ភ្នំពេញៈ លោកស្រីម៉ន ដានី ម្ចាស់ក្រុមហ៊ុនម៉ន ដានី រៀលអ៊ីស្ទេត ត្រូវបានបញ្ជូនទៅតុលាការរាជធានីភ្នំពេញនៅម៉ោង២ រសៀល ថ្ងៃសុក្រ ទី១៧ ខែកមរានេះ ក្រោយពីត្រូវបានឃាត់ខ្លួន ពេលត្រឡប់មកពីប្រទេសថៃវិញ តាមច្រកទ្វារអន្តរជាតិអូរស្មាច់ ក្នុងខេត្តឧត្តរមានជ័យ ពាក់ព័ន្ធទៅនឹងការចេញសែកស្អុយ។
លោកឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌបានមានប្រសាសន៍ថា៖«នគរបាលបញ្ជូនទៅអយ្យការ[សាលាដំបូងរាជធានភ្នំពេញ]នៅម៉ោង២ បន្ទាប់ពីឃាត់ខ្លួនបានកាលពីយប់ថ្ងៃទី១៦ ពេលដែលចេញពីប្រទេសថៃមកវិញ»។
ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ លោកលិ សុខាបានចេញដីកាបង្គាប់ឱ្យនាំខ្លួន លោកស្រីម៉ន ដានីអាយុ៣៩ឆ្នាំ កាលពីថ្ងៃទី ១១ ខែតុលា ឆ្នាំ២០២៤កន្លងមក ដោយយោងទៅតាម ដីកាសន្និដ្ឋានបញ្ជូនរឿងឱ្យស៊ើបសួរលេខ ២៩៣៩ អ.យ.ក ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៤ របស់តំណាង អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។
ដីកាបានសរសេរថា ឈ្មោះ ម៉ន ដានី ត្រូវបានចោទប្រកាន់ពីបទ«មិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន ប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៣ បទល្មើសដែលមានបញ្ញត្តិឱ្យផ្តន្ទាទោសតាមមាត្រា២៣១ នៃច្បាប់ស្តីពីឧបករណ៍អាចជួញដូរបាននិងប្រតិបត្តិការទូទាត់ប្រាក់»។
លោកស្រីម៉ន ដានី កើតថ្ងៃទី ១៣ ខែសីហា ឆ្នាំ១៩៨៥ និងមានអាស័យដ្ឋាន ភូមិតាអិន សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ និង ភូមិត្រពាំងអណ្តូង សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ដីកាដដែលនេះបានបញ្ជាក់ថា៖«ដើម្បីធានាដល់ការស៊ើបសួរឱ្យបានពេញលេញគប្បីសម្រេច នាំខ្លួន ឈ្មោះ ម៉ន ដានី មកចំពោះមុខចៅក្រមស៊ើបសួរដើម្បីបំភ្លឺការពិត។ ហេតុដូច្នេះសម្រេចបង្គាប់ឱ្យកងកម្លាំងសាធារណៈ ចាប់ និងនាំខ្លួន ឈ្មោះ ខាងលើនេះ មកប្រគល់ជូនសាលាដំបូងរាជធានី ភ្នំពេញ ដើម្បីចាត់ការតាមច្បាប់»។
កាលពីដើមឆ្នាំ២០២៤កន្លងមក លោកចៅក្រមស៊ើបសួរ លិ សុខា ក៏បានចេញដីកាឱ្យចាប់ខ្លួនលោកស្រី ម៉ន ដានីផងដែរ ក្រោយពីត្រូវបានតុលាការចេញដីកាបង្គាប់ឱ្យចូលខ្លួនចំនួនបីលើក ប៉ុន្តែជនត្រូវចោទរូបនេះមិនបានចូលទៅ បង្ហាញខ្លួនតាមកាលកំណត់របស់តុលាការនោះឡើយ។
យោងតាម និយ័តករអាជីវកម្មអចលនវត្ថុនិងបញ្ចាំបានឱ្យដឹងថា ពលរដ្ឋរាប់ពាន់គ្រួសារបានរងគ្រោះពីគម្រោងអភិវឌ្ឍន៍របស់ក្រុមហ៊ុនម៉ន ដានី រៀលអ៊ីស្ទេត ឯ.ក។ ក្នុងនោះមានទាំងម្ចាស់ដី ដែលបានលក់ដីឱ្យក្រុមហ៊ុន និងអតិថិជនរបស់ក្រុមហ៊ុន ដែលបានបង់ប្រាក់ផ្តាច់ និងបង់រំលស់ផងដែរ៕