ភ្នំពេញ៖ នៅពេលដែល​ប្រទេស​កម្ពុជា​ត្រៀម​ខ្លួន​ចាកចេញ​ពី​​​ប្រទេស​អភិវឌ្ឍន៍​តិចតួច (LDC) នៅ​ឆ្នាំ២០២៩​ ការផ្លាស់ប្តូរ​សេដ្ឋកិច្ច និង​សង្គម​ ​បានធ្វើឱ្យ​មានការ​ព្រួយបារម្ភ​យ៉ាងខ្លាំង​អំពី​ផលប៉ះពាល់​អាជីព​ការងារ​របស់​​ស្ត្រីកម្ពុជា​​។​

ស្ត្រី​ត្រូវបាន​រំពឹងថា​នឹង​ប្រឈមមុខ​​បញ្ហា​មិន​សមាមាត្រ​ក្នុងអំឡុងពេល​ការផ្លាស់ប្តូរ​នេះ ជាពិសេស​នៅក្នុង​ឧស្សាហកម្ម​ដូចជា​សម្លៀកបំពាក់ និង​កសិកម្ម ដែល​ពឹងផ្អែក​ខ្លាំង​លើ​កម្លាំង​ពលកម្ម​របស់​ពួកគេ​។​

រដ្ឋាភិបាល និង​អ្នកពាក់ព័ន្ធ​កំពុងធ្វើការ​ដើម្បី​ដោះស្រាយ​ផលប៉ះពាល់​យេនឌ័រ​ទាំងនេះ ទន្ទឹមនឹងនោះ​ក៏​ប្រើប្រាស់​ឱកាស​សម្រាប់​ការអភិវឌ្ឍន៍បរិយាប័ន្ន​​ផងដែរ​។​

សេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា​បាន​ពឹង​ផ្អែកលើ​វិធានការ​ពាណិជ្ជកម្ម​អនុ​គ្រោះជា​យូរយារ​ណាស់​មកហើយ ដែល​នឹងត្រូវ​បញ្ចប់​ជា​បណ្តើរៗ​បន្ទាប់ពីបញ្ចប់​​​ LDC​។​

នេះ​បើ​យោងតាម​របាយការណ៍​ស​ង្ខេ​ប​គោលនយោបាយ​៖ «​ការព្យាករណ៍​ពី​គម្រោង​វិភាគ​ពាណិជ្ជកម្ម​សកល​ថាមវន្ត​បាន​ប៉ាន់ប្រមាណ​ថា ​ប្រទេស​នេះ​អាច​មើលឃើញ​ការធ្លាក់ចុះ ២,៤​ភាគរយ​​ នៃ​ការនាំចេញ​សរុប​នៅ​ឆ្នាំ២០៣០​ ដែល​ស្មើរ​នឹង​ការខាតបង់​ចំនួន ៧៧១,៨​ លាន​ដុល្លារ»។​

​សង្ខេប​គោលនយោបាយ​ស្ដីពី​ស្ថានភាពនៃការ​ចាក​ចេញ​​របស់​កម្ពុជា​ពី​ប្រទេស​មានការ​អភិវឌ្ឍន៍​តិចតួច (LDC)៖ ការត្រៀមខ្លួន និង​ផលប៉ះពាល់សេដ្ឋកិច្ច និង​សង្គម​ដែល​អាច​កើតមាន ដែល​ដាក់ឱ្យ​ដំណើរការ​ដោយ​ក្រសួងផែនការ និង UNDP Cambodia ចេញផ្សាយ​ក្នុង​ខែវិច្ឆិកា ឆ្នាំ ២០២៤​​។​

របាយការណ៍​រួម ​បានបង្ហាញ​ថា ការកាត់បន្ថយ​នេះ​នឹង​ប៉ះពាល់​ដល់​ការងារ ដោយមាន​ការងារ​ប្រមាណ ១៦៨​០០០នាក់​ ប្រឈម​នឹង​ហានិភ័យ ដែល​ក្នុងនោះ​ជិត ៥៨​ ភាគរយ​ជា​​ស្ត្រី​។​

