រដ្ឋមន្ត្រី​ការបរទេស​កម្ពុជា​និង​ហ្វីលីពីន​បញ្ជាក់​ពី​ការ​ប្តេជ្ញា​ចិត្ត​ក្នុង​ការ​ពង្រឹង​កិច្ច​ខិតខំ​ប្រឹង​ប្រែង​រួម​គ្នា ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​ឧក្រិដ្ឋកម្ម​ឆ្លង​ដែន ការ​ជួញ​ដូរ​មនុស្ស ​និង​ការ​បោក​ប្រាស់​តាម​ប្រព័ន្ធ​អ៊ីនធឺណិត។

ការ​​ប្ដេជ្ញាចិត្ត​នេះ​ធ្វើ​ឡើង​ក្នុង​កិច្ច​សន្ទនា​តាម​ទូរស័ព្ទ រវាង​លោក ប្រាក់ សុខុន រដ្ឋមន្ត្រី​ក្រសួង​ការបរទេស និង​សហ​ប្រតិបត្តិការ​អន្តរជាតិ ​ជាមួយ លោក​ Enrique A. Manalo រដ្ឋមន្ត្រី​ការបរទេស នៃ​សាធារណរដ្ឋ​ហ្វីលីពីន កាល​ពី​ថ្ងៃ​ទី១៥ ខែ​មករា​កន្លង​ទៅ។

ក្រសួង​ការបរទេស​បាន​ថ្លែង​នៅ​ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​ថា៖ «លោក​លោក​ Manalo បាន សម្តែង​ការ​ដឹង​គុណ​ចំពោះ​កិច្ច​សហប្រតិបត្តិ​ការ​ពេញ​លេញ និង​កាយ​វិការ​ដ៏​ល្អ​របស់​កម្ពុជា​ក្នុង​ការ​ដោះ​ស្រាយ​ករណី​ពពោះ​ជំនួស​ដែល​ពាក់​ព័ន្ធ​នឹង​ជនជាតិ​ហ្វីលីពីន​នា​ពេល​ថ្មីៗ​នេះ»។

ភាគី​ទាំងពីរ​ក៏​បាន​កោត​សរសើរ​អំពី​ទំនាក់​ទំនង​ទ្វេ​ភាគី និង​កំពុង​ធ្វើ​កិច្ច​ការ​រៀបចំ​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ទៅ​កាន់​ប្រទេស​ហ្វីលីពីន​នា​ខែ​កុម្ភៈ​ខាង​មុខ​នេះ​ ក៏​ដូចជា​ជា​ការ​ជួប​គ្នា​ដោយ​ផ្ទាល់​រវាង​រដ្ឋមន្ត្រី​ការបរទេស​ទាំង​ពីរ នៅ​ក្នុង​កិច្ច​ប្រជុំ​ចង្អៀត​រដ្ឋមន្ត្រី ​ការបរទេស​អាស៊ាន​នៅ​ប្រទេស​ម៉ាឡេស៊ី​នា​ពេល​ខាង​មុខ។

កាល​ពី​ចុង​ខែ​ធ្នូ ឆ្នាំ​២០២៤ ស្ត្រី​ជន​ជាតិ​ហ្វីលីពីន​ ១៣​រូប​បាន​ត្រឡប់​ទៅ​ដល់​ប្រទេស​ហ្វីលីពីន​វិញ ក្រោយ​ពេល​ពួក​គេ​ត្រូវ​បាន​ចាប់​ខ្លួន និង កាត់​ទោស​ដាក់​ពន្ធនាគារ​រយៈ​ពេល ៤ ឆ្នាំ​តែ​អនុវត្ត​ទោស​២​ឆ្នាំ​នៅ​កម្ពុជា​ ពាក់​ព័ន្ធ​និង​អំពើ​ពពោះ​ជំនួស​ ដែល​ច្បាប់​កម្ពុជា​ចាត់​ទុក​ជា​ទង្វើ​ជួញដូរ​មនុស្ស។ ស្ត្រី​ទាំង​១៣​រូប​ត្រូវ​បាន​អន្តរាគមន៍ និង​ទទួល​បាន​ការ​លើក​លែង​ទោស​មុន​ពេល​ធ្វើ​មាតុភូមិ​និវត្តន៍។

លោក ប៉ា ច័ន្ទរឿន ប្រធាន​វិទ្យាស្ថាន​ប្រជាធិបតេយ្យ​កម្ពុជា ថ្លែង​ថា កិច្ច​សហប្រតិបត្តិការ​រវាង​ប្រទេស​ទាំង​ពីរ​នឹង​ជំរុញ​ដល់​ទំនាក់​ទំនង​ផ្នែក​វិនិយោគ​និង​ពាណិជ្ជកម្ម​ និង​ជា​យុទ្ធសាស្ត្រ​មួយ​ដើម្បី​បង្កើន​សមត្ថភាព​របស់​កម្ពុជា​ក្នុង​ការ​ទប់ស្កាត់​ឧក្រិដ្ឋកម្ម​ឆ្លង​ដែន ការ​ឆបោក​តាម​អនឡាញ ការ​លេង​ល្បែង​អនឡាញ និង​ការ​ជួញដូរ​មនុស្ស។

លោក​បន្ត​ថា៖ «បទ​ល្មើស​បែប​នេះ កម្ពុជា​មិន​អាច​ធ្វើ​ការ​តែ​ម្នាក់​ឯង​បាន​ទេ ព្រោះ​វា​ជា​បទ​ល្មើស​ឆ្លង​ដែន។ ដូច្នេះ​ ការ​បង្កើន​កិច្ច​សហប្រតិបត្តិការ​ជាមួយ​ប្រទេស​ហ្វីលីពីន និង​ប្រទេស​ផ្សេង​ទៀត​ គឺជា​រឿង​ចាំ​បាច់​ដើម្បី​ឲ្យ​អន្តរាគមន៍​ទប់ស្កាត់​បទ​ល្មើស​ឆ្លង​ដែន​មាន​ប្រសិទ្ធភាព​ខ្ពស់»៕