ្គនាយក និង​ជានា​យក​ផ្នែក​ជលផល និង​វារីវប្បកម្ម​នៃ​អង្គការ​ស្បៀងអាហារ និង​កសិកម្ម​នៃ​អង្គការសហប្រជាជាតិ (FAO) បាន​កត់សម្គាល់ថា វិស័យ​ជលផល​ពិភពលោក​បាន​រក្សា​ស្ថិរភាព​ក្នុង​រង្វង់ ៩០-៩២ លាន​តោន​ក្នុង​រយៈពេល ៣០ ឆ្នាំ​ចុង​ក្រោយនេះ​។ លោក​​គូសបញ្ជាក់ថា ត្រី​មួយ​ក្នុងចំណោម​ស្ដុកត្រីចំនួន​​​បី​​​ត្រូវបាន​​ធ្វើ​អាជីវកម្ម​លើស​កំណត់​។​

លោក Barang បាន​និយាយថា៖ «​វារីវប្បកម្ម​ជួយ​ទប់​ស្កាត់​​បញ្ហា​នេះ ហើយ​បាន​ក្លាយទៅជា​ប្រព័ន្ធ​ផលិតកម្ម​ស្បៀង​ដែលមាន​កំណើន​លឿន​បំផុត​នៅក្នុង​ពិភពលោក ដោយ​កើនឡើង ៥ភាគរយ​ ជា​រៀងរាល់ឆ្នាំ​ចាប់តាំងពី​ឆ្នាំ២០០០»​។​

លោក​បាន​បន្ដថា​៖ «ជា​ប្រទេស​ផលិត​នូវ​ផលិត​ផលជលផល​ដ៏សំខាន់​ កម្ពុជា​នៅមាន​ឱកាស​បង្កើន​ទិន្នផល​ច្រើន​បន្ថែម​ទៀត​ ជាពិសេស​តាមរយៈ​ការវិនិយោគ​លើ​ការអភិវឌ្ឍន៍​វារីវប្បកម្ម និង​ការផ្តល់​ក្របខ័ណ្ឌ​ច្បាប់ ក៏ដូចជា​​ការលើកទឹកចិត្ត​សម្រាប់​ការចូលរួម​ពី​វិស័យ​ឯកជន​»។​

គណៈប្រតិភូ​បាន​ទស្សនា​គណៈកម្មាធិការ​ស​ហគ​មន៍​នេសាទ (CFi) កន្លែង​បណ្តុះ​កូន​កោង​កាង កន្លែង​ដាំ​ដើមឈើ​ឡើងវិញ និង​បន្ទប់​ប្រតិបត្តិការ​ប្រព័ន្ធ​ត្រួតពិនិត្យ​នាវា (VMS)​។​

គំនិត​ផ្តួចផ្តើម​ទាំងនេះ​បញ្ជាក់​ពី​ការប្តេជ្ញាចិត្ត​របស់​កម្ពុ​ជា​ក្នុងការ​រួមបញ្ចូល​ការអភិរក្ស​ប្រព័ន្ធ​អេកូឡូស៊ី​ជាមួយនឹង​វឌ្ឍនភាព​បច្ចេកវិទ្យា​។​

លោកស្រី Rebekah Bell តំណាង​អង្គការ FAO ប្រចាំ​កម្ពុជា បានលើកឡើង​ពី​សារៈសំខាន់​នៃ​ការគ្រប់គ្រង​ជលផល​ប្រកបដោយ​និរន្តរភាព ដោយបញ្ជាក់ថា ប្រជាជន​កម្ពុជាទទួល​ទាន​​ត្រី​ចំនួន​ច្រើនជាងគេ​លើ​ពិភពលោក ជាមួយនឹង​ប្រូតេអ៊ីន ៧៥-៨០% បានមកពី​ត្រី​។​

លោកស្រី​បានថ្លែងថា​៖ «​ដើម្បី​ការពារ​ធនធាន​ដ៏​សំខាន់​នេះ ​ត្រូវតែ​មា​ន​ការ​គ្រប់គ្រងជលផល​ឱ្យ​​បានល្អ សម្រប​តាម​អាកាសធាតុ និង​និរន្តរភាព​។ នេះ​នឹង​ធានាបាន​នូវ​អាហារូបត្ថម្ភ​កាន់តែ​ប្រសើរ ធានា​ដល់​ជីវភាព​រស់នៅ និង​ការពារ​បរិស្ថាន​ក្នុង​ទឹក​សម្រាប់​មនុស្ស​ជំនាន់​ក្រោយ​»​។​

លោកស្រី​បានបន្ដ​ថា ការគ្រប់គ្រង​ជលផល​ប្រកបដោយ​និរន្តរភាព​មាន​សារៈសំខាន់ ដោយបាន​គូសបញ្ជាក់ថា ការផលិត​ស្បៀង​ជលផល​ប្រសើរ​ជាង​មុន អាស្រ័យ​លើ​ការនាំ​​ការគ្រប់គ្រង​ត្រឹមត្រូវ​។

​ប្រទេស​កម្ពុជា​សម្រេចបាន​នូវ​ព្រឹត្តិការ​ណ៍​​សំខាន់ៗ ក្រោម​កម្មវិធី CAPFISH ដោយ​ផ្តោតលើ​ការនេសាទ​ប្រកប​ដោយ​​និរន្តរភាព និង​ការអភិរក្ស​ទីជម្រក​។​

កម្មវិធី​នេះ​បាន​ការពារ​ជម្រក​សំខាន់ៗ រួមទាំង​ព្រៃកោងកាង ១៣៦ ហិកតា ដោយមាន​បង្គោល​កំណត់​ព្រំដែន​ជាង ១ពាន់​ ​​បង្កើន​ប្រព័ន្ធ​អេកូឡូស៊ី​ផ្កាថ្ម និង​ស្មៅ​សមុទ្រ​​​។​