ចំនួនអ្នក្រីក្រថ្មីដោយសារតែការប៉ះទង្គិច LDC ត្រូវបានប៉ាន់ប្រមាណថា មានចំនួនជាង ១៤ម៉ឺននាក់ ក្នុងឆ្នាំ២០២៧ និងបន្ថែមជាង ១២ម៉ឺននាក់ ក្នុងឆ្នាំ២០២៨ ចំនួនជាង៩ម៉ឺននាក់ក្នុងឆ្នាំ២០២៩ និង ៧ម៉ឺននាក់ នៅឆ្នាំ ២០៣០ ដែលនាំឱ្យមនុស្សប្រហែលជាង ៤៣ម៉ឺននាក់។ រូបថត ភ្នំពេញប៉ុស្ដិ៍

របាយការណ៍​នេះ​បានលើកឡើងថា៖ «​ចំនួន​អ្នក្រី​ក្រ​ថ្មី​ដោយសារតែ​ការប៉ះទង្គិច LDC ត្រូវបាន​​ប៉ាន់ប្រមាណ​ថា​ មាន​ចំនួនជាង ១៤​ម៉ឺន​នាក់​ ក្នុង​ឆ្នាំ២០២៧ និងបន្ថែមជាង ១២​ម៉ឺននាក់​​ ក្នុង​ឆ្នាំ២០២៨​ ចំនួន​ជាង​៩ម៉ឺន​នាក់​​ក្នុង​ឆ្នាំ២០២៩​ និង ៧ម៉ឺននាក់​ នៅ​ឆ្នាំ ២០៣០​ ដែលនាំឱ្យ​មនុស្ស​ប្រហែលជាង ៤៣​ម៉ឺននាក់​​ បាន​ធ្លាក់​ខ្លួន​ក្រីក្រ​ដោយសារ​គម្រោង (LDC)នេះ»។​

ឧស្សាហកម្ម​កាត់ដេរ​ដែ​ល​មាន​បុគ្គលិក​ជាសជាង ៨០ភាគរយចំណោម​​ ៩១០០០នាក់​នៅក្នុង​រោងចក្រ​ជាង ១៥០០​​ មាន​ភាព​ងាយ​រងគ្រោះ​ជាពិសេស​

ចំពោះ​ការផ្លាស់ប្តូរ​ទាំងនេះ ដោយសារ​ការកើនឡើង​នៃ​ពន្ធគយ និង​តម្រូវការ​ច្បាប់ដើម​កាន់តែ​តឹងរ៉ឹង​កាត់បន្ថយ​ភាព​ប្រកួតប្រជែង​របស់​កម្ពុជា​។​

រដ្ឋាភិបាល​ដឹង​ពី​ហានិភ័យ ហើយ​កំពុង​រៀបចំ​វិធានការ​យ៉ាងសកម្ម ដើម្បី​កាត់បន្ថយ​ផលប៉ះពាល់​ទាំងនេះ​។​

លោក កត្ដា​ អ៊ន អ្នកនាំពាក្យ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បាន​គូសបញ្ជាក់​ពី​វិធានការ​សកម្ម​ដែល​កំពុង​ត្រូវបានធ្វើ​។​

លោក​បាន​ឱ្យដឹងថា​៖ «​កម្ពុជា​កំពុង​ចាក​ចេញពី​ប្រទេស​អភិវឌ្ឍន៍​តិចតួច នឹង​ក្លាយជា​ប្រទេស​ដែលមាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់​នៅ​ឆ្នាំ​២០៣០ និង​ប្រទេស​ដែលមាន​ចំណូល​ខ្ពស់​នៅ​ឆ្នាំ​២០៥០»​។

លោក​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា៖ «រាជរដ្ឋាភិបាល​បាន​គូសបន្ទាត់​នយោបាយ​សេដ្ឋកិច្ច​ក្នុងការ​កៀរគរ​អ្នកវិនិយោគ​ថ្មីៗ​បន្ថែមទៀត​សម្រាប់​ពង្រីក​វិស័យ​ឧស្សាហកម្ម​ធន់​ស្រាល និង​មធ្យម (SMEs) និង​កសាង​ឧស្សាហកម្ម​ធន់​ធ្ងន់ ឱ្យបាន​ច្រើន​ដើម្បី​កំណើន​នាំចេញ​ទំនិញ និង​បង្កើត​ការងារ​ដល់​ប្រជាពលរដ្ឋ»​។

