ភ្នំពេញៈ ខណៈពេលដែល តម្លៃស្រូវកំពុងតែធ្លាក់ចុះនោះ រាជរដ្ឋាភិបាលបានសម្រេចទម្លាក់ថវិការចំនួន៣០លានដុល្លារអាមេរិកបន្ថែមទៀត ដើម្បីផ្តល់ជាទុនវិនិយោគដល់រោងម៉ាស៊ីន ក្នុងការទិញស្រូវពីកសិករ ដែលធ្វើឱ្យចំនួនថវិកា ដែលបានបញ្ចេញសរុបលើវិស័យស្រូវអង្ករនេះ កើនឡើងដល់ជាង២០០លានដុល្លារ។
ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក និងជាសមាជិកក្រុមប្រឹក្សាភិបាល នៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) លោកកៅ ថាច បានថ្លែងក្នុងសន្និសីទសារព័ត៌មានស្តីពី«ស្ថានភាពថ្លៃស្រូវ និងការប្រមូលផលស្រូវប្រាំង» នៅទីស្តីការគណៈរដ្ឋមន្រ្តី នាថ្ងៃទី ១៥ ខែមករានេះថា ចាប់តាំងពីឆ្នាំ២០១០ មកដល់ពេលបច្ចុប្បន្ននេះ រាជរដ្ឋាភិបាលបានបញ្ចេញថវិកាសរុបជាង២០៨លានដុល្លារអាមេរិករួចមកហើយ។
ការបញ្ចេញកញ្ចប់ថវិកានេះ គឺដើម្បីជួយទ្រទ្រង់វិស័យស្រូវអង្ករទាំងមូលផង និងដើម្បីឱ្យមានស្ថេរភាពតម្លៃផងដែរ។ ក្នុងនោះ ទឹកប្រាក់ចំនួន៣០លានដុល្លារ ត្រូវបានទម្លាក់នៅថ្ងៃទី១៥ ខែមករានេះ ដើម្បីត្រៀមផ្តល់កម្ចៃដល់រោងម៉ាស៊ីនកិនស្រូវ យកទៅទិញស្រូវពីកសិករ។
ធនាគារARDB មានតួនាទី ជាអ្នកបញ្ចេញថវិកាទាំងអស់នេះ យកទៅអភិវឌ្ឍវិស័យនេះ និងដើម្បីរក្សាស្ថេរភាពតម្លៃស្រូវអង្កររបស់កម្ពុជា។
លោកមានប្រសាសន៍ថា៖«ថ្មីៗនេះ ដោយមានស្ថានភាពតម្លៃស្រូវមិនទាន់មានស្ថេរភាព រាជរដ្ឋាភិបាលបានសម្រេចទម្លាក់បន្ថែម៣០លានដុល្លារទៀតនៅថ្ងៃនេះតែម្តង។ លុយហ្នឹងបានមកដល់ធនាគារអភិវឌ្ឍន៍ជនបទកសិកម្ម សម្រាប់បញ្ចេញទៅដើម្បី ទិញ ស្រូវតែម្តង។ នេះជាអ្វីដែលរដ្ឋាភិបាលបានរៀបចំ និងធ្វើអន្តរាគមន៍ជាបន្តបន្ទាប់»។
លោកបន្តថា ការបញ្ចេញថវិកានេះ គឺធ្វើឡើងតាមរយៈ គោលនយោបាយស្តីពី ការជំរុញផលិតកម្មស្រូវ និងការនាំចេញអង្ករបស់រាជរដ្ឋាភិបាលកម្ពុជា ដែលត្រូវបានដាក់ឱ្យអនុវត្តកាលពីឆ្នាំ២០១០។ វិស័យកសិកម្ម ជាពិសេស បញ្ហាស្រូវអង្ករនេះ គឺទាំងរាជរដ្ឋាភិបាលអាណត្តិមុនៗ និងបច្ចុប្បន្ន បានយកចិត្តទុកដាក់ខ្ពស់ ព្រោះវាពាក់ព័ន្ធនឹងសុវត្ថិភាពស្បៀង និងពាណិជ្ជកម្ម។
លោកបានលើកឡើងថា៖«មុននេះ ប្រទេសយើងជាប្រទេសមួយ ដែលទទួលជំនួយអង្ករ តែក្រោយឆ្នាំ២០១០ បានក្លាយជាប្រទេសមួយដែលនាំអង្ករទៅលក់ក្នុងស្ថានភាពមួយតិចតួច។ ប៉ុន្តែឥលូវយើងបាននាំអង្ករលក់បានច្រើន រហូតដល់ឆ្នាំខ្លះ ដល់៦០ម៉ឺនតោនអង្ករ។ នេះមិនទាន់គិតពីការនាំចេញស្រូវផង»។
រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោកឌិត ទីណា បានលើកឡើងក្នុងឱកាសនោះថា រដ្ឋណាក៏ដោយ ក៏មិនអាចទៅទិញស្រូវទុកដោយខ្លួនឯងនោះទេ តែអ្វីដែលត្រូវធ្វើ គឺបង្កើនទីផ្សារ និងពង្រឹងទីផ្សារ ក្នុងស្រុកជាមួយនឹងរោងម៉ាស៊ីនកិនស្រូវ។