ប្រព័ន្ធ​ត្រួតពិនិត្យ​កម្រិត​ខ្ពស់ ដូចជា​ ឧបករណ៍​ល្បាត SMART ដ្រូន​ និង​ប្រព័ន្ធគ្រប់គ្រង​ព័ត៌មាន​ជលផល ឥឡូវនេះ​តាមដាន​ទូក​​សមុទ្រ​ចំនួន ៩២៥​ គ្រឿង​ ដើម្បី​ធានាបាន​នូវ​ការ​អនុលោមភាព និង​និរន្តរភាព​។​

លើសពីនេះ ជំនួយ​ដែល​បានផ្តល់​ដល់​សហគមន៍​នេសាទ​ចំនួន ១៥០​ (CFis) និង ១០០ ​(CFRs) បានផ្ដល់​សិទ្ធិអំណាច​ដល់​ក្រុម​សហគមន៍​ចំនួន ២៥០​ ដែល​លើកកម្ពស់​កិច្ចសហការ និង​ការអនុវត្ត​ប្រកបដោយ​និរន្តរភាព​ទូទាំងប្រទេស​។​

ការកសាង​សមត្ថភាព​ដើរតួនាទី​យ៉ាងសំខាន់​ក្នុង​កម្មវិធី ដោយមាន​មនុស្ស​ជាង ១២៥០ នាក់ រួមទាំង​មន្ត្រីជលផល និង​សមាជិក​សហគមន៍ បានទទួល​ការបណ្តុះបណ្តាល​ក្នុងការ​គ្រប់គ្រង​ជលផល និង​កម្មវិធី​ប្រព័ន្ធ​ព័ត៌មាន​ភូមិសាស្ត្រ (GIS)។​

លោក Barang បាន​ថ្លែងថា​៖ «​អនាគត​វារីវប្បកម្ម​របស់​កម្ពុជា​ពិត​ជា​ល្អ​ប្រសើរ​​។ ​វារីវប្បកម្ម​គឺជា​ប្រព័ន្ធ​អាហារ​សត្វ​តែមួយគត់​ដែល​សម្រេចបាន​នូវ​កំណើន​មិនធម្មតា​»។​

លោក Barange បាន​សង្កត់ធ្ងន់ថា ការធានា​នូវ​និរន្តរភាព និង​ការ​សម្រប​ខ្លួន​ទៅនឹង​អាកាសធាតុ គឺជា​គន្លឹះ​ក្នុងការ​ធានាបាន​នូវ​ភាព​យូរអង្វែង​នៃ​វិស័យ​ជលផល​របស់​កម្ពុជា ដោយលោក​​បន្ថែមថា FAO ប្តេជ្ញាចិត្ត​ក្នុង​ការជួយ​ប្រទេសកម្ពុជា​​ក្នុង​ដំណើរ​ផ្លាស់ប្តូរ​នេះ​។​

កម្មវិធី CAPFISH កំពុង​កសាង​វិស័យ​ជលផល​ដែលមាន​ភាព​ធន់​នៅក្នុង​ប្រទេស​កម្ពុជា ដោយ​ធ្វើឱ្យមាន​តុល្យភាព​នៃ​និរន្តរភាព​អេកូឡូស៊ី​ជាមួយនឹង​កំណើនសេដ្ឋកិច្ច​។​

កិច្ចខិតខំ​ប្រឹងប្រែង​ក្នុងការ​អភិរក្ស​ទីជម្រក ការត្រួតពិនិត្យ​ទំនើប និង​ការចូលរួម​របស់​សហ​គម​ន៍​ដោះស្រាយ​បញ្ហា​ប្រឈម​អាកាសធាតុ និង​ធនធាន ដោយ​ធានាបាន​នូវ​ធនធាន​ជលផល​សម្រាប់​មនុស្ស​ជំនាន់​ក្រោយ​។​

លោក​បាន​កត់សម្គាល់ថា​៖ «​ការបង្កើន​​តម្លៃបន្ថែម​​ដល់​ផលិតកម្ម​ជលផល​ក្នុងប្រទេស​នឹង​បើកឱកាស​ទីផ្សារ​ថ្មី និង​នាំមក​នូវ​អត្ថប្រយោជន៍​កាន់តែច្រើន​ដល់​សហគមន៍​មូលដ្ឋាន​»​។​

លោកស្រី Bell ក៏បាន​និយាយ​ផងដែរ​ថា ​តួនាទី​របស់​ស្ត្រី​ក្នុង​ការផលិត​អាហារជលផល​​មាន​សារៈសំខាន់​ណាស់​។ ខណៈ​​បុរស​​ចេញ​​នេសាទ វា​គឺជា​ស្ត្រី​ដែលយក​ផលិតផល​ជលផល​ទៅលក់​លើ​​ទីផ្សារ និងចម្អិន​ជា​អាហារ​។​

លោកស្រី​បាន​បញ្ជាក់ថា៖ «​​ដើម្បី​ធានាថា ​ខ្សែសង្វាក់​តម្លៃ​អាហារជលផល​​មាន​និរន្តរភាព យើង​ត្រូវ​ធ្វើឱ្យ​ប្រាកដថា​តួនាទី​របស់​ស្ត្រី​ត្រូវបាន​ទទួលស្គាល់ សុវត្ថិភាព​របស់​ពួកគេ​ត្រូវបាន​ធានា និង​ជីវភាព​គ្រួសារ​នេសាទ​ត្រូវបាន​គាំទ្រ»៕ ​