លោក​បានបន្ដ​ថា កម្ពុ​ជាមាន​កំណើនសេដ្ឋកិច្ច រង្វង់ ៥ភាគរយ​ នៅ​ឆ្នាំ​២០២៤ និង ៦ភាគ​រយ​ នៅ​ឆ្នាំ​២០២៥ ហើយនឹង​កើន​ឡើងជា​បន្តបន្ទាប់​។ ​
​លោក កត្ដា អ៊ន ​បាន​បន្ថែមថា ការលើកកម្ពស់​សិទ្ធិ​ការងារ និង​លក្ខខណ្ឌ​ការងារ ជាពិសេស​សម្រាប់​ស្ត្រី គឺជា​ចំណុច​ស្នូល​នៃ​ការខិតខំ​ប្រឹងប្រែង​រប​ស់​រដ្ឋាភិបាល​។​

គំរូ​សេដ្ឋកិច្ច​ក៏​បង្ហាញ​ពី​សក្តានុពល​នៃ​ការកើនឡើង​នៃ​ភាពក្រីក្រ​ដែលជា​លទ្ធផល​នៃការ​ចាកចេញ​ពី​ប្រទេស​អភិវឌ្ឍន៍​តិច​តួច​របស់​កម្ពុជា​​ ជាពិសេស​ប៉ះពាល់​ស្ដ្រី​។ ​​

ការកាត់បន្ថយ​លទ្ធភាព​ទទួលបាន​ការអប់រំ ការថែទាំ​សុខភាព និង​ការការពារ​សង្គម ធ្វើឱ្យ​បញ្ហា​ប្រឈម​ដែល​ពួកគេ​ប្រឈម​កាន់តែ​ធ្ងន់ធ្ងរ​។​

​ទោះជា​យ៉ាងណាក៏ដោយលោក កត្ដា អ៊ន បាន​​កត់សម្គាល់ថា កិច្ច​ការពារ​សង្គម​កំពុង​ត្រូវបាន​ពង្រីក​ដោយ​យកចិត្តទុកដាក់​ជាពិសេស​ចំពោះ​តម្រូវការ​របស់​ស្ត្រី​។​

តាមរយៈការផ្តល់អាទិភាពដល់ការវិនិយោគលើវិស័យអប់រំ ការបណ្តុះបណ្តាល និងសហគ្រិនភាពរបស់ស្ត្រី កម្ពុជាអាចធានាថា ការផ្លាស់ប្តូរនេះផ្តល់អត្ថប្រយោជន៍ដល់ផ្នែកទាំងអស់ចំពោះប្រជាជន។ រូបថត ភ្នំពេញប៉ុស្ដិ៍

លោក​បាន​ឱ្យដឹងថា​៖ «រាជរដ្ឋាភិបាល​ខិ​ត​ខំ​អនុវត្ត​ការលើកកម្ពស់​សិទ្ធិ​ការងារ លក្ខខណ្ឌ​ការងារ ជាពិសេស​ស្ត្រី​ក្នុង​វិស័យ​ការងារ​ឱ្យ​កាន់តែ​ប្រសើរ ដើម្បី​សម្រេចបាន​សហគ្រាស​មួយ​ជា​សហគមន៍​សុខសាន្ត​មួយ​»។​

ខណៈពេលដែល​បញ្ហា​ប្រឈម​មាន​សារៈសំខាន់ ការផ្លាស់ប្តូរ​របស់​ក​ម្ពុ​ជា​ក៏​បើកទ្វារ​សម្រាប់​វឌ្ឍនភាព​ក្នុង​សមភាព​យេនឌ័រ និង​ការអភិវឌ្ឍន៍​រួមបញ្ចូល​ផងដែរ​។​

​រដ្ឋាភិបាល​កំពុង​វិនិយោគ​លើ​ការបណ្តុះបណ្តាល​វិជ្ជាជីវៈ និង​បច្ចេកទេស ដើម្បី​ផ្តល់​ជំនាញ​ដល់​ស្ត្រី ដែល​ឆ្លើយតប​នឹង​តម្រូវការ​ទីផ្សារការងារ​។​

យោងតាមលោក កត្ដា អ៊ន ជិត ៤០ភាគរយ​នៃ​សិស្ស ១៥​ម៉ឺន​​នាក់​ដែល​បាន​ចុះឈ្មោះ​ក្នុង​កម្មវិធី​បណ្តុះបណ្តាល​វិជ្ជាជីវៈ​គឺជា​ស្ត្រី​។​

លោក​ក៏បាន​លើកឡើង​ពី​គំនិត​ផ្តួចផ្តើម​របស់​រដ្ឋាភិបាល​ដែល​ផ្តល់​ការអប់រំ​វិជ្ជាជីវៈ​ដោយ​ឥតគិតថ្លៃ និង​ប្រាក់ឧបត្ថម្ភ​ប្រចាំខែ​ដល់​សិស្ស​មកពី​គ្រួសារ​ក្រីក្រ និង​ងាយ​រងគ្រោះ​។​