លោកបានបន្តថា រោងម៉ាស៊ីនចង់ទិញស្រូវបន្ថែមទៀត ប៉ុន្តែ ពួកគាត់អស់ថវិកា។ ហេតុនេះហើយ បានជាមានការធានា ឱ្យរោងម៉ាស៊ីនកិនស្រូវខ្ចីប្រាក់ ដើម្បីយកទៅទិញស្រូវសម្រាប់កែច្នៃ។
លោករដ្ឋមន្ត្រីបញ្ជាក់ថា៖«អញ្ជឹងការផ្តល់ការធានាបែបនេះ គឺវាមានប្រសិទ្ធភាព និរន្តរភាពយូរអង្វែង មិនមែនទិញយកទៅចាក់ចោលទេ។ បើស្រូវសើមទិញមកអត់មានកន្លែងសំងួត កន្លែងទុកដាក់ ស្មើនឹងខូចខាតទាំងអស់ ហើយខាតទាំងអស់គ្នា។ លុយហ្នឹងយកទៅបោះចោលតែម្តង ហើយឆ្នាំក្រោយមក ធ្វើលើសអញ្ជឹងទៀត រកលុយឯណាទៅទិញទៀត?។ អញ្ចឹងបានជាយន្តការរបស់យើងគឺជាប្រាក់កម្ចៃឱ្យទៅរោងម៉ាស៊ីន»។
ក្រោយពីធ្វើឱ្យបាននូវការរក្សាស្ថេរភាពថ្លៃហើយ យន្តការមួយទៀត គឺការកាត់បន្ថយថ្លៃដើមផលិតកម្ម តាមរយៈការចូលរួមរបស់កសិករ បង្កើតជាសហគមន៍កសិកម្មទំនើប ជាជាងធ្វើការដាំដុះស្រូវជាលក្ខណៈគ្រួសារ ។
លោកបានពន្យល់ថា ការធ្វើស្រែជាសហគមន៍ក្នុងទំហំផ្ទៃដីរាប់ពាន់ហិកតា វាមានការចំណាយតិច ជាងការធ្វើជាលក្ខណៈគ្រួសារ ម្តង១ ឬ២ហិកតា ដែលមានការចំណាយទៅលើថ្លៃខ្ពស់ គឺប្រមាណជា៣,៣លានរៀលក្នុង១ហិកតា។
លោកមានប្រសាសន៍ថា៖«តែពេលយើងធ្វើ១កន្លែង ១ពាន់, ២ពាន់ ឬ៥ពាន់ហិកតា ការភ្ជួរក៏តម្លៃធ្លាក់ចុះ ការទិញជីថ្នាំ ក៏តម្លៃកាន់តែធ្លាក់ចុះ ការច្រូតកាត់ប្រមូលផល ក៏តម្លៃកាន់តែធ្លាក់ចុះ។ យើងគណនាមើល យើងអាចសន្សំប្រាក់ចំណាយរហូតដល់ទៅជាង២០ភាគរយ»។
លោកបានបន្ថែមថា ការផលិតស្រូវ ក្នុងសហគមន៍កសិកម្មទំនើបនេះ គឺធ្វើឡើងតាមសណ្ឋានតែមួយ ដូចជាការប្រើប្រាស់ជី និងថ្នាំកសិកម្ម ដែលអាចធានា និងគ្រប់គ្រងបាននូវគុណភាពស្រូវ បរិមាណ និងតម្លៃ តាមរយៈការចុះកិច្ចសន្យាទិញលក់ជាមួយនឹងរោងម៉ាស៊ីនកិនស្រូវ។
លោកបានលើកឡើងដូច្នេះថា៖«រោងម៉ាស៊ីនសព្វថ្ងៃចង់បានអ្នកផលិតស្រូវនាំទៅអឺរ៉ុប។ លក្ខខណ្ឌរបស់ប្រទេសអឺរ៉ុបតឹងតែងណាស់។ អញ្ជឹងគាត់ចង់ប្រមូលស្រូវណាដែលមិនសូវមានថ្នាំជាប់មកជាមួយ។ នៅពេលដែលគាត់មានទីផ្សារជាក់លាក់ យើងក៏ផលិតឱ្យគាត់ក្នុងគុណភាពជាក់លាក់ដូចគ្នា»។
លក្ខខណ្ឌសម្រាប់អង្ករនាំចូលទៅអឺរ៉ុប គឺត្រូវការស្រូវ ដែលមានជាប់ថ្នាំ ឬជី ត្រឹមតែ ០,០១ក្រាមក្នុង១គីឡូក្រាម នៅពេលដែលប្រទេសផ្សេងៗ គឺមានត្រឹម១ក្រាម ក្នុង១គីឡូក្រាម។
ប្រធានព្រឹទ្ធសភា លោកហ៊ុន សែនបានលើកឡើង ក្នុងសម័យប្រជុំព្រឹទ្ធសភា កាលពីថ្ងៃទី១៤ ខែមករានេះថា ការឈានដល់វិបត្តិតម្លៃស្រូវនាពេលបច្ចុប្បន្ននេះ គឺបន្ទាប់ពីប្រទេសឥណ្ឌា បានបញ្ចេញស្រូវទៅលើទីផ្សារ ហើយប្រទេសឥណ្ឌូណេស៊ីក៏បានកាត់បន្ថយការនាំចូល ដោយសារតែប្រទេសនេះជំរុញការផលិតរបស់ខ្លួន។
លោកមានប្រសាសន៍ថា៖«អញ្ជឹងទាំងយើង ទាំងវៀតណាម ទាំងថៃ សុទ្ធតែចាល់[ស្រូវ]ដូចគ្នា រហូតដល់ប្រជាជនត្អូញត្អែ ហើយឆ្នាំនេះជាឆ្នាំដែលយើងអាចសល់ស្រូវលើសពីឆ្នាំមុនៗ ដែលមានប្រហាក់ប្រហែលជា ៧លានតោនសម្រាប់បម្រើឱ្យការនាំចេញ។ អង្ករល្អៗនៅតែនាំចេញទៅទីផ្សារអឺរ៉ុប»៕