ភ្នំពេញៈ មន្ទីរបរិស្ថានខេត្តកំពង់ធំបានបដិសេធថា ការបូមរ៉ែមាសខុសច្បាប់ ដែលត្រូវបានសារព័ត៌មានផ្សព្វផ្សាយនា ពេលថ្មីៗនេះ គឺកើតឡើង នៅក្នុងដែនជម្រកសត្វព្រៃ ព្រៃឡង់ ស្ថិតក្នុងភូមិសាស្រ្តខេត្តក្រចេះ ហើយមន្រ្តីបរិ​ស្ថាន​ ក៏​មិន​​ដែលបានទទួលប្រាក់៨លានរៀល ជាថ្នូរទៅនឹងការមិន​បង្រ្កាបបទល្មើសខុសច្បាប់នេះដែរ។

ការបដិសេធរបស់ លោកតុប កក្កដា ប្រធានមន្ទីរបរិស្ថានខេត្តកំពង់ធំនេះ ធ្វើឡើង នៅក្នុងលិខិតជំរាបជូន រដ្ឋ​មន្ត្រី​ក្រ​សួង​បរិស្ថាន លោកអ៊ាង សុផល្លែតចុះថ្ងៃទី ១៦ ខែមករា ដើម្បីបំភ្លឺ ទៅនឹងអត្ថបទសារព័ត៌មានចុះផ្សាយ ដោយចោទ​ប្រ​កាន់ពីការស៊ូកប៉ាន់ទឹកប្រាក់រាប់លានរៀល ជាថ្នូរទៅនឹងការមិនបង្រ្កាបសកម្មភាព បូមរ៉ែមាសខុសច្បាប់។

ក្រុមការងារ នៃមន្ទីរបរិស្ថានខេត្តកំពង់ធំ បានចុះទៅពិនិត្យទីតាំង ដែលបានចុះផ្សាយនេះនៅដើមសប្តាហ៍នេះ ក្រោយ​ពី​មាន​ការផ្សព្វផ្សាយនោះមក។

លិខិតបំភ្លឺ ដែលក្រសួងបរិស្ថាន បានបង្ហោះ​ជាសាធារណៈ នៅថ្ងៃសុក្រ ទី១៧ ខែម​ក​រា​នេះ បានលើកឡើងថា​ ការ​ចុះ​ពិនិត្យ សកម្មភាពម៉ាស៊ីនបូមរ៉ែមាសនោះ គឺស្ថិតនៅតំបន់បែកចាន ក្នុងដែនជម្រកសត្វព្រៃព្រៃឡង់ ភូមិ​សាស្ត្រ​ខេត្ត​ក្រចេះ។ ទីតាំងនោះ មានចំងាយ ជាង២គីឡូម៉ែត្រ ពីព្រំប្រទល់ខេត្តកំពង់ធំ និងខេត្តក្រចេះ។ 

លោកកក្កដាបានបញ្ជាក់ថា៖«ចំពោះអ្នកធ្វើសកម្មភាពល្មើសទាំងនោះ សុទ្ធតែជាប្រជាពលរដ្ឋមក ពីខាង​ខេត្ត​ក្រចេះ​(តាមការសាកសួរអ្នកដកដំឡូងមីនៅក្បែរនោះ)។ ដោយឡែកប្រាក់ចំនួន៨លានរៀល ដែល ជាថ្នូរ​មិន​បង្ក្រាប​ការ​បូម​រ៉ែមាស យើងខ្ញុំមិនដែលបានទទួលទេ និងមិនដែលបានបង្គាប់ឱ្យមន្ត្រីក្រោមឱវាទ ដើរទារលុយ ឬប្រាក់ពីអ្នកបូម​រ៉ែ​មាស​នោះទេ»។ 

លោកបានអះអាងថា ចំពោះសកម្មភាពបូមរ៉ែមាស ខុសច្បាប់ ក្នុងភូមិសាស្ត្រខេត្តកំពង់ធំ មន្ទីរបរិស្ថានខេត្ត​ បា​នធ្វើ​កា​រផ្សព្វផ្សាយ និងធ្វើការបង្ក្រាបជាបន្តបន្ទាប់ៗ កន្លងមក ដោយមិនមានយោគយល់នោះឡើយ។

ប្រធានមន្ទីរបរិស្ថានខេត្តក្រចេះ លោកឆាយ ឌួងសាវុធជាប់ប្រជុំមិនអាចមានប្រសាសន៍បានទេ ទាក់ទងទៅ​នឹងករណី​នេះ នៅថ្ងៃទី ១៧ ខែមករានេះ៕