លោក​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍ថា​៖ «​រយៈពេល ១​ឆ្នាំ​មកនេះ​មាន​សិស្ស​ចុះឈ្មោះ​ចូលរៀន​ជាង ៨៣០០០ នាក់​។ ក្រសួង​ការងារ​បាន​បង្កើត​កម្ម​វិធី​សិក្សា​ជំនាញ​ចំនួន ៤៥ មុខជំនាញ និង​វិទ្យាស្ថាន​ចំនួន​៣៧ នៅ​ទូទាំងប្រទេស ដើម្បី​បណ្តុះបណ្តាល​ជំនាញ​តាម​តម្រូវការ​ទីផ្សារការងារ​»។​

ខ្លឹមសារ​សង្ខេបនៃ​គោលនយោបាយ​នេះ ផ្តល់ការ​ណែនាំ​​កំណែទម្រង់​សម្រាប់​ការប្រកួតប្រជែង ការអភិវឌ្ឍន៍​បៃតង ការធ្វើ​ពិពិធ​កម្ម​ការនាំចេញ អត្ថប្រយោជន៍​ពាណិជ្ជកម្ម ភាព​ធន់​នឹង​អាកាសធាតុ និង​ការការពារ​សង្គម​ដែល​ផ្តោត​លើ​ស្ត្រី​។​ ​រដ្ឋាភិបាល​ក៏​កំពុង​សហការ​ជាមួយ​ស្ថាប័នឯកជន​ដើម្បី​ជួយ​ដល់​សហគ្រិន​ស្ត្រី​។​

លោក កត្ដា អ៊ន បាន​លើកឡើងថា៖ «រដ្ឋាភិបាល​បាន​សហការ​ជាមួយ​ក្រុមហ៊ុន រោងចក្រ​សហគ្រាស ដោយបាន​ចុះ​អនុស្សរណៈ​ជាមួយ​សភាពាណិជ្ជកម្ម​ក​ម្ពុ​ជា និង​សមាគម​និយោជក​ចំនួន ១៧ សម្រាប់​សហការ​បណ្តុះបណ្តាល​ជំនាញ និង​ទទួល​កម្មសិក្សាការី ដើម្បីឱ្យ​សិស្ស​រៀន​ជំនាញ មាន​សមត្ថភាព​ក្នុងការ​បំពេញការងារ​ក្រោយ​ការបញ្ចប់​ការសិក្សា ជាពិសេស​វិស័យ​ដែល​ស្ត្រី​នឹង​ចូលធ្វើ​ការងារ​»។​

នៅពេលដែល​ប្រទេស​កម្ពុជា​ខិតជិត​ដល់ពេល​ដ៏​សំខាន់​នេះ​ក្នុង​ដំណើរ​អភិវឌ្ឍន៍​របស់ខ្លួន ការដោះស្រាយ​ផលប៉ះពាល់​យេនឌ័រ​នៃ​ការ​ចាកចេញពីប្រទេស​អភិវឌ្ឍន៍​តិចតួច​ មិន​ត្រឹមតែ​ជា​កត្តាចាំបាច់​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​ក៏​ជា​ឱកាស​មួយ​ដើម្បី​កសាង​សង្គមបរិយាប័ន្ន​ និង​សមធម៌​បន្ថែមទៀត​ផងដែរ​។​

តាមរយៈ​ការផ្តល់​អាទិភាព​ដល់​ការវិនិយោគ​លើ​វិស័យ​អប់រំ ការបណ្តុះបណ្តាល និង​សហគ្រិនភាព​របស់​ស្ត្រី កម្ពុជា​អាច​ធានាថា ​ការផ្លាស់ប្តូរនេះ​​ផ្តល់​អត្ថប្រយោជន៍​ដល់​ផ្នែក​ទាំងអស់ចំពោះ​​ប្រជាជន​​។​

លោក កត្ដា អ៊ន បាន​បន្ថែមថា​៖ «ការអភិវឌ្ឍ​ប្រទេស ត្រូវ​ផ្អែកលើ​ធនធានមនុស្ស និង​លើកទឹកចិត្ត​ស្ត្រី​ចូលរួម​ក្នុង​វិស័យ​ការងារ នេះ​ជា​ទិសដៅ​ដែល​រាជរដ្ឋាភិបាល​កំពុង​អនុវត្ត​»៕